ប្រជាពលរដ្ឋនៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ស្នើដល់អាជ្ញាធរឱ្យជួយជួសជុលផ្លូវលំមួយខ្សែរក្នុងសហគមន៍ឡើងវិញ ក្រោយរងការខូចខាតជាង១០ឆ្នាំដោយគ្មានការសាងសង់ និងកំពុងពិបាកធ្វើដំណើរឆ្លងកាត់ជាខ្លាំង។
លោក សេវ ដានីយ៉ែល នៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ បានប្រាប់ពលរដ្ឋសារព័ត៌មានថា ផ្លូវដែលរងការខូចខាតនោះមានប្រវែងជិត១០គីឡូម៉ែត្រ។ លោកថា ផ្លូវនេះតភ្ជាប់ពីភូមិឡុំទៅភូមិតេន នៃឃុំប៉ក់ញ៉ៃ ដែលជាផ្លូវលំសម្រាប់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅស្រែចម្ការ និងទៅទីរួមខេត្តរតនគិរី។
លោក សេវ ដានីយ៉ែល បន្តថា ផ្លូវនេះពិបាកធ្វើដំណើរជាខ្លាំងទាំងនៅរដូវប្រាំង និងរដូវស្សា ដោយសារមានជង្ហុកធំ និងស្ពានមានស្ថានភាពចាស់ទ្រុតទ្រោមជាដើម។
លោកថា៖«ផ្លូវនោះពិបាកដូចផ្លូវជិះចូលព្រៃ។ បើសិនជាអ្នកអត់សូវចេះជិះម៉ូតូ ឬម៉ូតូទាបៗ ជិះផ្លូវនិងអត់កើតទេ។ មួយទៀតក៏ធ្លាប់មានអ្នកជួបគ្រោះថ្នាក់នៅកន្លែងលូនឹងដែរ។ ហើយលូនឹងពេលវាបាក់គេរៀបក្ដាដើម្បីឆ្លងកាត់ទីនឹង។ ចឹងទៅមានអ្នកធ្លាក់ មិនគេផ្សេងទេគឺប៉ាខ្ញុំផ្ទាល់ជាអ្នកធ្លាក់»។
លោក ណាស់ ស្ដើង ជាប្រជាពលរដ្ឋនៅភូមិឡុំម្នាក់ទៀត បានលើកឡើងថា នៅខែប្រាំងផ្លូវមួយខ្សែរនេះមានជង្ហុកជិះម៉ូតូ និងការធ្វើដំណើរផ្សេងៗមានសភាពរលាក់ និងខែវស្សាត្រូវទឹកជាន់លិច ហើយទឹកហូតកាត់ធ្វើឱ្យពិបាកក្នុងការធ្វើដំណើរជាខ្លាំង។
លោកថា កាលដើមឡើយ ក្មេងៗសិស្សសាលាតែងតែធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ដើម្បីទៅរៀង ប៉ុន្តែដោយសារផ្លូវរងការខូចខាត់ខ្លាំងពេក ដោយបារម្ភខ្លាចកើតមានគ្រោះថ្នាក់ផ្សេងៗ ក៏ពួកគេត្រូវប្តូរជិះផ្លូវវាងវិញ។
លោកថា៖«ខែវស្សាវិញទៅមិនសូវបានទេ។ លូចាស់ ហើយវាបែកច្រើន។ ហើយវាខូចខាតច្រើនដែរ។ បើប្រជាពលរដ្ឋយើងទៅតាមភូមិដោរក៏វាពិបាកដែរ។ តែទៅតាមផ្លូវភូមិតេនចង់ទៅចំការ ឬអូយ៉ាដាវវាជិតជាង។ ដល់ពេលចឹងទៅ ឥឡូវទៅអត់បានទេ វាខូតខាតច្រើនណាស់»។
មេភូមិនៅភូមិឡុំ លោក សេវ ហ្លីន បានទទួលពីបញ្ហាផ្លូវខូចនេះ និងការពិបាកធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកថា ផ្លូវមួយខ្សែរនេះរងការខូតខាតប្រហែល១០ឆ្នាំហើយជាពិសេសត្រង់កន្លែងមានអូរ និងស្ពានដោយបានទឹកហូរច្រោះពិបាកធ្វើដំណើរ។
មេភូមិរូបនេះបន្តថា ករណីនេះលោកធ្លាប់បានស្នើសុំទៅថ្នាក់លើឱ្យជួសជុសដែរ ហើយខាងរដ្ឋបាលឃុំឆ្លើយថា មានគម្រោងធ្វើផ្លូវនេះក្នុងឆ្នាំ២០២៤ ប៉ុន្តែរហូតពេលនេះមិនទាន់ឃើញធ្វើនៅឡើយទេ។
លោកថា៖« ខ្ញុំបានសុំមេឃុំ មេឃុំសុំថ្នាក់លើ ខ្ញុំក៏មិនដឹងគេពន្យាររហូតថាធ្វើឆ្នាំនេះនៅតែមិនទាន់ឃើញ»។
ពលរដ្ឋលោក សេវ ដានីយ៉ែល បានសំណូមពរដល់រដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធឱ្យធ្វើផ្លូវមួយខ្សែរនេះឱ្យបានលឿន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់បានស្រួលឡើងវិញ។
លោកបន្ថែមថា៖«ខ្ញុំសុំសំណូមពរឱ្យខាងស្រុកជួយធ្វើ ព្រោះផ្លូវនឹងខាងស្រុកជាអ្នកទទួលខុសត្រូវ។ពួកគាត់ជាអ្នកធ្វើ។ចឹងសុំឱ្យធ្វើផ្លូវហ្នឹងឆាប់ៗ ដើម្បីឱ្យមានការប្រើប្រាស់ផ្លូវហ្នឹងឡើងវិញ»។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងក្នុងកម្មវិធីមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយស្តីបន្ទោសដល់មន្ត្រីក្រោមឱវាទ ជាពិសេសអាជ្ញាធរថ្នាក់ខេត្ត ស្រុក និងឃុំមួយចំនួន ដែលមិនយកចិត្តដាក់អភិវឌ្ឍន៍ ឬជួសជុលផ្លូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ស ខេង បានបញ្ជាដល់មន្ត្រីទាំងនោះ ឱ្យពង្រឹងការយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកថា៖ «អៀនខ្មាស់គាត់[ពលរដ្ឋ]ណាស់។ អៀនខ្មាស់ត្រង់ថា ផ្លូវហ្នឹងវាភក់វាល្បាប់អីចឹងហើយ វាអត់មានពីណាពីណាគិត អត់មានពីណាគិត។ យើងថា សុំឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យ បោះឆ្នោតឱ្យយ៉ាងម៉ិច។ បើយើងអត់បម្រើគាត់ផង។ យើងនិយាយឱ្យអស់ ឱ្យអីចឹងហាស។ ហើយផ្លូវប៉ុណ្ណឹងយើងធ្វើមិនកើតអី»៕
……………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាន់រ៉ាត់ សៀវមិញ