ជនជាតិដើមភាគតិចកួយចំនួន៤នាក់នៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានតុលាការខេត្តនេះ កោះហៅឱ្យឆ្លើយបំភ្លឺ ក្រោយពួកគេខ្លះបានចូលរួមជាមួយអ្នកភូមិរាប់សិបនាក់ទៀតតវ៉ាប្រឆាំងក្រុមហ៊ុនចិន«រូយហ្វេង»មិនឱ្យឈូសឆាយប៉ះពាល់លើដីស្រែចម្ការរបស់ពួកគាត់។
កាលពីអំឡុងខែមករា ឆ្នាំ២០២៤ អ្នកភូមិដែលជាជនជាតិដើមភាគតិចកួយរាប់សិបនាក់បានតវ៉ាប្រឆាំងគ្រឿងចក្ររបស់ក្រុមហ៊ុនចិន«រូយហ្វេង»ជាបន្តបន្ទាប់មិនឱ្យឈូសឆាយដីស្រែចម្ការរបស់ពួកគាត់។
បន្ទាប់មកនៅថ្ងៃទី៧ ខែកុម្ភៈឆ្នាំនេះ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារលោក ថុល គឹមហ៊ីង បានចេញដីកាកោះហៅពលរដ្ឋ៤នាក់ដែលជាជនជាតិដើមភាគតិចកួយឱ្យឆ្លើយបំភ្លឺនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមបទចោទ«រារាំងការអនុវត្តការងាររបស់ក្រុមហ៊ុន និងញុះញុងប្រជាពលរដ្ឋឱ្យចូលកាន់កាប់ប្រើប្រាស់ដីរដ្ឋដោយខុសច្បាប់» ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០២៤។
ក្នុងដីការចុះថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៤ បានឱ្យដឹងថា ពលរដ្ឋទាំង៤នាក់នោះរួមមាន លោក ពាន សុផា វ័យ៣១ឆ្នាំជាជនដើមភាគតិចកួយនៅភូមិប្រើសក្អក លោក រឹម ធឿយ វ័យ៤៥ឆ្នាំ ជាជនជាតិដើមភាគតិចកួយនៅភូមិបុះ លោក អៀម អោន វ័យ ៦៥ឆ្នាំ ជាជនជាតិដើមភាគតិចកួយនៅភូមិប្រើសក្អក និងលោក សឿន ថា វ័យ៣១ឆ្នាំ ជាជាតិដើមភាគកួយនៅភូមិប្រើសក្អក នៃឃុំម្លូរព្រៃពីរ។
លោក ពាន សុផាត បានបង្ហាញការខកចិត្តចំពោះការកោះហៅរបស់តុលាការខេត្តព្រះវិហារនេះ។ លោកថា លោកមិនបាន ញុះញង់ដូចការចោទឡើយ។
ជនជាតិដើមភាគតិចកួយរូបនេះបន្តថា ការដែលអ្នកភូមិទៅរារាំងគ្រឿងចក្រក្រុមហ៊ុនមិនឱ្យឈូសឆាយលើដីស្រែ និងដំណាំនោះ គឺជាសិទ្ធិរបស់ពួកគេ។ លោកថា ពួកគាត់រងភាពអយុត្តិធម៌ខ្លាំងណាស់ ដោយថា ក្រុមហ៊ុនដណ្តើមយកដីធ្លីរបស់អ្នកភូមិហើយ និងបានប្តឹងពួកគាត់ទៅតុលាការថែមទៀត។ លោកថា លោកនឹងចូលទៅបំភ្លឺតាមការកំណត់របស់តុលាការ។
លោកបន្ថែមថា៖«សម្រាប់ខ្ញុំៗអត់ភ័យ អត់ខ្លាចទេ។ ខ្ញុំអត់បានប្រព្រឹត្តិអីចឹងផង។ ខ្ញុំអត់បានញុះញង់បងប្អូនណាផង។ បងប្អូនគេទៅតាមសិទ្ធិរបស់គេតើ។ គេចង់បានដីដែលក្រុមហ៊ុនបំពានយក។ សម្រាប់ខ្ញុំឃើញបងប្អូន។ ខ្ញុំទៅចូលរួមដែរ ដោយសារខ្ញុំចង់បានដីខ្ញុំដែលក្រុមហ៊ុនលួចបំពានយក ។ ពួកខ្ញុំរៀបចំទៅថ្ងៃ២៧នេះហើយ មេធាវីពួកខ្ញុំពឹងពាក់រួចរាល់ហើយ»។
ពលរដ្ឋម្នាក់ទៀតលោក អៀម អោន បាននិយាយថា តំណាងក្រុមហ៊ុនចិនលោក ឈាង គង់នៅ ជាអ្នកប្តឹងពួកគាត់ទៅតុលាការ។ លោកថា មេការក្រុមហ៊ុនរូបនេះបានដាក់គ្រឿងឈូសឆាយប៉ះពាល់ដី ឬដំណាំពលរដ្ឋជាច្រើនដង និងធ្លាប់ប្រើកម្មករឱ្យប្រហិង្សាលើអ្នកភូមិទៀតផង។
លោកបន្ថែមថា៖« ឈាង គង់នៅ ហ្នឹងបញ្ជា [កម្មករក្រុមហ៊ុន] ឱ្យឈូសចោលដំណាំខ្ទេចខ្ទី យកអាត្រាក់ដេញជាន់[ពលរដ្ឋដែលទៅតវ៉ា]យកដំបងដេញវ៉ៃ[ពលរដ្ឋ]»។
ចំណែកលោក រឹម ធឿយ និយាយថា លោកកំពុងតែបារម្ភពីសុវត្ថិភាពក្រោយទទួលបានដីការពីតុលាការ។ លោកថា លោកមិនទៅចូលរួមរាំងគ្រឿងចក្រ និងញុះញង់ពលរដ្ឋចូលការចោទប្រកាន់ឡើយ។
លោក រឹម ធឿយ បានសំណូមពរដល់តុលាកាឱ្យទម្លាក់ចោលបទចោទមកលើរូបលោក និងផ្តល់ឱ្យលោកមានសេរីភាពឡើងវិញ។
លោកបន្ថែមថា៖« អយុត្តិធម៌សម្រាប់ខ្ញុំណាស់ ព្រោះថា ប្រជាពលរដ្ឋគេអ្នកបានចូលដីចិននោះ។ គេចូលដោយឯងៗ។ គេចង់បានផល់ប្រយោជន៍របស់គេតើ។ មកចោទថា ខ្ញុំអ្នកញុះញង់ឱ្យគេទៅកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ទៅវិញ។ ខ្ញុំសំណូមពរឱ្យតុលាកាគាត់លុបចោលបទចោទប្រកាន់របស់ខ្ញុំហ្នឹងចោល ឱ្យខ្ញុំមានសិទ្ធិសេរីភាពឡើងវិញ។ ពីព្រោះថាខ្ញុំមិនបានប្រព្រឹត្តិដូចដែលពាក្យចោទប្រកាន់របស់គេទេ»។
ជាតិដើមភាគតិចកួយម្នាក់ទៀតអ្នកស្រី ណាប់ ណឿន និយាយថា អាជ្ញាធរមូលដ្ឋានហាក់មិនយកចិត្តទុកដាក់ទុក្ខលើកង្វល់ និងការពារពលរដ្ឋនោះទេ។ អ្នកស្រីថា ពលរដ្ឋជាច្រើនគ្រួសារបានរងគ្រោះដោយសារការរំលោភបំពានដីធ្លីពីសំណាក់ក្រុមហ៊ុនចិន។
អ្នកស្រី ណាប់ ណឿន បន្តថា កន្លងភាគីក្រុមហ៊ុនបានរំលោភយកដីធ្លី និងពលរដ្ឋហិង្សាលើពលរដ្ឋ ពេលដែលក្រុមពលរដ្ឋប្តឹងគឺ អាជ្ញាធរមិនដែលបានចំណាត់ការលើទៅក្រុមហ៊ុនឡើយ ប៉ុន្តែបើភាគីក្រុមហ៊ុនប្តឹងពលរដ្ឋវិញ គឺមានចំណាត់ការលឿនមកលើពលរដ្ឋខ្លួនឯង។
អ្នកស្រីបន្ថែមថា៖« គេមិនរកយុត្តិធម៌ឱ្យយើងហ្នឹងទេ។ បើសិនថាខាងលោក ឈៀង គង់នៅ គាត់បែកក្បាលបែកខ្នងដូចប្រជាពលរដ្ឋនេះ ប្រហែលជាពួកខ្ញុំនៅមិនសុខទេ ប៉ុន្តែដោយសារអី ដោយសារតែប្រជាពលរដ្ឋបែកក្បាលហូរឈាមនេះ បែរជាគេៗនៅស្ងៀម មិនត្រឹមតែប៉ុណ្ណោះ មានដីកាចេញពីតុលាកាទៀត គេប្តឹងយើងទៀត»។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកឆ្លើយតបពីលោក ឈៀង គង់នៅ ដែលអ្នកភូមិអះអាងថា ជាមេការរបស់ក្រុមហ៊ុនចិន រ៉ូយហ្វេង បានទេពាក់ព័ន្ធរឿងនេះ។
មេឃុំម្លូព្រៃពីរលោក កាន់ សុវណ្ណគា មានប្រសាសន៍ថា ដីនៅតំបន់នេះក្រុមហ៊ុនបានអភិវឌ្ឍជាទម្រង់ស្បែកខ្លា។លោកថា ប្រសិនបើការអនុវត្តរបស់ក្រុមហ៊ុនប៉ះលើដីពលរដ្ឋដែលមានផ្លង់ គឺពលរដ្ឋត្រូវយកឯកសារមកដាក់នៅរដ្ឋបាលឃុំដើម្បីឱ្យឃុំជួយដោះស្រាយ។
អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត សង្កេតឃើញថា បច្ចុប្បន្នក្រុមហ៊ុន និងអ្នកមានលុយមានអំណាចតែងតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់សំពោធលើប្រជាពលរដ្ឋណាដែលមានជម្លោះដីធ្លីជាមួយពួកគេ។
លោក វណ្ណ សុផាត បន្តថា រដ្ឋាភិបាលជាពិសេសក្រសួងយុត្តិធម៌គួរពិនិត្យបញ្ហានេះឡើងវិញ ដើម្បីចៀសវាងការធ្វើទុក្ខបុកម្នេញលើពលរដ្ឋស្លូតត្រង និងបង្កឱ្យមានភាពអយុត្តិធម៌សង្គមធ្ងន់ធ្ងរ។
លោកបន្ថែមថា៖« មិនថាជនជាតិដើមភាគតិចឬក៏ប្រជាពលរដ្ឋខ្មែរយើងសាមញ្ញធម្មតាហ្នឹង ហើយដូចតែគ្នាហ្នឹងនៅពេលដែលមានទំនាស់ដីធ្លីជាមួយនិងក្រុមហ៊ុន ជាមួយនិងអ្នកមានអំណាចភាគច្រើនគាត់តែងតែទទួលរងពាក្យបណ្តឹង»។
កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនជាតិដើមភាគតិចប្រមាណ៧នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយប៉ះទង្វិចគ្នាជាកម្មកររបស់ក្រុមហ៊ុនចម្ការអំពៅរបស់ចិន ខណៈជនជាតិដើមភាគតិចចុះទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុននេះមិនឱ្យឈូសឆាយដីធ្លីរបស់ពួកគាត់។
គួររំលឹកថា ក្រុមហ៊ុន រូយ ហ្វេង គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនចំនួន៤ ផ្សេងទៀតរបស់ក្រុមហ៊ុនមេឈ្មោះ ក្រុមហ៊ុន ហេងហ្វូ ដែលទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតា (៤២០០០) តាំងពីឆ្នាំ២០១១ សម្រាប់វិនិយោគដាំអំពៅ និងកៅស៊ូ៕
……………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន