រាជរដ្ឋាភិបាលថ្មី ប្រកាសប្រើអភិបាលក្រមទី៥ ដែលជាអភិក្រមវះកាត់ ដោយបញ្ចប់តំណែងអភិបាលក្រុងកែបជាផ្លូវការ ដោយសំអាងថាការដកនេះ គឺមានមូលដ្ឋានច្បាស់នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
អនុក្រឹត្យមួយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដែលចេញដោយនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានសម្រេចបញ្ចប់តំណែងជាអភិបាលក្រុងកែប របស់លោក ខេង យ័ន ប៉ុន្តែក្នុងអនុក្រឹត្យនេះមិនបានបញ្ជាក់ពីមូលហេតុអ្វីនោះទេ។
យ៉ាងណា ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ បានសរសេរថា អភិក្រមទាំង៥ រួមមានឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។
លោក ហ៊ុន ម៉ាណែត អះអាងថា នៅថ្ងៃសុក្រនេះ លោកចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប លោក ខេង យ័ន ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ លោកថា ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
នាយករដ្ឋមន្ត្រីរូបនេះសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឱ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។
ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន។
កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក ខេង យ័ន អភិបាលក្រុងកែប និង នាយករដ្ឋបាលម្នាក់ទៀត ត្រូវបានមន្រ្ដីរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងបានឃាត់ភ្លាមៗ អំឡុងពេលពួកគេចេញពីប្រជុំ ប៉ុន្តែនៅព្រឡប់ថ្ងៃដដែលនោះពួកគេត្រូវបានដោះលែងទៅវិញ។
លោក ខេង យ័ន ត្រូវបានតែងតាំងចូលកាន់មុខតំណែងជាអភិបាលក្រុងកែប កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២៕