ជនជាតិដើមភាគតិចពូនង៥នាក់ ដែលសកម្មក្នុងការការពារដីសមូហភាពនិងព្រៃឈើនៅខេត្ដមណ្ឌលគិរី ស្នើឱ្យតុលាការសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ ទម្លាក់បទចោទ«ប៉ះពាល់កម្មសិទ្ធិឯកជន និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»តាមបណ្ដឹងរបស់ឈ្មួញទិញលក់ដី។
អ្នកស្រី ផ្លឹក ភីរុំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា អ្នកស្រីនិងពលរដ្ឋ៤នាក់ផ្សេងទៀត ស្នើឱ្យសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំទម្លាក់ចោលបទចោទ «ប៉ះពាល់កម្មសិទ្ធិឯកជន និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» តាមបណ្ដឹងរបស់ឈ្មួញរកស៊ីទិញលក់ដីនិងដើរចាប់យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ អ្នកស្រីថា ការកាត់ក្ដីរបស់សាលាដំបូងខេត្ដមណ្ឌលគិរី មិនមានយុត្តិធម៌សម្រាប់អ្នកស្រី ដោយគ្រាន់តែអ្នកស្រីនិងពលរដ្ឋផ្សេងទៀតនាំគ្នាការពារដី ព្រៃ ភ្នំរបស់រដ្ឋតែត្រូវរងបណ្ដឹងពីក្រុមឈ្មួញទាំងនោះទៅវិញ។ មួយវិញទៀតអ្នកស្រីចង់ឱ្យតុលាការផ្ដន្ទាទោសអ្នកដែលបានរំលោភយកដីសាធារណៈរបស់រដ្ឋយកមកធ្វើជាសម្បត្តិឯកជន ដោយមិនត្រូវដាក់ទោសលើអ្នកដែលខំការពារទ្រព្យសម្បត្តិរបស់រដ្ឋនោះទេ។
អ្នកស្រីលើកឡើងថា៖ « យើងជាអ្នកការពារធនធានធម្មជាតិទាំងអស់ហ្នឹងមិនគួរចោទប្រកាន់យើងជាជនជាតិដើមភាគតិចដែលកំពុងតែការពារដីសាធារណៈរបស់រដ្ឋ។ ឈប់ចោទប្រកាន់ពួកយើងទៅទម្លាក់បទចោទហ្នឹងទៅ។ តុលាការគួរតែស៊ើបអង្កេតទៅតទៅមុខទៀតដើម្បីដាក់ទោសដាក់ទណ្ឌកម្មទៅលើជនដែលប្រព្រឹត្តបទល្មើសកាប់រានដីព្រៃសាធារណៈរបស់រដ្ឋដាក់ពន្ធធនាគារអីខ្លះទៅ » ។
លោក សំ សុគង់ មេធាវីការពារក្ដីឱ្យជនជាតិភាគតិចពូនងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកមិនអាចឆ្លើយបានភ្លាមៗនោះទេ ចំពោះការស្នើសុំរបស់កូនក្ដីឱ្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ទម្លាក់បទចោទនេះដោយសំអាងថាលោកនៅមិនទាន់ដឹងថាកាលពីថ្ងៃទី២៣ ខែតុលា តុលាការសាលាឧទ្ធរណ៍បើកសាវនាការឬលើកពេលនោះទេ។
លោកអះអាងថា សូម្បីតែខ្លួនលោកដែលជាមេធាវីការពារក្ដីឱ្យពលរដ្ឋក៏មិនទទួលលិខិតអញ្ជើញពីសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំដែរ ទាំងខ្លួនលោកផ្ទាល់និងកូនក្ដីសុទ្ធតែមិនបានទៅចូលរួមសាវនាការដោយផ្ទាល់ដូចគ្នា ។
លោកលើកឡើងថា៖ « មកដល់ពេលនេះយើងអត់ទាន់បានព័ត៌មានពីតុលាការថាតើគេសាវនាការឬមិនមានសាវការយើងអត់បានទៅជួបតុលាការចឹងយើងអត់ទាន់ថាមិចបានទេចាំមើលក្នុងសប្ដាហ៍ននេះខ្ញុំទៅតុលាការសួរព័ត៌មានថាតើមានសានាការឬអត់កាលពីថ្ងៃទី២៣ » ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំលោក ទុំ សោភ័ណ បាននោះទេនៅថ្ងៃទី១ ខែវិច្ឆិកា។
អ្នកសម្របសម្រួលផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា នៅក្នុងច្បាប់របស់កម្ពុជា បានចែងថាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមការពារថែរក្សាអភិរក្សធនធានធម្មជាតិជាពិសេសដីព្រៃដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
លោកមើលឃើញថា សកម្មជនដីធ្លី និងបរិស្ថានតែងតែរងការគំរាមកំហែងតាមរយៈអំពើហិង្សាឬតាមប្រព័ន្ធតុលាការដើម្បីបំបាក់ស្មារតីទៅពួកគេ។
លោកថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបច្ចុប្បន្នមានប្រសិទ្ធភាពបំផុតក្នុងការបង្គ្រាបនិងបំបាក់ស្មារតីដល់ប្រជាពលរដ្ឋ ជាពិសេសសកម្មជនអ្នកការពារធនធានធម្មជាតិ ការពារបរិស្ថានដូចជាអ្នកស្រី ផ្លឹក ភីរុំ ជាដើម។
លោកលើកឡើងថា៖ « ខ្ញុំយល់ថាតុលាការគួរតែផ្ដល់យុត្តិធម៌ឱ្យគាត់ ហើយតុលាការគួរពិចារណាឡើងវិញដើម្បីចូលរួមលើកកម្ពស់ការពារបរិស្ថាននិងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋធនធានរបស់យើង តែមិនគួរចូលរួមក្នុងការបំបាក់ស្មារតីសកម្មជនដែលការពារបរិស្ថានឬធនធានធម្មជាតិ។ សរុបសេចក្ដីមកវិញខ្ញុំសង្ឃឹមទៅក្រសួងយុត្តិធម៌ឬមួយក្រសួងបរិស្ថានក្រសួងកសិកម្ម ពិសេសរាជរដ្ឋាភិបាលថ្មីលោកហ្នឹងពិនិត្យមើលឡើងវិញអំពីករណីអ្នកស្រី ផ្លឹក ភីរុំ ដូចជាសកម្មជនដ៏ទៃទៀតជៀសវាងដាក់សម្ពាធទៅលើគាត់ហាក់បីដូចចូលរួមបង្ហិនបង្ហោចចូលរួមបំផ្លាញធនធានធម្មជាតិរបស់ស្រុងយើង» ។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ជនជាតិដើមភាគតិចពូនងចំនួន៥នាក់ទទួលបានដីកាកោះហៅឱ្យចូលរួមសវនាការនៅសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែតុលា ហើយពលរដ្ឋទាំង៥នាក់ និងមេធាវីការពារក្ដីឱ្យពលរដ្ឋទាំងនោះ មិនបានទៅចូលរួមសវនាការនោះទេ ដោយសំអាងថា ការទទួលបានដីកាកោះហៅមានរយៈពេលខ្លីគឺនៅមុនថ្ងៃបើសវនាការតែមួយថ្ងៃប៉ុណ្ណោះ៕
………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា