ក្នុងឱកាសប្រារព្ធពិធីរម្លឹកខួប៧ឆ្នាំនៃមរណៈភាពរបស់លោកបណ្ឌិត កែម ឡី ក្រុមសង្គមស៊ីវិលបានថ្លែងថា ប្រសិនបើអំពើនិទណ្ឌភាពនៅតែបន្ត ហើយមិនអាចវែកមុខជនល្មើសយកមកផ្ដន្ទាទោសបាន វានឹងក្លាយជាការគំរាមកំហែងដល់សិទ្ធិសេរីភាពខាងការបញ្ចេញមតិ ហើយប្រជាពលរដ្ឋនឹងបន្តរស់នៅក្នុងការភ័យខ្លាច។
ការលើកឡើងនេះ ក្នុងពិធីសូត្រមន្តបង្សុកូល រាប់បាត ដែលបានរៀបចំពិធីដើម្បីរម្លឹកខួប៧ឆ្នាំនៃមរណៈភាពរបស់លោក បណ្ឌិត កែមឡី ដែលត្រូវ បានខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងព្រៃផ្សៃនៅកណ្ដាលរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៦ ខែកក្កដា។
នៅក្នុងកម្មវិធីនោះ ក៏មាននិមន្តព្រះសង្ឃបង្សុកូល រាប់បាត និងប្រគេនទេយ្យទានឧទ្ទិសកុសលដល់វិញ្ញាណខន្ធលោកបណ្ឌិត កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង សកម្មជនសិទ្ធិមនុស្ស សកម្មជនព្រៃឈើ និងសកម្មជនសង្គមដ៏ទៃ ដែលបានពលីក្នុងបុព្វហេតុសង្គម ហើយក៏មានការចូលរួមពីប្រជាពលរដ្ឋ យុវជន សហជីព បុគ្គលិក អង្គការសង្គមស៊ីវិល ស្ថានទូតនាៗ ប្រមាណជិត១០០នាក់។
ថ្លែងនៅមុខអ្នកសារព័ត៌មាននាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានមានប្រសាសន៍ថា ចេតនារបស់ឃាតក ឬអ្នកដែលបញ្ជាឱ្យបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះគឺគេចង់គំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គំរាមកំហែងដល់អ្នកដែលហ៊ាននិយាយការពិតក្នុងសង្គម និងបង្ក្រាបនៅសំឡេងនៃការរិះគន់ទាំងឡាយ ។
លោកស្រីលើកឡើងថា៖ « ប៉ុន្តែខ្ញុំគិតថាទោះបីជាលោកបាត់បង់ជីវិតហើយក្ដី ប៉ុន្តែមានបុគ្គលមួយចំនួនផ្សេងទៀតក៏នៅតែបន្តបេសកកម្មរបស់លោក ការបន្តរម្លឹកនូវគុណសម្បត្តិរបស់លោកបណ្ឌិត កែម ឡី នេះហើយគឺជាចលករមួយដែលបង្ហាញឱ្យឃើញថាលោកបណ្ឌិតកែម ឡី នៅតែបន្តរស់រានមានជីវិតតាមរយៈគតិឬធាតុចូលទាំងឡាយដែលលោកបានផ្សព្វផ្សាយកន្លងមក»។
លោកស្រី ចក់ សុភាព បន្តថ្លែងថា ការរម្លឹកខួបគម្រប់ ៧ ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិត កែម ឡី បានបង្ហាញយ៉ាងច្បាស់ថាពួកយើងគឺមិនបានបំភ្លេចលោកនោះទេ។ ម្យ៉ាង សំណុំរឿងឃាតកម្មរបស់លោកបណ្ឌិត កែម ឡី ត្រូវបានបិទបញ្ចប់ដោយមានមន្ទិល និងក្រោមហេតុផលមិនច្បាស់លាស់ដែលប្រជាពលរដ្ឋខ្មែរសង្គមស៊ីវិលនិងក្រុមគ្រួសាររបស់លោកបណ្ឌិតផ្ទាល់ក៏យល់ថាមានភាពមិនប្រក្រតីជាច្រើនមិនអាចទទួលយកបាន។
មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះបន្តថា៖«យើងក៏សុំអំពាវនាវឲ្យមានការស៊ើបអង្កេតជាបន្តដើម្បីវែកមុខឃាតករពិតយកមកផ្ដន្ទាទោស និងផ្ដល់យុត្តិធម៌ជូនដល់លោកបណ្ឌិត កែម ឡី។ ហើយការ ស្វែងរកនៅយុត្តិធម៌ជូនដល់សកម្មជនសង្គមដូចជា លោកបណ្ឌិតកែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី ជាដើមនេះគឺជារឿងមួយចាំបាច់មែនទែនក្នុងការកសាងទំនុកចិត្តពីសាធារណជនទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលអាចធានាបាននូវយុត្តិធម៌ ធានាបាននៅសន្តិសុខសង្គមដល់ពលរដ្ឋ»។
លោកស្រី ចក់ សុភាព បានបន្តទៀតថា រដ្ឋាភិបាលត្រូវតែខិតខំប្រឹងប្រែងដើម្បីបំបាត់នូវវប្បធម៌និទណ្ឌភាព ដើម្បីបង្រួមនូវគម្លាតនៃការទុកចិត្តគ្នារវាងពលរដ្ឋ និងរាជរដ្ឋាភិបាល ហើយសំខាន់បំផុតរដ្ឋត្រូវមានកាតព្វកិច្ចក្នុងការធានាសន្តិសុខ និងការផ្ដល់យុត្តិធម៌ជូនដល់ពលរដ្ឋ។
ដោយឡែក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃខួប៧ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅស្តាម៉ាតស្តុបបូកគោរាជធានីភ្នំពេញវិញ មានមនុស្សរាប់សិបនាក់មានទាំងយុវជន សង្គមស៊ីវិល មន្ត្រីគណបក្សក្រៅរដ្ឋាភិបាល រួមមានបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននាំរម្លឹកខួបគម្រប់៧ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី។ ក្នុងកម្មវិធីនោះ មានសកម្មភាពដើរយាត្រាពីក្រសួងកសិកម្ម ឆ្ពោះទៅកាន់ ស្តាម៉ាត កាល់តិចបូកគោ ជាកន្លែងដែលលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់។
ក្រុមអ្នកដង្ហែបានកាន់រូបគំនូរនៃមរណភាព និងរូបថតរបស់លោក ព្រមទាំងកម្រងផ្កាដើម្បីចូលរួមរំលែកទុក្ខ ហើយទាមទាររកយុត្តិធម៌ចំពោះឃាតកម្មទៅលើលោក បណ្ឌិត កែម ឡី ព្រមទាំងបានដាក់តាំងផ្កា និងរូបថត នៅមុខស្តាម៉ាត ដែលបានបិទទ្វារនៅថ្ងៃចន្ទនេះ ក្រោមការឃ្លាំមើលពីមន្ត្រីសមត្ថកិច្ចដែលស្លៀកពាក់ស៊ីវិលជាច្រើននាក់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ជុំវិញករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះនៅមិនទាន់មើលឃើញនូវពន្លឺយុត្តិធម៌ដែលទាំងសហគមន៍ជាតិនិងអន្តរជាតិ ព្រមទាំងសាធារណជនអាចទទួលយកបាននោះទេ។ លោកបន្តថា បើទោះជាមានការបំបែកសំណុំរឿងដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត ក៏ប៉ុន្តែមកដល់ពេលនេះក៏មិនទាន់ឃើញមានពន្លឺយុត្តិធម៌ពិតដដែល។
លោក សែនករុណា បន្តថា៖ « ដើម្បីជៀសផុតពីការរិះគន់របស់សាធារណជន យើងជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ពិសេសសមត្ថកិច្ចដែលមានតួនាទីនិងគណៈកម្មការដែលបានបង្កើតឡើងឱ្យបង្ហាញនៅព័ត៌មានខ្លះថាតើយើងបង្កើតគណៈកម្មការ បំបែកនូវសំណុំរឿងហ្នឹងបានធ្វើអ្វីខ្លះហើយ។ ប៉ុន្តែមកទល់នឹងពេលនេះព័ត៌មានអ្វីបន្តិចក៏យើងមិនទាន់ទទួលបានដែរតើឱ្យមតិសាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិគេជឿជាក់យ៉ាងម៉េច។ នេះគឺជាចំណុចសំខាន់ដែលគណៈកម្មការឬក៏សមត្ថកិច្ចពាក់ព័ន្ធជាពិសេសតុលាការគួរបង្ហាញនូវការខិតខំប្រឹងប្រែងដើម្បីឱ្យមតិសាធារណជនសង្គមស៊ីវិលក៏ដូចជាសហគមន៍អន្តរជាតិគេប្រាកដចិត្តថា សមត្ថកិច្ចពាក់ព័ន្ធនឹងកំពុងតែធ្វើការងារហ្នឹងមែន នេះគឺជាចំណុចសំខាន់ក៏ប៉ុន្តែមកដល់ពេលនេះយើងមិនទាន់ឃើញការបង្ហាញណាមួយដោយសុឆន្ទៈដែលអាចជឿទុកចិត្តបាននោះទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមទៀតថាការបាត់បង់ជីវិតសកម្មជនសិទ្ធិមនុស្ស សកម្មជនព្រៃឈើ សកម្មជនបរិស្ថាន សកម្មជនដីធ្លី និងអ្នកដែលហ៊ានបញ្ចេញមតិអ្នកដែលហ៊ាននិយាយការពិតហើយមិនទទួលបាននូវយុត្តិធម៌នោះ ទោះតិចឬច្រើនគឺពិតជា ជះឥទ្ធិពលដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។
លោក អ៊ុល វ៉ាន់ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា C.Y.N បានថ្លែងប្រាប់អ្នកសារពត៌មានថា លោកនៅតែចងចាំព្រឹត្តិការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦ ហើយលោកនៅតែចងចាំនៅវីរភាពនិងសកម្មភាពរបស់លោកដែលលោកបានលះបង់ក្នុងបុព្វហេតុដើម្បីបម្រើប្រយោជន៍ដល់សង្គមជាតិ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា។
លោក អ៊ុល វ៉ាន់ មានប្រសាសន៍ថា៖ «ខ្ញុំក៏នៅតែចងចាំ គោលគំនិតសារសំខាន់ៗដែលលោកបណ្ឌិត កែម ឡី បានចែករំលែកដល់ប្រជាពលរដ្ឋក៏ដូចជាយុវជនកម្ពុជាគឺចង់ឱ្យប្រជាពលរដ្ឋក៏ដូចជាយុវជនកម្ពុជាចេះឈឺឆ្អាលទៅនឹងបញ្ហារបស់សង្គមជាតិ ចេះធ្វើការជាមួយគ្នាដោយស្មារតីសាមគ្គីភាពនិងតម្កល់នូវផលប្រយោជន៍ជាតិជាធំ ជាជាងប្រយោជន៍បុគ្គលឬបក្សពួករបស់ខ្លួនជាពិសេសគឺមានភាពក្លាហានក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនឯងដើម្បីដោះស្រាយនូវបញ្ហារបស់សង្គមជាតិតាមរយៈការសិក្សារៀនសូត្រតាមរយៈការចែករំលែក និងលើកយកនូវបញ្ហាអ្វីដែលពិតប្រាកដនិងលើកយកជាគោលគំនិតដើម្បីដោះស្រាយនូវបញ្ហារបស់សង្គមជាតិ»។
ក្នុងនាមលោកជាយុវជននិង ជាអ្នកធ្វើការលើផ្នែកសិទ្ធិមនុស្ស ហើយក៏ជាអ្នកគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី លោក អ៊ុល វ៉ាន់ នៅតែស្នើយ៉ាងទទួចទៅដល់រដ្ឋាភិបាលឱ្យចាត់វិធានការស៊ើបអង្កេតបន្ថែមទៀតពាក់ព័ន្ធករណី លោកបណ្ឌិត កែម ឡី និងសកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គមដទៃទៀត។
យុវជន កៅ សារឹទ្ធ អ្នកសម្របសម្រួលសហគមន៍លើកម្មវិធី អ្នកប្រឈមមុខខ្ពស់ អ្នកស្រឡាញ់ភេទដូចគ្នានិងអ្នកប្រឈមនិងជំងឺអេដស៍បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនថា សម្រាប់ចំណាប់អារម្មណ៍របស់លោក ក្នុងការចូលរួមនិពន្ធកំណាព្យដើម្បីដាក់ចូលទៅក្នុងកម្មវិធីខួបគម្រប់ខួប៧ឆ្នាំនៃមរណៈភាពរបស់លោកបណ្ឌិត កែម ឡី ដើម្បីចង់រំលេចប្រាប់ដល់ប្រជាជនទាំងអស់ឱ្យចងចាំនូវវីរភាពរបស់លោកដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។
យុវជន កៅសារឹទ្ធ បន្តថា៖ «អ្វីដែលជាពាក្យសំដីរបស់លោកដែលខ្ញុំចាំបានជាងគេគឺសង្គមមួយដែលសម្បូរទៅដោយសត្វសាហាវមានឆ្លាមខ្លាពស់វែកក្រពើដែលទាំងអស់នេះប្រៀបធៀបទៅហ្នឹងបរិបទសង្គមរបស់យើងដែលសម្បូរទៅដោយជនប្រើអំណាចជិះជាន់មកលើអ្នកទន់ខ្សោយនេះគឺជាទ្រឹស្ដីដែលខ្ញុំបានចងចាំជាងគេសម្រាប់អារម្មណ៍របស់ខ្ញុំ»។
លោកបន្ថែមទៀតថា៖«ខ្ញុំយល់ថាអារម្មណ៍ភ័យខ្លាចគឺនៅតែមានសម្រាប់យុវជននិងប្រជាពលរដ្ឋខ្មែរ កាលបើសង្គមមួយនៅតែបន្តមានអំពើនិទណ្ឌភាពជាបន្តបន្ទាប់ ហើយជនដែលប្រព្រឹត្តបទល្មើសមិនត្រូវបានវែកមុខយកមកផ្ដន្ទាទោស។ ដូច្នេះប្រជាពលរដ្ឋខ្មែរទូទៅក៏ដូចជាយុវជនគឺតែងតែមានអារម្មណ៍ខ្លាចរអា និយាយរួមខ្ញុំយល់ពីអារម្មណ៍របស់ពួកគាត់ដែលខ្ញុំពីមុនក៏មានអារម្មណ៍ដូចនេះដែរ។ ដោយសារតែវីរៈជនសកម្មជនសង្គមក៏ដូចជាអ្នកដែលវិភាគនយោបាយហ្នឹងអ្នកហ៊ាននិយាយការពិតទទួលបានការវាយប្រហារ ខ្ញុំយល់ថាពួកគាត់នៅតែមានការព្រួយបារម្ភ»។
យុវជន គឹម ជីលីន ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី មានភាពមិនច្បាស់លាស់ជាច្រើនដែលធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាសាធារណជននៅមានមន្ទិលសង្ស័យ។ លោកបន្តថា នៅក្នុងករណីនេះសមត្ថកិច្ចក៏ដូចជាស្ថាប័នពាក់ព័ន្ធ មិនបានធ្វើនូវការវែកញែកឱ្យបានច្បាស់លាស់ដែលអាចបង្ហាញនូវឆន្ទៈនៅក្នុងការស្វែងរកយុត្តិធម៌ជូនដល់បណ្ឌិត កែម ឡី នោះទេ ដោយថាហាក់ដូចជាការបង្ហាញនៅឆន្ទៈមួយដែលមិនទទួលខុសត្រូវ។
យុវជន គឹម ជីលីន លើកឡើងថា៖«ហើយខ្ញុំក៏ចង់រំលេចនូវរឿងមួយបើនិយាយដល់សិទ្ធិសេរីភាពរបស់ប្រជាពល រដ្ឋាភិបាលគឺមានកាតព្វកិច្ច បីធំៗគឺ ទីមួយគឺការគោរពសិទ្ធិរបស់ពលរដ្ឋ កាតព្វកិច្ចទីពីរ គឺការពារពលរដ្ឋពីការរំលោភបំពានផ្សេងៗ ទី បី គឺត្រូវតែបំពេញបន្ថែមឲ្យពលរដ្ឋអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនឯងបាន។ក្នុងរឿងនេះខ្ញុំគិតថាបើសិនជាបុគ្គលម្នាក់ដែលត្រូវប្រជាពលរដ្ឋខ្មែរគោរពស្រឡាញ់ហើយក៏ទទួលរងនូវអំពើនិទណ្ឌភាពដោយការរំលោភបំពានហើយមិនត្រូវបានទទួលនូវយុត្តិធម៌និងការរកឲ្យឃើញនូវភាពច្បាស់លាស់ដើម្បីបង្ហាញដល់សាធារណៈជននោះទេ គឺមានន័យថារដ្ឋនោះក៏បានចូលរួមចំណែកនៅក្នុងការរំលោភបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្លួនឯងផងដែរ»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។
ការបាញ់សម្លាប់នៅកណ្ដាលទីក្រុងនេះ បានកើតឡើងតែ២ថ្ងៃប៉ុណ្ណោះ ក្រោយពីលោក កែម ឡី បានអធិប្បាយលើរបាយការណ៍អង្គការឃ្លាំមើលពិភពលោក គ្លូប៊ល វីតណេស (Global Witness) ដែលបានលាតត្រដាងអំពីការកាន់កាប់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សំណុំរឿងឃាតកម្មនេះ ត្រូវបានតុលាការរាជធានីភ្នំពេញផ្ដន្ទាទោសបុរសម្នាក់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ចាត់ទុកបុរសរូបនេះថាជាឃាតករសម្បនិមិត្តតែប៉ុណ្ណោះ៕
…………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក អ៊ុក ដែន