ដីព្រៃជាង ៣០០០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលរងការទន្ទ្រានយកដោយខុសច្បាប់ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺដកហូតទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីអង្គការផ្នែកព្រៃឈើមួយប្តឹងកាលពេលថ្មីៗកន្លងទៅនេះ។
កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដកំពង់ស្ពឺបានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើចំនួន៣៤៣៤ហិតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទុកជាសម្បត្តិរដ្ឋវិញ។
ការដកហូតនេះ ធ្វើឡើងបន្ទាប់ពីអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋរកឃើញថា មានការកាប់បំផ្លាញ និងឈូសឆាយយកដីតំបន់ការពារមួយនេះលក់តគ្នាជាបន្តបន្ទាប់ ហើយបានប្តឹងទៅអភិបាលខេត្ដកំពង់ស្ពឺឱ្យដកហូតមកទុកជាសម្បត្តិរដ្ឋវិញ។
ក្នុងដីកាដកហូតនោះលើកឡើងថា ដីព្រៃឈើដែលដកហូតនោះ បានរងនូវការកាន់កាប់ និងវាតយកធ្វើកម្មសិទ្ធិដោយខុសច្បាប់លើទីតាំងដីចំនួន៣កន្លែងមានផ្ទៃដីសរុប ៣៤៣៤ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
រដ្ឋបាលខេត្តកំពង់ស្ពឺបានទុករយៈពេល៣០ថ្ងៃឱ្យអ្នកពាក់ព័ន្ធធ្វើការតវ៉ាជាមួយបទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងដីកានេះ ត្រូវទុកជានិរាករណ៍។
ដីកាលើកឡើងថា៖ « រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកឱរ៉ាល់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ការិយាល័យដែនជម្រកសត្វព្រៃ អនុគណៈកម្មាធិការខេត្ត ក្រុមការងារដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធនានា ត្រូវអនុវត្តន៍ដីកានេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ »។
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ នឹងការពារសិទ្ធិពលរដ្ឋលោក ជា ហ៊ាន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកទទួលបានសេចក្ដីរាយការពីជនជាតិដើមភាគតិចសួយអំពីកាប់រុករានឈួសឆាយទន្រ្ទានយកដីព្រៃសហគមន៍ទៅលក់បន្ត ស្ថិតនៅក្នុងភូមិចំនួន៣រួម មានភូមិកោដូនតី ភូមិពុទ្រ្ធា ភូមិតានិល ឃុំត្រពាំងជោរ។
លោក ជា ហ៊ាន បន្តថា បន្ទាប់ពីទទួលបានដំណឹងនេះហើយ លោកបានចុះទៅសង្កេតដោយផ្ទាល់ និងពិនិត្យឃើញថា ពិតជាមានការឈួសឆាយទន្រ្ទានយកដីរបស់រដ្ឋពិតប្រាកដមែន។ ហើយលោកបានដាក់លីខិតទៅអភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង កាលពិថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីឱ្យមានវិធានការដកហូត ។
លោក បញ្ជាក់ថា មកដល់ពេលនេះនៅក្នុងខេត្ដកំពង់ស្ពឺមានដីព្រៃឈើចំនួន៤ទីតាំងហើយ ដែលត្រូវបានរដ្ឋបាលខេត្តចេញដីការដកហូត ដោយទី១ដីពុះឡូមានជាង៣០០ហិតា ទី២នៅតំបន់សហគមន៍ឧត្ដមស្រែខ្ពស់ចំនួន៨៩៣ហិកតា ទី៣តំបន់សហគមន៍ស្រែកិន៥៥៧ហិតា និងទី៤សហគមន៍កោដូនតីជាង២០០០ ដែលសរុបមានដីជិត៥០០០ហិកតាដែលត្រូវបានដកហូតទុកជាសម្បត្តិរដ្ឋវិញ។
លោកលើកឡើងថា៖ « នៅពេលដីកានោះចូលជាស្ថាពរ ខ្ញុំហ្នឹងបន្តនីតិវិធីស្នើទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម [និងសំណង់ ]ដើម្បីស្នើសុំចុះបញ្ចីដីរដ្ឋ[…]អាជ្ញាធរគួតែពង្រឹងសមត្ថភាពជំនាញឱ្យអនុវត្តទៅលើជនប្រព្រឹត្តគួតែកសាងសំណុំរឿងបញ្ជូនបន្ថែមទៀតទៅតុលាការ[…]ហើយបើសិនជាជំនាញមិនអនុវត្តទេខ្ញុំនៅតែប្ដឹងទៅតុលាការដែរព្រោះមានដីការដកហូតហើយគឺបានន័យថារដ្ឋបានទទួលស្គាល់ថាអ្នកដែលបានឈួសឆាយនៅតំបន់ដែលមានដីកាដកហូតគឺជាដីរបស់រដ្ឋ » ។
អនុប្រធានសហគមន៍កោដូនតីលោក ប៊ុន ឡេង បានសាទរចំពោះវិធានការរបស់អាជ្ញាធរនេះ។ លោកថា កន្លងមកនៅពេលសមាជិកសហគមន៍ចុះល្បាតបានរកឃើញទីតាំងដែលគេឈូសឆាយ និងបានរាយការណ៍ទៅមន្រ្ដីបរិស្ថានឱ្យចុះមកបង្គ្រាបបានរយៈពេលខ្លី ប៉ុន្តែក្រោយមកមានគ្រឿងចក្រត្រឡប់មកឈូសឆាយបន្តទៀត។
អនុប្រធានសហគមន៍រូបនេះ ចង់ឃើញអាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្តបទល្មើសឱ្យបានធ្ងន់ធ្ងរ។ លោកថា ដើមឈើធំៗនៅក្នុងព្រៃសហគមន៍ត្រូវបានកាប់យកទៅលក់អស់ ដោយនៅសល់ដើមឈើតូចៗ ហើយចុងក្រោយគេឈូសបំផ្លាញចោល ដើម្បីយកដីធ្វើកម្មសិទ្ធិទៀត។
លោកលើកឡើងថា៖ « ខ្ញុំត្រេកអរ ។បើដកឱ្យសហគមន៍ថែរក្សាទុលវិញខ្ញុំត្រេកអរ ខ្លាចតែគេដកយកឱ្យទៅក្រុមហ៊ុនេះក្រុមហ៊ុននោះទៀតខ្ញុំខ្លាចតែអញ្ចឹង » ។
ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺលោក ច័ន្ទថេត ថានរៈ មិនឆ្លើយបានជុំវិញករណីនេះ ដោយលោកប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកកំពុងជាប់រវល់ប្រជុំ។
លោក ហេង គឹមហុង ប្រធានបណ្ដាញយុវជនកម្ពុជា CYN មានប្រសាសន៍ថា វាជារឿងត្រឹមត្រូវមួយដែលអាជ្ញាធរធ្វើការរឹបអូសយកដីដែលបានរំលោភយកដោយខុសច្បាប់មករក្សាទុកជាសម្បត្តិរបស់រដ្ឋវិញ ។
លោក ហេង គឹមហុង បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើការស៊ើបអង្កេតរកមើលមូលហេតុនៅពីក្រោយខ្នង នៃការទន្ទ្រានយកដីតំបន់ការពារនេះ ថាហេតុអ្វីបានជាប្រជាពលរដ្ឋចូលទៅទន្រ្ទានយកដីរបស់រដ្ឋហើយ បែរជាអាជ្ញាធរមូលដ្ឋានមិនបានដឹង ហើយបណ្ដែតបណ្ដោយឱ្យកាប់បំផ្លាញព្រៃឈើខ្ទិចខ្ទីបែរនេះ។
លោកលើកឡើថា៖ « បើសិនដីព្រៃនោះជាដីព្រៃសគមន៍ប្រាកដណាស់ត្រូវត្រឡប់មកសហគមន៍វិញ។ប៉ុន្តែបើសហគមន៍មិនយកចិត្ដទុកដាក់នៅក្នុងការការពារផលប្រយោជន៍របស់ខ្លួន[ព្រៃឈើ ] ក៏ត្រូវពិចារណាដកពីសហគមន៍វិញទៅបើសិនជាសហគមន៍អត់មានស្មារតីគ្រប់គ្រាន់នៅក្នុងការការពារ[ដីព្រៃសហគគមន៍ ] »។
បើតាប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ គិតមកដល់បច្ចុប្បន្ននេះ មានខេត្ដចំនួន២រួមមានកំពង់ស្ពឺ ស្ទឹងត្រែង ដែលអង្គការមួយនេះ បានស្នើឱ្យអាជ្ញាធរទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើទន្រ្ទានយកដីដោយខុសច្បាប់ និងដកហូតយកដីទាំងនោះមកជាសម្បត្តិវិញ។ លោកថា នឹងបន្តទៅពិនិត្យមើលខេត្ដកំពង់ធំ ព្រះវិហារ និងខេត្តផ្សេងៗទៀតនាពេលខាងមុខឆាប់ៗនេះ៕
……………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា