ប្រជាពលរដ្ឋក្នុងឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី អះអាងថាពួកគេទទួលបានព័ត៌មានពេញលេញស្តីពីសេវាគាំពារសុខភាពមាតា និងទារកតាមរយៈការផ្សព្វផ្សាយ និងចុះអប់រំពីមណ្ឌលសុខភាព ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
អ្នកស្រី យឿន សាដឿន បាននិយាយថា មិនថាអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពទេ គឺតែងផ្តល់ការអប់រំជានិច្ចអំពីការថែទាំសុខភាពមាតា និងទារក ជាពិសេសទាក់ទងចំណេះដឹងអំពីអាហាររូបត្ថម្ភ ការប្រើប្រាស់អំពើហិង្សា និងការយល់ដឹងពីយេនឌ័រ។ប្រភពបន្តថា បើនិយាយពីក្រុមគ្រូពេទ្យវិញ ពួកគេចុះផ្ទាល់ដល់មូលដ្ឋាន និងបង្ហាញការយកចិត្តទុកដាក់ចំពោះស្រ្តីដែលមានផ្ទៃពោះ។
អ្នកស្រីបន្តថា៖«ពេទ្យចុះតាមភូមិអំឡុងមានផ្ទៃពោះពេទ្យឲ្យមើលថែកូន និងម្ដាយពីរខែម្ដង បើអាជ្ញាធរពីរបីខែម្ដង ចុះផ្សព្វផ្សាយដល់សហគមន៍ វាល្អគ្រប់គ្រាន់ហ្មង អត់ដូចពីមុនទេ បណ្តុះបណ្តាលរហូតកុំឲ្យភ្លេច ពេទ្យណែនាំពិនិត្យរាល់ខែ ខ្លាចទារកអត់គ្រប់គីឡូ វាស់បេះដូង ជួសឈាមខ្លាចមានជំងឺ »។
ហាក់មិនខុសគ្នាទេ អ្នកស្រី បៀន វី ជាជនជាតិដើមភាគតិចទំពួន លើកឡើងដែរថា បច្ចុប្បន្ននេះទាំងអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាព គេមិនធ្វេសប្រហែសចំពោះសុខភាពពលរដ្ឋ ជាពិសេសស្រ្តីមានផ្ទៃពោះដូចមុនទៀតឡើយ។ពួកគេតែងចុះអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យស្រ្តីមានផ្ទៃ ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឱ្យបានជាប្រចាំ។ប្រភពបន្តថា សព្វថ្ងៃនេះមិនថាតែអ្នកស្រីទេ ដែលយល់ដឹងបានច្រើនពីបញ្ហាសុខភាពមាតា និងទារកនេះ សូម្បីអ្នកភូមិផ្សេងទៀត ក៏ទទួលបានការថែទាំដូចគ្នាដែរ។
បើតាមអ្នកស្រី បៀន វី នៅពេលដែលសហគមន៍ទទួលបានព័ត៌មានគ្រប់គ្រាន់ អំពីការថែទាំសុខភាពបែបនេះ ធ្វើឱ្យពួកគេមានទំនុកចិត្ត ហើយក៏កាត់បន្ថយបានពីបញ្ហាអត្រាស្លាប់មាតា និងទារកនេះបានខ្ពស់ដែរ។
អ្នកស្រីបានបន្តថា៖«តាមដានសុខភាពម្ដាយនិងកូនទៅពិនិត្យអេកូកូនអោយហូបអាហារគ្រប់ប្រភេទឲ្យបានគ្រប់គ្រាន់ ទៅពេទ្យទៀងទាត់ផ្ដល់ថ្នាំជាតិដែក ពេលមានជំងឺមានថ្នាំចាក់បង្ការ ព្រោះអីនៅពេទ្យគេមានថ្នាំការពារ គេមានបច្ចេកទេសត្រឹមត្រូវពេលពិបាកគេមានម៉ាស៊ីនបូម អត់ឱ្យធ្វើការធ្ងន់ៗប៉ះពាល់ដល់កូនអាចរលូត ពេលយើងកើតកូនហើយបំបៅដោះឲ្យទៀងទាត់ ពីមុនអត់មានថ្នាំសម្រាលនៅហ្នឹងអញ្ចឹង តែឥឡូវមានថ្នាំចាក់ថ្នាំលេបឆាប់ជាចំពោះខ្ញុំមានសារៈសំខាន់ចាប់ផ្ដើមពពោះយើងបានយល់ដឹងច្រើនពីការថែរក្សាសុខភាពបែបម៉េចដើម្បីសុខភាពកូន»។
បើទោះជាបែបណារបាយការណ៍ស្តីពីទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាព ដែលចេញកាលពីខែ មករា ឆ្នាំ២០២៤ ដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ រកឃើញថា មរណៈភាពទារកដែលមានអត្រាខ្ពស់បំផុតឈរលំដាប់លេខរៀងទី២ បន្ទាប់ពីខេត្តក្រចេះ និងស្ទឹងត្រែង គឺខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដែលមានទំហំជិត៣៧ភាគរយ ខណៈដែលខេត្តស្ទឹងត្រែង និងក្រចេះអត្រាទារកស្លាប់មានកំណើនដល់ទៅ ៤២ភាគរយ។ដោយឡែក ក្នុងចំណោមខេត្តក្រុងទាំង២៥ រាជធានី គឺរាជធានីភ្នំពេញ មានអត្រាទារកស្លាប់ទាប់ជាងគេ ដែលមាន៥,២ភាគរយ។
តាមរយៈការផ្តល់បទសម្ភាសន៍ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ពលរដ្ឋនៅភូមិកាឡៃ១ កាឡៃ២ និងភូមិកាឡៃ៣ ដែលស្ថិតនៅក្នុងឃុំកាឡៃ នៃស្រុកអូរជុំ ប្រមាណ១០នាក់ ឱ្យដឹងថា សហគមន៍ជនជាតិដើមភាគតិចទំពួន ក្នុងពេលបច្ចុប្បន្ននេះ ពួកគេលែងសម្រាលកូនតាមបែបឆ្មបបុរាណដូចមុនទៀតទៀតហើយ។អ្នកភូមិនិយាយថា មានហេតុផលជាច្រើន ដែលនាំឱ្យវិធីសម្រាលកូនតាមបែបបុរាណនេះ ត្រូវកាត់បន្ថយ គឺដោយសារការជឿនលឿននៃសង្គម វិស័យសុខាភិបាលផ្តល់ទំនុកចិត្តខ្ពស់ និងពលរដ្ឋមានការយល់ដឹង តាមរយៈការចុះអប់រំផ្សព្វផ្សាយ ពីគោលការណ៍សុខមាលភាពមាតា និងទារកបានដិតដល់ និងជាប្រចាំ។
អ្នកស្រី មៀង សុប៊ុយ ជាជនជាតិដើមភាគតិចទំពួន លើកឡើងថារូបគេពិតជាសប្បាយចិត្ត នៅពេលដែលសេវាអប់រំត្រូវបានផ្តល់ដោយស្មើភាពគ្នា និងមិនចំពោះគ្រួសារណាមួយបែបនេះ។អ្នកស្រីបន្តថា ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន តែងចុះផ្តល់ព័ត៌មានថ្មីៗជានិច្ច ដល់ពលរដ្ឋអំពីការថែទាំមាតា និងទារក។
អ្នកស្រីបន្តថា៖«ណែនាំរឿងថែទាំទារកកន្លះខែម្ដងខាងមណ្ឌលសុខភាពចុះណែនាំ ការពារកុំឲ្យធ្វើការធ្ងន់ៗខ្លាចប៉ះពាល់ដល់កូន ពីមុនគេមិនដែលផ្សព្វផ្សាយទេ ឥឡូវគេផ្សព្វផ្សាយច្រើនរឿងមើលថែសុខភាពម្ដាយអោយហូបចុកគ្រប់គ្រាន់ដើម្បីបំប៉នក្នុងផ្ទៃពេលឆ្លងទន្លេកុំឱ្យអស់កម្លាំង» ។
ស្រ្តីដែលធ្លាប់ឆ្លងកាត់ការពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព ឱ្យដឹងថានៅពេលនេះ អ្នកឃុំកាឡៃបានបោះបង់ទាំងស្រុងហើយ ក្នុងការសម្រាលកូនតាមបែបឆ្មបបុរាណនេះ។ពួកគេនៅមានចាប់ផ្តើមមានគ៌ហើយ ក៏ចាប់ផ្តើមទៅមណ្ឌលសុខភាពភ្លាមដែរ។ក្រោយការពិនិត្យសុខភាពហើយ គ្រូពេទ្យតែងផ្តល់ថ្នាំការពារគ៌ និងណាត់ថ្ងៃជួបពិនិត្យ និងតាមដានសុខភាពមាតា និងទារក ទៅតាមកាលបរិច្ចេទតារាងវេជ្ជសាស្រ្ត មិនឱ្យលោះពេលទេ។
ដោយឡែក ស្រ្តីដែលមានវ័យប្រមាណ ៩០ ឆ្នាំ និងធ្លាប់ជាធ្មបនៅក្នុងភូមិកាឡៃ៣គឺអ្នកស្រី តើន ក្រូស លើកឡើងថា មានអ្នកភូមិជិត១០០នាក់មកហើយ ដែលខ្លួនធ្លាប់បានបង្កើត។ស្រ្តីវ័យចំណាស់រូបនេះ បន្តថានៅអំឡុពេលសម្រាលកូនឱ្យគេ គឺមិនដែលជួបបញ្ហា ឬឧបសគ្គអ្វីឡើយ បើទោះជាមានការលំបាកក្នុងការសម្រាល ឬប្រភពមុខនឹងភាពតាន់តឹងយ៉ាងណាក្តី។ប្រភពបន្តថា អ្នកដែលឆ្លងកាត់ការសម្រាលដោយដៃរបស់អ្នកស្រី គឺពួកគេតែងទទួលបានភាពសុខសប្បាយ និងជោគជ័យជាដរាប។
អ្នកស្រី តើន ក្រូស បញ្ជាក់ទៀតថា មូលហេតុដែលអ្នកស្រីបញ្ចប់អាជីពជាឆ្មបបុរាណនេះ គឺដោយសារមានការជឿនលឿនផ្នែកវិជ្ជសាស្រ្ត។ម្យ៉ាងវិញទៀត ច្បាប់រដ្ឋបានកំណត់ទិសដៅក្នុងការកាត់បន្ថយអត្រាស្លាប់មាតា និងទារក តាមរយៈការសម្រាលកូនតាមបែបឆ្មបបុរាណនេះ។ហើយការងារនេះ អ្នកស្រីទើបបញ្ចប់ទៅក្នុងរយៈពេលប្រមាណ១២ខែ ចុងក្រោយនេះប៉ុណ្ណោះ។
ប្រភពបន្តថា៖«ឈប់បង្កើតកូនមួយឆ្នាំចុងក្រោយនេះដោយសារខ្លាចពេទ្យ ហាមមិនឲ្យបន្តបង្កើតកូនបែបពេទ្យឆ្មបបុរាណ ព្រោះគ្មានឧបករណ៍ត្រឹមត្រូវអាចបណ្ដាលមានផលប៉ះពាល់ដល់សុខភាពម្ដាយ និងទារក » ។
យ៉ាងនេះក្តី លោក សុំ តាវ ប្រធានមណ្ឌលសុខភាពអូរជុំ ឱ្យដឹងថា មណ្ឌលសុខភាពពិតជាជាបានគិតគូដល់សហគមន៍ក្នុងការបញ្ចៀសពីហានិភ័យណាមួយ ដែលកើតឡើងដោយសារសម្រាលកូនខ្វះបច្ចេកទេសតាមបែបវិជ្ជសាស្រ្ត។មិនតែប៉ុណ្ណោះ ក្រុមគ្រូពេទ្យតែងចុះអប់រំ និងផ្សព្វផ្សាយអំពីកិច្ចគាំពារសុខភាពមាតា និងទារក ដើម្បីពង្រឹងនូវការយល់ដឹងអោយបានទូលំទូលាយពីសេវាសង្គមរបស់ឃុំសង្កាត់មានដូចជា ការងារសុខភាពមាតា និងទារកជាដើម។
ក្រៅពីនេះ មណ្ឌលសុខភាព តាមរយៈគោលនយោបាយសុខភាពសាធារណៈ ក៏បានរួមចំណែកក្នុងការផ្តល់សារទៅពលរដ្ឋឱ្យបានយល់ដឹង អំពីអាហាររូបត្ថម្ភក៏ ការងារអត្តសញ្ញាណកម្ម ការទប់ស្កាត់អំពើហិង្សា ទាក់ទងយេនឌ័រ ជាពិសេសអំពើហិង្សាលើស្រ្តី និងកុមារ ការងារកិច្ចការពារកុមារ ការងារទឹកស្អាត និងអនាម័យ ការលើកកម្ពស់ទៅដល់ជនដែលមានពិការភាព ស្ថានភាពជនក្រីក្រ និងមនុស្សចាស់ ការលើកកម្ពស់សមភាពយេនឌ័ ព្រមទាំងការងារសង្គមកិច្ច។
លោកបន្តថា៖«ក្នុងឆ្នាំ២០២២ មាន៦៤៧នាក់សរុបទាំងអស់ ការពិនិត្យផ្ទៃពោះនោះគឺបើក្នុងលក្ខខណ្ឌមណ្ឌលសុខភាពយើងមានហរញ្ញនិទានច្រើនយើងត្រូវបង់សេវាភាគច្រើនបើស្រី្តគាត់មានប័ណ្ណ បសស ប័ណ្ណសមធម៌គឺគាត់មិនត្រូវការបង់សេវាទេ តែសម្រាប់អ្នកអត់មានប័ណ្ណសមធម៌ ប័ណ្ណបសស ប័ណ្ណហានិភ័យផ្សេងៗហ្នឹង គឺគាត់ត្រូវការបង់សេវាទៅតាមតម្លៃហរញ្ញនិទាន ដែលប្រជុំដោយគណ:កម្មា គ្រប់គ្រងមណ្ឌលសុខភាព អញ្ចឹងពិនិត្យផ្ទៃពោះតែ២ ០០០រៀលទេ បើសិនជាលក្ខខណ្ឌគាត់អត់មានទេ គាត់ក្រីក្រហើយគាត់អត់មានប័ណ្ណទៀតយើងមានការលើកលេងតាមជាក់ស្តែង និយាយរួមមណ្ឌលសុខភាពអូរជុំ៩០ភាគរយ ទៅ៩៥ភាគរយជាបងប្អូនជនជាតិដើមភាគតិច ពេលចុះទៅមានសកម្មភាពច្រើនត្រូវអប់រំសេវាមូលដ្ឋាន ផ្តោតទៅលើទី១ស្រ្តី និងកុមារការចាក់វ៉ាក់សាំង១១មុខ និងសេវាពិនិត្យផ្ទៃពោះ បុគ្គលិកមណ្ឌលសុខភាពពីរនាក់ប្រុសមួយស្រីមួយ បន្ទាប់ពីការចាក់វ៉ាក់សាំងអប់រំពាក់ព័ន្ធទៅហ្នឹងសុខភាពផ្សេងៗ » ។
ស្រដៀងគ្នានេះដែរ លោក ធូ ហ៊ុង មេឃុំកាឡៃ បានអះអាងថា ក្នុងពេលកន្លងក្នុងនាមអាជ្ញាធរឃុំ បានចុះអប់រំ ផ្សព្វផ្សាយពីកិច្ចគាំពារម្ដាយ និងទារក ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែដិតដល់ទៅសហគមន៍ជនជាតិដើមភាគតិច ដើម្បីជំរុញឱ្យពួកគេទទួលបានព័ត៌មានពេញលេញ។ជាងនេះទៀត ការផ្តល់សារអប់រំនេះ គឺក្នុងន័យដើម្បីលើកម្ពស់ឱ្យពលរដ្ឋ ជាពិសេសស្រ្តីមានគ៌ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពឱ្យបានប្រសើរ ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។
លោកបន្តថា៖«បាទក្នុងគោលដៅផ្សព្វផ្សាយគឺយោងតាមថ្នាក់លើ ចូលរួមជាមួយមណ្ឌលសុខភាព ជាមួយបន្ទុកកិច្ចការនារីថ្នាក់ស្រុកផ្សព្វផ្សាយទៅតាមឃុំ ឃុំផ្សព្វផ្សាយបន្តតាមមេភូមិ និងទ្រទ្រង់សុខភាពភូមិអនុវត្តតាមគម្រោងគោលការណ៍។យើងធ្វើទាំងអស់មិនមែនសម្រាប់បងប្អូនជនជាតិដើមភាគតិចទេយុត្តិធម៌ទាំងអស់សម្រាប់ប្រជាពលរដ្ឋទូទៅហើយការយល់ដឹងប្រជាពលរដ្ឋច្រើនបើធៀបពីរបីឆ្នាំមុនមកដល់ឆ្នាំ ២០២៤ អាចដល់ ៨៥ភាគរយ ឬ៩០ភាគារយ ច្រើនជាងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ព្រោះការយល់ដឹងឆ្នាំ ២០២៤ នេះសន្ទុះច្រើនជាងបាទ » ។
បើទោះជារបាយការណ៍របស់វិទ្យាស្ថានជាតិស្ថិតិរកឃើញអត្រានៃការស្លាប់មាតា និងទារកនៅមានកម្រិតខ្ពស់យ៉ាងនេះក្តី សម្រាប់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ក៏អាជ្ញាធរឃុំ និងមណ្ឌលសុខភាព មានសុទិដ្ឋិនិយមថា តាមរយៈគោលនយោបាយសុខភាពសាធារណៈនេះ ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត បញ្ហានេះនឹងត្រូវកាត់បន្ថយ ក្នុងកម្រិតមួយដែលខ្ពស់ជាងបច្ចុប្បន្ន៕
អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ កញ្ញា ទៀ រតនា, កញ្ញា ស៊ិន សូឌិន និង លោក រម៉ាស់ ធួង