អ្នកការពារព្រៃឈើ និងសត្វព្រៃ បានទទូចដល់សមត្ថកិច្ចឱ្យស្រាវជ្រាវចាប់ខ្លួនក្រុមជនដែលបរបាញ់សត្វក្នុងព្រៃសហគមន៍ប្រាំបីមុមមកផ្តន្ទាទោសតាមច្បាប់ ដើម្បីព្រមានដល់អ្នកផ្សេងទៀតកុំឱ្យធ្វើបែបនេះ និងបញ្ឈប់ការដើរប្រមាញ់សត្វព្រៃបន្តទៀត។
កាលពីថ្ងៃ២២ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ច និងប្រជាសហគមន៍បានចាប់បានឧបករណ៍សម្រាប់ធ្វើសកម្មភាពចាប់សត្វព្រៃមួយចំនួននិងឡានមួយគ្រឿងរបស់ជនសង្ស័យមួយក្រុមនៅក្នុងចម្ការអំពៅ ស្ថិតក្នុងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខណៈម្ចាស់ ឬក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់។
ប្រធានសហគមន៍ការពារព្រៃឈើប្រាំបីមុមលោក សឿន ឡាយ បានឱ្យថា ចាប់តាំងពីចាប់បានវត្ថុតាងរហូតមកដល់ពេលនេះ គឺសត្ថកិច្ចពុំទាន់ស្រាវជ្រាវចាប់ខ្លួនម្ចាស់ ឬជនសង្ស័យបាននៅឡើយទេ ខណៈវត្ថតាងបានបញ្ជក់ឈ្មោះ និងទីតាំងរបស់ជនសង្ស័យរួចទៅហើយ។
លោក សឿន ឡាយ បន្តថា ប្រជាសហគមន៍កំពុងបារម្ភពីសុវត្តិភាពផ្ទាល់ខ្លួន និងខ្លាចមានការដាក់អន្ទាក់ ឬការបបាញ់សត្វព្រៃក្នុងសហគមន៍បន្តទៀត ប្រសិនបើជនជនល្មើសមិនត្រូវបានចាប់យកមកផ្តន្ទាទោសតាមច្បាប់។
ប្រធានសហគមន៍រូបនេះបន្ថែមថា ប្រជាសហគមន៍បានធ្វើសកម្មភាពចុះល្បាតព្រៃយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ដើម្បី អង្កេត និងតាមដានកម្មភាពលួចបរបាញ់សត្វក្នុងព្រៃសហគមន៍។ លោកថា ក្រុមគណៈកម្មការទាំង១៣រូបដែលចុះល្បាតព្រៃ ពុំមានអ្វីសម្រាប់ការពារខ្លួននោះទេ ខណៈជនល្មើសដែលដើរបរបាញ់សត្វតែងតែមានអាវុធជាប់ខ្លួន។
លោកបន្ថែមថា៖«ចាប់តាំងពីមានករណីបរបាញ់សត្វក្នុងសហគមន៍ រហូតដល់ឈានចាប់បានឧបករណ៍ទាំងនោះមក ក្រុមការងាររបស់យើងបានដើរល្បាតមិនដាច់ទេ ជាពិសេសពេលយប់ ជួនម៉ោង១ ឬ២យប់មិនទាន់មកដល់កន្លែងផង។ ដោយពេលខ្លះ យើងមិនបានស្នាក់នៅស្នាក់ការទេ ត្រូវចែកគ្នាសម្រាក់លាក់ខ្លួននៅតាមព្រៃ ព្រោះខ្លាចអសុវត្ថិភាព និងបានអង្កេតមើលក្រែងមានបទល្មើសផង»។
នាយកថែរក្សា និងសង្គ្រោះសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃលោក និក ម៉ាក បានសាទរចំពោះសមត្ថកិច្ចដែលបានចុះបង្ក្រាបបទល្មើសសត្វព្រៃ ដោយឃាត់បានឧបករណ៍ និងសម្ភារៈចាប់សត្វព្រៃនេះ ប៉ុន្តែលោក ក៏បង្ហាញការសោកស្តាយចំពោះការមិនទាន់ចាប់បានជនសង្ស័យផ្តន្ទាទោសតាមច្បាប់ដែរ។
ការពារ និងសង្គ្រោះសត្វព្រៃរូបនេះ បានទទូចដល់អាជ្ញាធរពាក់ព័ន្ធខិតខំស្រាវជ្រាវចាប់ជនសង្ស័យទាំងនោះ មកដាក់ទោសតាមច្បាប់ឱ្យខានតែបាន ហើយលោកក៏បានអំពាវនាវដល់មន្ត្រីជាប់ពាក់ព័ន្ធ និងប្រពលរដ្ឋគ្រប់រូបចូលរួមជួយការពារ និងអភិរក្សសត្វព្រៃក្នុងព្រៃធម្មជាតិក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្សផងដែរ។
លោកបន្ថែមថា៖« សត្វព្រៃនៅស្រុកខ្មែរជិតអស់រលីងហើយ។ ខ្ញុំគិតថា សំខាន់យើងត្រូវការពារសត្វព្រៃនៅស្រុកខ្មែរព្រោះសត្វខ្លះបានដាច់ពូជ ដូចជាខ្លាដំបង រមាស គោព្រៃ ចំណែកឯខ្លារខិន ដំរី ជិតផុតពូជ ចំពោះសត្វទន្សោងនិងសត្វមួយចំនួនទៀតឥឡូវក៏ជិតអស់ដែរ។ ដូច្នេះយើងត្រូវការពារសត្វរបស់យើង។ គេសម្លាប់សត្វព្រៃយើង។ អង្គការសម្ព័ន្ធមិត្តចង់ការពារសត្វព្រៃទាំងនោះ»។
ប្រធានរដ្ឋបាលព្រៃឈើលោក កែវ អូម៉ាលីស្ស ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សំណុំរឿងឃាត់ឧបករណ៍ចាប់សត្វព្រៃនៅសហគមន៍ព្រៃឈើប្រាំបីមុមនោះបានបញ្ជូនទៅដល់ដៃតុលាការហើយ។
លោកបន្ថែមថា៖ « ការងារនេះនៅដៃតុលាការ ដល់អីចឹងយើងពិបាក។ នាយខណ្ឌនៅពេលបានបញ្ជូនទៅលើហើយ ចាំតែមើលគេសើបអង្កេតយ៉ាងម៉េច ហៅយ៉ាងម៉េចប៉ុណ្ណោះ។ ពួកខ្ញុំពេលបានបញ្ជូលហើយលែងសូវដឹងហើយ»។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺលោក ផល មុនី បញ្ជាក់បន្ថែមថា រដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានបញ្ជូនឯកសារដល់ដៃព្រះរាជអាជ្ញា ដោយពេលនេះ រងចាំការតែសម្រេចពីតុលាការតែប៉ុណ្ណោះ។
លោកបន្ថែមថា៖ « ការងារដាក់អន្ទាក់នៅក្នុងសហគមន៍ប្រាំបីមុមហ្នឹង មន្ទីរដាក់របាយការណ៍ទៅព្រះរាជអាជ្ញាមួយអាទិត្យហើយ។ បើតាមខ្ញុំចាំ យ៉ាងតិចក៏មួយអាទិត្យដែរ។ កាលណាបញ្ជូលដល់នោះហើយ ជាសិទ្ធរបស់ព្រះរាជអាជ្ញា។ កាលណាគាត់មិនច្បាស់កន្លែងណាមួយ គាត់អាចហៅភាគីណាមួយទៅបំភ្លឺបន្តទៀត»។
សូមបញ្ជាក់ថា សហគមន៍ការពារព្រៃឈើប្រាំបីមុម មានផ្ទៃដីសរុប ១ ២២១ ហិកតា ស្ថិតក្នុងភូមិថ្នល់កែង ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បើតាមអះអាងរបស់អាជ្ញាធរ និងប្រជាសហគមន៍ គឺ បច្ចុប្បន្ននេះក្នុងសហគមន៍សហគមន៍ប្រាំបីមុម មានសត្វទន្សោងជាង១០០ក្បាលកំពុងរស់នៅ ហើយក្រៅពីនេះក៏មានសត្វខ្ទីង ក្ងោក ប្រើស ជ្រូកព្រៃ និងសត្វមួយចំនួនទៀតផងដែរ។ បើតាមមន្ទ្រីរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ វត្ថុតាងដែលសមត្ថកិច្ច និងប្រជាសហគមន៍ចាប់បានកាលពីថ្ងៃ២២ ខែមេសានោះ មានរថយន្តកែច្នៃ ម៉ាកLAND ROVER DEFENDER ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ2BQ-5108 អត្តញ្ញាណប័ណ្ណ២សន្លឹក ប័ណ្ណបើកប១សន្លឹក កាតABA ១សន្លឹក កាតចាក់វ៉ាក់សាំង១សន្លឹក គ្រាប់កាំភ្លើង M.16ចំនួន២៥គ្រាប់ បង់១ គ្រាប់ការលីធូចំនួន១៣ វ៉ានឌឺឡុងចំនួន៤៥គ្រាប់ គ្រាប់កាំភ្លើងខ្យល១ប្រអប់ សាម៉ែលឆ្លុះចំនួន១ស្រោមប្រអប់កាំភ្លើង M.16 ចំនួន១ និងកូនសោចំនួន១ចង្កោម៕
……………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ប៉ូ សុភា