ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបមួយចំនួន ដែលប្រកបរបរលើវិស័យទេសចរណ៍កំពុងជួបការលំបាកខ្លាំង ក្រោយពេលភ្ញៀវទេសចរធ្លាក់ចុះក្នុងរយៈពេល៣ខែចុងក្រោយនេះ។ អាជីវករដែលមានមុខរបរដូចជាអ្នករត់ម៉ូតូរ៉ីម៉ក អ្នកលក់វត្ថុអនុស្សាវរិ៍យ និងអ្នកលក់ម្ហូបអាហារនៅតាមប្រាងប្រាសាទ ផ្សាររាត្រី បាននិយាយថា ការធ្លាក់ចុះភ្ញៀវទេសចរនេះធ្វើឱ្យពួកគេបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បីផ្គត់ផ្គង់គ្រួសារ ការសិក្សារបស់កូន បង់ធនាគារ និងការចំណាយចំបាច់ជាច្រើនទៀត ។
អ្នកស្រី អ៊ីង សារ៉ាត មានអាយុ ៣៨ឆ្នាំ និងមានសមាជិកគ្រួសារចំនួន៣នាក់ ជាអ្នកលក់ដូរសំលៀកបំពាក់ និងភេសជ្ជៈនៅមុខប្រាសាទប្រែបរូប អ្នកស្រីបាននិយាយថា រាល់ថ្ងៃមិនសូវមានទេសចរណ៍មកទស្សនានោះទេ។ ដែលធ្វើឱ្យអាជីវករលក់ដូរមិនដាច់។ អ្នកស្រីថា ថ្ងៃខ្លះពួកគាត់លក់មិនបានសូម្បីតែ១រយរៀល បើធៀបទៅកាលពីមុនកូវីដ–១៩ ដែលអ្នកស្រីអាចរកចំណូលបានចន្លោះពី១០ទៅ២០ដុល្លារក្នុងមួយថ្ងៃ។
អ្នកស្រីបានបន្តថា ប្រសិននៅតែគ្មានភ្ញៀវទេសចរមកលេងដូចមុនទេ អ្នកស្រីនឹងបោះបង់ការលក់ដូរនេះចោល។
អ្នកស្រីបន្ថែមថា៖«មុនយើងពឹងទៅលើភ្ញៀវដល់ពេលសព្វថ្ងៃថាអត់ គឺអត់ហើយ វាលំបាកពេលកូនឈឺ យើងអត់ អត់លុយទៅពេទ្យទៅ នោះឯង យើងពិបាកត្រង់ថាយើងហូបចុកតិចតួចដែរ វាដូចថារកអត់បានទៅវាខ្វះខាតខាងម្ហូបអាហារដែរ»។
អាជីវករម្នាក់ទៀតដែលប្រកបមុខរបរលក់ដូរវត្ថុអនុស្សាវរិ៍យ នៅផ្សាររាត្រី អាតសេនធឺក្នុងក្រុងសៀមរាប អ្នកស្រី សាន សាន បានប្រាប់អ្នកសារព័ត៌មានពលរដ្ឋថា ភ្ញៀវធ្លាក់ខ្លាំងនៅក្នុងអំឡុងខែ៦ខែ៧នេះ ដែលធ្វើឱ្យអ្នកស្រីពិបាករកប្រាកដើម្បីបង់ថ្លៃឈ្នូលកន្លែង និងបើកឱ្យបុគ្គលិក។
លោកស្រីបន្តថា លោកស្រីក៏មិនដឹងពីមូលហេតុច្បាស់លាស់ទេអំពីបញ្ហាភ្ញៀវទេសចរណ៍ធ្លាកចុះនេះ ប៉ុន្តែលោកស្រីលឺភ្ញៀវនិយាយថា មានការចំណាយអស់ច្រើនលើសេវ៉ាផ្សេងៗ។
អ្នកស្រីនិយាយថា៖«ចា…អត់ ទេអត់មានភ្ញៀវទេអត់មកទេភកញៀវធ្លាក់ខ្លាំ ខែ៦-៧ភ្ញៀវធ្លាក់ តែសង្ឈឹមថាខែ៩ និងខែ១០ភ្ញៀវនិងមកវិញចឹងណា… ដូចពាក្យគេនិយាយមួយថ្ងៃភ្ញៀមមកមួយថ្ងៃ២ពាន់នាក់ ដូចមែនទេ ដូចមិនសូវមានភ្ញៀវច្រើនណាស់ណាផង ភ្ញៀវធ្លាក់ បើភ្ញៀវមកច្រើបខ្ញុំសប្បាយចិត្ត ធ្លាក់ចឹងយើងពិបាលក់»។
អង្គុយចាំភ្ញៀវនៅលើម៉ូតូរីម៉ក លោក ញ៉ឹប ពែង អាយុ ៤៥ ដែលមានសមាជិកគ្រូសារចំនួន៥នាក់ និងជាអ្នកបើកម៉ូតូរីម៉កដឹកភ្ញៀវ ឱ្យក្រុមហ៊ុនទេសចរមួយក្នុងខេត្តសៀមរាប បាននិយាយថា រយៈពេល១ខែចុងក្រោយក្រុមហ៊ុនបានទម្លាក់ភ្លៀវឱ្យលោកដឹកត្រឹមតែ២ជើងតែប៉ុណ្ណោះ ដោយបានកម្រៃ៦ដុល្លារក្នុងមួយជើង។
ករណីនេះលោកបានសំណូមពរទៅកាន់រាជរដ្ឋាភិបាល៖«ខ្ញុំស្នើសុំអោយស្រុកយើងមានភ្ញៀវមានអីចឹងណា ឱ្យបានប្រជាពលរដ្ឋយើងរកទៅវាបានធូធារខ្លះ ហើយសំណូមពរមួយទៀត គឺរឿងឥវ៉ាន់ឡើងថ្លៃនេះរកមិនសូវបាន តែឥវ៉ាន់ចេះតែឡើងថ្លៃ សូមអោយបញ្ចុះខ្លះទៅណាស់….អោយប្រជាជនយើងដែលរកបានតិចមក ទិញហូបខ្លះសល់ខ្លះចឹងណា ព្រោះរករាល់ថ្ងៃបានតែ មួយហូបៗទេ»។
អតីតអ្នកគ្រប់គ្រងផ្នែកការិយាល័យជួរមុខ នៃក្រុមហ៊ុន ម៉ានេ គ្រុប ( Mane Hotel Collection Group) លោក អ៊ិន អ៊ឹង បានលើកឡើងថា ភ្លៀវទេសចរធ្លាក់ចុះដោយសារកត្តាមួយចំនួនដូចជា ការយកតម្លៃសេវា ទិដ្ឋការទេសចរណ៍ មានតម្លៃថ្លៃដោយភ្ញៀវម្នាក់តម្រូវអោយបង់ ៣០ ដុល្លារក្នុងរយៈពេល១ខែ បើធៀបនិងប្រទេសជិតខាង-ថៃ មិនតម្រូវឱ្យភ្ញៀវបង់ថ្លៃសេវាកម្មទិដ្ឋការឡើយ។
លោកថា បញ្ហាទាំងនេះហើយ ដែលធ្វើឱ្យប្រទេសថៃមានការទាក់ទាញភ្ញៀវមកទស្សនាច្រើនជាងកម្ពុជា បើទោះបីជាស្ថិតនៅក្នុងរដូវកាលធ្លាក់ចុះភ្ញៀវទេសចរណ៍ក្នុងតំបន់ដូចគ្នាក៏ដោយ។ លោកថា មួយទៀតនោះ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ គឺពុំទាន់មានភាពងាយស្រួលនៅឡើយ ដោយផ្លូវថ្នល់ទៅតំបន់សមាគមន៍ទេសចរណ៍ផ្សេងៗ ជាពិសេសកំពង់ភ្លុក គឺពិបាកខ្លាំងនៅរដូវវស្សា មានសភាពរអិល និងរដូវប្រាំងមានសភាពហុយធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ។
បន្ថែមពីនេះលោកថាសំបុត្រចូលទស្សនាប្រាសាទគឺមានតម្លៃខ្ពស់រហូតទៅដល់៣៧ដុល្លា ក្នុងភ្ញៀវមួយនាក់សម្រាប់ការចូលទស្សនាមួយថ្ងៃ ខណៈតម្លៃពីមុនត្រឹមតែ២០ដុល្លារប៉ុណ្ណោះ។
ជាងនេះទៅទៀតលោក អ៊ិន អ៊ឹង ក៏បានលើកឡើងអំពីបញ្ហាអសន្តិសុខក៏ជាផ្នែកមួយធ្វើអោយភ្ញៀវមានភាពភ័យខ្លាច និងឥរិយាបទរបស់មន្ត្រីដែលបម្រើលើសេវាកម្មភ្ញៀវទេសចរណ៍មួយចំនួនមិនមានក្រមសិលធម៌វិជ្ជាជីវៈគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាជូនភ្ញៀវជាដើម ។
លោកបានបន្ថែមថា ដើម្បីជម្រុញអោយមានកំណើនភ្ញៀវទេសចរណ៍ឡើងវិញគឺ ៖«រដ្ឋាភិបាលគួរជួយសម្រួលបញ្ហាការបង់ថ្លៃទិដ្ឋការទេសចរណ៍ អោយមានតម្លៃទាបជាងមុនឬហ្រ្វីដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនា អ្នកដែលពាក់ព័ន្ធធំជាងគេគឺរដ្ឋ ពីព្រោះរដ្ឋហាក់មិនទាន់ឃើញមានយុទ្ធសាស្ត្រណាមួយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយមានប្រសិទ្ធភាពមកបានទេ រីឯគុណភាពនៃការផ្សព្វផ្សាយទៅឆាកអន្ដរជាតិហាក់នៅមានកម្រិតនៅឡើយ»។
លោក ធឹម សេរីវុឌ្ឍ អនុប្រធានមន្ទីទេសចរខេត្តសៀមរាបបានលើកឡើងថា ក្នុងរយៈពេលបីខែនេះភ្ញៀវទេសចរមានការថយចុះ ជាងមុនដោយសារជារដូវកាលដែលប្រទេសកម្ពុជា ស្ថិតក្នុងខែដែលភ្ញៀវទេសចរធ្លាក់ចុះ។ យ៉ាងណាលោកថា បើធៀបទៅនឹងឆ្នាំ២០២៣ក្នុងរយៈពេលដូចគ្នាននេះ គឺឆ្នាំ២០២៤ ភ្ញៀវទេសចរណ៍មានការកើនឡើងជាងឆ្នាំមុន។
លោកបន្តថា រដ្ឋភិបាលកំពុងរៀបចំគោលនយោបាយជាតិ ដើម្បីទាក់ទាញភ្ញៀវឱ្យចូលមកទស្សនាដូចជាការដាំកូនឈើដើម្បីលំអរ ធ្វើផ្លូវ៣៨ខ្សែ រៀបចំភូមិគំរូ និងរៀបចំព្រឹត្តការណ៍បុណ្យប្រពៃណីរបស់សហគមន៍ជាដើម។
លោកបន្ថែមថា ៖«ដើម្បីឱ្យវិស័យទេសចរណ៍រលូនទៅមុខបានគឺទាល់តែអ្នកទាំងអស់គ្នាចូលរួម ហើយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងទេសចរ ក្រសួងអប់រំ ក្រសួងព័ត៌មាន ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ សុទ្ធតែភាគីតែត្រូវចូលរួមដ៏សកម្មក្នុងវិស័យនេះ ជាពិសេសផ្នែកឯកជន ដែលជាអ្នកប្រតិបត្តិទេសចរផ្ទាល់»។
លោក ធឹម សេរីវុឌ្ឍ បានសំណូមពរដល់ប្រតិ្តបតិ្តករទេសចរណ៍ទាំងអស់ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ហើយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការការពារសន្តិសុខសុវត្តិភាពជូនភ្ញៀវ ដើម្បីទាក់ទាញ់ពួកគេឱ្យមកលេងប្រទេសកម្ពុជា៕
……………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ហ៊ុន ឌីម៉ូ