CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អ្នក​ជំនាញ​​ជំរុញក្រសួង​​ពង្រឹង​តួនាទី​និង​​ឯករាជ្យ​ភាព​របស់​ចៅក្រម ក្រោយ​​​​​​បង្កើន​​​ចំនួន​​​​ចៅក្រ​ម​នៅ​តុលាការ​ជា​ន់ខ្ពស់

CJs khmer ដោយ CJs khmer
January 30, 2025
ក្នុង សង្គម
0
អ្នក​ជំនាញ​​ជំរុញក្រសួង​​ពង្រឹង​តួនាទី​និង​​ឯករាជ្យ​ភាព​របស់​ចៅក្រម ក្រោយ​​​​​​បង្កើន​​​ចំនួន​​​​ចៅក្រ​ម​នៅ​តុលាការ​ជា​ន់ខ្ពស់

អគារតុលាការកំពូល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(រូបភាព៖ ហ្វេសប៊ុកតុលាការកំពូល)

0
ចែករំលែក
138
ចំនួនមើល

អ្នកជំនាញផ្នែកច្បាប់ ជំរុញក្រសួង​ឱ្យពង្រឹងតួនាទី វិជ្ជាជីវៈ និង​​ឯករាជ្យភាពរបស់​ចៅក្រម ក្រោយ​មានការ​បង្កើនចំនួន​ចៅក្រម​ពី ២៥នាក់ ទៅ​៣០នាក់ នៅ​តុលាការ​ ដើម្បីពន្លឿនការ​ដោះស្រាយ​សំណុំរឿង​ដែលមានចំនួនច្រើនពីតុលាការ​ជាន់ទាប។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២៥ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី ​បាន​​ចេញ​​ព្រះ​​រាជ​ក្រឹត្យ​​​​ត្រាស់​បង្គាប់​កំណត់​ចំនួន​ចៅក្រម​ទាំង​អស់​នៃ​តុលាការ​កំពូល មិន​ឱ្យ​លើស ៣០​រូប ដោយ​ចំនួន​នេះ​​បូកបញ្ចូល​​​ទាំង​​អនុ​ប្រធាន និង​ប្រធាន​តុលាការកំពូល។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង ឌីណា បានប្រាប់ Newsroom Cambodia នៅថ្ងៃទី៣០ ខែ​មករា​នេះ​ថា យោង​តាមច្បាប់ស្តីពីលក្ខន្តិកៈនៃចៅ​ក្រម និង​ព្រះរាជអាជ្ញា មាត្រា​៤៩ ចែងថា ចំនួន​ចៅក្រម​នៃ​តុលាការ​កំពូល​មាន​ចំនួន​មិន​លើស​ពី ២៥នាក់ ដោយ​រួមបញ្ចូល​ទាំងប្រធានតុលាការ​កំពូល​ផង។ ប៉ុន្តែ​ក្នុង​ករណី​មាន​តម្រូវ​ការ​​ចាំបាច់​ លោកថា​ រដ្ឋាភិបាល​អាចថ្វាយសំណើរ​ទៅអង្គព្រះមហាក្សត្រ​ ស្នើសុំចំនួន​​លើសពីនេះបាន។

លោក សេង ឌីណា បន្ត​ថា មក​ដល់​ពេល​នេះ សំណុំរឿង​របស់​តុលាការ​កំពូល​មានចំ​នួន​ច្រើន​ ដែល​ចាំបាច់​ត្រូវ​ការ​ចំនួន​មន្ត្រីតុលាការ​​ច្រើន​ក្នុង​ការ​ដំណើរ​ការ​សំណុំ​រឿង​​របស់​​ប្រជាពលរដ្ឋ ពី​តុលាការ​ជាន់​ទាប​ដែល​បញ្ជូន​ទៅ​តុលាការ​កំពូល​​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និងឆាប់រហ័ស។

លោកថា៖ «បច្ចុប្បន្ននេះ មានសំណុំរឿងច្រើន ដែល​តុលាការ​កំពូល​ត្រូវ​ទទួល​ចាត់​ការ ជាពិសេស​ក្រោយ​ពី​មាន​យុទ្ធនាការ​ជំរុញ និង​ពន្លឿន​ការ​ដោះ​ស្រាយ​រឿង​ក្តី នៅ​តាម​តុលាការ ដែល​បាន​ដាក់​ចេញ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ២០២៤ កន្លង​ទៅ ចំណាត់​ការ​សំណុំរឿង​របស់​តុលាការ​ជាន់​ទាប មាន​ល្បឿន​លឿន ហើយ​សំណុំ​រឿង​ដែល​ឡើង​មក​ដល់​តុលាការកំពូល​ ក៏មាន​កាន់​តែ​ច្រើន ដែល​ចាំបាច់​ត្រូវ​ឱ្យ​មាន​ការ​ដំឡើង​ចំនួន​ចៅក្រម​ទាំង​អស់​នៃតុលាការ​កំពូល​ពី ២៥​រូប មក ៣០​រូប ដើម្បី​ធានា​ឱ្យ​ចំណាត់​ការ​សំណុំរឿង​បាន​ឆាប់​រហ័ស​ជូន​ប្រជាពលរដ្ឋ»។

លោក វ៉ន ចាន់ឡូត អ្នក​ជំនាញ​ផ្នែកច្បាប់ យល់ថា ចំនួន​នៃ​ចៅក្រម​គឺ​មិន​មែន​ជា​បញ្ហា​ទេ ប៉ុន្តែ​ការ​រៀប​ចំ​តួនាទី​របស់​ចៅក្រម​ទៅ​តាម​ជំនាញ​របស់​ពួក​គេ ទើប​ជា​ការ​ខ្វះ​ចន្លោះ​របស់​ប្រព័ន្ធ​តុលាការ​នៅកម្ពុជា។

លោកថា៖ «ជាទស្សនៈខ្ញុំចំនួនចៅក្រមតិចឬច្រើន វាអាស្រ័យ​ទៅ​លើ​ជាក់ស្តែង ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​ កម្ពុជា​នៅ​ខ្វះ​ចន្លោះ​នោះ គឺ​នៅ​ក្នុង​ការ​រៀប​ចំ ចៅក្រម​ទៅ​តាម​ជំនាញ ដែល​ពួក​គាត់​មាន យើង​មិន​ទាន់​មាន​បែង​ចែក​កន្លែង​ហ្នឹង​ឲ្យ​មាន​ការ​ច្បាស់​លាស់​ទេ ហើយ​កិច្ចការ​ចៅក្រម​មួយ​ចំនួន គឺ​គាត់​ធ្វើការ​ទៅ​តាម​អ្វី​ដែល​មិន​មែន​ជា​ជំនាញ​របស់​គាត់ ហើយ​និង​មួយ​ទៀត​ គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ឥទ្ធិពល​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​ការ​កាត់​ក្តី​របស់​ចៅក្រម​ អញ្ចឹង​អ្វី​ដែល​ជា​ការ​កំណត់​ថ្មីៗ​នេះ ខ្ញុំ​មើល​ឃើញ​ថា វា​ដូច​ជា​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ​ អំពី​អ្វី​ដែល​ជា​បញ្ហា​នៃ​ភាព​អន់​ថយ​របស់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា»។

អ្នកជំនាញផ្នែកច្បាប់រូបនេះ​បន្តថា កិច្ច​ការ​ក្រសួង​យុត្តិធម៌ គឺ​ត្រួត​ពិនិត្យ​សមាស​ភាព​​ចៅក្រម​មិន​គួរ​មាន​ការ​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​នយោបាយ​ទេ។ លើស​ពី​នេះ លោក​ស្នើ​ឲ្យ​ចៅក្រម​គួរ​មាន​លក្ខណៈ​សម​ស្រប​ជាមួយ​នឹង​បទពិសោធន៍​ ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់​ក្នុង​វិស័យ​ច្បាប់។

លោកបន្ថែម​ថា៖ «ហើយ​និង​ចំណុច​សំខាន់​មួយ​ទៀត​ គួរ​តែ​ជៀស​ឲ្យ​បាន​គឺ​តួ​អង្គ​នយោ​​បាយ​​ដែល​មក​ធ្វើការ​ជ្រៀត​ជ្រែក​នៅ​ក្នុង​កិច្ច​ការ​របស់​ប្រព័ន្ធ​តុលាការ។ ដោយ​ឡែក​ការ​គ្រប់​គ្រង​ទៅ​លើ​សមាសភាព​របស់​ចៅក្រម​ដូច​ជា​កម្ពុជា​កំពុង​អនុវត្ត​យើង​ឃើញ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ គឺ​មាន​ឥទ្ធិពល​គ្រប​ដណ្តប់​ទៅ​លើ​ចៅក្រម​ទាំង​អស់ ម្លោះ​ហើយ​នៅ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ភាគី​ពាក់​ព័ន្ធ​ ជាពិសេស​អ្នក​ដែល​រង​អយុត្តិធម៌ គឺ​វាពិបាក​នៅ​ពេល​ដែល​ចៅក្រម​មិន​អាច​ធានា​បាន​នូវ​ឯករាជ្យ ឬ​អព្យា​ក្រឹត្យ​​​ភាព​​ខ្លួន»។

ស្រដៀងគ្នានេះដែរ លោក សុខ សំអឿន មេធាវីនៃ​ការិយាល័យមេធាវី​ក្រុម​អ្នក​ច្បាប់ និង​ទីប្រឹក្សា​អមរិន្ទ មានប្រសាសន៍​ថា ការ​កំណត់​ចំនួន​ចៅក្រម​ទាំង​អស់​នៃ​តុលាការ​កំពូល មិន​ឱ្យ​លើស​ពី ៣០រូបនេះ មិន​មា​នបញ្ហាចោទ​ទេ ប៉ុន្តែ​ចៅក្រមត្រូវ​តែ​ឯករាជ្យ ដោយ​​មិន​មែនជាសមាជិកនៃគណបក្សនយោបាយណាមួយ។

លោកបន្តថា៖ «គុណសម្បត្តិ ឬ​គុណវិបត្តិ​មិនជា​អ្វី​​ទេ ប្រការ​សំខាន់​គឺ​ឯករាជ្យ​ភាព​នៃ​ចៅក្រម គួរ​​កំណត់​ឱ្យ​ចៅក្រម​ទាំង​អស់​មិន​ត្រូវ​ជា​សមាជិក​បក្ស​នយោបាយ​​នោះ​​ទេ​»។

ចំណែក លោក ឯម ចន្ថា មេធាវី​នៃ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​ប្រទេស​កម្ពុជា សុំ​មិន​ផ្តល់​​យោបល់​ជុំវិញ​​ការ​​​កំណត់​ចំនួនចៅក្រមនៃតុលាការកំពូលនេះទេ។ ប៉ុន្ដែចំ​ពោះ​ប្រសិទ្ធិ​ភាព​ការ​ងារ​នៃ​តុលាការ​កំពូល លោក​មើល​ឃើញ​ថា នៅ​បញ្ហា​មួយ​ចំនួន​​ដែល​គួរ​កែសម្រួល ក្នុងនោះ​​គឺ​ពេលវេលា​នៃ​ការ​ជម្រះ​ក្តី និង​​ការ​ពិនិត្យ​មើល​សំណុំ​រឿង​ និង​​សម្រេច​​ក្តី​​ដោយ​​ម៉ត់​ចត់ និង​យុត្តិធម៌។

លោក​បន្តថា៖ «ខ្ញុំមិនមតិអីច្រើនទេ មានតែស្នើសុំកុំឱ្យនីតិវីធីខ្លះ​អូសបន្លាយ​ពេក ពេល​ខ្លះ​រឿង​ខ្លះ ដល់​សំណុំរឿងកូនក្តី​ត្រូវ​បាន​ដោះលែងហើយ តែ​នៅ​កំពូល​នៅ​មិន​ទាន់​សវនាការ ឧទាហណ៍ថា សាលក្រម​សាលាដំបូងកាត់មួយ​ឆ្នាំ ឬ​មួយ​ឆ្នាំកន្លះ ហើយ​យើងប្តឹងឧទ្ធណ៍រ​ហូត​មកសារទុក្ខនៅតុលាការ​កំពូល ហើយ​មក​ដល់​កំពូល​អត់​ទាន់​ជម្រះ បែរ​ជា​ការអនុវត្តទោស​គ្រប់​ចំនួន ត្រូវ​បាន​ដោះ​លែង អញ្ចឹង​មាន​ន័យ​ថា មាន​ការ​យឺត​យ៉ាវ​ខ្លះ​ហើយ ហើយ​ទាក់​ទង​ភាព​យុត្តិធម៌​ ខ្ញុំស្នើសុំដែរ អង្គ​ចៅក្រម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ តុលាការកំពូល ស្នើ​សុំ​ឱ្យ​ពិនិត្យមើល​ឱ្យ​បាន​ហ្មតចត់ ឱ្យ​បាន​យុត្តិ​ធម៌»។

ជុំវិញ​ករណីនេះ Newsroom Cambodia មិនអាចសុំការអធិប្បាយពីលោក​ស្រី ម៉ៅ ធីតា អ្នកនាំ​ពាក្យ​តុលាការកំពូលបានទេ​ នៅថ្ងៃទី៣០ ខែមករានេះ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​បាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​ជំរុញ និង​ពន្លឿន​ការ​ដោះ​ស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ និង​យុទ្ធនា​ការ​ត្រួត​ពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតីនៅ​តាម​តុលាការ ក្នុង​គោល​បំណង​ដោះ​ស្រាយ​សំណុំ​រឿង​ដែល​កកស្ទះ​នៅ​តាមតុលាការឱ្យបានឆាប់រហ័ស។

បើតាមរបាយការណ៍ពីក្រសួង​យុត្តិធម៌ ​គិត​ចាប់​ពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០២៤ ដល់​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០២៥ តុលាការ​គ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ប្រទេស បាន​ដោះ​ស្រាយ​សំណុំ​រឿង​បាន​ចំនួន ១៨៨ ៩៤២ ស្មើ​នឹង ៨២,៤១% នៃសំណុំរឿងសរុប​ចំនួន ២២៩ ២៧២ ដែល​ក្នុងនោះ​មាន​ទាំង​សំណុំរឿង​ព្រហ្ម​ទណ្ឌ រដ្ឋប្បវេណី និង​រឿង​ក្ដី​ដទៃ​ទៀត។ តួលេខនេះ រាប់​បញ្ចូល​ទាំង​សំណុំ​រឿង​ដែល​មាន​មុន​ពេល​ប្រកាស​បើក​យុទ្ធនាការ និង​សំណុំរឿង​ដែល​ចូល​ថ្មី ក្រោយ​ពេល​ប្រកាស​បើក​យុទ្ធនាការ៕

…………………………………….

អត្ថបទដោយ៖ ពូ សូរាជីនី

អត្ថបទមុន

រដ្ឋាភិបាលប្រកាសអនុវត្ត​​​​កម្មវិធីផ្តល់ដី-ការពារព្រៃ ដោយ​ចាប់​ផ្តើម​ទទួល​ពាក្យ​​ស្នើ​ពី​​ពលរដ្ឋ​​ពី​ខែ​​កុម្ភៈ​ទៅ

អត្ថបទបន្ទាប់

សមត្ថ​កិច្ចអះអាងថា ការចាប់ខ្លួនសកម្មជ​ន​បក្សកម្លាំងជាតិ ដោយសារការ​​ផ្សាយ​ព័ត៌​មាន​មិន​ពិត

អត្ថបទបន្ទាប់
នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

សមត្ថ​កិច្ចអះអាងថា ការចាប់ខ្លួនសកម្មជ​ន​បក្សកម្លាំងជាតិ ដោយសារការ​​ផ្សាយ​ព័ត៌​មាន​មិន​ពិត

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង