ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ព្រួយបារម្ភពីការបាត់បង់អត្តសញ្ញាណកាផា ខណៈការត្បាញសម្ភារៈប្រើប្រាស់ប្រភេទនេះមានការថយចុះ ព្រោះតែក្សត់វត្ថុធាតុដើម និងមិនមានអ្នកបន្តវេនសម្រាប់ត្បាញ។
កាផា ជាឧបករណ៍ប្រពៃណីម្យ៉ាងរបស់ជនជាតិដើមភាគតិចនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា ដែលមានរូបរាងស្រដៀងនឹងកន្ត្រកដែរ ប៉ុន្តែវាត្រូវបានគេស្ពាយនៅក្រោយខ្នង ដែលខុសពីកន្ត្រក ត្រូវបានគេយួរនៅនឹងដៃ។
រស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី លោក ឡង កញ្ឆ្រាំ វ័យ៧០ឆ្នាំ ជនជាតិដើមភាគតិចគ្រឹង ដែលជាអ្នកត្បាញកាផាមួយរូប បានឱ្យដឹងថា កាផាជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចតាំងពីបូរមបូរាណមក ដោយគេប្រើប្រាស់សម្រាប់ដាក់ស្រូវ បន្លែ ផ្លែឈើ និងអនុផលព្រៃឈើ អូស ព្រមទាំងដាក់ឃ្លោកសម្រាប់ដងទឹកយកទៅប្រើប្រាស់ជាដើម។ លោកបន្តថា ពីមុនការត្បាញកាផានៅក្នុងភូមិនេះ មានច្រើនគ្រួសារ ប៉ុន្តែបច្ចុប្បន្នការត្បាញមានការធ្លាក់ចុះ ដោយសារការបាត់បង់ព្រៃឈើ និងធនធានធម្មជាតិដែលយកមកប្រើជាវត្ថុធាតុដើមសម្រាប់ត្បាញ។
លោកបង្ហាញក្តីបារម្ភថា៖ «ការបាត់បង់ប្រពៃណីអត្តសញ្ញាណកាផា ដោយសារតែបាត់បង់ធនធានព្រៃឈើ វត្ថុធាតុដើមត្រូវគេកាប់ធ្វើចំការវាលអស់ ហើយក្មេងឥឡូវអត់មានអ្នកចេះធ្វើកាផាទេ អត់ពីខ្ញុំទៅ កូនចៅជំនាន់ក្រោយមិនសូវចង់ចេះរៀនត្បាញកាផាបន្តពីចាស់ៗ ធ្វើឱ្យបាត់បង់ទំនៀមទម្លាប់ប្រពៃណីនៅពេលអនាគត»។
កំពុងអង្គុយត្បាញកាផា នៅលើគ្រែឈើមុខផ្ទះ លោក ច្រាវ តាឡឺង អាយុ ១១០ឆ្នាំ ជាជនជាតិទំពួន រស់នៅភូមិគោក៧ ឃុំល្អក់ ងពីឆ្នាំ១៩៦២មក បានឱ្យដឹងថា កន្លងមក ក្នុងភូមិនេះ មានអ្នកត្បាញកាផាចំនួន ៤០នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់តែ ៤នាក់ប៉ុណ្ណោះ។ លោកបន្តថា ការធ្លាក់ចុះនៃការត្បាញកាផានេះ ដោយសារកង្វះសម្ភារៈសម្រាប់ផលិត ដូចជាវល្លិ៍ផ្តៅ ដែលកន្លងមកពួកគាត់ធ្លាប់រកបាននៅក្នុងព្រៃ ដោយជំនួសមកវិញនូវការប្រើខ្សែជ័រ។ មូលហេតុចម្បងមួយទៀត លោកថា ដោយសារតែយុវជនជំនាន់ក្រោយ មិនចាប់អារម្មណ៍ធ្វើបន្តពីចាស់ទុំ ដោយពួកគេសុខចិត្តចំណាកស្រុកទៅធ្វើការឱ្យគេវិញ។
បុរសវ័យចំណាស់ដែលត្បាញកាផាចាប់តាំងពីឆ្នាំ១៩៦២មកនោះ បានបន្តថា៖ «កាផាមួយត្រូវចំណាយពេលធ្វើបីទៅបួនថ្ងៃបានហើយ វាប្រើពេលយូរ ក្មេងជំនាន់ក្រោយសុខចិត្តទៅរកស៊ីឈ្នួលកាត់ស្មៅ ស្វាយចន្ទីឱ្យគេ បានបួនម៉ឺនរៀលក្នុង១ថ្ងៃ យកលុយទិញលឿន ហើយកាផាតម្លៃចាប់ពី២ម៉ឺនរៀលឡើងទៅ តាមតូច តាមធំ និងតាមការរចនាម៉ូតកាផាហ្នឹង»។
ចំណែក បុរសពោះម៉ាយវ័យ ៧០ឆ្នាំមួយរូបទៀត លោក ដែង បឺញ ជាជនជាតិទំពួន រស់នៅភូមិគោក ឃុំល្អក់ដែរនោះ បានរៀបរាប់ថា លោករៀនត្បាញកាផាពីឪពុកម្តាយតាំងពីអាយុ ១៥ឆ្នាំមក ហើយបានបន្តត្បាញទុកសម្រាប់ប្រើប្រាស់មកដល់ពេលបច្ចុប្បន្ន។ លោកបន្តថា ការត្បាញកាផាមួយ ត្រូវចំណាយពេលបួនទៅប្រាំថ្ងៃ ដោយប្រើវត្ថុធាតុដើម ដូចជា ដើមឬស្សី ដើមរន្ធ និងវល្លិ៍ផ្ដៅ។
បើតាម លោក ដែង បឺញ ក្នុងភូមិដែលគាត់រស់នៅមានអ្នកត្បាញកាផាតែ ៥នាក់ប៉ុណ្ណោះ ដែលចំនួននេះមានការថយចុះជាងពេលមុន ដែលមានអ្នកត្បាញជាង១០នាក់ ហើយអ្នកត្បាញភាគច្រើនជាចាស់ទុំនៅក្នុងភូមិ ខណៈយុវជនងាកទៅចាប់អារម្មណ៍ចំពោះការប្រើប្រាស់ឧបករណ៍ផ្សេងៗទៅតាមការវិវឌ្ឍរបស់សង្គម ហើយពួកគេមិនមានចំណាប់អារម្មណ៍ក្នុងការរៀនត្បាញកាផាបន្តពីចាស់ទុំ។
លោកបន្តថា៖ «ដោយសារសង្គមមានការអភិវឌ្ឍ យុវជនសម្របខ្លួនតាមការរស់នៅ ដែលជាហេតុជំរុញឱ្យការនិយមធ្វើ ឬប្រើប្រាស់កាផាថយចុះ អ្នកខ្លះទៀតទៅធ្វើការចំណាក់ស្រុក រីឯក្មេងជំនាន់ក្រោយមិនចាប់អារម្មណ៍រៀនបន្ត គាត់មានការព្រួយបារម្ភធ្លាក់ចុះប្រពៃណីទំនៀមទម្លាប់ធ្វើកាផាស្ពាយនៅពេលអនាគត » ។
មេឃុំល្អក់ លោកស្រី ក្រូន ចន្រ្ទា ដែលជាជនជាតិភាគតិចគ្រឹង មានប្រសាសន៍ថា ការត្បាញកាផារបស់ជនជាតិដើមភាគតិច នាពេលបច្ចុប្បន្ន ពិតជាមានការធ្លាក់ចុះមែន ដោយនៅក្នុងឃុំនេះ អ្នកត្បាញកាផាមានចំនួនប្រមាណ ៦០នាក់ប៉ុណ្ណោះ។ អ្នកស្រីបន្តថា ការធ្លាក់ចុះបន្តិចម្តងៗនៃការត្បាញកាផានេះ ដោយសារតែអ្នកត្បាញមានវ័យកាន់តែចាស់ ហើយសុខភាពក៏ធ្លាក់ទ្រុឌទ្រោមដែលពិបាកក្នុងការទៅរកវត្ថុធាតុដើមពីព្រៃ ស្របពេលយុវជនជំនាន់ក្រោយ មិនសូវយកចិត្តទុកដាក់ក្នុងការរៀនត្បាញបន្តពីដូនតានោះទេ។
លោកស្រីនិយាយថា៖ «ពាក់ព័ន្ធទៅនិងធ្វើកាផានៅមិនទាន់មានអង្កការឬសមាគមណាមកជួយគាំទ្រចងក្រងលើកទឹកចិត្តដល់ជនជាតិដើមភាគតិចនៅក្នុងឃុំរបស់គាត់ទេ។រាល់ពេលចុះប្រជុំតែងតែជំរុញគាំទ្រការត្បាញកាផាទៅយុវជនជំនាន់ក្រោយឲ្យរៀនបន្តធ្វើការផាព្រោះជាប្រពៃណីអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចរបស់យើង » ។
មន្ត្រីផ្នែកត្រួតពិនិត្យ និងវាយតម្លៃគម្រោងនៃអង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា(ហៅកាត់ថា អង្គការICC) លោក ហៀង សុខ មានប្រសាសន៍ថា កាផា ជាផ្នែកមួយនៃអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ក្នុងចំណោមអត្តសញ្ញាណផ្សេងៗទៀត ដូចជា សម្លៀកបំពាក់ របាំប្រពៃណី និងវប្បធម៌ជាដើម។ លោកកត់សម្គាល់ឃើញថា ការត្បាញកាផាមានការធ្លាក់ចុះ ដោយសារតែបញ្ហាខ្វះធនធានសម្រាប់ត្បាញ និងគ្មានទីផ្សារសម្រាប់គាំទ្រការផលិតគ្រឿងប្រើប្រាស់របស់ពួកគាត់។
លោកបន្តថា៖ «ការអភិរក្សកាផា ទាល់តែយើងមានធនធានឱ្យគាត់ ទី២ទាល់តែរកទីផ្សារឱ្យគាត់ បានគាត់អាចអភិរក្សបានយូរអង្វែង។ បើសិនយើងអត់រកធនធានឱ្យគាត់ទេ ការអភិរក្សក៏វាអត់មានន័យ បើគាត់ធ្វើហើយអត់មានទីផ្សារសម្រាប់ចែកចាយ ម៉េចគាត់អាចធ្វើបានទៀត ធ្វើម៉េចគាត់អាចរកថវិកាសម្រាប់គ្រួសារគាត់ខ្លះ បញ្ហាគឺការការចែកចាយ ការរកចំណូលហ្នឹង»៕
អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ លោក តឿ ឡោះ, លោក សល់ ហឿម, កញ្ញា សេវ ស៊ីឌី និង លោក ប៉ាន់ យឿម