ក្រុមអង្គការសង្គមស៊ីវិលជាង៦០ បានទាមទារដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងមន្ត្រីសមាគមនេះ២រូបទៀតដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន លោក ញ៉ិល ភាព ជាមន្ត្រីជាន់ខ្ពស់សមាគម និង លោក ថាន់ ហាច មន្ត្រីសម្របសម្រួលគម្រោង ត្រូវបានតុលាការខេត្តរតនៈគិរីសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារកាលពីថ្ងៃទី២២ ខែឧសភានេះពីបទញុះញង់ និងរួមគំនិតក្បត់ ក្រោយមន្ត្រីសមាគមទាំង៣នាក់នេះ ធ្វើសិក្ខាសាលាមួយនៅខេត្តរតនៈគិរី។
ពាក់ព័ន្ធរឿងនេះ ក្រុមអង្គការ សមាគម និងសហគមន៍ចំនួន៦១បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ ដោយអំពាវនាវឱ្យដោះលែងមន្ត្រីសមាគម (CCFC) ទាំងបីរូបនោះជាបន្ទាន់ និងឥតលក្ខខណ្ឌ ហើយបញ្ឈប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានចំពោះអ្នកការពារសិទ្ធិមនុស្សទាំងអស់ផងដែរ។
ក្រុមអង្គការទាំងនោះ មានមជ្ឈមណ្ឌលសិទ្ធិមនុស្ស(CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា(ADHOC)អង្គការលីកាដូ(LICADHO)បណ្តាញយុវជនកម្ពុជា(CYN)និងអង្គការសមាគម សហគមន៍ផ្សេងៗទៀត។
ក្នុងសេចក្តីថ្លែងការណ៍ បានលើកឡើងថា ការចាប់ខ្លួនបុគ្គលិករបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងការចោទប្រកាន់គឺធ្វើឡើងមិនសមហេតុផលឡើយ ហើយថា ការចោទពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនេះ គឺជាករណីមួយបន្ថែមទៀត ដែលអាជ្ញាធរកម្ពុជាបានធ្វើឡើង ដើម្បីការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍បន្តថា ការចោទប្រកាន់ទាំងនេះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ ដោយថាសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺជាសមាគមកសិករមួយបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយធ្វើការជាមួយសហគមន៍ជាង៧០ នៅ១០ខេត្ត ដើម្បីជួយដល់កសិករដែលរងគ្រោះដោយការបណ្ដេញចេញ និងលើកកម្ពស់សិទ្ធិដីធ្លីដែលត្រូវការចាំបាច់បំផុត។
ក្រុមអង្គការសង្គមស៊ីវិលបន្ថែមថា សមាគមនេះ បានធ្វើការជួយគាំទ្រដល់សហគមន៍ឱ្យយល់ដឹងពីសិទ្ធិ និងការតស៊ូមតិដើម្បីរស់នៅល្អប្រសើរ និងសិទ្ធិមានដីធ្លីសម្រាប់កសិករទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ ៖«អាជ្ញាធរត្រូវតែដោះលែង លោក ថេង សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច ជាបន្ទាន់ហើយបទចោទប្រកាន់ទាំងអស់គួរត្រូវទម្លាក់ចោល។ ការប្រមូលផ្ដុំរបស់សហគមន៍មូលដ្ឋានមិនមែនជាបទឧក្រិដ្ឋទេ។ ការដោះលែងសកម្មជនទាំងនេះ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព និងយុត្តិធម៌ពិតប្រាកដសម្រាប់ទាំងអស់គ្នា»។
ក្រុមអង្គការសង្គមស៊ីវិលបន្តថា ការងាររបស់សកម្មជនសិទ្ធិមនុស្សមិនត្រូវប្រដូចទៅនឹងសកម្មភាពបទល្មើសព្រហ្មទណ្ឌ ដូចជាបទ ញុះញង់រួមគំនិតក្បត់ប្រឆាំងជាតិឡើយ ហើយថា ការចាប់ខ្លួនបុគ្គលិកសមាគម CCFC មិនអាចដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលបានកើតឡើងមកលើសមាជិករបស់សមាគមបាននោះទេ។ ហើយក៏មិនអាចបំបិទសំឡេងរបស់អ្នកដឹកនាំ និងតំណាងសហគមន៍ដែលកំពុងទាមទាររកយុត្តិធម៌សម្រាប់សមាជិកសហគមន៍ និងក្រុមគ្រួសាររបស់ពួកគេផងដែរ។
ក្រោយការចាប់ខ្លួនលោក ថេង សាវឿន និងសហការី២រូប គឺប្រជាពលរដ្ឋដែលជាកសិកររាប់រយនាក់មកបណ្តាខេត្តនានាបានឡើងមកភ្នំពេញ ដើម្បីតវ៉ាមុខក្រសួងមហាផ្ទៃ និងស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងទៀតទាមទារឱ្យមានការដោះលែងមន្ត្រីសមាគមទាំង៣រូបនោះឱ្យមានសេរីភាពវិញ ដោយពួកគេយល់ថា អ្នកទាំង៣នាក់នោះពុំខុសអ្វីនោះទេ។
កសិករម្នាក់មកពីខេត្តកោះកុងអ្នកស្រី ណុយ សក ថ្លែងថា អ្នកស្រីឡើងមកភ្នំពេញជិតមួយសប្តាហ៍ហើយដើម្បីតវ៉ានៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដើម្បីដោះលែងលោក ថេង សាវឿន និងមន្ត្រីសមាគម២រូបឱ្យមានសេរីភាពវិញ ដោយអ្នកស្រីថា អ្នកទាំង៣នាក់នោះពុំមានកំហុសអ្វីឡើយ។
អ្នកស្រី ណុយ សក បន្តថា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលមានលោក ថេង សាវឿន ជាប្រធានបានចុះបង្រៀនពួកគាត់ជាកសិករអំពីបច្ចេកទេសកម្ម ការផ្តល់ទុន ផ្តល់ពូជ ផ្តល់បច្ចេកទេសចិញ្ចឹម ការធ្វើជីកសិកម្ម សម្រាប់ធ្វើកសិកម្មដោយគ្មានសារធាតុគីមី។
អ្នកស្រីបន្ថែមថា៖«សូមសម្ដេចពុកជួយអន្តរាគមន៍ដោះលែងពួកគាត់ទាំងបីឱ្យមានសេរីភាពវិញ។ ខ្ញុំសង្ឃឹមថាសម្ដេចនឹងដោះលែងពួកគាត់ឱ្យសេរីភាពឡើងវិញ។ ឱ្យបានមកជួយពួកកសិករដូចជាពួកខ្ញុំ។ ជួយបង្ហាត់បង្រៀនឱ្យដល់កសិករដែលត្រូវការពួកគាត់ មានតែសម្ដេចមួយគត់ដែលអាចជួយដោះលែងពួកគាត់បាន»។
ពលរដ្ឋមកពីខេត្តកំពង់ស្ពឺអ្នកស្រី ម៉ៅ សាវី ដែលឡើងមកតវ៉ានៅភ្នំពេញដែរនោះ បាននិយាយថា គ្រួសារអ្នកស្រី និងពលរដ្ឋរាប់រាយគ្រួសារនៅខេត្តនេះ ត្រូវបានក្រុមហ៊ុនស្ករអំពៅរបស់លោក ឧកញ៉ា លី យ៉ុងផាត់ រំលោភយកអស់ជាង១០ឆ្នាំមក ដោយពួកគាត់គ្មានដីធ្លីគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម និងជីវភាពគ្រួសារធ្លាក់ចុះជាខ្លាំង។
អ្នកស្រី ម៉ៅ សាវី បន្តថា ក្រោយពួកគាត់បាត់បង់ដីធ្លី គឺបានសមាគមCCFCនេះជួយដល់ពួកគាត់តាមរយៈការផ្តល់បច្ចេកទេសកសិកម្មដូចជាការដាំបន្លែ ការចិញ្ចឹមសត្វ ការធ្វើជីធម្មជាតិ ដើម្បីឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើងវិញ។
អ្នកស្រីថ្លែងថា៖«ព្រោះពេលដែលខ្ញុំមានបញ្ហាបាត់បង់ដីធ្លីគាត់ទាំងបីនាក់បានជួយខ្ញុំ ជួយបង្ហាត់បង្រៀនផ្តល់ទុនចិញ្ចឹមសត្វដាំបន្លែធ្វើជី ផ្តល់គ្រាប់ពូជបង្រៀនឱ្យចេះដាំដុះ។ អញ្ចឹងគាត់អ្នកមានគុណចំពោះខ្ញុំ។ ពេលគាត់មានរឿងខ្ញុំត្រូវតែមកជួយគាត់វិញ»។
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឃាត់ខ្លួនលោក ថេង សាវឿន លោក ញ៉ិលភាព លោក ថាន់ ហាច និងក្រុមការងារជាច្រើនដាក់ផ្សេងទៀត ទៅតាមការស្នើសុំរបស់នគរបាលខេត្តរតនគិរី ក្រោយពីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាធ្វើសិក្ខាសាលាមួយនៅខេត្តរតនគិរីស្តីការឆ្លុះបញ្ចាំង និងពង្រឹងសមត្ថភាព។
ក្រោយការចាប់ខ្លួននេះ សាលាដំបូងខេត្តរតនគិរីបានសម្រេចឃុំបណ្តោះអាសន្នមន្ត្រីសមាគមទាំង៣នាក់នោះ ដោយចោទប្រកាន់ពីបទ «រូបគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
យោងមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌចែងថា អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ ដើម្បីប្រព្រឹត្តឧបឃាត កាលបើគម្រោងនេះត្រូវបានសម្តែងចេញជារូបរាងច្បាស់លាស់ដោយអំពើជាក់ស្តែងមួយឬច្រើន។ ការរួមគំនិតក្បត់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំទៅ១០ឆ្នាំ។
ដោយឡែកបទចោទមួយទៀតដែរនោះគឺបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលមានចែងក្នុងមានត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ បទញុះញង់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ៕
…………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន