តំណាងពលរដ្ឋឱ្យដឹងថា អ្នកភូមិជាង១០០នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ហេង ហ៊ុយ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្តុំគ្នាសាលាដំបូងខេត្តនេះ ខណៈតំណាងពលរដ្ឋម្នាក់ចូលសវនាការនៅថ្ងៃនេះ។
កាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង អ្នកស្រី វ៉ៃ ភីរម្យ កោះហៅតំណាងពលរដ្ឋម្នាក់គឺអ្នកស្រី អិប តឹង ឱ្យចូលសវនាការនៅថ្ងៃទី៥ ខែកុម្ភៈនេះ ក្រោមបទចោទ «បរិហារកេរិ៍្តជាសាធារណៈ»ទៅ តាមបណ្តឹងរបស់របស់ឧកញ៉ា ហេង ហ៊ុយ ដែលបានប្តឹងកាលពីឆ្នាំ២០២១។
តំណាងពលរដ្ឋសហគមន៍១៩៧ នៅឃុំជីខលើ អ្នកស្រី ដេត ហួរ ដែលចូលរួមប្រមូលផ្តុំនៅមុខតុលាការនៅថ្ងៃនេះប្រាប់ សារព័ត៌ពលរដ្ឋថា រូបអ្នកស្រី និងជាងដែល១០០នាក់មកប្រមូលផ្តុំនៅមុខតុលាការនេះ ដើម្បីគាំទ្រតំណាងពួកគាត់គឺអ្នកស្រី អិប តឹង ដែលកំពុងរងបណ្តឹងយ៉ាងអយុត្តិធម៌។ អ្នកស្រីថា អ្នកស្រី អិប តឹង ពុំមានកំហុសដូចការចោទប្រកាន់ឡើយ។
អ្នកស្រី ដេត ហួរ ឱ្យដឹងថា អ្នកស្រី អិប តឹង ត្រូវបានឧកញ៉ា ហេង ហ៊ុយ ប្តឹងពីបទ «បរិហារកេរិ៍្តជាសាធារណៈ» ក្រោយពីអ្នកស្រីសសេរផុសហ្វេសប៊ុកកាលពីឆ្នាំ២០២១ ដោយលើកឡើងថា លោក ហេង ហ៊ុយ បានរំលោភយកដីធ្លីរបស់គាត់ និងពលរដ្ឋក្នុងសហគមន៍។
តំណាងពលរដ្ឋបន្តថា អ្នកស្រី អិប តឹង ពុំមានកំហុសនោះទេ ដោយថា លោក ឧកញ៉ា ហេង ហ៊ុយ ពិតជាបានគប់គិតគ្នារំលោភយកដីធ្លីរបស់ពលរដ្ឋពិតមែន។ ហើយថា ការសសេរលើហ្វេសប៊ុករបស់អ្នកស្រី អិប តឹង មិនមែនការបរិហារកេរ្តិ៍នោះទេ គឺគ្រាន់តែចង់ឱ្យមានដំណោះស្រាយរឿងជម្លោះដីធ្លីតែប៉ុណ្ណោះ។
អ្នកស្រី ដេត ហួរ អះអាងថា កាលឆ្នាំ២០០៧ ក្រុមហ៊ុនរបស់លោក ឧកញ៉ា ហេង ហ៊ុយ បានរំលោភយកស្រីអ្នកភូមិ១៩៧គ្រួសារស្ថិតនៅជីខលើ និងជីខក្រោម ដោយមិនដោះស្រាយសំណងជូនពលរដ្ឋត្រឹមត្រូវឡើយ។ ក្រោយជម្លោះដីធ្លីនេះ បានធ្វើឱ្យពលរដ្ឋរងការឈឺចាប់ និងរងទុក្ខលំបាក ដោយសារគ្មានដីសម្រាប់បង្កបង្កើនផល និងតំណាងពលរដ្ឋចំនួន៩នាក់ត្រូវជាប់បណ្ដឹងនៅតុលាការដោយសារបញ្ហាជម្លោះដីធ្លីនេះផងដែរ។
តែយ៉ាងណា លោក ហេង ហ៊ុយ ធ្លាប់បានច្រានចោលការចោទប្រកាន់នេះ ដោយថា លោកមានបណ្ណកម្មសិទ្ធិត្រឹមត្រូវតាមច្បាប់លើដីនោះ។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស និងដីធ្លីធ្លាប់បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿនការដោះស្រាយដីធ្លីជូនពលរដ្ឋឱ្យបានឆាប់ និងចៀសវាងការច្រានចោលសំណើរបស់ពលរដ្ឋដែលធ្វើឱ្យពួកគេរងទុកលំបាក។
មន្ត្រីសង្គមស៊ីវិល ក៏ធ្លាប់ស្នើដល់អាជ្ញាធរឱ្យបញ្ចប់ការគំរាមកំហែង និងប្រើប្រាស់ប្រព័ន្ធតុលាការប្តឹងប្រឆាំងពលរដ្ឋតវ៉ាដីធ្លីដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានសិទ្ធិដីធ្លី ដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិផងដែរ៕