មន្ត្រីសហជីពបានចោទទៅកាន់ភាគីថៅកែរោងចក្រ សិនតៃ មេហ្គាមេន (ខេមបូឌា)ខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd)ដែលស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថារំលោភសិទ្ធិកម្មករ និងច្បាប់ស្តីពីការងារ។
លោក កឹម សុភេន ប្រធានសហជីពស្មារតីខ្មែរប្រចាំរោងចក្រ សិនតៃ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ថៅកែរោងចក្រនេះបានអនុវត្តការងារផ្ទុយ និងមិនគោរពតាមការណែនាំរបស់ក្រសួងការងារ ជាពិសេសប្រសាសន៍ប្រមុខរដ្ឋាភិបាលដែលបានជំរុញដល់បណ្តារោងចក្រទាំងអស់យកចិត្ដទុកដាក់ខ្ពស់ទៅលើសុខភាពស្រ្ដីដែលមានផ្ទៃពោះ ដើម្បីកុំឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារទាំងពេលកំពុងនៅក្នុងផ្ទៃម្ដាយ និងក្រោយពេលសម្រាល។
ប្រធានសហជីពរូបនេះ អះអាងថា ស្ត្រីមានផ្ទៃពោះម្នាក់បម្រើការងារនៅរោងចក្រ សិនតៃ ត្រូវបានថ្នាក់ដឹកនាំរោងចក្រនេះ ផ្លាស់ប្តូរការងារឱ្យការងារខុសជំនាញពីកន្លែងមួយទៅកន្លែងដូចកម្មករធម្មតាដែលអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍សុខភាពម្ដាយ និងកូននៅក្នុងផ្ទៃ ។
លោក កឹម សុភេន បន្តទៀតថា ថៅកែរោងចក្រ សិនតៃ បានឱ្យកម្មការិនីមានផ្ទៃពោះ ប្រើកម្លាំងដូចកម្មករធម្មតានិងបានស្តីបន្ទោស ឬហៅទៅព្រមានទៀត ខណៈសេចក្តីណែនាំរបស់ក្រសួងការងារហាមមិនឱ្យស្ត្រីមានផ្ទៃពោះធ្វើការងារប្រើកម្លាំងច្រើនដូចកម្មករធម្មតានោះទេ។
លោកលើកឡើងថា៖«ប្រមុខរាជរដ្ឋាភិបាលក៏ដូចក្រសួងការងារគាត់កំពុងយកចិត្ដទុកដាក់ខ្ពស់ខ្លាំងមែនទែនសម្រាប់ស្រ្ដីមានផ្ទៃពោះ ប៉ុន្តែផ្ទុយទៅវិញការអនុវត្តជាក់ស្ដែងនៅតាមរោងចក្រ គឺគាត់អត់បានគោរពទៅតាមអនុសាររបស់ប្រមុខរដ្ឋាភិបាលក៏ដូចជាច្បាប់ស្ដីពីការងារទេ»។
ប្រធានសហជីពរូបនេះឱ្យដឹងទៀតថា មួយរយៈចុះងក្រោយនេះថៅកែរោងចក្របានបញ្ឈប់កម្មករពីការងារជាបន្តបន្ទាប់ទាំងដែលកម្មករទាំងនោះមិនបានប្រព្រឹត្តខុស ហើយមួយទៀតនោះ ថៅកែរោងចក្រនេះ បានរំលោភបំពានមកលើកម្មករ និងសហជីពថែមទៀត។ លោកស្នើដល់ រដ្ឋមន្ដ្រីក្រសួងការងារថ្មី គឺលោក ហេង សួរ ពិនិត្យមើលឡើងវិញចំពោះការអនុវត្តច្បាប់របស់ថៅកែរោងចក្រនេះ។
កម្មការិនីអ្នកស្រី អ៊ូ ចរិយា និយាយថា អ្នកស្រីមានផ្ទៃពោះ៧ខែ។ អ្នកស្រីថា ការបំពេញការងាររាល់ថ្ងៃនេះ គឺរងការរើសអើងពីថ្នាក់ដឹកនាំរោងចក្រ ដោយថា ថៅកែផ្លាល់ប្តូរឱ្យអ្នកស្រីធ្វើការងារខុសជំនាញជាបន្តបន្ទាប់ខណៈការងារខ្លះត្រូវឈរពេញមួយថ្ងៃ
ស្ត្រីវ័យ៣៤ឆ្នាំរូបនេះបន្តថា ការផ្លាស់ប្តូរការងារធ្វើបានធ្វើឱ្យអ្នកស្រីបំពេញការងារមិនបានល្អ ហត់ហេវ មួម៉ៅ និងត្រូវបានផ្នែករដ្ឋបាលទៅស្តីបន្ទោសជាបន្តបន្ទាប់ថែមទៀត។
អ្នកស្រីលើកឡើងថា៖ « ប៉ះពាល់ត្រង់ថា កន្លែង [ការងារ] ណាយើងចេះទៅ គេមិនចាំបាច់ប្រាប់យើងច្រើនទេ។ យើងធ្វើកើតកន្លែង [ការងារ] យើងមិនសូវចេះចឹងទៅ គេប្រាប់ទៅយើងធ្វើបានគ្រាន់តែវាយឺត ហើយគេមិនសូវពេញចិត្ដយើងធ្វើការយឺតឱ្យគេ។ ពេលខ្លះគេនិយាយថា បើធ្វើការ [ យឺត]ចឹងដដែលដាក់ច្បាប់ [ឈប់ ] ទៅដេកផ្ទះដេកអីទៅ » ។
កម្មការិនីម្នាក់ទៀតអ្នកស្រី អ៊ុំ សុភាព វ័យ៣៩ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបម្រើការងារនៅរោងចក្រ សិនតៃ រយៈពេល១០ឆ្នាំមកហើយ។ អ្នកស្រីថា ថ្មីៗនេះ អ្នកស្រីត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយមានជម្លោះពាក្យសម្តីបន្តិចបន្ទួចជាកម្មការីម្នាក់ទៀត។
អ្នកស្រីលើកឡើងថា៖«ខ្ញុំបានដេរដល់ម៉ោងមួយ គាត់ [រដ្ឋបាល] ហៅខ្ញុំចូលអូហ្វីសម្ដងទៀត ហើយគាត់និយាយថា ពួកបងអត់មានអីនិយាយច្រើនទេ ចូលមាត្រាទី៨៣ មាត្រាទី៨៣ ត្រូវបញ្ឈប់ពីការងារ។ ខ្ញុំអត់មាននិយាយអីច្រើនដែរ។ ខ្ញុំទៅក្រសួង ដើម្បីឱ្យក្រសួងជួយឱ្យខ្ញុំបានចូលធ្វើការវិញ តែខាងក្រសួងគាត់ឱ្យខ្ញុំរង់ចាំ១៨ថ្ងៃសិន » ។
ពលរដ្ឋអ្នកសាព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកស្រី អ៊ួន សុធា ប្រធានរដ្ឋបាលរោងចក្រសិនតៃហ្គាមេន បានទេនៅថ្ងៃនេះដោយទូរសព្ទចូលតែគ្មានអ្នកទទួល ។
អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌តាមតេលេក្រាមថា ករណីក្រុមហ៊ុនបញ្ឈប់កម្មការិនីខាងនាយកដ្ឋានដោះស្រាយវិវាទ បានសម្របសម្រួលដោះស្រាយរួចរាល់ហើយ និងពុំមានបញ្ហាធ្ងន់ធ្ងរទេ គឺភាគីទាំង២យល់ព្រមសម្របសម្រួលបញ្ចប់វិវាទរួចហើយ។
លោកលើកឡើងថា៖ « ចំពោះករណីនារីមានផ្ទៃពោះ ក្រសួងបានពង្រឹង និងនែនាំដល់និយោជកអនុវត្តបានល្អតាមច្បាប់ការងារ និងផ្តល់អត្ថប្រយោជន៍ដូចជា មិនអាចផ្លាស់ប្តូរ ឬបញ្ឈប់ការងារ អនុញ្ញាតឱ្យអ្នកមានផ្ទៃពោះចេញមុនម៉ោង១៥នាទី ពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាល ១០លើក ដែលមួយលើកៗទទួលបានប្រាក់ឧបត្ថម្ភ ៨ ០០០០ រៀល និងសម្រាកមាតុភាព ៩០ ថ្ងៃដោយទទួលបានប្រាក់១២០% » ។
រោងចក្រសិនតៃមេហ្គាមេនមានថៅកែជាជនជាតិចិនផលិតសម្លៀកបំពាក់រាល់ថ្ងៃមានកម្មករកំពុងបម្រើការងារជាង១៤០០នាក់៕
……………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា