ពលរដ្ឋបានឱ្យដឹងថា សាលាឧទ្ធរណ៍តំបន់ព្រះសីហនុបានសម្រេចដោះលែងតំណាងពលរដ្ឋមានជម្លោះដីធ្លី២នាក់នៅស្រុកស្រែអំបិល ខេត្តកោះកុង ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយសវនាការនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ ខណៈអ្នកភូមិជិត២០០នាក់បានប្រមូលផ្តុំមុខតុលាការ ដើម្បីទាមទារដោះលែងតំណាងទាំង២នាក់នោះដោយឥតលក្ខខណ្ឌ។
អ្នកស្រី ដេត ហួរ តំណាងពលរដ្ឋសហគមន៍១៩៧នៅឃុំជីខលើ ដែលចូលប្រមូលផ្តុំមុខសាលាឧទ្ធរណ៍ព្រះសីហនុនៅព្រឹកថ្ងៃទី៥ ខែតុលា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា តំណាងពលរដ្ឋ២នាក់ គឺអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានសាលាដំបូងខេត្តកោះកុងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១ឆ្នាំ និងរួមគ្នាសងសំណង ៤០លានរៀលដល់ដើមបណ្តឹង ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណ: និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីសមត្ថកិច្ចចាប់ខ្លួនជាមួយតំណាងពលរដ្ឋ៧នាក់ផ្សេងទៀត នៅទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពេលពួកគេព្យាយាមឡើងមករាជធានីភ្នំពេញដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ។
តំណាងពលរដ្ឋរូបនេះឱ្យដឹងថា ក្រោយពីតុលាការខេត្តកោះកុងកាត់ក្តីមានភាពអយុត្តិធម៌ គឺតំណាងពលរដ្ឋទាំង២នាក់បានពឹងពាក់មេធាវីប្តឹងជំទាស់ការសម្រេចរបស់តុលាការខេត្តកោះកុងទៅសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ដើម្បីស្វែងរកយុត្តិធម៌។ អ្នកស្រីថា សាលាឧទ្ធរណ៍តំបន់ព្រះសីហនុបានបើសវនាការសំណុំនេះនៅថ្ងៃទី៥ ខែឧសភានេះ និងប្រកាសសាលដីកាភ្លាមៗដោយសម្រេចឱ្យអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន បាននៅក្រៅឃុំបណ្តោះអាសន្ន។
អ្នកស្រី ដេត ហួរ បន្តថា រូបអ្នកស្រី និងពលរដ្ឋផ្សេងទៀតបានសាទរចំពោះការសម្រេចរបស់សាលាឧទ្ទរណ៍នេះ ដោយថា តំណាងពលរដ្ឋទាំង២នាក់នោះ ពុំមានកំហុសអ្វីនោះឡើយ។
អ្នកស្រីបន្ថែមថា៖« ពួកគាត់ជាមនុស្សល្អ ហើយគាត់ជាអ្នកការពារដីរដ្ឋ និងគាត់ក៏ជាជនធ្លាប់រងគ្រោះដីធ្លីផងដែរ ហើយគាត់តែងតែជួយដល់បងប្អូនប្រជាពលរដ្ឋអត់មានដីធ្លីសម្រាប់បង្កបង្កើនផល។ អីចឹងយើងខ្ញុំទាំងអស់គ្នាមើលឃើញថា ពួកគាត់មនុស្សដែលតែងតែនិយាយពីការពិត និងជាជនគម្រូផងដែរ»។
អ្នកស្រី យី គន្ធា តំណាងប្រជាពលរដ្ឋនៅសហគមន៍ជីខ ក្រោមឱ្យដឹងថា សាលាឧទ្ទរណ៍សម្រេចឱ្យអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន នៅក្រៅឃុំបណ្តោះអាសន្ន ក្រោយហេតុផលមានទីលំនៅអចិន្ត្រៃយ៍ មានជំងឺប្រចាំកាយដែលចាំបាច់ត្រូវព្យាបាល ហើយជាស្ត្រីមេម៉ាយ ដែលត្រូវមើលថែកូនៗនៅតូច ប៉ុន្តែត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួននៃការត្រួតពិនិត្យតាមផ្លូវតុលាការ។
យ៉ាងណាតំណាងពលរដ្ឋរូបនេះ បានអំពាវនាវដល់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ និងសាលាដំបូងខេត្តកោះកុង ត្រូវទម្លាក់ចោលលើតំណាងពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុងទាំងដោយឥតលក្ខខណ្ឌ ដោយថា តំណាងពលរដ្ឋទាំងនោះពុំមានកំហុសអ្វីនោះទេ ដោយពួកគេ គ្រាន់តែទាមទារសិទ្ធិលំនៅឋាន និងដីធ្លីតែប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា៖«ខ្ញុំសូមអំពាវនាវដល់សម្តេច ហ៊ុន ម៉ាណែត ឱ្យសម្តេចអន្តរាគមន៍ទៅតុលាការខេត្តកោះកុង និងសាលាឧទ្ធរណ៍ព្រះសីហនុទម្លាក់ចោលបទលើពួកខ្ញុំទាំងអស់គ្នាដែលជាប្រជាពលរដ្ឋរងគ្រោះដីធ្លីឱ្យមានសិទ្ធិសេរីភាពដូចប្រជាជនផ្សេងទៀត និងបានជួបជុំគ្រួសារ និងមិនជាប់បណ្តឹងនៅប្រព័ន្ធតុលាការតទៅទៀត»។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ព្រះសីហនុបានទេពាក់ព័ន្ធរឿងនេះ។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន បានសាទរចំពោះការដោះលែងតំណាងពលរដ្ឋ២នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ហើយលោកក៏ទទួចដល់តុលាការឱ្យទម្លាក់រាល់បទចោទទាំងអស់លើសកម្មជនដីធ្លីនៅខេត្តកោះកុងនេះផងដែរ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានឱ្យដឹងថា ក្នុងខេត្តកោះកុងពលរដ្ឋមានជម្លោះដីធ្លីច្រើនជាងគេ គឺនៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ដោយមានពលរដ្ឋជាប់បណ្តឹងនៅតុលាការជាង១០នាក់នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរក៏មានអ្នកជាប់បណ្តឹងច្រើននាក់ផ្សេងទៀតដែរ។
លោកបន្ថែមថា៖«ហើយជាចំណាត់ការតុលាការគួរតែពិចារណាក្នុងការទម្លាក់ចោលការចោទប្រកាន់ទៅលើពួកគាត់ទៅ ព្រោះថាវាជាករណីទំនាស់រវាងប្រជាពលរដ្ឋនឹងប្រជាពលរដ្ឋ។ បើយើងយកបទលើ្មសញុះញង់មកដាក់វាធ្វើឱ្យប៉ះពាល់ពួកគាត់ទាំងពីរនាក់ដែលបានជាប់ពន្ធនាគាររយៈពេលជិត៣ខែមកនេះ»។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចខេត្តកោះកុងបានចាប់ពលរដ្ឋមានជម្លោះដីធ្លីចំនួន ៩នាក់ និងក្រោយមកបានបញ្ជូនទៅតុលាការខេត្តកោះកុង អំឡុងពេលពលរដ្ឋទាំងនោះជិះឡានមកដាក់ញត្តិនៅក្រសួងយុត្តិធម៌នៅរាជធានីភ្នំពេញ។
ប៉ុន្តែតុលាការមួយនេះ បានដោះលែងពលរដ្ឋ៧នាក់ឱ្យនៅក្រៅបណ្តោះអាសន្ននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ខណៈតំណាងពលរដ្ឋ២នាក់ គឺអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបន្តជាប់ឃុំខ្លួនក្នុងពន្ធនាគារ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ ក្នុងករណីផ្សេងមួយទៀតក្រោមបទ«បរិហាកេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អង្គការលីកាឱ្យដឹងថា ក្រោយការដោះលែងពលរដ្ឋទាំង៧នាក់នោះ ពួកគេនឹងនៅតែត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសកម្ពុជា ឬផ្លាស់ប្ដូរអាសយដ្ឋានដោយពុំមានការអនុញ្ញាតពីតុលាការ ហើយត្រូវឆ្លើយតបរាល់ការកោះហៅរបស់តុលាការ ។
អង្គការលីកាដូបន្តថា សកម្មជនទាំង៩នាក់នោះ នៅតែបន្តប្រឈមនឹងការជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល (ប្រមាណជា ១.០០០ដុល្លារ) ប្រសិនបើត្រូវបានរកឃើញថាមានទោស៕
…………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន