សកម្មជនព្រៃឈើប្រកាសរកយុត្តិធម៌ឱ្យអ្នកសារព័ត៌មានម្នាក់នៅខេត្តកំពង់ធំ ដែលបានជាប់ពន្ធនាគារជាច្រើនខែ ក្រោយរាយការណ៍ព័ត៌មានពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអ្នកកាសែតប្រចាំខេត្តកំពង់ធំម្នាក់គឺលោក សឿ សុជា ដោយយោងតាមពាក្យបណ្តឹងរបស់ប្រធានមន្ទីរបរិស្ថានខេត្តនេះ គឺលោក តុប កក្កដា ក្រោយពីលោក សឿ សុជា បានផ្សាយព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់តាមបណ្តាញសង្គម។
ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោក តាំង គឹមសួរ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានសសេរសារបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដោយភ្ជាប់ជាមួយរូបថតលោក សឿ សុជា ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន រួមទាំងពាក្យបណ្ដឹងរបស់មេធាវីតំណាងឱ្យប្រធានមន្ទីរបរិស្ថាន និងដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដកំពង់ធំ ។
នៅក្នុងសារនោះ លោកសរសេថា ត្រូវរកយុត្តិធម៌ជូនអ្នកសារព័ត៍មាន គឺលោក សឿ សុជា ដោយលោកបានលើកជាសំនួរថា តើនេះ ឬជាការញុះញង់ឱ្យមានការរើសអើង ឬជាការញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។ លោក តាំង គឹមសួរ បន្ថែមទៀតថា តើនេះ ឬជាការបរិហាកេរ្តិ៍ជាសាធារណៈ? តើការនិយាយការពិតបែបនេះត្រូវមានទោសជាប់គុក?។ លោកក៏ស្នើដល់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក តុប កក្តដា បកស្រាយលើសំនួរ និងការចាប់ខ្លួនអ្នកកាសែតនេះផងដែរ។
លោកសរសេរថា៖ «សូមលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ តុប កក្កដា ជួយបកស្រាយផងថាហេតុអ្វីគ្រាន់តែនិយាយការពិតបែបនេះត្រូវលោកប្តឹងចាប់ដាក់គុក លោកមានដឹងទេសកម្មភាពរបស់លោកបែបនេះធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាលជាខ្លាំង »។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់បបន្ថែមពីលោក តាន់ គឹមសួរ បានទេកាលពីថ្ងៃពុធខែកញ្ញានេះ ដោយលោកប្រាប់ថា កំពុងធ្វើកិច្ចការលើរឿងនេះ។
សូមបញ្ជាក់ថា លោក តាន់ គឹមសួរ ប្រកាសរកយុត្តិធម៌ឱ្យអ្នកកាសែតនេះ គឺធ្វើឡើងក្រោយពីលោកចុះល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ធំដោយរកឃើញបទល្មើសព្រៃឈើជាបន្តបន្ទាប់ និងជាច្រើនករណី។
លោក ហឿន សុភាព អ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ប្រចាំខេត្ដកំពង់ធំប្រាប់ថា តាមការស្រាវជ្រាវរបស់លោក គឺរកឃើញថា លោក សឿ សុជា ជាអ្នកសារព័ត៌មានម្នាក់ដែលតែងតែធ្វើការរាយការណ៍ព័ត៌មានពីសកម្មភាពបទល្មើសធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ និងព្រៃតំបន់ការពារផ្សេងទៀតនៃខេត្តកំពង់ធំ។
អ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ប្រចាំខេត្ដកំពង់ធំរូបនេះបន្តថា ការចោទប្រកាន់ និងការសម្រេចឃុំខ្លួនលោក សឿ សុជានេះ គឺតុលាការ និងប្រធានមន្ទីរបរិស្ថានមិនបានចុះសិក្សាស្រាវជ្រាវដល់កន្លែងដែលលោក សឿ សុជា ធ្វើការរាយការណ៍នោះទេ ។ លោកថា ចោទប្រកាន់ និងការឃុំខ្លួននោះ គឺជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌ចំពោះលោក សឿ សុជា។
លោក ហឿន សុភាព បន្ថែមថា ការរាយការណ៍របស់អ្នកកាសែតរូបនោះ គឺជាការរាយការណ៍ផ្ទាល់ដោយមានវីដេអូ និងរូបភាព នៃការកាប់បំផ្លាញ់ព្រៃឈើដែលលោក សឿ សុជា បានចុះទៅថតដល់កន្លែងជាក់ស្ដែង។ លោកថា ចាប់ខ្លួនអ្នកសែតរូបនោះ គឺជាការបំបាក់ស្មារតីអ្នកសារព័ត៌មានដែលមានឆន្ទៈចង់ការពារធនធានធម្មជាតិជាពិសេសអ្នកការពារព្រៃឈើ ។
លោកលើកឡើងថា៖ «ខាងក្រសួងបរិស្ថាន រដ្ឋាភិបាលយើងមិនសូវលើកទឹកចិត្ដ [អ្នកការពារព្រៃឈើ] ទេ។ ឱ្យតែអ្នកធ្វើរឿងព្រៃឈើ គឺដូចជារងនៅផលប៉ះពាល់រងនៅអំពើរអយុត្តិធម៌រហូត ទោះបីគាត់ធ្វើត្រូវយ៉ាងមិចក៏ដោយនៅតែមានបញ្ហារហូត » ។
លោក ហឿន សុភាព បន្ថែមថា រាល់ថ្ងៃការអនុវត្តច្បាប់របស់មន្ទ្រីរដ្ឋ គឺមិនបានការពារអ្នកការពារធនធានធម្មជាតិពិតប្រាកដនោះទេ ដោយការពារពិតប្រាកដតែងតែរងគ្រោះ និងរងការចោទប្រកាន់ផ្សេងៗ។ ចំណែកអ្នកបំផ្លាញ់ព្រៃឈើដូចជាឧកញ៉ា ឬអ្នកមានលុយមានអំណាច គឺត្រូវបានច្បាប់ការពារទៅវិញ។
សម្មជនព្រៃឡង់នៅខេត្ដព្រះវិហារលោក ខេម សុឃី មានប្រសាសន៍ថា ក្រោយពីប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំបានប្ដឹលោក សឿ សុជា ដាក់គុករួចមក គឺសកម្មភាពកាប់រានព្រៃ និងបទល្មើសព្រៃឈើនៅក្នុងព្រៃឡង់មានការកើនឡើងច្រើនជាងមុន។ លោកថា អ្វីដែលលោក សឿ សុជា រាយការណ៍ក្នុងព័ត៌មាននោះសុទ្ធតែជាពិតទាំងអស់។
លោកលើកឡើងថា៖ «យើងទាំងអស់គ្នាគួរតែជួយស្វែងរកយុត្តិធម៌ដល់ប្អូនសុជាដែលគាត់ហ៊ាននិយាយនូវការពិតពីការកាប់បំផ្លាញឈើជួញដូរហ្នឹងកាប់រានយកដីនៅក្នុងតំបន់ព្រៃអភិរក្សមួយនេះ» ។
អ្នកនាំពាក្យសាលាដំបូងខេត្ដកំពង់ធំ លោក សូ សុវណ្ណារ៉េត មិនអាចឆ្លើយតបបានទេដោយលោកថា រង់ចាំលោកពិនិត្យករណីនេះសិន ។
លោកលើកឡើងថា៖ «ករណីនេះទាល់តែខាងតំណាងចៅក្រមដែរ។ខាងផ្នែករដ្ឋបាលដូចជាអត់ទាន់មានការឆ្លើយតបទេទាល់តែពិនិត្យលើករណីបន្តិច »។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំលោក តុប កក្តដា បានទេពាក់ព័ន្ធរកណីនេះ។
សកម្មជនបរិស្ថានលោក ម៉ា ចិត្រា និយាយថា បទល្មើសក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ គឺមានទាំងបទល្មើសកាប់ឈើធំៗ និងបទល្មើសទន្ទ្រានយកដីធ្វើកម្មសិទ្ធិ។ លោកថា ករណីអាជ្ញាធរចាប់អ្នករាយការណ៍បទល្មើសព្រៃឈើទៅដាក់គុកនោះ គឺជាចេតនាបើកផ្លូវឱ្យជនល្មើសកាប់បំផ្លាញព្រៃឈើកាន់តែងាយស្រួស។
លោកលើកឡើងថា៖ « កាលណាដែលយើងទៅចាប់អ្នករាយការណ៍ពីរបទល្មើស។ អញ្ចឹងមានតែបណ្ដែតបណ្ដោយឱ្យ[អ្នក]ធ្វើបទល្មើសធ្វើបទល្មើសបន្តទៀត។ អញ្ចឹងហើយចំណុចនេះវាជាការវែកមុខ [ជនល្មើស] វិញទេ ។មិនមែនជាការផ្សព្វផ្សាយឱ្យមានការរើសអើង ឬក៏ញុះញង់ឱ្យមានការរើសអើងទេ។ វាជម្រុញឱ្យពួកមន្រ្ដីបរិស្ថានទាំងអស់ហ្នឹងឱ្យគាត់ភ្ញាក់កំណើតភ្ញាក់គំនិតឡើងវិញក្នុងការការពារព្រៃឈើដែលនៅសេះសល់ហ្នឹង » ។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដកំពង់ធំលោក ផូង វណ្ណ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោក សឿ សុជា ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និងបទបរិហាកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តនៅតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធតេឡេក្រាម ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ តាមមាត្រា៤៩៥ មាត្រា៤៩៦ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
លោក សឿ សុជា ធ្លាប់អះអាងថា លោកជាអតីតអ្នកសារព័ត៌មានអនឡាញធីអិនអឹម(TNM) និងបច្ចុប្បន្នធ្វើជាភ្នាក់ងារសារព័ត៌មានហង្សប៉ុស្តិ៍។ អ្នកកាសែតរូបនេះក៏ធ្លាប់ត្រូវបានបុរសពីរនាក់ដែលលោកស្គាល់ថា ជាអ្នករកស៊ីដឹកឈើ និងធ្លាប់ស្គាល់រាប់អានគ្នាប្តឹងលោកពីបទ៖ «កំហែងយក» នៅអំឡុងឆ្នាំ២០២២ និង២០២៣។ លោកក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងពន្ធនាគាររយៈពេល២០ថ្ងៃផងដែរ។ សំណុំរឿងនេះ លោកត្រូវបានតុលាការខេត្តកំពង់ធំចេញសាលក្រមកាត់ទោសលោកឱ្យជាប់ពន្ធនាគារ២ឆ្នាំ ប៉ុន្តែទោសត្រូវព្យួរនៅក្រៅឃុំ។ យ៉ាងណា ប៉ុន្តែលោកមិនពេញចិត្តនឹងការសម្រេចនេះឡើយ ដោយថាជារឿងអយុត្តិធម៌ និងជាការរៀបចំគម្រោងធ្វើស៊ីលោកតែប៉ុណ្ណោះ ហើយក្រោយមក លោក សុជា បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍នៅខែធ្នូ ឆ្នាំ២០២៣៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា