ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្ហាញពីទុក្ខលំបាកនៃផលប៉ះពាល់ជុំវិញបញ្ហាលិចទឹកនៅពេលមានភ្លៀងធ្លាក់ម្តងៗ ដោយពួកគេស្នើឱ្យអាជ្ញាធរជួយចាត់វិធានការដោះស្រាយបញ្ហានេះជាប្រព័ន្ធ ដើម្បីធានាថា ពេលមានភ្លៀងធ្លាក់មកនឹងមិនមានការជន់លិចបន្តទៀត។
ពលរដ្ឋរស់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកស្រី សុំ សារ៉ា បានឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ស្របពេលផ្លូវនៅមុខផ្ទះគាត់ត្រូវជន់លិចផងនោះថា ការលិចទឹកនៅពេលមានភ្លៀងធ្លាក់នេះ បានធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបរលក់ដូរនិងពិបាកក្នុងការធ្វើរស់នៅដោយសារទឹកលិចយូរផង។
លោកស្រីបន្តថា អ្នកធ្វើដំណើរដោយឡាន ម៉ូតូមួយចំនួនដែលជិះឆ្លងកាត់នៅទីនោះមិនបានបន្ថយល្បឿនបានធ្វើឱ្យជះទឹករលកខ្លាំងចូលទៅក្នុងផ្ទះលោកស្រីបណ្តាលឱ្យខូចខាតសម្ភារៈប្រើប្រាស់និងអីវ៉ាន់លក់ដូរជាច្រើនផងដែរ។
បញ្ហានេះ លោកស្រី សុំ សារ៉ា បានស្នើដល់អាជ្ញាធរមូលដ្ឋានឱ្យជួយដោះស្រាយបញ្ហាទឹកលិចនេះជាយូរអង្វែង ដើម្បីជួយសម្រួលដល់ជីវភាពនិងការរស់នៅរបស់ប្រជាជនដែលរស់នៅទីនោះ ត្បិតឱ្យតែមានភ្លៀងធ្លាក់ម្តងៗ តំបន់ពួកគាត់រស់នៅតែងតែជន់លិចរហូត។
លោកស្រីបានបន្តថា៖«ធម្មតាយើងមិនអាចឃាត់មិនឱ្យភ្លៀង មិនឱ្យអីហេ ហើយក៏យើងមិនឃាត់ មិនឱ្យលិចដែរ ប៉ុន្តែយើងចង់ឱ្យគាត់សម្រួលឱ្យទឹកធ្វើម៉េចឱ្យស្រក់ទៅបានលឿន ចឹងណា ព្រោះអីកាលណាទុកយូរចឹងទៅវាពិបាកសម្រាប់ពួកយើងនៅទីហ្នឹង»។
ស្រដៀងគ្នានេះដែរ លោកស្រី មុំ លក្ខិណា មានអាយុ ៤៣ ឆ្នាំនិងជាអ្នករស់នៅសង្កាត់បឹងទំពន់២ ដែរនោះ ចាត់ទុកបញ្ហាទឹកលិចនេះថា បានធ្វើឱ្យលំបាកក្នុងការរប្រកបមុខរបរលក់ដូរនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ មួយវិញទៀតលោកស្រីថា បញ្ហាទឹកលិចនេះមិនងាយស្រក ដែលធ្វើឱ្យស្ទះចរាចរណ៍ និងពិបាកក្នុងការធ្វើដំណើរ ព្រមទាំងបណ្តាលឱ្យខាតទាំងសម្ភារៈនិងពេលវេលាក្នុងការស៊ីទៀតផង។
លើសពីនេះ លោកស្រី មុំ លក្ខិណា បញ្ជាក់ផងដែរថា ទឹកលិចដែលស្ទះមិនព្រមស្រកលើកនេះអាចបណ្តាលមកពីការលុបបឹងធម្មជាតិ និងការទុកដាក់សំរាមពាសវាលពាសកាលទើបធ្វើឱ្យកកស្ទះប្រព័ន្ធលូបង្ហូរទឹកមិនអាចហូរចេញក្រៅបាន។
លោកស្រីបានបន្តថា៖«ខ្ញុំចង់សូមណូមពរឱ្យរដ្ឋាភិបាលយើងជួយក្រឡែកមើលម្តុំ បឹងទំពន់នេះផង ពីព្រោះភ្លៀងមកគឺដូចឃើញជាក់ស្តែងគឺទឹកខ្លាំងមែនទេន កន្លែងណាក៏អត់ដូចកន្លែងហ្នឹងដែរ កន្លែងហ្នឹងគឺគ្រប់ពេលគ្រប់វេលាហ្មងឱ្យជួយសម្រួលអាហ្នឹង»។
មិនខុសគ្នានេះដែរ លោកស្រី សួន ស្រីនៅ មើលឃើញថា បញ្ហាទឹកលិចអាចបណ្តាលមកពីប្រព័ន្ធលូមានមិនគ្រប់គ្រាន់ ទើបទឹកហូរមិនទាន់ ខណៈតំបន់នោះមិនមានការទុកដាក់សំរាមបានត្រឹមត្រូវទើបធ្វើឱ្យស្ទះចរន្តទឹក។ ប្រភពដដែលបន្តថា ប្រសិនបើអាជ្ញាធរមូលដ្ឋាននៅបន្តប្រងើយកណ្តើយបែបនេះទៀត អាចបង្កផលប៉ះពាល់ដល់ពលរដ្ឋរស់នៅទីនោះជាខ្លាំង ជាពិសេសពិបាកក្នុងរកទទួលទានប្រចាំថ្ងៃ។
បន្ថែមពីនេះ លោកស្រី សួន ស្រីនៅ ស្នើទៅរាជរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់គួរតែរៀបចំប្រព័ន្ធលូឱ្យបានធំទំលាយដើម្បីងាយស្រួលបង្ហូរទឹកចេញឱ្យបានលឿន ជៀងវាងការលិចលង់ក្នុងរដូវភ្លៀងធ្លាក់ម្តងៗ។
លោកស្រី សួន ស្រីនៅ ស្នើថា៖«ចង់ឱ្យរាជរដ្ឋាភិបាលធ្វើលូឱ្យបានធំៗជាងហ្នឹងដើម្បីឱ្យស្រួលហូរទឹក កុំឱ្យអាពេលភ្លៀងមកមួយមេលិចៗ»។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីចៅសង្កាត់បឹងទំពន់២ លោក អ៊ុម ហ៊ុយឈុនហេង បានទេនៅថ្ងៃទី១២ ខែកក្កដា ខណៈអភិបាលខណ្ឌមានជ័យ លោក ហែម ដារិទ្ធ ប្រាប់ថាលោកជាប់រវល់ប្រជុំ។ ប៉ុន្តែកាលពីថ្ងៃទី៧ ខែកក្កដា នៅពេលពលរដ្ឋសារព័ត៌មានចុះទៅថតរូបភាពនៅតំបន់លិចទឹកក្នុងភូមិក្បាលទំនប់ នៃបណ្តោយផ្លូវ៦៩បេតេ(BT) បុរសម្នាក់ដែលមានទាំងឧបករណ៍ទាក់ទងឬអាយកូមផងនោះ បានប្រាប់ថាចៅសង្កាត់ កំពុងធ្វើការងារជាមួយអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីដោះស្រាយបញ្ហានេះ។
យ៉ាងណា រហូតមកទល់ថ្ងៃទី១៣ ខែកក្កដា ស្ថានភាពលិចលង់នៅបណ្តោយផ្លូវ៦៩បេតេ(BT) បានវិលទៅរកភាពធម្មតាឡើងវិញ ប៉ុន្តែសម្រាប់ពលរដ្នរស់នៅទីនោះមួយចំនួននៅតែបារម្ភថា ស្ថានភាពលិចលង់នឹងត្រឡប់មកវិញនៅពេលណាដែលមានភ្លៀងធ្លាក់ទៀត។
កាលពីថ្ងៃទី ១១ កក្កដា នៅលើបណ្តាញសង្គមទ្វីតធ័រ(Twitter) ដែលជាមធ្យោបាយថ្មីក្នុងការចែករំលែកសារឬព័ត៌មានរបស់លោកនាយករដ្ឋមន្ត្រីនោះ លោកហ៊ុន សែន បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយអំពីបញ្ហានេះ។ លោកថា ចម្លែកតែនៅស្រុកខ្មែរភ្លៀងធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រ ដែលជាកម្រិតមិនធ្លាប់មាន បែរជានាំគ្នាយកធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាលទៅវិញ។
ការិយាល័យនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ដែលជាទីតាំងតាមបណ្តោយផ្លូវ៦៩បេតេ តែងរងការលិចលង់នៅពេលមានភ្លៀងធ្លាក់ម្តងៗ ពិសេសលិចលង់ផ្លូវខាងមុខនៃការិយាល័យមួយនេះ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា បញ្ហាលិចទឹកនៅរដូវភ្លៀងធ្លាក់ក្នុងសង្កាត់បឹងទំពន់នេះបណ្តាលមកពីប្រព័ន្ធលូមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការចំបាច់នៃប្រព័ន្ធទឹកដែលត្រូវហូរចេញទៅក្រៅក្រុងនៅឡើយ។ លោកបន្តថា ប្រព័ន្ធលូនៅមានទំហំតូចចង្អៀត ការទុកដាក់ឬបោះចោលសំរាមមិនមានសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ការលុបបឹងធំៗ នៅក្បែររាជធានីភ្នំពេញក៏ជាកត្តាបណ្តាលឱ្យទឹកលិចផងដែរ។
លោកមានប្រសាសន៍ថា៖«ទី១ប្រព័ន្ធលូរបស់យើងនៅមិនទាន់ឆ្លើយតបនឹងទំហំនៃទឹកលិច ទី២ការលុបបឹងលុបបួរអ្វីផ្សេងៗក៏ជាផ្នែកមួយនៃការលិចទឹកហ្នឹងផងដែរ ហើយទី៣ ដូចខ្ញុំបានបញ្ជាក់ចឹងថាយើងមានទន្លេមានអីចឹង ប៉ុន្តែប្រព័ន្ធនៃការដំណើរចរន្តរផ្លូវទឹករបស់យើងមិនមានទេ មានតែលុបបឹងលុបបួរ ប៉ុន្តែអាចរន្តរនៃការធ្វើដំណើរតាមផ្លូវហាក់ដូចជាមិនមាន»។
លោក ឌី ថេហូយ៉ា ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលនិងមន្រ្តីអាជ្ញាធរត្រូវតែធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដោយត្រូវពិនិត្យមើលលើហេដ្ឋាចរនាសម្ព័ន្ធ ពិសេសប្រព័ន្ធលូនៅតាមរាជធានីភ្នំពេញឡើងវិញ។ បន្ថែមពីនេះ ត្រូវបញ្ឈប់ការលុបបឹងធម្មជាតិបន្តទៀត ជៀងវាងបង្កផលប៉ះពាល់ដល់ពលរដ្ឋជាបន្តបន្ទាប់។
លោកឌី ថេហូយ៉ា លើកឡើងថា៖«ទី១ប្រព័ន្ធលូត្រូវតែធ្វើឱ្យធំដើម្បីឆ្លើយបតទៅនឹងបញ្ហាប្រឈមនៃទឹកជំនន់ ទី២ការដែលបោះសំរាមបណ្តាលឱ្យស្ទះលូអីផ្សេងៗ ការអនាម័យក្រុងត្រូវតែដោះស្រាយនូវបញ្ហាហ្នឹងកុំឱ្យវាមានភាពកកស្ទុះនៅពេលមានភ្លៀង កាលណាវាមានសំរាមមានអីផងវាហូរចូលទៅវាស្ទុះលូ ហើយទី៣ការលុបបឹងសម្រាប់ធ្វើការអភិវឌ្ឍអីនេះត្រូវមានការសិក្សាស្រាវជ្រាវពីផលប៉ះពាល់»៕
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា លេខ ការី និង លោក សុត បាន