រស់នៅផ្ទះចម្ងាយមិនដល់ ៥ម៉ែត្រពីច្រាំងទន្លេដែលបានធ្លាក់ចូលទឹកម្តងបន្តិចៗ និងកំពុងសម្រាន្តលេងនៅលើអង្រឹង ដោយសម្លឹងមើលទៅកាន់កូនតូច២នាក់ និងផ្ទះ ជាប់នឹងច្រាំងទន្លេ។
សំឡេងបាក់ដីចូលច្រាំងទន្លេគ្រាំងៗ ខណៈដែលស្រ្តីអ្នកសារព័ត៌មានវ័យក្មេង បានទៅដល់ក្បាលកោះ កាលពីខែកញ្ញា ឆ្នាំ២០២៤ បានឃើញពីសភាពនៃការបាក់ច្រាំងទន្លេជាបន្តបន្ទាប់ ដែលស្ថិតភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។
អ្នកស្រី មុំ រតនា អាយុ ៤២ឆ្នាំ ជាស្ត្រីមេផ្ទះ ដែលគ្រួសារអ្នកស្រីរស់នៅភូមិក្បាលកោះពាមរាំង ពីដូនតាមកដល់បច្ចុប្បន្ន បាននិយាយថា រាល់ថ្ងៃបារម្ភខ្លាំង ពីព្រោះផ្ទះរបស់គាត់គ្រាន់តែរើដោយសារបាក់ច្រាំងទន្លេបានធ្វើឡើង២ទៅ៣ដង ហើយក៏គ្មានលទ្ធភាពក្នុងការរើទៀតទេ គឺមានតែទុកឱ្យបាក់ដល់ផ្ទះតែប៉ុណ្ណោះ។
ពលរដ្ឋអះអាងថា សកម្មភាពបូមខ្សាច់ នៅតាមដងទន្លេមេគង្គមានសំឡេងទ្រហឹងអឹងកង អស់រយៈពេលជាង ១០ឆ្នាំមកហើយ និងបានបង្កប៉ះពាល់ខ្លាំងក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។
គណៈរដ្ឋមន្ត្រី បានប្រកាសឱ្យដឹងពីការអនុញ្ញាតឱ្យក្រុមហ៊ុនថ្មីមួយនេះ បូម ស្តារ ផ្លូវនាវាចរណ៍តាមដងទន្លេ និងនាំខ្សាច់ចេញទៅក្រៅប្រទេស កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។
ជាមួយគ្នានេះយោងតាមសារព័ត៌មានវិទ្យុបារាំងអន្តរជាតិដែលធ្លាប់បានចុះផ្សាយកាលពីខែធ្នូ ឆ្នាំ២០២១បានឱ្យដឹងថា ក្រុមហ៊ុនគ្លូប៊ល ហ្រ្គីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ចុះបញ្ជីក្រសួងពាណិជ្ជកម្ម នៅពាក់កណ្តាលឆ្នាំ២០១៣ ដែលមានថ្នាក់ដឹកនាំក្រុមហ៊ុន គឺ Try DALIN, Try DALUX, Try DAPHORS ដែលសុទ្ធសឹងជាខ្សែស្រឡាយ នៃវង្សត្រកូលឧកញ៉ា ទ្រី ភាព ល្បីល្បាញខាងជំនួញព្រៃឈើនៅកម្ពុជា និងជាមនុស្សម្នាក់ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីចុងឆ្នាំ២០១៩។
បើតាមសារព័ត៌មានវៀតណាម តយទ្រី (Tuoi Tre) ចុះផ្សាយនៅខែឧសភា ថា សហគ្រាសកម្ពុជាចំនួនបីធំៗ ដូចជាក្រុមហ៊ុន ចតុមុខ, ក្រុមហ៊ុន សុខ ធារ៉ា និងក្រុមហ៊ុន Global Green Energy ត្រូវបានអនុញ្ញាតឱ្យផ្គត់ផ្គង់ខ្សាច់ដល់គម្រោងផ្លូវល្បឿនលឿននៅភាគខាងត្បូងប្រទេសវៀតណាម។
ក្រុមហ៊ុន ចតុមុខ បច្ចុប្បន្នបាននាំចេញខ្សាច់ចន្លោះពី ៤០ ០០០ ទៅ ៦០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅកាន់មូលដ្ឋានអតិថិជនរបស់សហគ្រាសវៀតណាមពី ១៥ ទៅ ២០កន្លែង ហើយក្រុមហ៊ុន Global Green Energy ដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែជាមួយនឹងទុនបម្រុងដ៏មានសក្តានុពលនៃខ្សាច់ជាង ៥០០លានម៉ែត្រគូប លក់ប្រហែល ១០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅឱ្យអាជីវកម្មវៀតណាម ២ ទៅ ៣កន្លែង។ ចំណែកឯ ក្រុមហ៊ុន សុខ ធារ៉ា ទទួលបានសិទ្ធិជីកយករ៉ែ ដែលមានទុនបម្រុងជាង ២០០ លានម៉ែត្រគូបក៏ដោយ ក៏ក្រុមហ៊ុនមិនទាន់នាំចេញទៅប្រទេសវៀតណាមនៅឡើយ។
យោងតាមសារព័ត៌មានវិទ្យុបារាំងអន្តរជាតិដែលធ្លាប់បានចុះផ្សាយកាលពីខែធ្នូ ឆ្នាំ២០២១ ដោយយោងរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កាលពីឆ្នាំ ២០២១ ឱ្យដឹងថា កម្ពុជាមានខ្សាច់បម្រុងដែលមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលភាគច្រើនមានប្រភពមកពីទន្លេមេគង្គ និងទន្លេបាសាក់។ សហគ្រាសកម្ពុជាបាននាំចេញខ្សាច់ប្រមាណ ២៣,៦លានតោន ទៅប្រទេសវៀតណាមចាប់តាំងពីឆ្នាំ២០២១។ ទុនបម្រុងខ្សាច់របស់កម្ពុជា គឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេលខ្លី និងរយៈពេលវែងនៃតំបន់ភាគខាងត្បូងរបស់វៀតណាម។ ទន្ទឹមនេះ ប្រទេសវៀតណាមកំពុងមានតម្រូវការខ្សាច់ខ្លាំង និងមានការំពឹងទុកថា ត្រូវការខ្សាច់ប្រមាណ ៩,៣លានម៉ែត្រគូប ផ្នែកទីមួយនៃផ្លូវហាយវេ (Highway) ដែលលាតសន្ធឹងពីចូវដុក (Chau Doc) ទៅកាន់ចានថូ (Can Tho) ទៅសុកត្រាំង (Soc Trang)។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ មានប្រសាសន៍ថា រយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ កម្ពុជា ប្រមូលចំណូលសួយសារពីវិស័យរ៉ែ បានប្រមាណ ១០០លានដុល្លារ កើនឡើងយ៉ាងគំហុក ដោយក្នុងឆ្នាំ២០២២ មានប្រមាណ ២០លានដុល្លារ ដែលរួមបញ្ចូលពីការបូមយកខ្សាច់។
យ៉ាងណា អ្នកស្រី មុំ រតនា បានលើកឡើងបន្ថែមថា៖ «ពេលចុះមកមិនបានប្រាប់ពីការបូមខ្សាច់ទេ គេប្រាប់ថា គេបូម ស្តារទន្លេ យើងក៏មិនដឹងត្រូវធ្វើម៉េច ហើយខាងស៊ីម៉ាក់បូមគ្រាប់ ហើយនូវមានក្រុមហ៊ុនបូមខ្សាច់ផ្សេងៗ»។
អ្នកស្រីបញ្ជាក់ថា មុនពេលមានការបូមខ្សាច់ នៅក្បាលកោះនេះ មានខ្សាច់ច្រើនដែលពេលល្ងាចឡើងមានប្រជាពលរដ្ឋក្នុងភូមិមកកម្សាន្តលេង។ តាំងពីមានការបូមយកខ្សាច់មក ខ្សាច់នៅក្បាលកោះក៏បាត់អស់ និងចាប់ផ្តើមានការបាក់ច្រាំងខ្លាំងជាបន្តបន្ទាប់។
អ្នកស្រីរតនាថា៖ «ការបាក់ច្រាំងនេះ គឺមកពីការបូមខ្សាច់ ១០០% ព្រោះពេលអត់មានសាឡងបូមខ្សាច់ ច្រាំងបាក់ធម្មជាតិតិចៗទេ»។
អ្នកស្រី លី នាង មានវ័យ ៥៦ឆ្នាំ ជាពលរដ្ឋម្នាក់ទៀតនៅភូមិកោះចេក ដែលមានដីចម្ការ និងលំនៅឋានជាប់ច្រាំងទន្លេមេគង្គនេះ បានរៀបរាប់ថា កាលពីមុនមិនទាន់មានក្រុមហ៊ុនបូមខ្សាច់ ចូលមកធ្វើអាជីវកម្ម ក៏មានការបាក់ស្រុតច្រាំងទន្លេដែរ ប៉ុន្តែការបាក់ច្រាំងទន្លេនោះវាជាលក្ខណៈធម្មជាតិទេ ដូច្នេះដីដែលបាក់ចូលទន្លេនោះ អ្នកស្រីថា ដីនោះអាចដុះត្រឡប់មកវិញ។ ចំណែកឥឡូវនេះ តាំងពីមានក្រុមហ៊ុនចូលមកធ្វើអាជីវកម្មបូមខ្សាច់មកដីរបស់អ្នកស្រីដែលនៅជាប់ច្រាំងទន្លេត្រូវបានបាក់ស្រុតចុះជាបន្តបន្ទាប់ និងបាក់ដីទាំងដុំៗ ខណៈដែលមិនទាន់មានទឹកឡើងឡើយ។
អ្នកស្រីបន្តទៀតថា ក្រុមហ៊ុនដែលចូលមកធ្វើអាជីវកម្មបូមខ្សាច់នេះ គឺអ្នកស្រីមិនស្គាល់ឈ្មោះឡើយ តែចាប់ផ្ដើមតាំងពីឆ្នាំមុន មានកប៉ាល់ដឹកខ្សាច់ត្រឹមតែ២ ឬ៣គ្រឿងនោះទេ ប៉ុន្តែចាប់តាំងពីដើមឆ្នាំ២០២៤មក មានការបូមខ្សាច់ខ្លាំងដោយក្រុមហ៊ុនទាំងនោះ បានបូមចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច និងមានកប៉ាល់ដឹកខ្សាច់ជិត ១០០គ្រឿង បានអណ្ដែតនៅលើទឹកទន្លេមេគង្គនេះ។ ក្រៅពីនេះ អ្នកស្រីថា ខ្សាច់ដែលក្រុមហ៊ុននោះបូមបាន គឺមិនឃើញយកទៅលក់តាមដេប៉ូក្នុងស្រុកនោះទេប៉ុន្តែត្រូវបានប្រមូលដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម និងចិន។
អ្នកស្រី លី នាង បញ្ជាក់ថា៖ «តាំងពីគេមកបូមមានការបាក់ច្រាំងទន្លេខ្លាំង មុនបាក់ខ្លះ តែពេលដែលកប៉ាល់ចូលមករអិលថែមទៀត ប៉ុន្តែនៅពេលកប៉ាល់ចូលមក មិនមែនថាបាក់មែនទែនទេ ព្រោះទឹកវាមិនទាន់កល ដល់ទឹកកលវស្សា រអិលបាក់ទៅអស់តែម្តង ដីទៅមាត់ច្រាំង ៤០ម៉ែត្រ តែឥលូវនៅតែ ១០ម៉ែត្រ»។
ការបូមខ្សាច់បានប៉ះដល់ពួកគាត់ខ្លាំង ដោយបារម្ភខ្លាចពេលគេងត្រូវបាក់ផ្ទះចូលទៅក្នុងទន្លេ ដោយទាំងគោទៅបាត់ និងពេលថ្ងៃ សំឡេងរំខាន រស់នៅមិនមានអារម្មណ៍ថា សុវត្ថិភាព ព្រោះសងខាងផ្ទះសុទ្ធតែរើអស់ហើយ បើនៅបន្តបូមទៀត។ អ្នកស្រីបន្តថា «មិនរំពឹងអីទេ ព្រោះគ្មានលុយ ទិញដីហ្នឹងសាងសង់ផ្ទះថ្មី ដូចគេ មិនស្រួលបាក់ផ្ទះទៅបាត់»។
បើតាមអ្នកស្រី លី នាង រាល់ឆ្នាំនៅពេលច្រាំងទន្លេបាក់ស្រុត គឺកើតឡើងដោយសារកត្តាធម្មជាតិ ដោយកើតឡើងក្នុងពេលទឹកឡើងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះអត់មានទឹកឡើងទេ បែរជាច្រាំងទន្លេបានបាក់ស្រុតជាបន្តបន្ទាប់ ជាពិសេសបាននាំយកដីចម្ការរបស់អ្នកស្រីដែលជាប់ច្រាំងត្រូវបានបាក់ទៅជាមួយផងដែរ។
អ្នកស្រីថ្លែងបន្ថែមថា៖«ខ្ញុំមានការសំណូមពរទៅខាងលើឱ្យជួយប្រជាជននៅទឹកដីកោះចេក ប្រជាជននៅទឹកដីកោះចេកពិបាកណាស់ បើអង្គការមកបូមខាងលើអត់ឃាត់ឃាំងផង ឱ្យប្រជាពលរដ្ឋ ឃាត់ឃាំងយ៉ាងមិចបាន»។
ចំណែកពលរដ្ឋម្នាក់ទៀត គឺលោក វាល រ៉ា រស់នៅភូមិកោះចេក បាននិយាយដែរថា ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ បានរើចេញជិតអស់ហើយ ព្រោះខ្លាចទន្លេបាក់ដល់ផ្ទះពួកគេ ខណៈច្រាំងទន្លេបានបាក់មកដល់លំនៅឋាន និងដីចម្ការរបស់ពួកគេ ក្នុងមួយរយៈចុងក្រោយនេះ។ លោកបន្តទៀតថា ពេលទឹកឡើងយ៉ាងហោចណាស់ ក៏ច្រាំងទន្លេបាក់ប្រមាណ ៥ម៉ែត្រ ដោយបាក់ចាប់ពីពាក់កណ្តាលភូមិមានជ័យ ដេញរហូតទៅដល់ពាក់កណ្តាលភូមិកោះចេក។ លោកថា ដីនៅតំបន់មាត់ទន្លេនោះ ក៏មានក្រុមហ៊ុនចូលមកទិញពីប្រជាពលរដ្ឋ ដើម្បីធ្វើផែមាត់ទន្លេ សម្រាប់ទប់ទល់ការបាក់ច្រាំងដោយកត្តាបូមខ្សាច់។
លោក វាល រ៉ា បន្តថា៖ «បើមើលតាំងពីទិញមក មិនដែលឃើញធ្វើអី ហើយឃើញតែក្រុមហ៊ុនបូមខ្សាច់ចុះមកបូមខ្សាច់តែម្តង ដល់អញ្ចឹងមិនឃើញមានការអភិវឌ្ឍន៍ យើងមិនដឹងថា ក្រុមហ៊ុនដែលបូមមានតែមួយទេដែលទទួលបូម បើមានករណីបូមជិតច្រាំងទន្លេគេនឹងហៅមកប្រាប់»។
មេឃុំកោះចេក លោក ម៉ិល គិរី មានប្រសាសន៍ទទួលស្គាល់ថា ការបូមខ្សាច់នៅតំបន់របស់លោកពិតជាបណ្តាលឱ្យមានការបាក់ច្រាំងទន្លេប្រាកដមែន ប៉ុន្តែការបាក់ច្រាំងទន្លេដោយធម្មជាតិក៏កើតមានដែរ។
លោកលើកឡើងថា៖ «ក្នុងនាមជាអាជ្ញាធរ យើងប្រមើមើលថា ការបូមខ្សាប់វាមានការបាក់ច្រាំងឬទេ។ ប្រសិនមានបាក់ច្រាំង យើងរាយការណ៍ ហើយបើយើងទៅឃាត់គេ យើងឃាត់មិនបានទេ ព្រោះគេមានអាជ្ញាប័ណ្ណ។ រឿងព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋ ចេះតែមានហើយ ប៉ុន្តែដូចជម្រាបជូនអ៊ីចឹង រឿងបាក់ច្រាំងទន្លេជារឿងធម្មជាតិ មួយឆ្នាំ ២ឬ ៣ម៉ែត្រ ជារឿងធម្មតា»។
ក្រៅពីក្តីបារម្ភរបស់ពលរដ្ឋនៅស្រុកពាមជរ ក៏មានដែរនូវការព្រួយបារម្ភដូចគ្នា និងស្ថិតនៅស្រុកជិតគ្នាជុំវិញបញ្ហានេះ។ នៅលើដងទន្លេមេគង្គតែមួយ ប្រជាពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយអ្នកស្រុកអះអាងថា មានអ្នកភូមិប្រមាណ២០០គ្រួសារ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយអន្តរាគមន៍រឿងក្រុមសាឡងបូមខ្សាច់ជាច្រើនគ្រឿងដែលបូមខ្សាច់គៀកច្រាំងទន្លេពេក។ ការបូមខ្សាច់នៅខាងក្រោយផ្ទះរបស់ពួកគាត់ អ្នកស្រុកបញ្ជាក់ថា បណ្ដាលឱ្យបាក់ច្រាំងប៉ះពាល់ដីចម្ការ និងផ្ទះសម្បែងរបស់ពួកគាត់។
ប្រជាពលរដ្ឋនៅទីនោះមួយរូបបានប្រាប់មកកាន់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពលើកឡើងថា មូលហេតុដែលពួកគាត់សម្រេចចិត្តធ្វើបាតុកម្ម ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារក្រុមហ៊ុនបូមខ្សាច់រំលោភបំពានគ្រប់ច្រក ដោយថាទី១ បូមខុសតំបន់គន្លង។ ទីពីរ មិនគោរពេលវេលាដោយថា បូមតាំងពីម៉ោង ៣ទៀបភ្លឺ ដល់ម៉ោង ៨យប់បានឈប់។ ពលរដ្ឋបន្តថា ក្រុមហ៊ុនដែលបូមខ្សាច់គឺ ក្រុមហ៊ុន ៣ធំៗ រួមាន ក្រុមហ៊ុន ចតុមុខ, ក្រុមហ៊ុន សុខ ធារ៉ា និងក្រុមហ៊ុន Global Green Energy ដែលមានអាជ្ញាប័ណ្ណពីក្រសួងធនធានរ៉ែ និងថាមពល។
តាមការព្រមព្រៀង ក្រុមហ៊ុនបូមខ្សាច់ មានសិទ្ធិបូមចម្ងាយ ២៥០ម៉ែត្រ ពីច្រាំងទន្លេខេត្តកណ្តាល ប៉ុន្តែរំលោភលើសិទ្ធិរហូត ធ្វើឱ្យខូចខាតដំណាំប្រជាពលរដ្ឋ និងបាក់ច្រាំងខ្លាំង។
លោកថា៖ «អ្នកស្រុកភូមិ និងតស៊ូ ដល់ទីបញ្ចប់ នៅតែធ្វើ បើយើងមិនតស៊ូ មិនប្រឹង ដេញដើម្បីឱ្យមានដំណោះស្រាយយើងមានដីណានៅ ទៅមុខ យ៉ាងខ្លីយើងនឹងអស់មានដីរស់នៅ ដូចតំបន់ពាមជ័រដែលធ្លាប់ឃើញរូបភាពបង្ហើមមក»។
លេខទំនាក់ទំនងរបស់ក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន ដែលដាក់លើគេហទំព័ររបស់ខ្លួនអ្នកសារព័ត៌មានស្ត្រីវ័យក្មេងបានព្យាយាមសុំការឆ្លើយតបជាច្រើនសារ តែមិនអាចទាក់ទងបានឡើយ។ ចំណែកក្រុមការងារខាងស៊ីម៉ាក់ ក៏មិនអាចឆ្លើយតបដែរ ដោយស្នើឱ្យអ្នកសារព័ត៌មានដាក់លិខិតទៅស្ថាប័ននេះ។
បើយោងតាមការស្រាវជ្រាវ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដែលជាផ្នែកមួយនៃគម្រោងដែលដឹកនាំដោយសាកលវិទ្យាល័យ Southampton បានបង្ហាញថា ការបូមខ្សាច់កំពុងបណ្តាលឱ្យដីបាតទន្លេថយចុះដែលនាំឱ្យមានអស្ថិរភាពនៃច្រាំងទន្លេ និងបង្កើនលទ្ធភាពនៃការបាក់ច្រាំងទន្លេ ដែលមានគ្រោះថ្នាក់ ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋាន ហើយធ្វើឱ្យមនុស្សមានគ្រោះថ្នាក់។ ក្រុមអ្នកស្រាវជ្រាវបានផ្តោតលើទន្លេមេគង្គដែលជាទន្លេមួយដែលមានស្រទាប់ខ្សាច់បាតទន្លេធំៗ នៅលើពិភពលោក ជាពិសេសនៅក្នុងប្រទេសកម្ពុជា។
ជុំវិញក្ដីបារម្ភរបស់ប្រជាពលរដ្ឋនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានប្រាប់ថា រាល់ប្រតិបត្តិការបូមខ្សាច់ និងក្រុមហ៊ុនដែលធ្វើអាជីវកម្មបូមខ្សាច់ គឺត្រូវតែអនុលោមតាមច្បាប់ជាមុនសិន។ លោកបន្តថា មុនទទួលបានអាជ្ញាប័ណ្ណនេះ អាជ្ញាធរក៏ត្រូវមានការវាយតម្លៃនៃផលប៉ះពាល់ផ្នែកបរិស្ថាន និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងផ្នែកសង្គមផ្សេងៗផងដែរ។
លោកបន្តទៀតថា ទោះបីជាយ៉ាងណា កន្លងមកមានប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានប្ដឹងផ្ដល់មកកាន់អាជ្ញាធរឱ្យជួយដោះស្រាយលើផលប៉ះពាល់មួយចំនួនទាក់ទងការបូមខ្សាច់។ ដូច្នេះមុននឹងផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនដែលធ្វើអាជីវកម្មបូមខ្សាច់ លោកថា អាជ្ញាធរគួរតែវាយតម្លៃពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យបានជាក់លាក់ ជាពិសេសធនធានធម្មជាតិដែលនៅក្នុងទន្លេ។
លោក ប៉ិច ពិសី ថ្លែងថា៖ «ខ្ញុំគិតថាការបូមច្រាំងទន្លេ វាអាចប៉ះពាល់ច្រើន ដោយសារការបូមហ្នឹងវាធ្វើឱ្យបាក់ច្រាំង ហើយវាធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែងពលរដ្ឋ។ ដូច្នេះគួរតែមានការធានានៅយន្តការត្រួតពិនិត្យតាមដានទោះបីយើងផ្ដល់អាជ្ញាប័ណ្ណក្រោយការវាយតម្លៃផ្សេងៗហ្នឹង។ យើងគិតថាគួរតែផ្ដល់អាជ្ញាប័ណ្ណ ក៏ប៉ុន្តែយន្តការត្រួតពិនិត្យ ខ្ញុំគិតថានៅខ្សោយនៅឡើយ មានន័យថាមិនដឹងក្រុមហ៊ុន ឬក៏កប៉ាល់បូមខ្សាច់ហ្នឹងអនុវត្តទៅតាមដែនដីដែលគេកំណត់ឱ្យបូមហ្នឹងអត់»។
មួយវិញទៀតទាក់ទងនឹងចំណូលនៃការបូមខ្សាច់នេះ លោក ពិសី មើលឃើញថា បច្ចុប្បន្ននេះកម្ពុជាបានផ្ដល់អាជ្ញាប័ណ្ណច្រើនទៅលើក្រុមហ៊ុនបូមខ្សាច់ ប៉ុន្តែចំណូលដែលបានមកពីការបូមខ្សាច់ចូលក្នុងថវិការដ្ឋគឺមិនមានបង្ហាញទិន្នន័យណាច្បាស់លាស់ដែលអាចឱ្យសាធារណជនយល់បានឡើយ។
ក្រៅពីនេះលោកថា រដ្ឋគួរតែបញ្ចេញព័ត៌មានឱ្យបានច្រើនទាក់ទងនឹងអាជីវកម្មរ៉ែខ្សាច់ ដើម្បីឱ្យពលរដ្ឋយល់ដឹងថាទំហំនៃការបូមខ្សាច់នេះមានចំនួនពិតប្រាកដប៉ុន្មាន ហើយរដ្ឋអាចរកប្រាក់ចំណូលពិតប្រាកដពីអាជីវកម្មបូមខ្សាច់នេះក្នុងទំហំប៉ុន្មាន?
លោក ប៉ិច ពិសី បញ្ជាក់ថា៖ «ការទាញយករ៉ែខ្សាច់ខុសច្បាប់ខ្ញុំគិតថាគេមាននីតិវិធីគោលការណ៍នីតិយុត្តិគ្រប់គ្រាន់ក្នុងការដាក់ពិន័យ ឬក៏ទោសទណ្ឌផ្សេងៗដែលមានជាធរមានហ្នឹង។ ដូច្នេះយើងអនុវត្តច្បាប់ហ្នឹងឱ្យវាត្រូវទៅធម្មតាអ្នកប្រតិបត្តិការខុសច្បាប់គឺគាត់ប្រថុយខ្លាំង ដោយសារការវិនិយោគលើខ្សាច់ហ្នឹងត្រូវការការវិនិយោគធំ ធនធានច្រើន ដើម្បីយើងអាចបូមខ្សាច់ទាំងខ្សាច់ទន្លេ ខ្សាច់ដីស្រែ និង ខ្សាច់ដីសមុទ្រអីជាដើម»។
លោកបន្ថែមទៀតថា ចំពោះប្រទេសកម្ពុជាមិនទាន់ឃើញមានអាជ្ញាធរបង្ហាញទិន្នន័យនៃប្រតិបត្តិទាញយករ៉ែខ្សាច់នេះបានទូលំទូលាយនៅឡើយទេ ប៉ុន្តែលោកធ្លាប់តែឃើញទិន្នន័យនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌាជាច្រើនកន្លងមកដែរ។
ចំណែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់ដែរថា តាមអ្វីដែលប្រជាពលរដ្ឋលើកឡើងថាជាក្ដីបារម្ភនេះ បញ្ហាបូមខ្សាច់ ជាបញ្ហាមួយដែលផ្ដល់ប៉ះពាល់ខ្លាំង ប្រសិនបើសកម្មភាពនោះមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងមិនអនុវត្តទៅតាមគោលកាណ៍ណែនាំរបស់ក្រសួង។
ចំពោះបញ្ហានេះលោកមើលឃើញថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធនៅមិនទាន់មាន ដំណោះស្រាយណាមួយសមស្របនោះទេ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋ។
លោក យង់ គិមអេង ៖ «ជាការពិតយើងត្រូវការការអភិវឌ្ឍ ប៉ុន្តែត្រូវគិតពីអ្នកដែលគាត់រស់នៅជុំវិញតំបន់អភិវឌ្ឍន៍ហ្នឹងដែរ បើការបូមខ្សាច់មិនមានការដោះស្រាយតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវទេ គឺអាចធ្វើឱ្យមានការប៉ះពាល់ដល់បរិស្ថានផង និងការរស់នៅរបស់ប្រជាពលរដ្ឋផង រឿងសំខាន់ អាជ្ញាធរ និងរាជរដ្ឋាភិបាល គួរតែមានការត្រួតពិនិត្យគ្រប់កន្លែងបូមខ្សាច់ ធ្វើយ៉ាងមិចកុំឱ្យមានផលប៉ះពាល់»។
យោងតាមទិន្នន័យរបស់ UN COMTRADE បង្ហាញថា ប្រទេសកម្ពុជា ជាប្រទេសនាំចេញខ្សាច់ធំជាងគេទី១២ នៅឆ្នាំ២០២១ ក្នុងចំនួនខ្សាច់ ៧៩៧ ២១៨តោន ។ ដោយឡែក ក្នុងឆ្នាំ២០២២ វិញ កម្ពុជាបាននាំចេញខ្សាច់ទៅក្រៅប្រទេសក្នុងចំនួន ៥,៥ លានតោន។
ត្រឡប់មក អ្នកស្រី មុំ រតនា វិញ។ ស្របពេលមានក្តីកង្វល់ជុំវិញបញ្ហាបាត់បង់ដីចម្ការ និងផ្ទះសម្បែង ដោយសារបាក់ច្រាំងទន្លេ ស្រ្តីរូបនេះនៅតែចង់បានដំណោះស្រាយមួយសមរម្យសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់។
អ្នកស្រី មុំ រតនា មានប្រសាសន៍ថា៖ «យ៉ាងយោចណាស់គាត់សង្ឃឹមថា នឹងអាចទទួលបានដំណោះស្រាយខ្លះនៅថ្ងៃខាងមុខ»៕
……………………………………………………..
អត្ថបទដោយអ្នកកាសែតស្ត្រីវ័យក្មេង ក្រោមការគាំទ្រផលិតដោយគម្រោងស៊ីចា(CEEJA)។