CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

លោក ស សុខា បញ្ជាឱ្យរាជធានី-ខេត្ត​​លុបបំបាត់​ការផ្សាយ​ពាណិជ្ជ​កម្ម​ភេសជ្ជៈ​ផ្អែម​​តាម​ទី​​សាធារណៈ

CJs khmer ដោយ CJs khmer
January 31, 2025
ក្នុង សង្គម
0
លោក ស សុខា បញ្ជាឱ្យរាជធានី-ខេត្ត​​លុបបំបាត់​ការផ្សាយ​ពាណិជ្ជ​កម្ម​ភេសជ្ជៈ​ផ្អែម​​តាម​ទី​​សាធារណៈ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល នៅក្នុងពិធិពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ (រូបភាព៖ គេហទំព័រក្រសួងមហាផ្ទៃ)

0
ចែករំលែក
76
ចំនួនមើល

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ពិនិត្យ​មើល​ការ​លុប​បំបាត់ការផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈដែលមានជាតិផ្អែម នៅ​តាម​ទីសាធារណៈ ដើម្បី​ការ​ពារ​ពលរដ្ឋ ជាពិសេស​​កុមារដែលជាធនធានអភិវឌ្ឍន៍ជាតិ ពី​ផល​ប៉ះ​ពាល់​ដល់សុខភាព។

តាមរយៈឃ្លីបវីដេអូមួយមានរយៈពេលជាងពីរនាទី ដែលផុសនៅទំព័រហ្វេសប៊ុក​ក្រសួង​​មហាផ្ទៃ កាល​ពី​ថ្ងៃទី​២៨ ខែមករា លោក ស សុខា មានប្រសាសន៍ថា អភិបាល​​រាជធានី-ខេត្ត ត្រូវសម្អាតការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿង​ស្រវឹង និង​​ភេសជ្ជៈ​ដែលមានជាតិផ្អែម នៅកន្លែងសាធារណៈ ដែល​ជាដើម​ចម​មួយ​ទាក់​ទាញ​ឱ្យ​​ពលរដ្ឋ ជាពិសេស​កុមារ​ចង់ទទួលទាន ខណៈ​ការ​ទទួល​ភេសជ្ជៈ​ទាំង​នោះ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព។

លោក​និយាយថា៖ «ឥលូវយើងត្រូវ​ប្រជុំកន្លែងណាជាសាធារណៈ យើងមិនគួរ ហើយ​កន្លែងណាដែល​យើង​មិនគួរផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ហើយ​ជាពិសេស​គ្រឿង​កំប៉ុង​ដែល​មានជាតិផ្អែម ដែលអាច​ប៉ះពាល់​ទៅ​ដល់​សុខ​ភាព​ក្មេងៗ​ឥលូវ​នេះ»។

លោក ស សុខា បានគូសបញ្ជាក់ថា កន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យផ្អាកក្នុងការផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈដែលមានជាតិផ្អែមផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំ​ឱ្យអភិបាល​រាជធានី-ខេត្ត ត្រូវធ្វើការពិភាក្សាអំពីទំហំនៃការផ្សាយពាណិជ្ជកម្មនេះ ជាមួយនឹង​បណ្ដា​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ដែលស្ថិតក្នុងតំបន់របស់ខ្លួន។

មន្ទីរពេទ្យគន្ធបុប្ផា កាលពីខែកក្កដា ឆ្នាំ២០២៤ បានរកឃើញកុមារជិត ៧០០នាក់ បានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដោយសារកង្វះអាំងស៊ុយលីន ឬលំពែង​មិន​ផលិត​អាំង​ស៊ុយ​លីន ខណៈដែលជំងឺនេះ បានកើតឡើងលើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ ពី៥ឆ្នាំ ដល់១០ឆ្នាំ។ 

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ បានចេញសេចក្ដីណែនាំមួយ ដោយ​ហាម​ឃាត់​ការ​ទទួល​ទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិត​ផល​ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង​និងជុំវិញ​ជាប់​បរិវេណ​គ្រឹះ​ស្ថាន​សិក្សា​ទាំង​រដ្ឋ​និង​ឯកជន រួមទាំងគ្រឹះស្ថានអប់រំបច្ចេកទេស ដើម្បី​លើក​កម្ពស់​សុវត្ថិ​ភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។ 

នៅមួយថ្ងៃ មុនការចេញសេចក្ដីហាមឃាត់នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីបារម្ភចំពោះអត្រានៃអ្នកកើតជំងឺទឹកនោមផ្អែម ជាពិសេសអ្នក​មាន​វ័យ​ចាប់​ពី​៣០ទៅ​៤០ឆ្នាំ។

លោកនាយករដ្ឋមន្រ្តី បញ្ជាក់ថា៖ «ខ្ញុំឃើញកំណើននៃអ្នកកើតទឹកនោមផ្អែម អាយុ ៣០​ជាង ៤០ជាង […]។ ការកើត មិនមែនទាល់តែគ្រប់អាយុហូបចុកបានទេ។ ជួន​កាល​តាំង​ពីក្មេង ព្រោះខ្ញុំឃើញក្មេងខ្លះខ្ញុំឃើញ លេងប៉ូវកម្លាំងមួយថ្ងៃ ៣កំប៉ុង​ទៅ​ហើយ ម្តាយអាណិតកូន កូនចូលចិត្តផ្អែម ដាក់ឲ្យ ៣កំប៉ុងពីក្មេង»។

លោកបន្តថា៖ «ថ្ងៃមុន ខ្ញុំទៅកំពុងភ្លុក ម្ចាស់ទូកម្នាក់អាយុជាង ៦០ឆ្នាំ​ ទាញមក​ខារ៉ា​បាវ ៦កំប៉ុងមួយថ្ងៃម្នាក់ឯង ខ្ញុំថាខ្លាំងផង តែប្រយ័ត្នអ៊ំ»។

អភិបាលរងខេត្តស្ទឹងត្រែង និងជាអ្នកនាំពាក្យរដ្ឋបាល​ខេត្ត លោក ស៊្រន សំឫទ្ធិ មាន​ប្រសាសន៍​​នៅ​ថ្ងៃ​ទី៣១ ខែមករានេះ​ថា មន្ទីរពាក់ព័ន្ធក្រោមរដ្ឋបាលខេត្ត កំពុង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ធ្វើ​ការ​ងារ​នេះ។ លោកថា ផ្ទាំងប៉ាណូដែលផ្សព្វផ្សាយ​ពីភេសជ្ជៈ​ផ្អែម​នៅ​ខេត្ត​ស្ទឹងត្រែង មានដូចជា ស្ទីង (STING) និង អាយដល (idol) ជាដើម។

លោកបន្ថែមថា ពីមុនមក ផ្ទាំងប៉ាណូទាំងនោះ បានដាក់នៅក្បែរតំបន់សាលារៀន តែ​បន្ទាប់ពីរងបំរាមពីក្រសួងអប់រំ ក្រុម​ហ៊ុន​ក៏បានផ្លាស់ប្ដូរ​ការ​ដាក់​ស្លាក​ពាណិជកម្ម​របស់​ខ្លួន​ទៅ​កាន់​ទីសាធារណៈផ្សេងជំនួស។ 

លោកបន្តថា ក្នុងខេត្តស្ទឹងត្រែង ស្លាកយីហោ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​បាន​រំលេច​លើ​ផ្ទាំង​ប៉ាណូ ដែលធ្លាប់បានប្រើប្រាស់ដើម្បីផ្សព្វផ្សាយស្រាបៀរ តាម​ការ​ស្នើ​សុំ​ពី​ក្រុម​ហ៊ុន​ស្រាបៀរ​​ដែលមានផលិតភេសជ្ជៈផ្អែម ក្រោយអាជ្ញាធរ​រុះរើ​ស្លាក​យីហោ​ស្រាបៀរ​ចេញ។

អាជីវករនៅផ្សារបឹងឈូក ក្រុងបាត់ដំបង អ្នកស្រី ហាក់ ធីតា មានប្រសាសន៍ថា សព្វ​ថ្ងៃ​អ្នកស្រី កំពុងបារម្ភចំពោះកូនស្រីច្បង ដែលចូលចិត្តទទួលទាន​ភេសជ្ជៈ​ដែល​មាន​ជាតិផ្អែម។ តែយ៉ាង​ណា អ្នកស្រី ពេញចិត្តចំពោះ​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ក្នុងការទប់ស្កាត់ការផ្សព្វផ្សាយពីភេសជ្ជៈផ្អែមនេះ។

អ្នកស្រី និយាយថា៖ «បារម្ភខ្លាចថ្ងៃក្រោយវាមានផលលំបាករឿងផ្អែម ខ្លាច​ទឹក​នោម​ផ្អែម វាប៉ះពាល់ច្រើន»។

លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សាទរចំពោះចំណាត់ការរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលលោកចាត់ទុកថា ការ​ផ្សាយ​ពាណិជ្ជកម្មគ្រឿងស្រវឹងនិងភេសជ្ជៈផ្អែម ជាការរួម​ចំណែក​ក្នុង​ការ​បំផ្លាញ​សុខ​ភាព​របស់​ពលរដ្ឋ។

ជាមួយគ្នានេះ លោកសង្ឃឹមថា អាជ្ញាធរតាមបណ្ដាខេត្ត នឹងតម្កល់​ប្រយោជន៍​សាធារណៈ​ជាធំ ហើយនាំគ្នារួសរាន់ក្នុងការទប់ស្កាត់ ជាមួយនឹង​វិធានការ​ដែល​មាន​ប្រសិទ្ធិ​ភាព។ 

លោកនិយាយថា៖ «ខ្ញុំសង្ឃឹមថា អាជ្ញាធខេត្ត​លោក​នឹងគិតគូរ​អំពី​សុខភាព​សាធារណៈ​នេះ តម្កល់​សុខភាពសាធារណៈជាចម្បង»។

កន្លងមក អ្នកជំនាញបានជំរុញឱ្យ​រដ្ឋាភិបាល​ដំឡើង​ពន្ធលើការ​ផលិត និង​ការ​នាំ​ចូល​​​ភេសជ្ជៈផ្អែម ដើម្បីទប់ស្កាត់គ្រោះថ្នាក់ និងជំងឺ​ដែល​កំពុង​បន្ត​កើន​ឡើង​បណ្តាល​មកពីការទទួលទាន​ភេសជ្ជៈ មានជាតិស្ករច្រើន។

បើតាមរបាយការណ៍របស់អង្គការ​សុខភាពពិភពលោក (WHO) ស្តីពី ការ​បង្ការ​ និង​ទប់ស្កាត់​ជំងឺ​មិន​ឆ្លង​នៅកម្ពុជា ចេញផ្សាយនៅចុងឆ្នាំ២០២៤ បានឱ្យដឹងថា វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​ក្នុងកា​រទប់ស្កាត់​ការ​ប៉ះពាល់ដល់សុខភាព គឺការ​ដំឡើងពន្ធលើផលិត​ផល​ដែលប៉ះពាល់ដល់សុខភាព ដូចជា ការ​ដំឡើងពន្ធអាករ​លើថ្នាំជក់ គ្រឿង​ស្រវឹង និង​ភេសជ្ជៈផ្អែមដែលមានជាតិស្ករ។ របាយការណ៍ដដែល បន្តថា ការ​បង្កើនពន្ធលើភេសជ្ជៈមានជាតិស្ករ ក៏អាចជួយទប់ស្កាត់​ការ​ធាត់ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទី២ និងជំងឺពុកធ្មេញផងដែរ។

ចំណែក ក្រសួងសុខាភិបាល កាលពីចុងឆ្នាំ២០២៤ ក៏បានចេញសេចក្តីណែនាំ​ថា កាឡូរី ក្នុងភេសជ្ជៈផ្អែម អាចប៉ះពាល់សុខភាព ដូចជា ធ្វើឱ្យ​ធាត់ ពុកធ្មេញ ទឹកនោម​ផ្អែម និងជំងឺបេះ​ដូង។ ក្រសួងបន្តថា អង្គការ​សុខភាពពិភពលោក បាន​ផ្តល់​អនុសាសន៍​ដល់មនុស្ស​ពេញ​វ័យ ដែល​មាន​ទម្ងន់ធម្មតាម្នាក់ ត្រូវ​ប្រើប្រាស់​ស្ករ​តិច​ជាង ៥០ក្រាម ឬតិចជាង ១២ស្លាបព្រាកាហ្វេ​ក្នុងមួយ​ថ្ងៃ ហើយ​សម្រាប់​អ្នក​លើស​ទម្ងន់​​ត្រូវ​កាត់បន្ថយ​ការ​ប្រើប្រាស់​ស្ករ​ឱ្យ​បាន​តិចបំផុត​ ២៥ក្រាម ឬតិចជាង ៦ស្លាប​ព្រា​កាហ្វេ​​ក្នុងមួយថ្ងៃ។ 

ប្រភពដដែលបន្តថា ជម្រើសល្អដើម្បីសុខភាព និងកាត់បន្ថយ​ការ​ប្រើ​ប្រាស់​ជាតិ​ផ្អែម ត្រូវបង្កើន​លំហាត់ប្រាណ ទទួលទានទឹកស្អាត ឬទឹកដាំពុះ ឬភេសជ្ជៈ​ដែល​មិន​មាន​ជាតិផ្អែម៕

……………………………..

អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទមុន

សមត្ថ​កិច្ចអះអាងថា ការចាប់ខ្លួនសកម្មជ​ន​បក្សកម្លាំងជាតិ ដោយសារការ​​ផ្សាយ​ព័ត៌​មាន​មិន​ពិត

អត្ថបទបន្ទាប់

កម្ពុជាស្នើអាមេរិក​​បន្តជំនួយមកកម្ពុជា ខណៈការបង្កកជំនួយរបស់USAIDផ្តល់​ផល​ប៉ះពាល់​លើ​វិស័យ​មួយ​ចំនួន

អត្ថបទបន្ទាប់
អង្គការក្រៅរដ្ឋាភិបាលមួយចំនួនស្នើអាមេរិកផ្ដល់ជំនួយឡើងវិញ បន្ទាប់ពីអាមេរិកបង្កក​ជំនួយUSAID

កម្ពុជាស្នើអាមេរិក​​បន្តជំនួយមកកម្ពុជា ខណៈការបង្កកជំនួយរបស់USAIDផ្តល់​ផល​ប៉ះពាល់​លើ​វិស័យ​មួយ​ចំនួន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង