សង្គមស៊ីវិលចាត់ទុករណីអាជ្ញាធរខេត្តព្រះវិហារហាមពលរដ្ឋមិនឱ្យផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី គឺជាការំលោភលើសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ដែលត្រូវបានកាពារដោយច្បាប់រដ្ឋធម្មនុញ្ញ។
ក្នុងលិខិតមួយសសេរដោយដៃចុះទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហៀម គឹមហុង ជាគណៈកម្មការសហគមន៍សង្កែមួយ និងជាបណ្តាញព្រៃព្រះរកា ត្រូវបានអាជ្ញាធរស្រុក និងមន្ត្រី នៃមន្ទីរកសិកម្មខេត្តព្រះវិហារ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការផ្តល់បទសម្ភាសន៍ និងផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី ព្រមទាំងព្រមានចាត់វិធានការច្បាប់ផងដែរ។
ដោយបារម្ភពីសុវត្តិភាព គណៈកម្មការសហគមន៍សង្កែមួយ និងជាបណ្តាញព្រៃព្រះរកាលោក ហៀម គឹមហុង បានបញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរពិតជាបានឱ្យលោកធ្វើកិច្ចសន្យាបញ្ឈប់ការផ្តល់បទសម្ភាសន៍ និងផ្តល់ព័ត៌មានទៅដល់វិទ្យុអាស៊ីសេរីពិតមែន។
ប្រធានបណ្ដាញសមាគមយុវជនកម្ពុជា(CYN)លោក ហេង គឹមហុង ចាត់ទុកករណីនេះថា ជាការរំលោភលើសិទ្ធិសេរីភាពក្នុងបញ្ចេញមតិរបស់ពលរដ្ឋ និងរំលោភសិទ្ធិទទួលព័ត៌មានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញត្រង់មានត្រា៤១។ លោកថា ទង្វើរបស់អាជ្ញាធរខេត្តព្រះវិហារនេះ គឺជាការបង្ខិតបង្ខំឱ្យពលរដ្ឋនៅស្ងប់ស្ងៀម ដោយមិនហ៊ានបញ្ចេញមតិ និងក្ដីកង្វល់របស់ពួកគាត់ទៅឱ្យសាធារណជនបានដឹង។
លោក ហេង គឹមហុង បន្តថា ប្រសិនជាការផ្សាយរបស់វិទ្យុអាស៊ីសេរីមិនពិត និងពលរដ្ឋផ្តល់ព័ត៌មានមិនពិត អាជ្ញាធរគួរចេញសេចក្តីបំភ្លឺតាមរយៈហ្វេសប៊ុក ឬតាមគេហទំព័ន្ធរបស់អាជ្ញាធរទាំងនោះ ដោយមិនគួរណាឱ្យពលរដ្ឋធ្វើកិច្ចសន្យានោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់អាជ្ញាធរទៅវិញតាមការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានអំពាវនាវដល់អាជ្ញាធរឱ្យគោរពដល់សេរីភាពបញ្ចេញមតិ និងបញ្ឈប់ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
លោកបន្ថែមថា៖«អាជ្ញាធរគួរតែបើកបេះដូងឱ្យទូលាយ ដើម្បីស្ដាប់ពីក្ដីកង្វល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋមិនគួរណាអាជ្ញាធរ រឹតត្បិតរាល់ការបញ្ចេញមតិលើកឡើងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ មិនឱ្យគាត់និយាយមិនឲ្យគាត់ស្តីនោះទេ។ ការធ្វើនេះវាអាចរំលោភសិទ្ធិធ្ងន់ធ្ងរ។ ហើយការសម្ដែងមតិនេះ ក៏ពុំមែនខុសនឹងច្បាប់សេរីភាព និងការបញ្ចេញមតិនោះដែរ»។
នាយកគ្រប់គ្រងកិច្ចការទូទៅនៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីអាជ្ញាធរស្រុកឆែបធ្វើនេះ ជាការរំលោភបំពានលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសេរីភាពខាងការបញ្ចេញមតិ។លោកថា រដ្ឋធម្មនុញ្ញកម្ពុជាបានធានាថា ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិ ហើយគ្មានអ្នកណាម្នាក់ត្រូវបានគំរាមកំហែងបំភិតបំភ័យ ឬការបន្ទច់បង្អាក់លើការបញ្ចេញមតិឡើយ។
លោក អំ សំអាត បន្តថា រាល់គំនិត ឬការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋទៅឱ្យអ្នកផ្សេងជុំវិញបញ្ហាដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ពួកគេ គឺមិនត្រូវបានហាមឃាត់ឡើយ ជាពិសេសអាជ្ញាធរត្រូវធានាពីសេរីភាពជាមូលដ្ឋាន ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ពួកគេឱ្យបានពេញលេញទៅតាមបទដ្ឋានអន្តរជាតិ។
លោកបន្ថែមថា៖«ខ្ញុំយល់ថាករណីនេះអាជ្ញាធរគាត់ធ្វើនេះដូចជាហួសព្រំដែន នៃសិទ្ធិ និងកាតព្វកិច្ច ភារកិច្ចរបស់អាជ្ញាធរហើយ។ ព្រោះបុគ្គលគ្រប់រូបត្រូវមានសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនមិនត្រូវបានរងការគំរាមកំហែងបំភិតបំភ័យណាមួយទេ។នេះបើមើលករណីមួយនេះ គ្រាន់តែពលរដ្ឋបញ្ចេញមតិត្រូវបានអាជ្ញាធរហៅមកព្រមាន ឬធ្វើកិច្ចសន្យានោះគឺវាពុំត្រឹមត្រូវនោះឡើយ»។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី មានប្រសាសន៍ថា ទង្វើរបស់អាជ្ញាធរស្រុកឆែបនេះ គឺជារូបភាពគំរាមកំហែងដល់ការចែករំលែកព័ត៌មានពីសហគមន៍មូលដ្ឋានទៅអ្នកសារព័ត៌មាន និងការស្វែងរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំឱ្យជួយដោះស្រាយចំពោះបញ្ហាដែលកើតមានឡើងនៅក្នុងសហគមន៍របស់ពួកគេ។
លោក ណុប វី បន្តថា សកម្មភាពនេះ វាបានប៉ះពាល់ដល់មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ដែលធានាអំពីសិទ្ធិ និងសេរីភាពរបស់ ប្រជាពលរដ្ឋ។ ហើយលោកបានទទូចដល់អាជ្ញាធរមូលដ្ឋានឱ្យផ្តល់តម្លៃដល់ភាពចម្រុះ នៃព័ត៌មានដែលពលរដ្ឋចែករំលែក ទោះទៅកាន់ស្ថាប័នព័ត៌មានណាមួយ។ លោកថា តួរនាទីរបស់អាជ្ញាធរគួរតែផ្តល់បន្ថែម នូវអ្វីដែលជាព័ត៌មានពាក់ព័ន្ធប្រសិនបើ ពិនិត្យឃើញថា ព័ត៌មានដែលពលរដ្ឋផ្តល់ទៅនោះ នៅមានការខ្វះខាត។
លោកបន្ថែមថា៖«ខ្ញុំគិតថាបញ្ហានេះមិនគួរកើតមានឡើងទេ ទោះបីជាចំពោះតែវិទ្យុអាស៊ីសេរីមួយក៏ដោយ។ អាជ្ញាធរមូលដ្ឋានគួរតែពង្រឹងការដោះស្រាយបញ្ហាជូនពលរដ្ឋវិញជាជាងការបិទខ្ទប់ព័ត៌មានដែលវាអាចនឹងធ្វើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលមិនបានទទួលដឹងពីបញ្ហាពលរដ្ឋដែលកើតមានឡើង ពិតប្រាកដនៅសហគមន៍មូលដ្ឋាន»។
មេប៉ុស្តិ៍នគរបាលឃុំសង្កែ លោក ជុំ សុឡាង មានប្រសាសន៍ថា ការធ្វើកិច្ចសន្យានេះ គឺជាគោលការណ៍របស់អាជ្ញាធរស្រុក ក្រោយឃើញលោក ហៀម គឹមហុង សរសេរបង្ហោះលើហ្វេសប៊ុករបស់ខ្លួន និងការផ្ដល់បទសម្ភាសន៍ឱ្យទៅសារព័ត៌មានវិទ្យុក្រៅស្រុកមួយដោយនិយាយមិនពិត។
លោក ជុំ សុឡាង បន្តថា លោក ហៀម បាននិយាយចោទប្រកាន់ក្រុមហ៊ុនមួយដែលខុសពីអ្វីដែលបានកើតឡើងក្នុងមូលដ្ឋាន។
លោកបន្ថែមថា ៖«រឿងនេះជារឿងរបស់ថ្នាក់លើ ខ្ញុំមិនអាចបកស្រាយអ្វីឲ្យបានច្រើនទេព្រោះការបកស្រាយច្រើនវាអាចខុសច្រើនដោយសារវាជាតួនាទីរបស់ថ្នាក់ស្រុកដែលជាអ្នកចេញគោលការណ៍មក»។
មាត្រា ៣១ និង ៤១នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សិទ្ធិពលរដ្ឋ និងបើកទូលាយឱ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិតាមគ្រប់រូភាព កុំឱ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ និងសន្តិសុខជាតិ៕
…………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ណូ រ៉េន