សាច់ញាតិទាមទារដោះលែងតំណាងសហគមន៍ភ្នំត្នោត២នាក់ឱ្យមានសេរីភាពឡើងវិញ ក្រោយសមត្ថកិច្ចខេត្តកំពតចាប់ខ្លួនពាក់ព័ន្ធរឿងបញ្ហាដីធ្លី ដោយថា ការចាប់ខ្លួននោះ ជារឿងមិនត្រឹមត្រូវ និងមានភាពអយុត្តិធម៌។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរស្រុកឈូក ខេត្ដកំពត បានចាប់ខ្លួនប្រធានសហគមន៍ភ្នំត្នោត លោក ម៉ែន និរាស្យ និងអនុប្រធានសហគមន៍លោក យឹម យន្ដ បញ្ជូនទៅតុលាការ ដោយចោទថា អ្នកទាំង២បានយកដីសហគមន៍ភ្នំត្នោតបែងចែកទៅឱ្យពលរដ្ឋ៨០គ្រួសារ។
លោក អ៊ុំ សំអាត អាយុ៥៣ឆ្នាំ រស់នៅភូមិព្រៃត្នោត ឃុំបឹងតារោង ស្រុកកំពត ត្រូវជាប្អូនប្រុសបង្កើតលោក ម៉ែន និរាស្យ បានច្រានចោលចំពោះការចោទប្រកាន់លើតំណាងសហគមន៍ទាំង២នាក់នោះ។ លោកថា បងប្រុសរបស់លោកមិនបានប្រព្រឹត្តខុសដូចការចោទរបស់អាជ្ញាធរនោះទេ ហើយថា ក៏គ្មានពលរដ្ឋណាម្នាក់ចូលទៅកាន់កាប់ ឬទៅរស់នៅលើដីរបស់សហគមមន៍នោះដែរ។
លោក អ៊ុំ សំអាត ឱ្យដឹងថា អាជ្ញាធរខេត្តកំពតបានកោះហៅតំណាងសហគមន៍៣នាក់មានលោក ម៉ែន និរាស្យ លោក យឹម យន្ដ និងលោក សឹម អៀត ឱ្យទៅជួបនៅសាលាស្រុកកំពត ដើម្បីសួរនាំរឿងគេចោទថា បានយកសហគមន៍ទៅបែងចែកឱ្យប្រជាពលរដ្ឋចំនួន៨០គ្រួសារ។ លោកថា ក្រោយសួរនាំរួចសមត្ថកិច្ចបានឃាត់ខ្លួនប្រធាន និងអនុប្រធានសហគមន៍ដើម្បីបញ្ជូនទៅតុលាការ និងបានដោះលែងលោក សឹម អៀត ឱ្យត្រឡប់មកផ្ទះវិញ ក្រោមហេតុផលអាយុច្រើន និងមានប្រពន្ធឈឺនៅផ្ទះ។
ពលរដ្ឋរូបនេះ បានទាមទារដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ដោះលែងតំណាងសហគមន៍ទាំង២នាក់នោះឱ្យមានសេរីភាពវិញ ដើម្បីផ្តល់យុត្តិធម៌ជូនពួកគេ។
លោកលើកឡើងថា៖ « និយាយទៅអ្នកដែលគេចោទគាត់ថាចែក[ដីឱ្យ]៨០គ្រួសារអត់មានហ្មង។ អតមាននរណាចូលទៅកាន់នៅទាំងអស់។ ដីហ្នឹងនៅទំនេរ អត់ទាន់មានពលរដ្ឋណាទៅនៅទេ។ ចឹងហើយបានខ្ញុំគិតថា វាអយុត្តិធម៌ ព្រោះថាការចោទប្រកាន់គាត់ថា ចែក [ដី]ឱ្យពលរដ្ឋ៨០គ្រួសារ ហើយនៅទីនោះ អត់មានពលរដ្ឋណាបានទទួលដីផង» ។
ភរិយារបស់លោក ម៉ែន និរាស្យ គឺអ្នកស្រី អ៊ុក សុខឿន អាយុ៤៩ឆ្នាំ នៅភូមិទួល ឃុំល្បើក ស្រុកឈូក និយាយថា ចាប់តាំងពីស្វាមីរបស់អ្នកស្រីជាប់ឆ្នោតជាប្រធានសហគមន៍ភ្នំត្នោតមក គឺបានធ្វើឱ្យសហគមន៍មួយនេះរីកចំរើនច្រើនជាងប្រធានសហគមន៍ចាស់។
អ្នកស្រី អ៊ុក សុខឿន បន្តថា ក្នុងតំណែងជាប្រធានសហគមន៍ថ្មី គឺស្វាមីរបស់អ្នកស្រីបានរកឃើញមានបុគ្គលមួយចំនួនបានគប់គិតគ្នាយកដីព្រៃសហគមន៍លក់ទៅឱ្យអ្នកផ្សេង ហើយប្ដីអ្នកស្រី បានសើរើរឿងទិញលក់ដីព្រៃសហគមន៍នេះឡើងវិញ។ អ្នកស្រីថា ក្រោយស្វាមីអ្នកស្រីរើរឿងនេះឡើងវិញ ក៏មានការចោទប្រកាន់ប្តីអ្នកស្រី និងបានចាប់ខ្លួនប្តីអ្នកស្រីទៅឃុំឃាំងយ៉ាងអយុត្តិធម៌ថែមទៀត។
អ្នកស្រី អ៊ុក សុខឿន អះអាងថា ការចាប់ខ្លួនតំណាងសហគមន៍២នាក់នោះ គឺមានជនមិនស្គាលមុខម្នាក់បានមកគំរាមប្តីមិនឱ្យសើររើរឿងទិញលក់ដីព្រៃសហគមន៍ភ្នំត្នោត ដោយថា ដីនេះមានអ្នកធ្វើការធំបានបែងចែកទៅទៅឱ្យអ្នកផ្សេងអស់ហើយ។
អ្នកស្រីបន្តថា ក្រោយមកទៀត ក៏មានអាជ្ញាធរនៅមូលដ្ឋានទៅបញ្ចុះបញ្ចូលឱ្យប្ដីអ្នកស្រីយល់ព្រមកាត់ឆ្វៀលដីព្រៃសហគមន៍ឱ្យទៅអ្នកដែលបានទិញកន្លងមកនោះផងដែរ ប៉ុន្តែប្ដីអ្នកស្រីមិនយល់ព្រមនោះឡើយ ដោយថា កាត់ឆ្វៀលដីព្រៃរបស់រដ្ឋមិនមែនជាសមត្ថកិច្ចរបស់ប្រធានសហគមន៍ គឺជាសមត្ថកិច្ចរបស់អាជ្ញាធរថ្នាក់ជាតិ។ មួយវិញទៀត គឺចង់រក្សាដីព្រៃសហគមន៍នេះឱ្យក្មេងជំនាន់ក្រោយបានស្គាល់។
អ្នកស្រីបន្ថែមថា៖ «សុំឱ្យជួយដោះលែងប្ដីខ្ញុំឱ្យឆាប់ៗនេះទៅ ព្រោះគ្រួសារខ្ញុំអត់ពីប្ដីទៅខ្ញុំឈឺអត់មានអ្នកណាមើលទេ។ ខ្ញុំក៏ឈឺ ឥឡូវយាយតាម៉ែឪក៏ឈឺដែរងើបពីកន្ទេរអត់រួចទេ។ ហើយខ្ញុំវិញលើសឈាមផងទឹកនោមផ្អែមផងសន្លាកផងពេលដែលគាត់ទៅ [ ជាប់ឃុំ ] ខ្ញុំនៅម្នាក់ឯងពិបាកខ្លាំងណាស់។ សូមឱ្យលោកជំទាវឯកឧត្ដមទាំងអស់ថ្នាក់ជាតិសូមជួយប្ដីខ្ញុំ ដោះលែងឱ្យឆាប់ៗមកកុំឱ្យនៅយូពេកខ្ញុំពិបាកខ្លាំងណាស់»។
អ្នកស្រី យឹម មុំ អាយុ៣៨ឆ្នាំ ជាកូនស្រីរបស់លោក យឹម យន្ដ ចាត់ទុកករណីសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ឪពុករបស់អ្នកស្រីនោះ គឺជារឿងមិនពិត និងជាការចោទប្រកាន់ទាំងបំពាន ដោយថា ឪពុករបស់អ្នកស្រីមានតែការពារដីព្រៃសហគមន៍កុំឱ្យមានការរំលោភបំពាន់តែប៉ុណ្ណោះ។
អ្នកស្រី យឹម មុំ បន្តថា កន្លងមកមានជនខិលខូចទៅរំលោភបំពានយកដីព្រៃសហគមន៍ភ្នំត្នោតយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ប៉ុន្តែឪពុករបស់អ្នកស្រី និងសមាជិកសហគមន៍នាំគ្នារារាំង ដោយបានបោះបង្គោលព្រំដី និងជីប្រឡាយដើម្បីធ្វើព្រំដីសហគមន៍ដើម្បីការពារពីការរំលោភយកផងដែរ។
ពលរដ្ឋរូបនេះ បានទាមទារឱ្យអាជ្ញាធរខេត្តកំពតបង្ហាញមុខពលរដ្ឋណាដែលទទួលបានដីពីប្រធាន និងអនុប្រធានសហគមន៍ភ្នំត្នោត ដើម្បីរកឱ្យឃើញថា អ្នកណាជាអ្នកធ្វើបែងចែកឱ្យប្រាកដ។
អ្នកស្រីលើកឡើងថា៖ « អយុត្តិធម៌ចំពោះគាត់ណាស់ព្រោះប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងគុយឃុំល្បើកស្រុកឈូកនេះអត់មានអ្នកណាបានដីថាឈ្មោះហ្នឹងចែកផងអយុត្តិធម៌ចំពោះគាត់ណាស់។ អាជ្ញាធរភូមិឃុំគាត់មកហៅឪខ្ញុំទៅអត់មានដីការកោះហៅអត់មានលិខិតអញ្ជើញគាត់ ដល់ចាប់ខ្លួនគាត់ទៅហើយបានមានដីការឃាត់ខ្លួនតាមក្រោយ » ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបបញ្ហានេះពីអភិបាលខេត្ដកំពត លោក ម៉ៅ ធនិន បានទេដោយទូរសព្ទចូលតែគ្មានអ្នកទទួល ។
ស្នងការនគបាលខេត្ដកំពត លោក ម៉ៅ ច័ន្ទមធុររិទ្ធិ បដិសេធមិនឆ្លើយតបនិងរឿងនេះ ដោយលោករុញឱ្យពលរដ្ឋអ្នកសារព័ត៌មានទៅសួរខាងមេព្រៃវិញ។
លោកលើកឡើងថា៖ « ករណីហ្នឹងបងសួរទៅខាងមេព្រៃ មេព្រៃគេជាអ្នកធ្វើការគ្រាន់តែគេផ្ញើនៅនឹងខ្ញុំទេ » ។
នៅថ្ងៃនេះពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីមេព្រៃនៅក្នុងស្រុកឈូកបានទេ ។
អ្នកសម្របសម្រួផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត ប្រសាសន៍ថា តំណាងសហគមន៍ភ្នំត្នោត គឺជាគោលដៅមួយដែលងាយរងគ្រោះ និងរងការចោទប្រកាន់នានា ប្រសិនបើពួកគេធ្វើសកម្មភាពលិចធ្លោក្នុងការការពារដីព្រៃសហគមន៍របស់ពួកគេ។
មន្រ្ដីការពារសិទ្ធិមនុស្សរូបនេះ ចង់ឃើញអាជ្ញាធរពាក់ព័ន្ធទាំងអស់ និងតុលាការនៅមុនពេលដាក់ពាក្យបណ្ដឹង ឬចាប់ខ្លួនពលរដ្ឋណាម្នាក់យកមកផ្ដន់ទាទោស គឺត្រូវធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងមានតម្លាភាព ហើយថា បើការចាប់ខ្លួនពលរដ្ឋណាម្នាក់មិនមានការស៊ើបអង្កេតឱ្យបានត្រឹមត្រូវជាមុននោះទេ បានន័យថា ការចាប់ខ្លួននោះ វាជាការបង្រ្គាប។
លោកលើកឡើងថា៖« ការដែលធ្វើអញ្ចឹង វាអយុត្តិធម៌សម្រាប់គាត់ ដោយសារតែពុំទាន់មានការស៊ើបអង្កេតឱ្យឱ្យច្បាស់លាស់។ ហើយការចាប់ខ្លួនគាត់ដោយមានការចោទប្រកាន់។ គ្រាន់តែមានការចោទប្រកាន់ដល់ពេលប្រជាពលរដ្ឋគាត់រកឃើញអំពីតម្លាភាព រកឃើញពីការពិតថា មិនមានប៉ះពាល់ដល់ការបំផ្លិចបំផ្លាញ់ដីសហគមន៍ហើយចេះតែចោទគាត់ចាប់គាត់ដាក់ពន្ធធនាគារដាក់ឃុំ ឃើញថា វាជាអំពើអយុត្តិធម៌មួយសម្រាប់គាត់ » ។
សហគមន៍ព្រៃឈើភ្នំត្នោ មានផ្ទៃដី៤៥៨ហិតា បានបង្កើតឡើងនៅ២០០៥មានការទទួលស្គាល់ពីក្រសួងកសិកម្ម និងអាជ្ញាធរខេត្ដកំពត ព្រៃសហគមន៍៍នេះស្ថិនៅក្នុងភូមិចំនួន៣រួមមាន ភូមិទួល ភូមិត្រពាំងគុយ និងភូមិត្រពាំងគគីរ នៃឃុំល្បើក ស្រុកឈូក ខេត្ដកំពត ៕
…………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វត្ថា