ពលរដ្ឋម្នាក់ត្រូវបានសន្តិសុខរបស់ឧកញ៉ា រតនៈ សម្បត្តិ បាញ់ដោយកាំភ្លើងឆ្នៃឱ្យរងរបួសភ្លៅខាងស្ដាំបន្ទាប់ពីពួកគេព្យាយាមរារាំងក្រុមសន្តិសុខមិនចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិក្នុងទំនាស់ដីធ្លីកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ពលរដ្ឋរងគ្រោះលោក ឡុង ប៊ុណ្ណារ៉ា អាយុ៤៣ឆ្នាំ រស់នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះថានៅមុនកើតហេតុសន្តិសុខក្រុមហ៊ុនរបស់ឧកញ៉ា រតនៈ សម្បត្តិ បានដឹកក្រុមក្មេងទំនើងមកជិត៣០នាក់ប្រដាប់ដោយកាំភ្លើងកែច្នៃឬកាំភ្លើងស្នប់ ដាវ កាំបិត ចូលទៅកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ប៉ុនប៉ងវ៉ៃបំផ្លាញផ្ទះប្រជាពលរដ្ឋពេលនោះប្រជាពលរដ្ឋបាននាំគ្នាមករារាំងកុំឱ្យក្រុមទាំងនោះបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន។
លោកបន្តថា ក្មេងទំនើងទាំងនោះបានបាញ់កាំភ្លើងស្នប់មកត្រូវភ្លៅខាងស្ដាំបណ្តាលឱ្យរងរបួស បន្ទាប់ពីកើតហេតុការណ៍រួចមកមានព្រះរាជអាជ្ញា និងមន្រ្ដីមួយចំនួនបានចុះមកសម្របសម្រួលយកលោកទៅមន្ទីរពេទ្យដើម្បីព្យាបាល តែលោកមិនទៅព្រោះបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយមើលឃើញអ្នកទាំងនោះមកជាមួយភាគីក្រុមហ៊ុន។
លោកថា នៅពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុមិនបានឃាត់ខ្លួនអ្នកបាញ់លោកឱ្យរងរបួសនោះទេ ពេលនេះកំពុងរៀបចំឯកសារដាក់ពាក្យប្ដឹងទៅកាន់នគរបាលនៅរសៀលថ្ងៃចន្ទនេះ។
លោកលើកឡើងថា៖ «សុំឱ្យអាជ្ញាធរចាប់ពួកអស់ហ្នឹង។ខាងក្រុមហ៊ុនជួលពួកអនាធិតេយ្យមកប្លន់ដីប្រជាពលរដ្ឋសូមឱ្យអាជ្ញាធរដែនដីជួយមើលផង ជួយដោះស្រាយឱ្យប្រជាពលរដ្ឋផង។ណាមួយដីនេះពលរដ្ឋរស់នៅរាប់សិបឆ្នាំហើយតាំងពីឆ្នាំ២០១៣ ១៥មក។ដូចខ្ញុំដប់ឆ្នាំជាងហើយសូមសម្ដេចតេជោជួយចេញប្លង់ឱ្យប្រជាពលរដ្ឋផងកុំឱ្យក្រុមហ៊ុនធ្វើបាបទៀត »។
ពលរដ្ឋម្នាក់ទៀតអ្នកស្រី អ៊ួន សម្ភស្ស អាយុ៣២ឆ្នាំ បានប្រាប់ថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ មកក្រុមហ៊ុនបានបញ្ចុះបញ្ចូលពលរដ្ឋដែលមានដីនៅក្នុងភូមិគគីរឱ្យដោះដូរដីជាមួយដីក្រុមហ៊ុន ដោយឱ្យពលរដ្ឋទៅយកដីនៅតំបន់ផ្សេង។ អ្នកស្រីនិយាយថា ដើមឡើយមានពលរដ្ឋប្រមាណ១៥៨គ្រួសារមានដីប្រមាណ១៥ ហិកតារងផលប៉ះពាល់ជាមួយក្រុមហ៊ុន ប៉ុន្តែមានពលរដ្ឋខ្លះយល់ព្រមដោះដូរដី តែក៏មានពលរដ្ឋខ្លះទៀតមិនយល់ព្រមដែរ។
អ្នកស្រីបន្តថា តំណាងក្រុមហ៊ុនបានដើរគំរាមពលរដ្ឋដែលមិនយល់ព្រមដោះដូរដីជាមួយក្រុមហ៊ុនថាបើមិនព្រមដោះដូរទេគេនឹងដាក់គ្រឿងចក្រចូលវ៉ៃផ្ទះយកដីតែម្ដង។ រាល់ថ្ងៃអ្នកស្រីមិនបានទៅធ្វើការងាររកស៊ីទេនៅចាំតែផ្ទះខ្លាចគេយកគ្រឿងចក្រមកវ៉ៃផ្ទះអត់កន្លែងរស់នៅ ម្ចាស់ផ្ទះដែលមិនព្រមដោះដូរហើយនៅជិតផ្ទះដែលម្ចាស់ព្រមដូរគឺគ្រឿងចក្រវ៉ៃទាំងពីរតែម្ដងហើយនិយាយថាវ៉ៃច្រឡំ។
អ្នកស្រីនិយាយថា រាល់ថ្ងៃក្រុមហ៊ុនបង្ហោះដ្រូននៅក្នុងភូមិមើលឱ្យតែដឹងថាក្នុងភូមិស្ងាត់មិនមានមនុស្សឬមនុស្សនៅតិចគេឱ្យគ្រឿងចក្រមកឈូសវ៉ៃកំទេចផ្ទះចោលរួចបានផ្ដល់សំណងតាមក្រោយ ។
អ្នកស្រីលើកឡើងថា៖ «វាជួលពួកស៊ីឈ្នូលដើរកាប់ចាក់ដើរផ្ដាច់ខ្សែភ្លើងឱ្យងងឹតសូនហើយម៉ោង៧ជាងចាប់ផ្ដើមធ្វើសកម្មភាពកាក់ផ្លូវហើយកាន់កាំបិតគ្រប់ដៃ។លំបាកណាស់បងបង្ហោះដ្រូនបង្ហោះម៉ូតូពេលយើងជិះទៅក្នុងក្រុង[ជិះ]ម៉ូតូតាមពីក្រោយខ្លះជិះបំបុកពលរដ្ឋក៏មានដែរ »។
ស្នងការនគរបាលខេត្ដព្រះសីហនុលោក ស រដ្ឋា បានប្រាប់ថាស្នងការដ្ឋានគរបាលខេត្ដព្រះសីហនុមិនជួយអន្ដរាគមន៍ទេពាក់ព័ន្ធការរកដំណោះស្រាយដីធ្លីខាងរដ្ឋបាលខេត្ដជាអ្នកដោះស្រាយ។
លោកលើកឡើងថា៖ «ខាងស្នងការដ្ឋានអត់ជួយអន្តរាគមន៍ទេ។ បើពាក់ព័ន្ធនឹងការរកដំណោះស្រាយដីធ្លីរដ្ឋបាលខេត្ដ» ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយតបពីតំណាងក្រុមហ៊ុនបានទេ ចំណែកអ្នកនាំពាក្យសាលាខេត្ដព្រះសីហនុលោក ឃាង ភារម្យ ទូរសព្ទចូលតែត្រូវចុចផ្ដាច់ទៅវិញ ។
នាយកទទួលបន្ទុកកិច្ចការទូរទៅនៃអង្គការលីកាដូលោក អំ សំអាត ប្រាប់ថា អាជ្ញាធរត្រូវតែធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់យកជនដែលបានប្រើប្រាស់អាវុធកែឆ្នៃបាញ់ទៅលើប្រជាពលរដ្ឋយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន។
លោកបន្តថា ការយកអ្នកប្រើប្រាស់អំពើហិង្សាមកផ្ដន្ទាទោសវាជាការផ្ដល់យុត្តិធម៌មួយដល់ជនរងគ្រោះនិងជាការលុបបំបាត់ការប្រើប្រាស់អំពើហិង្សា។ បញ្ហាទំនាស់ដីធ្លីគួរតែរកដំណោះស្រាយដោយសន្តិវិធីស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលត្រូវដោះស្រាយបញ្ហាដីធ្លីឱ្យចប់នៅអាណត្តិទី៧នេះ ។
លោកលើកឡើងថា៖ «បញ្ហាដីធ្លីវាគួរតែដោះស្រាយដោយសន្តិវិធីមិនគួរណាប្រើប្រាប់អំពើហិង្សានៃការបាញ់។ ហើយការប្រើប្រាស់អាវុធនេះទៀតសោធក៏វាជារឿងខុសច្បាប់ទៀតអញ្ចឹងទាមទារឱ្យចាត់វិធានការឱ្យបានម៉ីងម៉ាត់ចំពោះអ្នកបង្កហើយហ្នឹងអ្នកដែលពាក់ព័ន្ធ» ។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ អតីតនាយរដ្ឋមន្រ្ដីលោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ឆ្វៀលដីទំហំជាង៧១ហិកតាស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ឱ្យទៅឧកញ៉ា រតនៈ សម្បត្តិ ខណៈពលរដ្ឋអះអាងថាការផ្តល់ដីនោះបានប៉ះពាល់លើដីអាស្រ័យផលនិងលំនៅឋានដែលធ្លាប់រស់នៅជាច្រើនឆ្នាំមកហើយ៕
……………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា