ប្រជាកសិករនៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជាត្រូវខាតបង់ថវិកា ជំពាក់បំណុលគេ ខាតពេលវេលាជាដើម ត្បិតស្រូវរបស់ពួកគាត់ងាប់ជាបន្តបន្ទាប់ ដោយសារគ្រោះរាំងស្ងួត។
កសិករនៅសង្កាត់ម្កាក់មួយរូប អ្នកស្រី ឈុំ ថង បានប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រីធ្វើស្រែចំនួន២ហិកតា ក្នុងនោះខូចអស់ចំនួន១ហិកតាហើយដោយសារតែមិនមានទឹកស្រោចស្រពគ្រប់គ្រាន់។ ដីស្រែចំនួន២ហិកតានេះអ្នកស្រីចំណាយដើមទុនអស់ប្រហែល១លាន៣សែនរៀល ដោយដើមទុននេះអ្នកស្រីមានខ្លួនឯងត្រឹមតែពាក់កណ្ដាល និងពាក់កណ្ដាលទៀតត្រូវខ្ចីគេខ្លះ ដោយរង់ចាំដល់ពេលប្រមូលផលរួចទើបសងគេវិញ។
អ្នកស្រីបន្តថា ជាបញ្ហាប្រឈមពេលដែលស្រូវងាប់នេះបានធ្វើឱ្យខាតបង់ដល់ទ្រព្យសម្បត្តិ ខាតថវិកា ខាតទាំងគ្រាប់ពូជ ព្រមទាំងប៉ះពាល់ដល់ជីវភាពគ្រួសារអ្នកស្រីជាខ្លាំងព្រោះអ្នកស្រីមិនបានប្រកបរបរអ្វីបន្ថែមទៀតក្រៅពីធ្វើស្រែចម្ការនោះទេ។
អ្នកស្រីថា «ជាបញ្ហាគឺជំពាក់បំណុល ខាតបង់ទ្រព្យដែលខ្ចីគេមកធ្វើ ខាតពូជព្រោះខ្ចីគេទាំងស្រុង»។
កសិករម្នាក់ទៀត លោក រឿន នេត បានលើកឡើងថា លោកធ្វើស្រែចំនួន២២ហិកតាហើយងាប់អស់ជិត៧ហិកតាហើយ។ លោកថាចំពោះការធ្វើស្រែនេះត្រូវចំណាយលើថ្លៃភ្ជួរ រាស់ ជីកសិកម្មឬ ថ្នាំគីមី គ្រាប់ពូជ ថ្នាំកណ្ដុរជាដើម ដែលក្នុង១ហិកតាចំណាយប្រហែល១លាន៥សែនរៀល ទម្រាំដល់ប្រមូលផល។ កសិកររូបនេះឱ្យដឹងទៀតថា ប្រសិនបើដីស្រែនោះយើងជួលគេធ្វើទៀត អាចចំណាយរហូតដល់២លានរៀលក្នុង១ហិកតា។ លោកបន្តថា ចំពោះដើមទុនលោកមានខ្លួនឯងខ្លះ និងជំពាក់ឈ្មួញលក់ជីគីមីខ្លះ ព្រោះជាធម្មតាជីគីមីពេលប្រមូលផលរួចទើបឱ្យលុយគេ។
លោកបន្តថា សម្រាប់បញ្ហាប្រឈមវិញលោកខាតបង់ច្រើនណាស់ ទាំងពេលវេលា ទាំងការចំណាយផ្សេងៗ ថ្លៃគ្រាប់ពូជ ថ្លៃជួលដីស្រែគេ ថ្លៃភ្ជួររាស់ ថ្លៃជួលគេព្រួសគ្រាប់ពូជជាដើម។ ជាការសំណូមពរ លោកសុំឱ្យមាន ការស្ដារនូវប្រព័ន្ធទឹកឡើងវិញ ដើម្បីស្ដុកទឹកទុកគ្រាន់បានបូមដាក់ស្រែ។
លោកបន្តថា៖ «ខាតទាំងសព្វទាំងថ្លៃជី ថ្លៃព្រួស ថ្លៃភ្ជួរ ថ្លៃជួលស្រែគេផង បើគិតថ្លៃជួលស្រែគេផង១ហិកតាអស់ជិត២ម៉ឺន។ បាទ សុំឱ្យផ្ដល់ប្រពន្ធធារាសាស្រ្តប្រភពទឹកទុកគ្រាន់បានបូមស្រោចស្រពស្រែ»។
លោក ស៊ុត ទ្រី ពលរដ្ឋម្នាក់ទៀតបានលើកឡើងថា លោកធ្វើស្រែចំនួន១១ហិកតាខូតអស់១ហិកតាកន្លះ។ ចំពោះដើមទុនសម្រាប់ការធ្វើស្រែវិញលោកថា មានខ្លះត្រូវខ្ចីបុលពីធនាគារមកបន្ថែម ហើយពេលស្រូវងាប់បែបនេះធ្វើឱ្យលោក និងកសិករផ្សេងប្រឈមការអស់សង្ឃឹម។
កសិកររូបនេះ សំណូមពរឱ្យអាជ្ញាធរជួយដោះស្រាយ ដោយមានការចែកជាគ្រាប់ពូជសម្រាប់ព្រួសឡើងវិញ ហើយស្ដារឡើងនូវប្រព័ន្ធទឹកសារជាថ្មីព្រោះនៅអាងម្កាក់ប្រព័ន្ធធារាសាស្រ្តពុំមានគ្រប់គ្រាន់នោះទេ។
លោកថា៖ «ជួយជំនួយជាពូជ ចង់ឱ្យខាងធារាសាស្រ្តចុះមកមើលអាងម្កាក់យើងព្រោះវាដាច់ប្រភពទឹកអស់សូម្បីគោក្របីរកទឹកមិនបានផឹក»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ មិនបានឆ្លើយប្រាប់ពលរដ្ឋអ្នកសារព័ត៌មានជុំវិញបញ្ហាស្រូវងាប់នេះទេ ដោយលោកប្រាប់ថាលោកជាប់រវល់។
កាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តូច ប៊ុនហួរ បានចុះតាមដាន និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្មបណ្តាលមកពីគ្រោះរាំងស្ងួត នៅក្នុងស្រុកចំនួន២ នៃខេត្តបន្ទាយមានជ័យ គឺស្រុកស្វាយចេក និងស្រុកថ្មពួក។
បើតាមហ្វេសប៊ុករបស់ក្រសួងកសិកម្មដដែលថា ក្នុងស្ថានភាពនេះ អាជ្ញាធរបានខិតខំប្រឹងប្រែងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន និងផ្តល់ជាអនុសាសន៍មួយចំនួនដល់ប្រជាពលរដ្ឋអាចធ្វើការកែប្រែការដាំដុះដំណាំស្រូវ មកដំណាំចម្ការ ដូចជាដំឡូងមី ពោត សណ្តែក និងដំណាំឧស្សាហកម្ម។
ឯកឧត្តមបន្ថែមថា ការវាយតម្លៃពីការខូចខាត និងតម្រូវការស្តារឡើងវិញ ត្រូវធ្វើឡើងឱ្យបានច្បាស់លាស់ និងទាន់ពេលវេលាសម្រាប់ការស្តារឡើងវិញ ចៀសវាងមានការយឺតយ៉ាវ ធ្វើឱ្យខកខានដល់ការដាំដុះរបស់កសិករ៕
………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ កញ្ញា ចាន់រ៉ាត់ សៀវមិញ