មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បំភ្លឺជុំវិញការឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅនាពេលថ្មីៗនេះ ក្រោយមានការចុះផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន ដែលថា ការឈូសឆាយនោះ នឹងធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើ និងសត្វព្រៃនៅតំបន់ភ្នំតាម៉ៅ។
ប្រធានឧទ្យានសួនសត្វភ្នំតាម៉ៅលោក ញឹក រតនៈពេជ្រ បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានដែលចុះសម្ភាសន៍ដល់កន្លែងឈូលឆាយនៅថ្ងៃទី១១ ខែធ្នូនេះថា សកម្មភាពឈូសឆាយព្រៃឈើនៅជាប់ដីព្រៃសួនសត្វភ្នំតាម៉ៅនោះ គឺដើម្បីផ្លូវភ្លើងតែប៉ុណ្ណោះ ដោយសារតំបន់នេះធ្លាប់មានភ្លើងឆេះព្រៃ។ លោកថា ការឈូសឆាយនេះ មិនធ្វើឱ្យប៉ះពាល់ដល់សត្វ និងព្រៃឈើនៅតំបន់នោះឡើយ។
លោក ញឹក រតនៈពេជ្រ បន្តថា ការឈូសឆាយព្រៃឈើធ្វើផ្លូវនេះគឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ និងការពារភ្លើងឆេះក្នុងរដូវប្រាំងផងដែរ។
លោកបញ្ជាក់បែបនេះ៖«ផ្លូវដែលឈូសនេះមានផ្លូវស្រេចហើយ បើឈូសលើផ្លូវថ្មីក៏មិនមែនដែរ។ ឈូសប៉ុណ្ណឹងធ្វើផ្លូវភ្លើងការពារសត្វ។ បើប៉ះពាល់សត្វទៀត។ ខ្ញុំមិនដឹងបច្ចេកទេសត្រង់ណាទេ។ បើយើងគ្រប់គ្រងព្រៃត្រូវមានផ្លូវភ្លើង ដើម្បីការពារព្រៃដូចការពារផ្ទះយើងដែរ»។
ចំណែកអ្នកនំាពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ដែលចុះពិនិត្យផ្ទាល់លើកឡើងថា ផ្លូវដែលកំពុងឈូសឆាយនេះ មិនស្ថិតក្នុងដីឧទ្យាសួនសត្វភ្នំតាម៉ៅទេ គឺស្ថិតនៅជាប់ព្រំប្រទល់រវាងឧទ្យាសួនសត្វភ្នំតាម៉ៅនិងដីរបស់ឯកជន។ មួយទៀតនោះកញ្ញាថា ការឈូសឆាយធ្វើផ្លូវនេះ គឺដើម្បីបង្ការភ្លើងឆេះព្រៃដែលធ្លាប់កើតមានកន្លងមក ដែលកញ្ញថា មិនធ្វើឱ្យប៉ះពាល់អ្វីឡើយ។
កញ្ញាថា៖«ការឈូសឆាយនេះមិនត្រឹមតែបង្ការភ្លើងឆេះព្រៃទេ វាក៏អាចផ្ដល់នូវមធ្យោបាយសម្រាប់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ផង»។
កាលពីសប្តាហ៍មុននេះមានការចុះផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានក្រៅស្រុកអំពីការព្រួយបារម្ភពីផលប៉ះពាល់ព្រៃឈើ និងសត្វព្រៃនៅតំបន់ភ្នំតាម៉ៅ ក្រោយអាជ្ញាធរធ្វើសកម្មភាពឈូសឆាយដីព្រៃនៅក្នុងតំបន់នេះដើម្បីធ្វើផ្លូវភ្លើង។
ផ្ទៃដីព្រៃភ្នំតាម៉ៅ ទំហំជិត៦០០ហិកតា ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ត្រូវបានកាប់បំផ្លាញ និងឈូសឆាយ គិតចាប់តាំងពីចុងខែកក្កដា រហូតដល់ដើមខែសីហាឆ្នាំ២០២២ បន្ទាប់ពីតំបន់នេះត្រូវបានរដ្ឋាភិបាលប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនមួយចំនួនធ្វើការអភិវឌ្ឍន៍ ដោយក្នុងនោះ ក្រុមហ៊ុនចំនួន២ដែលត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិលោក ឡេង ណាវ៉ាត្រា និងលោក ឃុន សៀ។
ប៉ុន្តែគម្រោងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានចេញបទបញ្ជាភ្លាមៗឱ្យលុបចោលទាំងអស់ ដោយរក្សាទុកតំបន់ភ្នំតាម៉ៅឱ្យនៅដដែល ក្រោយមានប្រតិកម្មពីមហាជនយ៉ាងច្រើន ហើយលោកក៏បានបញ្ជាឱ្យក្រុមឈូសឆាយទទួលខុសត្រូវក្នុងការដាំដើមឈើឡើងវិញផងដែរ៕
………………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា បូ សុភា