អាណាព្យាបាលសិស្សជាច្រើនគ្រួសារ បានស្នើដល់ការិយាល័យអប់រំស្រុកកំពង់ត្រឡាច ជួយបើកច្រកចូលសាលារៀនបឋមសិក្សាវត្តថ្មីបន្ថែមទៀតដើម្បីបង្កភាពស្រួលក្នុងការធ្វើដំណើរ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្សានុសិស្ស។
កាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣ អាណាព្យាបាលសិស្ស៥នាក់ តំណាងពលរដ្ឋចំនួន៥០០គ្រួសារនៅភូមិចំនួន៥ នៃឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននាំគ្នាទៅការិយាយល័យអប់រំស្រុក ដើម្បីស្នើសុំអន្តរាគមន៍ជួយបើកច្រកចំនួន២ម៉ែត្រខាងលិចចូលសាលារៀនបឋមសិក្សាវត្តថ្មី ដើម្បីងាយស្រួលដល់សិស្សចេញចូល និងការពារគ្រោះថ្នាក់ចរាចរណ៍ចំពោះកូនសិស្សដែលធ្វើដំណើរទៅសាលារៀនហើយត្រូវឆ្លងកាត់ផ្លូវធំដើម្បីចូលតាមច្រកទ្វារខាងមុខសាលា។ ការស្នើនេះ ក្រោយពួកគេអះអាងថា មានសិស្សានុសិស្សខ្លះជួបគ្រោះថ្នាក់ចារាចរណ៍ជាបន្តបន្ទាប់។
តំណាងប្រជាពលរដ្ឋអ្នកស្រី អ៊ុំ សុភី ដែលចូលរួមសកម្មភាពនេះប្រាប់ពលរដ្ឋអ្នកសាព័ត៌មានថា កន្លែងមកកូនសិស្សជាច្រើននាក់រៀនៅសាលាបឋមសិក្សាវត្តថ្មីបានជួបគ្រោះថ្នាក់អំឡុងពេលពួកគេធ្វើដំណើរទៅរៀន និងត្រឡប់មកផ្ទះវិញ។
តំណាងពលរដ្ឋរូបនេះបន្តថា អាណាព្យាលបាលសិស្សបានស្នើដល់ការិយាល័យអប់រំស្រុកបើកច្រកខាងលិចចូលសាលារៀននេះប្រហែល២ម៉ែត្រ ដើម្បីការពារសិស្សពីគ្រោះថ្នាក់ចរាចរណ៍។ អ្នកស្រីថា អាណាព្យាបាលសិស្សបានស្នើទៅអាជ្ញាធរ ឃុំ និងនាយកសាលាបឋមសិក្សាវត្តថ្មីរយៈពេល៣ឆ្នាំហើយឱ្យបើកច្រកចូលសាលារៀននេះ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធទាំងនេះមិនបានធ្វើតាមឡើយ។
អ្នកស្រីបន្ថែម៖«ខ្ញុំបារម្ភពីសុវត្ថិភាពក្មេងៗព្រោះកន្លងមកមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងលើក្មេងជាច្រើនករណីមកហើយ។ ខ្ញុំនឹងបន្តតវ៉ាទៀតដើម្បីទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធបើកច្រកនេះដើម្បីឱ្យងាយស្រួសចូលសាលារៀនដោយមិនចាំបាច់ដើរវាងតាមថ្នាក់ជាតិធ្វើឱ្យប៉ះពាល់ដល់គ្រោះថ្នាក់ផ្សេង»។
មន្ត្រីការិយាល័យអប់រំស្រុកកំពង់ត្រឡាចម្នាក់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកមិនហ៊ានសម្រេចថាយ៉ាងណាទេ ប៉ុន្តែលោកថា បញ្ហានេះ ខាងការិល័យអប់រំយុវជន និងកីឡា បានផ្ញើរបាយការណ៍ទៅក្រសួងអប់រំយុវជន និងកីឡាដើម្បីដោះស្រាយហើយ។
មេភូមិធ្លកយល់ លោក ប៉ាង សុគន្ធ និងនាយកសាលារៀនបឋមសិក្សាវត្តថ្មីមានប្រសាសន៍ថា លោកមិនអាចអនុញ្ញាតឱ្យបើកច្រកនេះទេ ប្រសិនបើពុំមានលិខិតបញ្ជាពីថ្នាក់លើ។
បើតាមអាណាព្យាលសិស្ស ឱ្យដឹងថា សាលារៀនបឋមសិក្សាវត្តថ្មីមានសិស្សចំនួន៥ភូមិមករៀននៅសាលានេះរួមមានភូមិសូវង្ស ភូមិតាកោះ ភូមិឡពាង ភូមិស្វាយក្រោម និងភូមិធ្លកយល់ នៃឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ៕
………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំង លោក ស្ងួន ញឿន