ក្រុមអ្នកស្រលាញ់បរិស្ថាន បានលើកឡើងថា ទិន្នាការចូលរួមរបស់យុវជន សិស្សនិស្សិត ព្រះសង្ឃ ក្នុងការប្រមូលសំរាមនៅតាមទីសាធារណៈ ពិសេសនៅក្នុងឱកាសបុណ្យជាតិធំៗ មានការកើនឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងពលរដ្ឋខ្លះដែលមានទម្លាប់មិនល្អក្នុងការចោលសំរាមគ្មានសណ្តាប់ធ្នាប់។
ការលើកឡើងនេះ ក្រោយមានទិដ្ឋភាពសំរាមជាច្រើនត្រូវបានបោះចោលពាសវាលពាសកាល ពិសេសថង់ប្លាស្ទិក និងកែវជ័រ ដែលរសាត់អណ្តែត នៅលើគោកផង និងក្នុងទឹកផង នាឱកាសព្រះរាជពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ នៃពាក្យកណ្តាលខេត្តវិច្ឆិកា ឆ្នាំ២០២៤ ខណៈក៏មានការបង្ហាញពីទិដ្ឋភាពរបស់យុវជនជាច្រើនបានចូលរួមប្រមូលសំរាមទាំងនោះច្រកថង់ យកទៅទុកដាក់នៅក្នុងធុងសំរាមផងដែរ។
ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ លោក សាន់ ម៉ាឡា បានលើកឡើងថា ជាទូទៅនៅក្នុងប្រទេសណាក៏ដោយ ដែលនៅមានពលរដ្ឋមានទម្លាប់អាក្រក់ដោយចោលសំរាមគ្មានសណ្តាប់ធ្នាប់ ពិសេសនៅក្នុងឱកាសមានពិធីបុណ្យជាតិធំៗ ឬតាមបណ្តាទីតាំងទេសចរណ៍សំខាន់ កន្លែងប្រារព្ធពិធីជាដើមនោះ គឺបានបង្ហាញពីកម្សោយនៃប្រជាជាតិនោះ។ បន្ថែមពីនេះ ក៏បង្ហាញភាពមិនស៊ីវិល័យនៃប្រជាជាតិនោះ ដែលទាមទារឱ្យមានការអប់រំ ទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការពង្រឹងច្បាប់បន្ថែមទៀត។
លោកបន្តថា ជាធម្មតា ភ្ញៀវទេសចរអន្តរជាតិ មិនចូលចិត្តទីតាំងណាដែលមានកាកសំណល់គ្មានសណ្តាប់ធ្នាប់ ដោយពួកគេច្រើនទៅលេងកន្លែងណា ឬប្រទេសណាមួយ ដែលមានអនាម័យ ការទុកដាក់សំរាមបានប្រសើរជាដើម។
យ៉ាងនេះក្តី លោកកត់សម្គាល់ឃើញថា មានការចាប់អារម្មណ៍ច្រើនពីសំណាក់យុវជន ប្រជាពលរដ្ឋ អាជ្ញាធរ ដោយពួកគេតែងធ្វើសកម្មភាពរើសសំរាម ប្រមូលសំរាម ដែលបានបោះចោលពាសវាលពាសកាលនោះ ភ្លាមៗ យកទៅទុកដាក់ឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ។
លោក សាន់ ម៉ាឡា លើកឡើងថា៖ «យើងមើលឃើញទាំងអស់គ្នាថា នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នាការនៃការស្រលាញ់បរិស្ថាន និន្នាការនៃការចូលរួមរើសសំរាមពីសំណាក់ប្រជាពលរដ្ឋ ក្រុមយុវជន សិស្សនិស្សិត មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយនៅរាល់ពិធីសំខាន់ៗហ្នឹង ក្រោយពេលចប់រួចរាល់ក៏ពួកគាត់ តែងតែជួយយកឧស្សាហ៍គ្នានៅក្នុងការសម្អាតបរិវេណឬក៏ទីតាំងដែលមានការបោះចោលសំរាម»។
ការកើនឡើងនេះ ដោយប្រៀបធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន ការដឹកនាំកម្លាំងប្រមូលសំរាមទីសាធារណៈ ពិសេសក្នុងឱកាសបុណ្យជាតិធំៗដែលមានមនុស្សមកជុំគ្នា ដូចជាពិធីបុណ្យអុំទូកពេលនេះមិនសូវមានការចូលរួមនោះឡើយ ដោយភារៈប្រមូលសំរាមនោះត្រូវធ្លាក់ទៅលើបុគ្គលិកស៊ិនទ្រីតែប៉ុណ្ណោះ។
សង្គមស៊ីវិលរូបនេះ និយាយទៀតថា ទោះបីជាមាននិន្នការស្រលាញ់បរិស្ថានស្អាតបែបនេះក្តី ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយត្រូវមានយន្តការច្បាស់លាស់មួយចំនួនទៀតដើម្បីធានាបានថាលែងមានអ្នកចោលសំរាមពាសវាលពាសកាលតទៅទៀត។ យន្តការទាំងនោះ លោកថា អាជ្ញាធររដ្ឋត្រូវផ្គត់ផ្គង់ធុនសំរាមនៅទីសាធារណៈឬទីតាំងសម្រាប់ទុកដាក់សំរាមឱ្យបានគ្រប់គ្រាន់។ បន្ថែមពីនេះ យន្តការអនុវត្តច្បាប់ ពិសេសការផាកពិន័យទៅដល់អ្នកបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នោះ ក៏ជារឿងត្រូវធ្វើផងដែរ។
នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែមានការបង្ហោះពីទិដ្ឋភាពសំរាមនៅតាមសងខាងនៃត្រើយទន្លេមេគង្គខាងមុខព្រះបរមរាជវាំង ហើយមានមនុស្សម្នានៅអង្គុយមើលសំរាម ខ្លះដើរកាត់សំរាម និងខ្លះមើលទៅសំរាមដែលកំពុងអណ្តែតក្នុងទឹកផង។
អ្នកលេងហ្វេសប៊ុកខ្លះលើកឡើងថា យាប់ណាស់ពលរដ្ឋខ្មែរមួយចំនួនរឿងសំរាមនេះ ដោយត្រូវឱ្យគេនិយាយដដែលៗ ។ ខ្លះទៀតថា បញ្ហាសំរាមអណ្តែតលើទឹក និងលើគោកដ៏ច្រើនទាំងនោះ អាចកំណត់បាននូវអត្តចរិក និងចំនួនជនដែលត្រូវអប់រំបន្ថែមទៀត អំពីបញ្ហាសំរាម ពិសេសគឺភាពជាពលរដ្ឋល្អ។
ទោះបីជាយ៉ាងនេះក្តី បណ្តាញសង្គមហ្វេសប៊ុកដដែល ក៏បានបង្ហាញនូវទិដ្ឋភាពនៃជ្រុងម្ខាងទៀត ដែលមានយុវជន ប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាដើររើសសំរាមទាំងនោះ យកទៅទុកដាក់ឱ្យមានរបៀបរៀបរយ។ ពួកគេត្រូវបានការកោតសរសើរពីសំណាក់អ្នកលេងហ្វេសប៊ុក និងខ្លះទៀតស្នើទៅដល់ពលរដ្ឋទាំងអស់គប្បីចូលរួមកសាងបរិស្ថានស្អាតទាំងអស់គ្នាជាដើម។
លោក ម៉ាឡា ទទួលស្គាល់ថា រឿងបញ្ឈប់ការចោលសំរាមនេះ ជារឿងពិបាកធ្វើឱ្យបានក្នុងរយៈពេលខ្លី ប៉ុន្តែវិធីសាស្ត្រផ្សព្វផ្សាយពីផលអវិជ្ជមាននេះឱ្យមានទូលំទូលាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើឱ្យការដោះស្រាយបញ្ហានេះមានប្រសិទ្ធភាព។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏ត្រូវមានទម្លាប់ក្នុងការរស់នៅស្អាត ដោយខ្លួនឯង ហើយវិធានការច្បាប់ក៏ជារឿងមិនអាចខ្វះបាន ពិសេសប្រសិនបើការផាកពិន័យអ្នកចោលសំរាមនៅទីសាធារណៈ ដូចការផាកពិន័យចរាចរណ៍នោះ បញ្ហានេះសំរាមនេះនឹងអាចដោះស្រាយបានច្រើន។
អតីតនិស្សិតផ្នែកគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ កញ្ញា ឌុច ស្រីនីន បានឱ្យដឹងថា កម្ទេចកាកសំណល់ដែលបោះចោល ពិសេសសំណល់ប្លាស្ទិក ត្រូវការរយៈពេលយូរដើម្បីរលាយឬបំបែក ហើយដំណើរការរលាយឬបំបែកទាំងនោះ មានផ្ទុកសារធាតុគីមីក្នុងទឹក និងនៅលើគោក ដែលបណ្តាលឱ្យប៉ះពាល់ដល់បរិស្ថាន និងមនុស្ស ដោយ មនុស្សអាចឈឺដោយសារទទួលទានត្រី ឬផឹកទឹក។
ក្រៅពីនេះ កញ្ញាថា សំរាមទាំងនោះ ងាយបំពុលទឹក ដោយសារនៅពេលប្លាស្ទិកឬសំរាមកាន់តែច្រើន នឹងផ្តល់ផលប៉ះពាល់ដល់ថនិកសត្វ ត្រី និងបក្សី ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី នៅក្នុងទឹក។ បន្ថែមពីនេះ សំរាមក៏បានធ្វើឱ្យមានការបំពុលខ្យល់ ដូចជាពេលមនុស្សយកសំរាមទៅដុត ផ្សែងដែលដុតនោះ មានសារធាតុពុលអណ្តែតទៅក្នុងបរិយាកាសអាចបង្កជាជំងឺដង្ហើម និងមហារីកតាមរយៈការដកដង្ហើមជាដើម។
អតីតនិស្សិតរូបនេះ បន្តថា បញ្ហាសំរាមក៏បណ្តាលឱ្យប៉ះពាល់ដល់សោភ័ណ្ឌភាពសាធារណៈ ពិសេសនៅពេលការចោលសំរាមកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃមិនបានត្រឹមត្រូវ។ ជាមួយគ្នានេះ ការចោលសំរាមមិនបានត្រឹមត្រូវ នឹងបង្កការកកស្ទះផ្លូវទឹក ប្រព័ន្ធលូ និងប្រព័ន្ធបង្ហូរទឹក អាចបង្កជាហានិភ័យពេលមានភ្លៀងធ្លាក់ម្តងៗ។
បើតាមរបាយការណ៍អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាបញ្ជាក់ថា ថង់ប្លាស្ទិកដែលប្រើប្រាស់ជារៀងរាល់ថ្ងៃនៅទីក្រុងភ្នំពេញមានប្រមាណ១០លានថង់ ខណៈដែលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗនៅក្នុងទីក្រុងនានាត្រូវបានប្រើប្រាស់ថង់ប្លាស្ទិកជាង២០០០ក្នុងមួយឆ្នាំៗ៕
…………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ