ក្រុមអាជីវករលក់ដូរនៅផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ ករណីម្ចាស់ភាស៊ីផ្សារថ្មី ដែលបានយកថ្លៃភាស៊ីខុសពីគោលការណ៍កំណត់ ខណៈពីមុនមកមិនមានការយកថ្លៃឆ័ត្រដាក់នៅខាមុខតូបលក់ដូរបស់ពួកគេនោះឡើយ។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមអាជីវករជាង២០នាក់ ដែលលក់ដូរនៅផ្សារសំរោង បានផ្ទុះការតវ៉ានៅមុខផ្សារនេះ ក្រោយម្ចាស់ភាស៊ីផ្សារដែលមកថ្មី បានយកលុយថ្លៃភាស៊ីច្រើនខុសពីគោលការណ៍កំណត់ ខណៈការលក់ដូររបស់ពួកគេមិនសូវដាច់នាពេលបច្ចុប្បន្ន។
អាជីវករលក់ដូរទំនិញគ្រប់ប្រភេទនៅផ្សារសំរោង លោក អាំង ទី ប្រាប់ពលរដ្ឋអ្នកសារព័ត៌ថា ក្រោយពីដេញថ្លៃបានសម្រាប់ការយកភាស៊ីនៅផ្សារសំរោងគឺ អ្នកម៉ៅការថ្មីនេះ បានដើរទារថ្លៃឆ័ត្រដែលអាជីករដាក់ខ្លួនឯង ដោយ១ឆាត់តម្លៃ៥០០រៀល យកថ្លៃភ្លើង១គីឡូ១៥០០រៀល និងឱ្យអាជីវករតបណ្តាញភ្លើងដោយខ្លួនឯងទៀត ហើយថែមទាំង យកសំរាមពីខាងក្រៅមកដាក់មុខតូបពួកគាត់លក់ដូរថែមទៀត ខណៈអ្នកយកភាស៊ីចាស់មិនដែលអនុវត្តបែបនេះឡើយ។
អាជីវកររូបនេះ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ ជួយអន្តរាគមន៍ឱ្យអ្នកដេញថ្លៃយកភាស៊ីផ្សារថ្មីបញ្ឈប់សកម្មភាពទារថ្លៃខុសគោលការណ៍ និងសំអាតបរិស្ថាន ហើយហាមកុំឱ្យអាជីវករលក់ត្រីសាច់មកលក់ពីមុខតូបរបស់ពួកគាត់ដែលលក់គ្រឿងទេសផ្សេងៗ។
លោកបន្ថែមថា៖«ខ្ញុំសូមសំណូមពរលោកអភិបាលខេត្ត និងមន្ត្រីសាលាក្រុងសូមជួយមើលផ្សារសំរោងយើងនេះព្រោះអ្នកដែលដេញបានយកភាស៊ីថ្មីបានរៀបចំដូចខុសប្រក្រតីដោយយកសំរាមពីក្នុងផ្សារមកដាក់នៅមុខផ្សារ ហើយលឺថា តិចទៀតយកអ្នកលក់ត្រីសាច់មកដាក់លក់នៅខាងមុខដែលវាមិនសមរម្យ និងខុសបរិស្ថានផងដែរ»។
អាជីវករម្នាក់ទៀត អ្នកស្រី តឹង ហាវូត មានប្រសាសន៍ថា អ្នកស្រីបានលក់ដូរនៅផ្សារសំរោងនេះជាច្រើនឆ្នាំមកហើយ មិនដែលឃើញអ្នកដេញថ្លៃបានដើម្បីយកភាស៊ីផ្សារដើរយកលុយថ្លៃឆ័ត្រដែលអាជីវកររៀបចំដាក់ខ្លួនឯងនោះទេ។ អ្នកស្រីថា បច្ចុប្បន្ននេះ ក្រុមអាជ្ញាធរបានជួបបញ្ហាសេដ្ឋកិច្ចជាខ្លាំងដោយសារការលក់ដូររបស់ពួកគាត់មិនសូវដាច់។
អ្នកស្រីបន្ថែមថា៖«អ្នកមកយកភាស៊ីផ្សារមកថ្មីនេះបានកៀបសង្កត់អាជីវករដោយសូម្បីតែនៅមុខតូបអាជីវករដាក់ឆ័ត្រខ្លួនឯងក៏គាត់យកលុយ ដាក់ឆ័ត្រម្ចាស់ភាស៊ីគាត់ក៏លុយដែរ។ ខ្ញុំលក់ដូរនៅផ្សារសំរោងខេត្តឧត្តរមានជ័យនេះជាង១០ឆ្នាំហើយមិនដែលឃើញអាជីវករណាយកលុយដូចភាស៊ីផ្សារមកលើកនេះទេ»។
យ៉ាងណាពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយបំភ្លឺពីអ្នកយកភាផ្សារដែលទើបមកថ្មីនេះបានទេ។
ពាក់ព័ន្ធក្នុងករណីនេះ អភិបាលក្រុងសំរោង លោក ផុន ចាន់និល បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតេឡេក្រាមថា លោកមិនទាន់ដឹងរឿងនេះច្បាស់លាសនៅឡើយទេ ហើយថា ការដោះដូរអ្នកយកភាស៊ីផ្សារថ្មីនេះក៏លោកមិនបានដឹងមុនដែរ។
យ៉ាងណាអភិបាលក្រុងរូបនេះអះអាងថា លោកនឹងហៅអ្នកយកភាស៊ីចាស់ និងថ្មីមកប្រជុំដោះស្រាយករណីនេះ៕
………………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តឧត្តរមានជ័យ លោក ចៀវ ពន្លឺ