ប្រជាកសិករមួយចំនួននៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់បារម្ភពីការធ្លាក់ចុះនៃទិន្នផលស្រូវវស្សានៅឆ្នាំនេះ ខណៈសត្វល្អិតចង្រៃមួយប្រភេទកំពុងចុះស៊ីបំផ្លាញដំណាំស្រូវពង្រួសរបស់ពួកគាត់ដែលកំពុងចេញផ្លែផ្កា។
លោក ស៊ឹម ផន ជាកសិករនៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា គ្រួសារគាត់បានបង្កបង្កើនផលដោយធ្វើស្រែពង្រួសចំនួន៤ហិកតា ប៉ុន្តែពេលនេះ ត្រូវបានសត្វមមៀចស៊ីបំផ្លាញអស់ជាង១ហិកតាកន្លះទៅហើយ។ លោកថា សត្វចង្រៃមួយប្រភេទនេះ បានស៊ីជញ្ជក់ទឹកដោះស្រូវដែលកំពុងតែចេញផ្លែធ្វើឱ្យស្រូវខូចតែម្តង។
កសិករវ័យ៥១ឆ្នាំរូបនេះ រៀបរាប់ថា សត្វមមៀចនោះជាប្រភេទមមៀចហ្វូងមានច្រើនប្រភេទ មានសម្បុរត្នោត ពណ៌ខៀវ និងពណ៌ស។ លោកថា បើវាចុះស៊ីស្រែណាហើយ គឺស៊ីខូចខ្ទេចស្រែនោះតែម្តង ជាពិសេសស្រូវកំពុងដាក់ទឹកដោះ។
លោកបន្ថែមថា៖«ខ្ញុំខានមកមើលតែ៤ថ្ងៃសោះ ដល់មកឃើញពេញចិត្តស្តូក ស្មានតែស្រូវទុំ ដល់ចុះមើលក្នុងស្រែទើបឃើញសត្វមមៀចហើរព្រោង ពេលពិនិត្យគ្រាប់ស្រូវច្របាច់ទៅគ្មានឃើញទឹកដោះ ហើយស្លឹកឡើងពណ៌លឿង ទើបដឹងថាមមៀចស៊ីស្រូវ»។
លោក ឈឹម ចន្ថា នៅភូមិអូរបត់ ឃុំអូរតាប៉ោងម្នាក់ទៀតប្រាប់ថា សត្វមមៀចបានស៊ីបំផ្លាញស្រូវរបស់លោកអស់ជាង៣ហិកតា ខណៈលោកកំពុងជួលគេបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃប្រភេទនេះ ដើម្បីសង្គ្រោះស្រូវ។
កសិករវ័យចាង៤០ឆ្នាំរូបនេះឱ្យដឹងថា ករណីសត្វល្អិតចង្រៃចុះស៊ីស្រូវកសិករនេះ មិនមែនកើតឡើងតែលើស្រូវរបស់លោកនោះទេ គឺវាបានចុះស៊ីរាលដាលដល់ស្រូវកសិករផ្សេងទៀតស្ទើរតែគ្រប់កន្លែងឱ្យតែស្រូវនោះចេញផ្លែផ្កា។
លោកបន្ថែមថា ៖«ស្រែម្តុំហ្នឹងខានកើតមមៀចយូរហើយ ទើបមកកើតឆ្នាំនឹង ពេលកើតម្តងត្រូវចំណាយលុយច្រើនណាលុយថ្លៃទិញថ្នាំ ណាលុយថ្លៃជួលគេបាញ់ថ្នាំ ចំណាយ១ហិតាៗមិនតិចជាងដប់ម៉ឺនរៀលទេ»។
សិករម្នាក់ទៀតដែលកំពុងរៀបចំទៅបាញ់សម្លាប់សត្វល្អិតអ្នកស្រី ស៊ឹម វណ្ឋា បាននិយាយថា សត្វមមៀចវាសម្រុកចុះស៊ីតែស្រូវស្រែណាដែលកំពុងចេញផ្លែផ្កាតែប៉ុណ្ណោះ។ អ្នកស្រីថា ករណីសត្វល្អិតចុះស៊ីស្រូវនេះបានធ្វើឱ្យគ្រួសារអ្នកស្រី និងកសិករផ្សេងទៀតខាតបង់ផលស្រូវ និងប្រាក់កម្រៃជាច្រើន ដូចជាថ្លៃថ្នាំសម្លាប់សត្វល្អិត ជី ថ្លៃឈ្នួល និងដើមទុនបង្កបង្កើនផលជាដើម។
កសិកររូបនេះ បានអំពាវនាវដល់អាជ្ញាធរ និងមន្ទីរកសិកម្មខេត្តចុះមកជួយធ្វើអន្តរាគមដល់ប្រជាកសិករដែលកំពុងរងគ្រោះ ខណៈសត្វមមៀចកំពុងរាតត្បាតជាលក្ខណៈប្រព័ន្ធ ដើម្បីស៊ីបំផ្លាញដំណាំស្រូវកសិករ។
អ្នកស្រីថា៖«ខ្ញុំជួលគេបាញ់ថ្នាំ មួយធុងអស់ប្រាំពាន់រៀល ក្នុងមួយហិកតាបាញ់ដប់ធុង សរុបទៅទាំងថ្លៃថ្នាំទាំងឈ្នួលបាញ់អស់ជាងដប់ម៉ឺនក្នុងមួយហិកតា»។
មេឃុំអូរតាប៉ោងអ្នកស្រី ម៉េង ឆុន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣ថា កន្លែងដែលកើតមានសត្វមមៀចស៊ីស្រូវនោះ គឺម្ចាស់ស្រែបានទប់ស្កាត់ជាប់រៀងៗខ្លួនហើយ ដោយពួកគាត់សម្រុកបាញ់ថ្នាំតាមការណែនាំរបស់មន្ទីរកសិកម្មខេត្ត។
អ្នកស្រីបន្តថា អ្វីដែលជាក្តីបារម្ភនោះ គឺវាកំពុងរាលដាលទៅភូមិ និងឃុំផ្សេងទៀត។ អ្នកស្រីថា បើវារាលដាលកាន់តែធំធ្វើឱ្យការទប់ស្កាត់កាន់តែលំបាក ហើយការចំណាយរបស់ប្រជាកសិករកាន់តែច្រើនថែមទៀត ប៉ុន្តែអ្នកស្រីមិនទាន់អាចបញ្ជាក់ពីរបាយការណ៍ផលប៉ះពាល់ជាក់លាក់បាននៅឡើយទេ ដោយថា រដ្ឋបាលឃុំកំពុងចុះប្រមូលទិន្នន័យនៅឡើយ។
លោកស្រីមេឃុំថា៖«ឥឡូវនេះភូមិដែលកើតមមៀចស៊ីស្រូវនោះវាបានស្ងប់ហើយ តែវាកំពុងរាលដាលទៅភូមិអូរបត់ ក្នុងឃុំអូរតាប៉ោងហ្នឹងដែរ ហើយវាកំពុងរាលដាលទៅខាងឃុំស្វាយដូនកែវផងដែរដែលមានព្រំប្រទល់ជាប់គ្នា»។
ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់លោក ហៃ ធូរ៉ា បានឱ្យដឹងថា តាមរយៈការចុះពិនិត្យផ្ទាល់គឺសត្វល្អិតស៊ីបំផ្លាញផលដំណាំស្រូវរបស់ប្រជាកសិករនៅភូមិបត់គគីរថ្មី ក្នុងឃុំអូរតាប៉ោង គឺទើបតែកើតមាននៅក្នុងអំឡុងខែសីហានេះទេ ខណៈដែលដំណាំស្រូវកំពុងលូតលាស់ចេញផ្លែផ្កា។
លោក ហៃ ធូរ៉ា បានអំពាវនាវដល់កសិករទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវត្តមាន នៃពពួកមមៀចត្នោតដែលកំពុងផ្ទុះឡើងនៅក្នុងភូមិបត់គគីរថ្មី និងបណ្ដាភូមិមួយចំនួនទៀតនៅក្នុងឃុំអូរតាប៉ោង ព្រោះថា ពពួកសត្វមមៀចនេះជាប្រភេទ ដែលបំផ្លាញលើដំណាំស្រូវ ដោយការជញ្ជក់យកសារធាតុចិញ្ចឹមពីក្នុងដើមស្រូវ ឬខាងក្រោមគល់ស្រូវ ហើយវាអាចមានវត្តមានគ្រប់ដំណាក់កាល។
លោកបានលើកឡើងថា៖«គិតមកដល់ពេលនេះសត្វមមៀចត្នោតស៊ីបំផ្លាញដំណាំស្រូវមានកម្រិតទាបនៅឡើយទេ ហេតុនេះក្នុងនាមមន្ទីរជំនាញខ្ញុំសូមណែនាំ ឱ្យប្រជាកសិករនិងអាជ្ញាធរដែនដីត្រូវដឹងអំពីរបៀបប្រើប្រាស់ថ្នាំទៅតាមបច្ចេកទេសនិងវិធីសាស្ត្រនៃការលាយថ្នាំសម្រាប់បាញ់សម្លាប់ពពួកមមៀចត្នោតព្រមទាំងបន្តពិនិត្យតាមដានលើដំណាំស្រូវជាប់ជាប្រចាំ»។
ប្រធានមន្ទីរសិកម្មរូបនេះ បានស្នើដល់ប្រជាកសិករសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានក្នុងការស្វែងរកប្រភេទថ្នាំសម្លាប់ទាំងមេទាំងកូន និងទាំងពងផងដែរ។ លោកថា ជាទូទៅពពួកមមៀចភាគច្រើនមានវត្តមានលើដំណាំស្រូវក្នុងដំណាក់កាលស្រូវផើមដែលកសិករគួរតែប្រុងប្រយ័ត្នខ្ពស់។
មេឃុំអូរតាប៉ោងអ្នកស្រី ម៉េង ឆុន ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៣នេះ ការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករនៅទូទាំងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ សម្រេចបានជាង ៦ ០២០ហិកតា លើផែនការ ៦ ០៥០ហិកតា៕
………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់ លោក ណូ រ៉េន