ជាជនជាតិដើមភាគតិចពូនងរស់នៅឃុំសុខសាន្ត ខេត្តមណ្ឌលគិរី អះអាងថាពួកគេនៅមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ឱ្យបានគ្រប់ខ្នងផ្ទះនៅឡើយទេ ស្របពេលព័ត៌មានស្តីពីការប្រើប្រាស់បង្គន់អនាម័យនេះ ក៏មិនទាន់ត្រូវបានគេផ្សព្វផ្សាយឱ្យបានទូលំទូលាយដែរ សម្រាប់សហគមន៍ជនជាតិដើមភាគតិច។
អ្នកស្រី ឈិន ចៅ អាយុ ២២ ឆ្នាំជាជនជាតិភាគតិចពូនងរស់នៅក្នុងភូមិក្លឹប លើកឡើងកាលពីថ្ងៃទី១៩ ខែតុលា ថាខ្លួនគ្មានបង្គន់អនាម័យប្រើទេ។ ជាងនេះទៀត អាជ្ញាធរមូលដ្ឋាន ក៏មិនបានផ្តល់ដំណឹង ឬចុះអប់រំឱ្យពលរដ្ឋ ចេះប្រើប្រាស់បង្គន់អនាម័យដែរ។ អ្នកស្រីបន្តថា ពលរដ្ឋពិតគ្មានជំរើសណាមួយដែលល្អក្រៅពីបន្ទោរបង់តាមទម្លាប់ចាស់នោះឡើយ។
ប្រភពបន្តថា៖«ខ្ញុំរស់នៅទីនេះយូរហើយអត់ដែលឃើញមេភូមិ មេឃុំប្រាប់ ឬជូនដំណឹងពីការចុះឈ្មោះធ្វើបង្គន់ ចែកមុងនោះទេកន្លងមក» ។
មិនមែនមានតែអ្នកស្រី ឈិន ចៅ មួយគ្រួសារទេ ដែលត្រូវប្រឈមមុខនឹងគ្មានបង្គន់អនាម័យប្រើប្រាស់ និងកង្វះព័ត៌មានស្តីពីការផ្សព្វផ្សាយអំពីបង្គន់នេះ។ពលរដ្ឋនៅក្នុងភូមិក្លឹប និងភូមិក្លង់ឡៃ នៃឃុំសុខសាន្ត ក៏អះអាងដូចគ្នាដែរថា ពួកគេក៏គ្មានបង្គន់អនាម័យប្រើប្រាស់ដែរ។ក្រៅពីនេះ អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធផ្សេងទៀត ក៏ពុំបានចុះអប់រំពលរដ្ឋ ឱ្យបានយល់ដឹងពីការអនាម័យ និងចេះប្រើប្រាស់បង្គន់ដែរ។
ទាក់ទិនករណីនេះ អ្នកស្រី ភឿន ភាព ឯកភាពថាប្រជាពលរដ្ឋពិតជាមិនដែលបានដឹងតម្រុយណាមួយ ដែលជាអាជ្ញាធរ ឬគោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បំផុសឱ្យពលរដ្ឋចេះប្រើប្រាស់បង្គន់អនាម័យម្តងណាឡើយ។អ្នកស្រីបន្តថា ស្របពេលគ្មានព័ត៌មានទាក់ទងរឿងការប្រើប្រាស់បង្គន់នេះហើយ ការតម្រង់ឱ្យពលរដ្ឋ ចេះពឹងពាក់អង្គការ ដើម្បីអាចបង់រំលោះជាធម្យោបាយ មានបង្គន់ប្រើប្រាស់ក៏គ្មានទៀត។
ប្រភពបន្តថា៖«បងអត់ដែលដឹងដំណឹងពីភូមិឃុំឬអង្គការចុះមកផ្សព្វផ្សាយពីការប្រើប្រាស់បង្គន់អនាម័យ ឬជួយចេញជាសម្ភារៈខ្លះដើម្បីធ្វើបង្គន់នោះទេ » ។
អង្គការអភិវឌ្ឍនទឹកស្អាត និងអនាម័យ ធ្លាប់ចេញរបាយការណ៍របស់ខ្លួន តាមរយៈការស្ទង់មតិរកឃើញថា កង្វះអនាម័យតាមរយៈការបន្ទោបង់ពាសវាល ពាសកាល ជំរុញឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍ ហើយរដ្ឋត្រូវខាតបង់ថវិកាប្រមាណ៤៥០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។សាច់ប្រាក់ដែលរដ្ឋត្រូវបញ្ចេញនេះ គឺដើម្បីយកទៅទប់នឹងការចំណាយ ប្រឆាំងនឹងជំងឺដែលពលរដ្ឋខ្វះអនាម័យ មានដូចជាជំងឺរាគរួស ជំងឺផ្លូវដង្ហើម ជំងឺដង្កូវព្រូន ជំងឺភ្នែក គ្រុនពោះវៀន ជំងឺសើរស្បែក និងជំងឺផ្សេងទៀត។មិនតែប៉ុណ្ណោះ ការខ្វះអនាម័យព្រោះតែការបន្ទោបង់ពាសវាលពាសកាលនេះ នាំឱ្យកកើតទៅជាជំងឺរោគស្រ្តីថែមទៀតផង។
ចំណែក អ្នកស្រី ឡប់ កុំ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិ ក្លង់ឡៃ បានចែករំលែកពីបទពិសោធន៍អំពីការប្រើប្រាស់បង្គន់អនាម័យថា វាពិតជាមានភាពងាយស្រួលព្រោះបង្គន់អនាម័យនេះ វាជួយកាត់បន្ថយបញ្ហាប្រឈមជាច្រើន ដូចជាចៀសវាងសត្វអសិរពិសចឹក ឬខាំរាល់ពេលត្រូវការបន្ទោរបង់ពេលយប់ងងឹតជាដើម។មានវ័យ២៣ឆ្នាំ អ្នកស្រីបន្តថា នៅពេលរូបគេមិនទាន់មានស្វាមី គឺទម្លាប់គ្រួសាររបស់អ្នកស្រី តែងបន្ទោរបង់ពាសវាលពាសកាល ដោយមិនខ្វល់ពីកង្វះអនាម័យ ឬភាពប្រឈមណាមួយទេ។ប៉ុន្តែ ក្រោយពីអ្នកស្រីរៀបការរួច ហើយទៅរស់នៅខាងគ្រួសារស្វាមី ទើបអ្នកស្រីមានទម្លាប់ប្រើបង្គន់ ដូចអ្នកឯទៀតដែរ។
ប្រភពបន្តថា៖«បងពីមុនបន្ទោបង់នៅក្រោយផ្ទះក្នុងព្រៃចម្ងាយ ៣០ ម៉ែត្រទៅ 30 ម៉ែត្ររស់នៅក្នុងព្រៃទៀត តែពេលទៅនៅផ្ទះខាងប្ដីមានបង្គន់អញ្ចឹងធ្វើឱ្យបងមកនៅផ្ទះក្នុងភូមិវិញដើម្បីងាយស្រួលបត់ជើងនិងមានសុខភាពល្អ » ។
របាយការណ៍ដែលចេញដោយក្រុមប្រឹក្សាឃុំសុខសាន្ត បង្ហាញថា ពលរដ្ឋនៅក្នុងឃុំនេះប្រមាណ៩០ភាគរយ គឺជាជនជាតិដើមភាគតិចពូនង ដែលស្មើប្រមាណ៤ ៥២៥នាក់ នៃប្រជាជនសរុបក្នុងឃុំ។ហើយពួកគេទាំងនោះ អ្នកដែលមានបង្គន់អនាម័យប្រើប្រាស់មានប្រមាណពី១០ ទៅ២០ភាគរយ នៃប្រជាជនសរុបក្នុងឃុំប៉ុណ្ណោះ។ក្រៅពីនេះ សម្រាប់ឃុំសុខសាន្តគ្រប់ដណ្តប់ដោយភូមិចំនួន៤ រួមមានភូមិក្លង់ឡៃ ភូមិអូរជ័រ ភូមិក្លឹប និងភូមិស្រែធំ។
ផ្ទុយពីការលើកឡើងរបស់ពលរដ្ឋនេះ លោកស្រី សន សុគា ជាសមាជិកក្រុមប្រឹក្សាឃុំសុខសាន្ត លើកឡើងថាក្រុមការងារឃុំ រួមជាមួយអង្គការពាក់ព័ន្ធតែងចុះអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ នៃការបន្ទោរបង់ពាសវាលពាសកាលជាញឹកញប់។បន្ថែមពីលើនេះ កត្តាដែលនាំឱ្យពលរដ្ឋនៅតែជួបបញ្ហាដោះស្រាយមិនចេញ គឺនៅត្រង់ពួកគេមិនសូវមានចំណេះដឹង។ទាំងនេះ គឺជាកត្តាចម្បង ដែលនាំឱ្យរាំងស្ទះដល់ការអភិវឌ្ឍនៅក្នុងសហគមន៍មូលដ្ឋាន។
លោកស្រីបន្តថា៖«មកពីកម្រិតនៅការយល់ដឹងរបស់គាត់ផងហ្អា៎ណា គាត់នៅតែអត់ទាន់យល់គាត់នៅតែអត់ទាន់យល់ដឹងពីការអនាម័យចឹងហ្អា៎ណា » ។
បើតាមលោកស្រី សន សុគា ក្នុងចំណោមភូមិទាំងបួន នៃឃុំសុខសាន្តនេះ គឺមានភូមិមួយឈ្មោះ ភូមិប្លង់ឡេ ដែលមានពលរដ្ឋប្រើប្រាស់បង្គន់ដល់ទៅ៧០ភាគរយ នៃប្រជាជនសរុបនៅក្នុងឃុំ។នេះដោយសារតែក្នុងភូមិនេះមានលាយខ្មែរខ្លះផងដែលខុសពីភូមិទាំងបី ដែលភាគច្រើនគឺសុទ្ធតែជាជនជាតិដើមភាគតិចពូនងរស់នៅ។
សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច CCIM មិនអាចស្វែងរកការបំភ្លឺជុំវិញបញ្ហានេះបានទេពីលោកស្រី យុទ្ធ សោភា ប្រធានមណ្ឌលសុខភាពទួល ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។
យ៉ាងនេះក្តី អ្នកសម្របសម្រួលគំរោងសុខភាព និងអនាម័យ នៃអង្គការហ្គូតនេបបើ ប្រចាំស្រុកកោះញ៉ែក លោកស្រី ស្រេង វណ្ណធី លើកឡើងថា អង្គការរបស់លោកស្រីតែងជួយផ្ដល់បង្គន់ដល់សាលារៀននៅក្នុងស្រុកកោះញ៉ែកជាហូរហែ។លោកស្រីបន្តថាក្នុងឆ្នាំ ២០២៤ ស្ថាប័នរបស់លោកស្រីបានជួយផ្គត់ផ្គង់បង្គន់អនាម័យបានចំនួន ៦ឱ្យអ្នកភូមិក្នុងភូមិក្លង់ឡែនេះបន្ថែមទៀត។
លោកស្រីបន្តថា៖«អ្នកដែលក្បែរៗអ្នកដែលបានបង្គន់ហ្នឹងគាត់ឃើញគ្រួសារដែលមានបង្គន់ និងការប្រើប្រាស់ស្រួលមិនពិបាក់បន្ទោរបង់ពាសវាលពាសកាលដូចមុនចឹងហើយ គាត់តែងតែចង់ឱ្យបានល្អដែរ រហូតដល់គាប់ធ្លាប់សួរថាពេលអង្គការផ្ដល់សំភារៈបង្គន់ទៀតព្រោះថាគាត់ចង់បានដែរ » ។
របាយការណ៍ដែលចេញដោយក្រសួងអភិវឌ្ឍន៍ជនបទ នៅដើមឆ្នាំ២០២៤នេះ ឱ្យដឹងថា ខេត្តចំនួន៧ត្រូវជាប់ចំណាត់ជាខេត្ត ដែលបញ្ចប់ការបន្ទោបង់ពាសវាសពាសកាល ទាំងស្រុង។តាមរយៈរបាយការណ៍របស់ខ្លួន ក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងថា ក្នុងចំណោមខេត្តក្រុងទាំង២៥ រាជធានី ដែលបានប្រកាសពីភាពជោគជ័យ នៃការបង្ទោបងពាសវាសពាសកាលនេះ (ODF) មានខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប និងខេត្តព្រះសីហនុ៕
…………………………………………………….
អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ កញ្ញា ប្លាល ពុធ, កញ្ញា គិ ម៉ារី និង កញ្ញា បិច អ៊ីណាង