ក្រុមអ្នកល្បាតព្រៃ បានអះអាងថា បទល្មើសព្រៃឈើនៅតំបន់ឱរ៉ាល់បានបន្តកើនឡើង ដោយសារគ្មានការចុះអន្តរាគមន៍បង្ក្រាប និងទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។
ក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវររៀរស៍ បានចុះល្បាតព្រៃឈើនៅតំបន់អារ៉ាល់ចំនួន៩កន្លែង ស្ថិតក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ដោយប្រទះបទល្មើសកាប់ឈើតាមភ្នំ និងការទន្ទ្រានយកដីព្រៃរបស់រដ្ឋជាច្រើនករណី ដោយគ្មានការចុះទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
ប្រធានយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវររៀរស៍លោក តាំង គឹមសួរ បានប្រាប់សារព័ត៌មានពលរដ្ឋថា ក្រុមការងាររបស់លោកបានចុះល្បាតរយៈជិត១ឆ្នាំ ដោយប្រទះឃើញជនល្មើសដឹកជញ្ជូនចេញយ៉ាងសកម្ម និងអនាធិតេយ្យ។ លោកថា ទីតាំងមួយចំនួន មានឈ្មួញឈើធ្វើអាជីវកម្មជាច្រើនឆ្នាំ ប៉ុន្ដែមិនមានអាជ្ញាធរណាហ៊ានចុះបង្ក្រាបនោះទេ។
លោក តាំង គឹមសួរ បន្តថា ការចុះល្បាតរយៈពេល១០ខែមកនេះ គឺក្រុមការងារ និងមន្ត្រីជំនាញបរិស្ថាន រួមជាមួយកម្លាំងកងរាជអាវុធហត្ថ បង្ក្រាប់បានរណារយន្ត៦០គ្រឿង កាំភ្លើងកែឆ្នៃ១០គ្រឿង ឈើ៩០គីប រទេះគោ៦ គោយន្ត១០ ឡានដំរីទឹក១គ្រឿង និងជំរុំដើម្បីកាប់ឈើចំនួន១០០នៅតំបន់ខាងលើ។
យុវជនរូបនេះបារម្ភថា ប្រសិនបើកសកម្មភាពបទល្មើសនេះនៅតែបន្តកើតមានទៀតនោះ គឺធនធានធម្មជាតិក្នុងតំបន់ឱរាល់នឹងវិនាសហិនហោចមិនខានឡើយ។
លោកបន្ថែមថា៖ « វត្ថុតាងដែលបង្ក្រាបបានទាំងអស់ហ្នឹង ខ្ញុំនឹងរៀបចំ ដើម្បីដាក់ពាក្យបណ្ដឹងទៅតុលាការ។ ខ្ញុំឃើញថាទីតាំងបំផ្លាញធនធានធម្មជាតិមានច្រើនមែន តែច្រកធ្វើចរាចរណ៍ដឹកជញ្ជូនឈើមានមិនច្រើនទេ។ ច្រកចេញចូលទាំងអស់គឺមានស្នាក់ការចាំយាមទាំងអស់ មិនដឹងថា អ្នកជញ្ជូនឈើប្រើវិធីជ្រែកដី ឬហោះលើអាកាសបានអាចដឹកចេញបានដោយមិនមានឧបសគ្គអ្វីបែបនេះ?»។
លោក តាំង គឹមសួរ បានលើកឡើងថា ការបង្ក្រាបបទល្មើសព្រៃឈើរបស់មន្ត្រីជំនាញហាក់មិនមានតម្លាភាពនោះទេរវាងពលរដ្ឋក្រីក្រ និងឈ្មួញឈើមានអំណាច។ លោកថា មន្ត្រីជំនាញបង្ក្រាបតែករណីពលរដ្ឋធម្មតា ខណៈឈ្មួញរកស៊ីឈើធំៗមិនត្រូវបានបង្ក្រាបឡើយ។
លោក បន្ថែមថា៖ « ពលរដ្ឋកាប់ល្មមៗសម្រាប់តែជីវភាពភាពគ្រួសារត្រូវបានគេចាប់ ប៉ុន្ដែសម្រាប់ឈ្មួញកាប់បំផ្លាញឈើស្ទើរលីងព្រៃគ្មានអាជ្ញាធរមើលឃើញ។ ហេតុអ្វី? ករណីទន្រាន់ដីព្រៃខុសច្បាប់តាមតំបន់មួយធំនៅតែកើតមានជារឿងរាល់ថ្ងៃ! ហេតុអ្វីមិនមានការអើរពើរបង្ក្រាប។ បើត្រឹមពលរដ្ឋរកស៊ីដើម្បីជីវភាព ព្រៃឈើនៅស្រុកឱរ៉ាល់មិនដល់ថ្នាក់នេះទេ»។
សមាជិកក្រុមល្បាតអ្នកតាភ្នំលោក ដឿក ដា បានលើកឡើងថា ក្នុងពេលដើរល្បាតក្នុងតំបន់ឱរ៉ាលជាង២ឆ្នាំមកនេះ លោកសង្កេតឃើញថា តំបន់ឱរ៉ាលរួមមានខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងកំពង់ឆ្នាំ មានករណីកាប់បំផ្លាញព្រៃឈើ និងទន្រ្ទាន់យកដីព្រៃមានការកើនឡើងជាខ្លាំង។
អ្នកល្បាតព្រៃរូបនេះ អះអាងថា តំបន់ខ្លះបានកាប់ឈើស្ទើអស់ពីលើភ្នំ ហើយថា សម្រាប់មធ្យោបាយដឹកឈើចេញនៅខេត្តកំពង់ស្ពឺវិញ ភាគច្រើនប្រើគោយន្ត ខេត្តពោធិ៍សាត់ប្រើឡានធំៗ ម៉ូតូ និងមានគោយន្តតិចតួច ខណៈកំពង់ឆ្នាំងដឹកចេញតាមគោយន្ត។
លោកបន្ថែមថា៖ « បទល្មើសមានច្រើនជាងគេនៅខ្នងឱរ៉ាល់ ក្នុងកំពង់ស្ពឺ ព្រោះកាល១ឆ្នាំមុនខ្ញុំដើរនៅមានព្រៃណែន សត្វក៏សម្បូរ ប៉ុន្ដែឥឡូវអស់ ឃើញស្នាមទើបឈូសព្រៃថ្មីៗថែមទៀត។ នៅតំបន់ដែលគេបំផ្លាញនោះស្ថិតក្នុងតំបន់ក្រហម ជាដីរបស់រដ្ឋ។ មិនដឹងយ៉ាងណាទេ បើឃើញគេបំផ្លាញជិតអស់ហើយ»។
លោក ដឿក ដា លើកឡើងថា អំឡុងពេលធ្វើសកម្មភាពដើរល្បាតព្រៃនៅតាមតំបន់ដែលមានករណីបំផ្លាញព្រៃឈើច្រើននោះ គឺពួកគាត់តែងតែរងការគំរាមកំហែងពីជនមិនស្គាល់អត្តសញ្ញាណដោយផ្ទាល់ និងប្រយោល ឱ្យបញ្ឃប់សកម្មភាពដើរល្បាតព្រៃ ឬប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេ។ រូបលោក និងក្រុមការងារបារម្ភពីសុវត្តិភាពដែរ ប៉ុន្តែដោយសារការស្រលាញ់ធនធានធម្មជាតិ ព្រៃឈើ គឺលោកមិនបញ្ឈប់សកម្មភាពចុះល្បាតនោះឡើយ។
សារព័ត៌មានពលរដ្ឋបានទាក់ទងសុំការបំភ្លឺពីអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង ប៉ុន្ដែលោកលើកឡើងថា រឿងនេះរូបលោកមិនសូវដឹង ហើយលោកបង្វែរឱ្យទៅសួរអាជ្ញាធរមូលដ្ឋានវិញ។
លោកថា៖ « ទាក់ទងទៅប្រធានមន្ត្រីបរិស្ថានទៅក្មួយ ដោយសារគេនៅទីនោះ ហើយយើងនៅឆ្ងាយ ទំរាំយើងសួរនាំគេវាយូរ។ ហៅទៅសួរគេស្រួលៗទៅ គេឆ្លើយជាមួយហើយ បើសួរអត់ស្រួលគេអត់និយាយហ្នឹងហើយ»។
ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ លោក ហ៊ុល ម៉ារ៉ា មិនឆ្លើយចំនឹងសំនួរដែលសារព័ត៌មានពលរដ្ឋបានសួរនោះទេ ដោយលោកបង្វែរឱ្យទៅសួរលោក តាំង គឹមសួរ វិញ។
លោកមានប្រសាសន៍ថា ៖ «ប្រសិនបើទទួលដំណឹងពីការកាប់ព្រៃ និងរានព្រៃពីលោក តាំង គឹមសួរ អាចទៅសួរលោក តាំងគឹមសួរទៅអាចច្បាស់ជាងខ្ញុំ»។
មន្ត្រីសម្របសម្រួលគម្រោងនៅសមាគមបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា CYN លោក អូត ឡាទីន បានលើកឡើងថា បទល្មើសធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាបានកើតឡើងមិនសូវខុសគ្នាទេ។ លោកថា នៅតំបន់ជួរភ្នំក្រវ៉ាញ ជួរភ្នំឱរ៉ាល់ ព្រៃឡង់ ព្រៃព្រះរកា និងតំបន់សហគមន៍ផ្សេងទៀត គឺមានករណីការកាប់ឈើ ឬការកាប់រានយកដីព្រៃខុសច្បាប់បានកើតឡើងស្ទើរគ្រប់តំបន់។
លោក អូត ឡាទីន បន្តថា បើសិនចង់ដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព គឺអាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់និងតួនាទីរបស់ខ្លួនឱ្យបានតឹងរឹង ហើយធ្វើការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល ក្រុមសកម្មជនព្រៃឈើ និងក្រុមអ្នកសិក្សាស្រាវជ្រាវ ដើម្បីធ្វើការរួមគ្នា ដោយដាក់ការងារនេះជាអាទិភាព និងធ្វើទូទាំងប្រទេស។
លោកថា៖ « បញ្ហានេះកើតឡើងដោយមានការជាប់ពាក់ព័ន្ធគ្នាច្រើន ពិបាកក្នុងការដោះស្រាយ។ ពេលខ្លះសហគន៍ឃើញបទល្មើសបានដាក់ពាក្យបណ្ដឹង និងរាយការណ៍មកខេត្ត ឬមានករណីសិក្សា ប៉ុន្ដែមិនមានដំណោះស្រាយ និងបានឆ្លើយបដិសេដទៀត។ ខ្ញុំមិនដឹងថា គេធ្វើបែបនេះ មានន័យបែបណាទេ»។
កាលពីចុងខែមេសាឆ្នាំ២០២៣ លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបញ្ជាឱ្យកម្លាំងអាវុធហត្ថចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រហូតឱ្យប្រើអាវុធ ក្នុងករណីក្រុមជនល្មើសប្រឆាំង និងបាញ់តបតមកកងកម្លាំង។
ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកព្រៃបានលើកឡើងថា បទបញ្ជានេះ ហាកមិនបានប្រសិទ្ធភាពនោះទេ ដោយមន្ត្រីក្រោមឱអនុវត្តមានតែមួយឆាវពេលមានបទបញ្ជានោះ តែប៉ុណ្ណោះ៕
…………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ប៉ូ សុភា