សង្គមស៊ីវិល គាំទ្រឱ្យមានការកែសម្រួលនីតិវិធីជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិទូនៅទាំងប្រទេស ដែលគ្រោងធ្វើឡើងដោយក្រសួងមហាផ្ទៃ ដោយពួកគាត់ចង់ឃើញការជ្រើសរើសនោះ ធ្វើឡើងដោយតម្លាភាព និងមិនប្រកាន់និន្នាការនយោបាយ។
ការលើកឡើងនេះ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកថា ក្រសួងនឹង ត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេស។ នេះបើតាមការផ្សព្វផ្សាយព័ត៌មាននៅលើគេហទំព័រក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខណៈថ្នាក់ដឹកនាំក្រសួងរូបនេះ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រៃវែង។
ក្នុងពិធីនោះ លោក ស សុខា បានលើកឡើងបន្ថែមថា ក្នុងរយៈកាលប្រមាណ ២០ឆ្នាំ ក្រោយពីមានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ បានខិតខំបំពេញការងារយ៉ាងសកម្មតាមតួនាទី និងភារកិច្ច ជាពិសេសការដើរតួនាទីជាស្ពានទំនាក់ទំនងការងាររវាងពលរដ្ឋក្នុងភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីដោះស្រាយសំណើ សំណូមពរ និងតម្រូវការផ្សេងៗ។
តែយ៉ាងណា លោកថា ដោយសារស្ថានភាពសង្គម មានការរីកចម្រើនប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសតម្រូវការអាទិភាពក្នុងកិច្ចការប្រចាំថ្ងៃនៅមូលដ្ឋាន ដែលពាក់ព័ន្ធនឹងតួនាទីថ្នាក់ដឹកនាំភូមិ ដូច្នេះទាមទារឱ្យមានការពិនិត្យ និងកែសម្រួលឡើងវិញ ទាំងគោលការណ៍ នីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើស ដោយពិនិត្យលើអាយុ កម្រិតវប្បធម៌ និងអាណត្តិការងារ ធ្វើយ៉ាងណា ដើម្បីធានារួមចំណែកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព គាំទ្រចំពោះការកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណៈសម្បត្តិនៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិ ទូទាំងប្រទេសនេះ ដោយលោកថា មេភូមិ អនុភូមិ និងសមាជិកភូមិ មានតួនាទីសំខាន់ក្នុងការជួយដល់ក្រុមប្រឹក្សាឃុំសង្កាត់។
ករណីនេះ លោកស្នើឱ្យការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិនេះ ធ្វើឡើងដោយតម្លាភាព និងមិនប្រកាន់និន្នាការនយោបាយ ព្រមទាំងផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយ។ លោកបន្តថា ការធ្វើបែបនេះនឹងធ្វើឱ្យការបម្រើសេវានៅតាមមូលដ្ឋានមានភាពប្រសើរឡើង។
លោក គិមអេង ថ្លែងថា៖ «ការរៀបចំនីតិវិធីហើយនិងលក្ខណៈសម្បត្តិមេភូមិនេះ នឹងធ្វើឱ្យមេភូមិកាន់តែមានសមត្ថភាព ហើយកាន់តែអាចអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនហ្នឹងបានល្អ ត្រឹមត្រូវ ហើយបម្រើទៅដល់ប្រជាពលរដ្ឋដោយស្មើភាព គ្មានការរើសអើង[…] ហើយក៏សុំឱក្រសួងពិនិត្យដែរថា មេភូមិទាំងអស់ហ្នឹង គឺត្រូវតែមានលក្ខណៈសម្បត្តិល្អជាជនដែលត្រូវបានគេគោរពក្នុងភូមិ និងជាទូទៅ»។
ចំណែកឯ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការរៀបចំជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិនេះ ជារឿងចាំបាច់ ព្រោះពួកគេដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាជូនពលរដ្ឋនៅមូលដ្ឋាន និងជាបុគ្គលដែលដឹងនូវស្ថានភាពភូមិឃុំរបស់គាត់ ហើយទំនាក់ទំនងដោយផ្ទាល់ជាមួយពលរដ្ឋ។
លោកបន្តថា៖ «ដូច្នេះហើយការរៀបចំជ្រើសរើសមេភូមិ អនុភូមិ សមាជិកភូមិនេះ ជារឿងចាំបាច់មួយដែលយើងត្រូវធានាថាបុគ្គលដែលគាត់ដាក់ពាក្យ ឬក៏ត្រូវបានជ្រើសរើសហ្នឹង ទទួលសិទ្ធិស្មើគ្នានៅក្នុងការប្រកួតប្រជែងយកតំណែងមេភូមិ អនុភូមិហើយសមាជិកភូមិហ្នឹង ផ្តល់សិទ្ធិស្មើគ្នាចំពោះការប្រកួតប្រជែងយកតំណែងហ្នឹងទីមួយ។ ទីពីរ គួរតែមានការចែងអំពីតួនាទីភារកិច្ចឲ្យច្បាស់ ថាតើមេភូមិ អនុភូមិ សមាជិកភូមិ ធ្វើអីឲ្យប្រាកដដើម្បីបម្រើជូនពលរដ្ឋហ្នឹង ចឹងត្រូវមានការចែងនូវតួនាទីភារកិច្ចរបស់គាត់ហ្នឹង ជាពិសេសការធានាថាការងារគាត់ គឺបម្រើពលរដ្ឋក្នុងមូលដ្ឋានហ្នឹង»។
លោក ប៉ិច ពិសី បន្ថែមថា បុគ្គលដែលនឹងត្រូវជ្រើសជាមេភូមិ អនុភូមិ និងសមាជិកភូមិ មិនត្រូវជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើយ។
លោកថា៖ «ចំណុចទីបី គឺកុំឲ្យមានប្រឡាក់ប្រឡូកជាមួយបក្ស មេភូមិ អនុភូមិ គួរតែជាបុគ្គលដែលឯករាជ្យ ចេញពីបក្សនយោបាយបើមិនអញ្ចឹងទេ គាត់នឹងត្រូវបានគេប្រើជាឧបករណ៍នយោបាយនៅក្នុងការគ្រប់គ្រងមូលដ្ឋាន ហ្នឹងជាហានិភ័យអញ្ចឹងគួរតែធានាថា ពួកគាត់មិនមែនជាសមាជិកបក្សទេ រាល់បក្សទាំងអស់មិនថាបក្សកាន់អំណាច ឬបក្សប្រឆាំងគាត់គួរតែជាបុគ្គលដែលឯករាជ្យ ហើយគាត់មានសិទ្ធិស្រឡាញ់ ឬក៏គាំទ្រ អាហ្នឹងវាជារឿងធម្មតា ប៉ុន្តែកុំឲ្យគាត់ជាសមាជិករបស់បក្ស អាហ្នឹងបើយើងអាចធ្វើបាន»។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ Newsroom Cambodia ថា ចំពោះការកែសម្រួលលក្ខខណ្ឌ ឬនីតិវិធីនូវលក្ខណៈសម្បត្តិគុណវុឌ្ឍក្នុងការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកនេះ គឺស្ថិតក្នុងជំហាននៃការសិក្សានៅឡើយ។ លោកបន្តថា ការសិក្សានេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា ការងារភូមិ ជាការងារដែលធ្វើការភាគច្រើនជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ដូចនេះយុវជនដែលមានបរិញ្ញាបត្រជំនាញក្នុងមូលដ្ឋានមានអាទិភាព។
លោកបន្តថា៖ «ហេតុនេះយើងដកបទពិសោធន៍ហ្នឹង ដើម្បីរៀបចំជាផែនការ តែឥឡូវនេះយើងមិនទាន់បានសម្រេចទេ។ អ្វីដែលយើងចង់ឱ្យមានដែរហ្នឹង គឺថាទាំងចាស់ទាំងក្មេង មានន័យថា ទាំងចាស់ក៏យើងមិនចោល យើងក៏ត្រូវបញ្ជូលក្មេង ទៅក្នុងកិច្ចការងារហ្នឹងដែរ ក្មេងៗដែលមានបរិញ្ញាបត្រជំនាញ ខាងរដ្ឋបាលសាធារណៈ ឬច្បាប់ ឬក៏កសិកម្មអីហូហែរហ្នឹង គឺយើងអាចនឹងពិចារណា ហើយនិងយុវជននៅមូលដ្ឋានផ្ទាល់របស់ពួកគាត់ អាចយកមកធ្វើជាសមាជិក ឬក៏ជាអ្នកស្ម័គ្រចិត្តអីជាដើម»។
លោកបន្ថែទៀតថា បើសិនជាភូមិរឹងមាំ គឺនាំឃុំសង្កាត់រឹងមាំ ក្រុងស្រុកខណ្ឌរឹងមាំ រាជធានីខេត្តរឹងមាំ និងប្រទេសទាំងមូលរឹងមាំ ហេតុនេះចាប់ផ្ដើមពង្រឹងកិច្ចការងារភូមិ ជាមូលដ្ឋាន ដើម្បីគុណភាពកាន់តែល្អប្រសើរបន្ថែម ពីលើអ្វីដែលធ្លាប់មាន។
គួរជម្រាបជូនថា ផ្អែកតាមសេចក្ដីណែនាំស្តីពីបែបបទ នីតិវិធី នៃការជ្រើសរើសមភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំង ជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ ដែលចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ បានបញ្ជាក់ថា បេក្ខជនមេភូមិទាំងពីរភេទ ត្រូវមានលក្ខណៈសម្បត្តិ ដូចជា មានសញ្ជាតិខ្មែរ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ មានអាយុយ៉ាងតិច ២៥ឆ្នាំ ត្រឹមថ្ងៃដាក់ស្នើ ចេះអាន និងចេះសរសេរអក្សរខ្មែរ និងត្រូវមានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិដែលបានដាក់ស្នើបេក្ខជននេះយ៉ាងតិច ៦ខែជាប់ៗគ្នា។
តាមសេចក្ដីណែនាំដដែល មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ មិនត្រូវបានកំណត់អាណត្តិការងារឡើយ។ ក៏ប៉ុន្តែពួកគេអាចត្រូវបាត់បង់ពីមុខតំណែងក្នុងករណី ដូចជា សាមីខ្លួនទទួលមរណភាព សាមីខ្លួនដាក់ពាក្យសុំលាឈប់ពីមុខតំណែងជាលាយល័ក្ខអក្សរ សាមីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈដោយមានលិខិតបញ្ជាក់ពីភ្នាក់ងារមានសមត្ថកិច្ច សាមីខ្លួនត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនៃឃុំ សង្កាត់របស់ខ្លួន សាមីខ្លួនត្រូវតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹមណាមួយ សាមីខ្លួនផ្លាស់ទីលំនៅទៅភូមិផ្សេង សាមីខ្លួនមានកំហុសឆ្គងក្នុងការងារ ហើយត្រូវបញ្ឈប់ពីមុខតំណែងដោយក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន៕
……………………………………………
អត្ថបទ៖ ហុង សេរីហ្វុង