ដីព្រៃចំនួន១៥ហិកតារបស់សហគមន៍ព្រៃឈើភ្នំសេះ ស្ថិតក្នុងឃុំអូរគ្រៀងសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្ដក្រចេះ កំពុងរងការកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិពីសំណាក់អ្នកមានលុយមានអំណាច។
ប្រធានសគមន៍ព្រៃឈើភ្នំសេះលោក ហ៊ា សំអឿន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកមានលុយមានអំណាចបានជួលកម្មករឱ្យទៅកាប់ទន្ទ្រានយកដីព្រៃសគមន៍ព្រៃឈើភ្នំសេះជាបន្តបន្ទាប់ ដោយអាជ្ញាធរពាក់ព័ន្ធមិនសកម្មចុះទប់ស្កាត់នោះទេ។
លោក ហ៊ា សំអឿន បន្តថា សហគមន៍របស់លោកបានសហការគ្នាជាមួយបណ្តាញព្រៃឈើនៅក្នុងខេត្ដក្រចេះប្រមាណ១៦សហគមន៍ចុះល្បាតពីថ្ងៃទី៩ ដល់ ថ្ងៃទី១២ខែសីហានេះ ប្រទះឃើញបទល្មើសកាប់បំផ្លាញដើមឈើទាំងតូចទាំងធំជាង១៥ហិកតានៅក្នុងសគមន៍ព្រៃឈើភ្នំសេះ ដោយសហគមន៍ឃាត់ខ្លួនបានកម្មករដែលមកស៊ីឈ្នួលកាប់ឈើចំនួន៣នាក់រួមទាំងសម្ភារមួយចំនួនផងដែរ ។
លោកលើកឡើងថា៖ « ចឹងឈានដល់ការឃាត់ខ្លួនមនុស្សបាន៣នាក់បានបញ្ចួនទៅដល់ដៃសមត្ថកិច្ចហើយតែមិនដឹងថាគេធ្វើយ៉ាងមិចទៀត កាប់ឈើថ្មីខ្ញុំឃើញឈើដួលខ្ញុំសោកស្ដាយណាស់»។
ប្រធានសហគមន៍រូបនេះបន្ថែមថា ការកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្វើជាកម្មសិទ្ធិឯកជននេះ មិនមែនកើតឡើងតែម្ដងនេះទេ គឺកើតមានច្រើនដង់មកហើយ។លោកថា កន្លងមកសហគមន៍ និងអាជ្ញាធរធ្លាប់បានហៅ បុគ្គលឈ្មោះ ណោ ណាន ហៅ តាវែនតា ដែលជាមេការ និងជាអ្នកជួលកម្មករមកកាប់បំផ្លាញព្រៃឈើនៅក្នុងសហគមន៍ជាច្រើនលើកមកហើយ ប៉ុន្តែសកម្មភាពបែបនេះនៅតែបន្តកើតមានរហូតមកដល់សព្វថ្ងៃនេះ។
លោក ហ៊ា សំអឿន បន្តថា នៅពេលមានបទល្មើសកើតឡើង សហគមន៍តែងតែរាយការណ៍ទៅកាន់អាជ្ញាធរ ហើយអាជ្ញាធរ នាំគ្នាចុះទៅបង្ក្រាបបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោយមក ក៏មានក្រុមកម្មករចូលទៅកាប់ឈើដដែល។
លោកបន្តថា៖ « យើងធ្វើការរហូតជាមួយខាងជំនាញពីបីដងហើយនៅតែគាត់ [តាវែនតា ] ដដែលទេ គាត់មេការប៉ុន្តែថៅកែនៅពីក្រោយយើងអត់ដឹង។ ពួកខ្ញុំពិបាកណាស់គ្មានលុយគ្មានកាក់ទេរហូតរាយអង្គាសប្រាក់គ្នាម្នាក់បន្តិចៗបានចុះល្បាតអ្នកខ្លះខូចម៉ូតួអស់១អ្នកខ្លះអស់២ហើយ។ ខ្ញុំយល់ថា ទីមួយការអនុវត្តច្បាប់វាខ្សោយនៅមានកំរិតទីពីមិនហានធ្វើ » ។
ប្រធានបណ្ដាញព្រៃឈើខេត្ដក្រចេះលោក មួន ផាក មានប្រសាសន៍ថាមួយរយៈពេលចុងក្រោយនេះមានបទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្ដក្រចេះទាំងមួលមានការកើនឡើងជាងមុន មិនថា ការកាប់បំផ្លាញព្រៃឈើដើម្បីយកទៅលក់ឬការកាប់ព្រៃឈើ ដើម្បីទន្រ្ទាន់យកដីធ្វើជាកម្មសិទ្ធិឯកជននោះទេ។
លោក មួន ផាក អះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើបែបនេះ គឺមិនមែនពលរដ្ឋធម្មតាអាចធ្វើបាននោះទេ។ លោកថាបញ្ហានេះបង្កឡើងដោយក្រុមអ្នកមានលុយមានអំណាច។
លោកលើកឡើងថា៖« អ្នកមានលុយមានអំណាចលួចកាប់ឱ្យគេកាប់ គ្មានពួកអ្នកក្រណាទៅកាប់កើតទេធំថ្នាក់ហ្នឹងដីទូលំទូលាយហ្នឹង ប៉ុន្តែយើងរកមេរោគមិនទាន់ឃើញ។ យើងដាក់[ពាក្យប្ដឹង ]ច្រើនដង់មកហើយ ជាប់គុកមនុស្សក៏ច្រើននាក់ហើយដែរ ប៉ុន្តែ[កាប់បំផ្លាញ់ព្រៃឈើ ]ដូចមិនថយចុះនោះទេ »។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាសុំការឆ្លើយតពីលោក ណោ ណាន ហៅតាវែនតា បាននោះទេជុំវិញករណីប្រជាសហគមន៍ចោទថា លោកបានជួលកម្មករចូលទៅកាប់បំផ្លាញព្រៃឈើរបស់សហគមន៍នេះ។
មន្រ្ដីបរិស្ថានដែលប្រចាំការនៅស្រុកអូរគ្រៀងសែនជ័យលោក សូដា ម៉ាន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ករណីនេះស្ថិតនៅក្នុងសហគមន៍ព្រៃឈើមិនមែនស្ថិតក្នុងដែនសមត្ថកិច្ចរបស់មន្រ្ដីបរិស្ថាននោះទេ ។
លោកលើកឡើងថា៖«គាត់នៅក្នុងសហគមន៍ព្រៃឈើទេបងមិនមែននៅក្នុងសមត្ថកិច្ចផងបងចង់ដឹងព័ត៌មានអីទល់ទាក់ទង់ទៅមន្ទីរ » ។
នាយប៉ុស្ដិ៍នគបាលឃុំអូរគ្រៀងសែនជ័យលោក ឈា វិវត្ត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការកាប់បំផ្លាញព្រៃឈើរបស់សហគមន៍នេះ លោកបានឱ្យពលរដ្ឋអ្នកសារព័ត៌មានទៅសួរខាងមេព្រៃវិញ ដោយលោកថា មេព្រៃជាអ្នកគ្រប់គ្រង់បញ្ហានេះ។
ចំណែកកម្មករទាំង៣នាក់ដែលខាងសហគមន៍ចាប់បាន ហើយប្រគល់មកឱ្យប៉ុស្ដិ៍នគបាលនោះ គឺលោកគ្រាន់តែឱ្យធ្វើកិច្ចសន្យាឈប់មកកាប់បំផ្លាញព្រៃទៀតតែប៉ុណ្ណោះ ហើយបានដោះលែងឱ្យកម្មករទាំងនោះ ត្រឡប់ទៅផ្ទះវិញខណៈក្រុមកម្មករឆ្លើយថា មិនដឹង និងមិនស្គាល់អ្នកជួលឡើយ។
លោកលើកឡើងថា៖ «គាត់គ្រាន់តែស៊ីឈ្នួលគេយើងធ្វើកិច្ចសន្យាហើយឱ្យគាត់ត្រឡប់ទៅផ្ទះវិញ សួរទៅ[កម្មករ ]ថាអត់ស្គាល់គេជួលមកថាអត់ស្គាល់ឈ្មោះអ្នកជួល »។
សកម្មជនសិទ្ធិមនុស្សនិងបរិស្ថានលោក ម៉ា ចិត្រា បានដាក់ការសង្ស័យថា សកម្មភាពកាប់ព្រៃឈើទន្រ្ទានយកដីបែបនេះគឺអាចមានការគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយរវាងអាជ្ញាធរពាក់ព័ន្ធជាមួយអ្នកមានលុយមានអំណាចដើម្បីបានដីធ្វើជាកម្មសីទ្ធិផ្ទាល់ខ្លួន។
សកម្មជនបរិស្ថានរូបនេះបន្តថា ដើម្បីទប់ស្កាត់ និងរក្សាព្រៃសហគមន៍ឱ្យបានគង់វង្ស គឺមានតែសហគមន៍ខ្លួនឯងទេដែលត្រូវខិតខំការពារ ដោយមិនអាចពឹងលើអាជ្ញាធរទាំងស្រុងបានឡើយ។ មួយទៀតលោកថា ដើម្បីគ្រប់គ្រងព្រៃឈើសហគមន៍ឱ្យមានប្រសិទ្ធិភាព លុះត្រាតែអង្គភាពប្រឆាំងអំពើពុករលួយសកម្មក្នុងការចុះធ្វើអធិការកិច្ច ដើម្បីរកមើលមន្ត្រីណាខ្លះជាប់ពាក់ព័ន្ឋលើវិស័យការពារព្រៃឈើ ខណៈលោកមិនមានជំនឿលើអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរនៅក្នុងតំបន់នោះក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។
លោកលើកឡើងថា៖ «វាត្រូវមានទំនួលខុសត្រូវពីថ្នាក់ស្រុកខេត្ដរហូតដល់ថ្នាក់មូលដ្ឋាន ត្រូវមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ បើសិនជាអ្នកទទួលខុសត្រូវគាត់មិនមានទំនួលខុសត្រូវទេ ដកគាត់ចេញទៅ យើងឃើញកន្លងមកបញ្ហាមួយចំនួនទាល់តែមានការអនរាគមន៍ពីនាយករដ្ឋមន្រ្ដីបានដោះស្រាយ។ អាហ្នឹងវាមិនអាចដោះស្រាយបញ្ហាព្រៃឈើបានទេ » ។
បើតាមតំណាងសហគមន៍ សហគមន៍ព្រៃឈើភ្នំសេះបានកង្កើត និងមានការទទួលស្គាល់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងឆ្នាំ១០១៨ ហើយសហគមន៍មួយនេះមានផ្ទៃដីសរុប៣០៨១ហិតា៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា