អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយបានឱ្យដឹងថា ក្រោយបុណ្យចូលឆ្នាំប្រពៃណីជាតិរួចរាល់មានពលរដ្ឋខ្មែរជាង ១ ០០០នាក់ ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួន និងបញ្ជូនមកកម្ពុជាវិញដោយសារគ្មានឯកសារស្របច្បាប់។
មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថាសង់ត្រាល់ លោក ឌី ថេហូយ៉ា បានប្រាប់អ្នកសារព័ត៌មានពលរដ្ឋកាលពីចុងខែមេសាថា បើគិតពីសកម្មភាពរបស់ពលករកម្ពុជាចេញពីប្រទេសថៃដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ហើយត្រូវត្រលប់ទៅវិញគឺត្រូវអាជ្ញាធរថៃបានចាប់ឃុំខ្លួន និងបញ្ជូនមកកម្ពុជាវិញ មានចំនួនសរុបប្រមាណជិត ១ ៣០០នាក់។
លោកបន្តថា ការចាប់ខ្លួនពលរដ្ឋខ្មែរនោះ ដោយសារតែពួកគេគ្មានឯកសារស្របច្បាប់ និងទៅធ្វើការស្រុកថៃតាមរយៈមេខ្យល់ជាដើម។ លោកថា នេះគឺជារបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មានយោធាថៃ និងទិន្នន័យដែលសង់ត្រាល់បានតាមដាន។ លោកបន្ថែមថា ការទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់នេះ អាចដោយសារតែពួកគាត់មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើឯកសារស្របច្បាប់ ម្យ៉ាងនិតីវិធីរបស់អាជ្ញាធរហាក់មានភាពស្មុគស្មាញផងដែរ។
លោកបន្ដថា៖«យើងទទួលរបាយការណ៍ពីការចុះផ្សាយ និងរបាយការណ៍ពីការចុះអន្ដរាគមន៍ផ្ទាល់ មានកិច្ចអន្ដរាគមន៍ពីសង់ត្រាល់ និងការចុះផ្សាយរបស់ផេកកងទ័ពថៃនៅស្រះកែវ គឺយើងឃើញថាមានការចាប់ខ្លួនច្រើនរហូតដល់ជិត១០០០នាក់ និងសង់ត្រាល់ជិត៣០០នាក់ទៀត។ ចឹងសរុបមានចំនួនជិត១៣០០នាក់ហើយ។ បញ្ហានេះនាំឱ្យចាប់ដោយសារពេលពួកគាត់មកខ្មែរពេលចូលឆ្នាំគឺមកតាមរយៈមេខ្យល់ដែលនាំតាមផ្លូវកាត់ ហើយត្រូវទៅវិញមិនមានការវ៉ៃត្រាត្រឹមត្រូវ ក៏ត្រូវបានចាប់ខ្លួន។ អ្នកខ្លះត្រូវអនុវត្ដទោសជាប់ពន្ធនាគារ និងអ្នកខ្លះទៀតត្រូវបញ្ជូនត្រលប់មកខ្មែរវិញចឹងទៅ»។
លោក ហូយ៉ា បន្ថែមទៀតថា បញ្ហានេះគឺនៅបន្ដកើតមាន ហើយខាងរដ្ឋាភិបាលនៅមិនទាន់បានសិក្សា និងប្រើប្រាស់យន្ដការជាក់លាក់ណាមួយក្នុងការកាត់បន្ថយការចំណាយផ្សេងៗរបស់ពួកគាត់នៅឡើយដែរ។
លោកថា មកដល់ពេលនេះតម្លៃក្នុងការចំណាយសម្រាប់ពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសថៃ គឺមិនទាន់មានភាពជាក់លាក់នោះឡើយ ដោយអាស្រ័យតែលើក្រុមហ៊ុនប៉ុណ្ណោះ ហើយការចំណាយអាចចាប់ពី៦០០ដុល្លារទៅ៨០០ដុល្លារដែលលោកថានេះ ជាការចំណាយច្រើនលើសលុប។
លោកបន្ថែមថា៖ «បញ្ហានេះកើតចេញគោលនយោបាយរបស់រដ្ឋាភិបាលដែលមិនបានសម្របសម្រួលឱ្យគាត់[ពលករខ្មែរ]បានងាយក្នុងការធ្វើឯកសារ ដូចជាយកតម្លៃក្នុងដំណើររត់ឯកសារថ្លៃ។ បើគាត់ទៅតាមក្រុមហ៊ុនជាទម្លាប់អត់មានការចែងជាគោលនយោបាយច្បាស់លាស់ទេ ទម្លាប់យក២៥០ដុល្លារទៅ៣០០ដុល្លារសម្រាប់ដំណើរការធ្វើប៉ាស្ព័រ និងវីសាសម្រាប់ការចំណាយក្នុងសុ្រកខ្មែរ និងត្រូវចំណាយខាងថៃទៀតសរុបចាប់ពី៦០០ដុល្លារទៅ៨០០ដុល្លារ។ សម្រាប់ពលរដ្ឋគាត់អត់មានលុយក្នុងការធ្វើ ទើបពួកគាត់ទៅតាមខ្យល់អឹចឹងទៅ»។
មន្ត្រីអង្គការសង់ត្រាល់បានបញ្ជាក់ថា មានពលករខ្មែរជិត១៣០០នាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះ មានខ្លះត្រូវអនុវត្តទោសឱ្យជាប់ពន្ធនាគារ និងខ្លះទៀតត្រូវបញ្ជូនត្រលប់មកកម្ពុជាវិញ។
ជុំវិញរឿងនេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានថ្លែងថា អ្នកស្រីត្រូវការដំណោះស្រាយ តាមបែបយុទ្ធសាស្រ្តជាក់លាក់ ក្នុងការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា គ្រប់ប្រភេទ ដែលបាននិងកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។
លោកស្រីបន្ថែមថា ភាពមិនច្បាស់លាស់នៃទិន្នន័យ និងនីតិវិធីក្នុងការទទួល ប្រើប្រាស់ពលកររបស់និយោជកដែលមានទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ ក៏ដូចជាប្រព័ន្ធនីតិវិធីនៃការផ្តល់ភាពស្របច្បាប់ដែលនៅមានលក្ខណៈច្របូកច្របល់រវាង ពលករចាស់ និងពលករថ្មី ធ្វើឱ្យការដោះស្រាយមានលក្ខណៈស្មុគ្រស្មាញ និងយឺតយ៉ាវ។
តែយ៉ាងណា លោកស្រីអះអាងថា ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់ទុក ការគ្រប់គ្រងទេសន្តរប្រវេសន៍ ជាយុទ្ធសាស្រ្តដ៏សំខាន់មួយនៃការបង្ការទប់ស្កាត់ភាពរងគ្រោះរបស់ពលករ និងកំពុងរិះរកវិធានការក្នុងការដោះស្រាយបញ្ហានេះ។
លោកស្រី ប៊ុនអេង ថា៖«យើងបាននិងកំពុងត្រៀមរៀមចំកិច្ចពិភាក្សាកម្រិតអន្តរក្រសួងមួយដើម្បីដោះស្រាយបញ្ហានេះ ដោយមានកិច្ចសហការរវាងប្រទេសទាំងពីរ ឱ្យបានឆាប់បំផុត និងសូមអំពាវនាវ បងប្អូនប្រជាពលរដ្ឋ រក្សាភាពនឹងន អត់ធ្មត់ ដើម្បីរង់ចាំដំណោះស្រាយ ដ៏ជាក់លាក់មួយ»។
ប្រធានសមាគមអាដហុក លោក នី សុខា បានថ្លែងថា ដើម្បីបញ្ចប់ការចំណាកស្រុករបស់ពលរដ្ឋខ្មែរគឺ រដ្ឋាភិបាលគួរតែបង្កើតការងារក្នុងស្រុកឱ្យច្រើនតាមដែលអាចធ្វើទៅបាន។ មួយវិញទៀតលោកថា ប្រសិនបើរដ្ឋាភិបាលមិនទាន់អាចបង្កើតការងារក្នុងសុ្រកបានទេ គឺត្រូវរកវិធីសាស្ដ្រណាដែលឱ្យពួកគាត់ចំណាយតិច និងស្របច្បាប់ ទើបបញ្ហាទាំងអស់នេះត្រូវបានដោះស្រាយ។
លោកថា៖«ខ្ញុំគិតថារដ្ឋាភិបាលគឺភាគីសំខាន់បំផុតក្នុងការដោះស្រាយបញ្ហានេះ។ រដ្ឋាភិបាលគួរតែបង្កើតការងារក្នុងស្រុកឱ្យបានច្រើន បើថាមិនអាចបង្កើតបានទេ គួរតែគិតគូរថាធ្វើយ៉ាងណាអាចឱ្យពួកគាត់ស្របច្បាប់នឹងចំណាយតិចលើសេវាទាំងអស់ហ្នឹង។ អាហ្នឹងបានដោះស្រាយរួច។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងគិតគូររឿងហ្នឹង»។
របាយការណ៍របស់អាជ្ញាធរខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០២២ បង្ហាញថា ពលរដ្ឋខ្មែររាប់ពាន់នាក់បានឆ្លងដែនក្នុង១ថ្ងៃៗ ដើម្បីទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ក្រោយស្ថានភាពកូវីដ-១៩ ធូរស្រាល ហើយក្នុងនោះប្រមាណ៧០ភាគរយ គឺឆ្លងដែនដោយខុសច្បាប់៕
…………………….
ដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន