ផ្ទះ៤០ខ្នងរបស់ប្រជាពលរដ្ឋនៅឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល បានបាក់ស្រុតចូលក្នុងទន្លេរងការខូចខាតធ្ងន់ធ្ងរ ហើយពលរដ្ឋស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយជូនពួកគាត់ឱ្យបានឆាប់ ដើម្បីឱ្យពួកគាត់អាចបើកអាជីវកម្មរកស៊ីបានឡើងវិញ ខណៈអាជ្ញាធរថា ខ្លួននឹងឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតករណីនេះ ដើម្បីមូលហេតុពិតប្រាកដ។
កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣ មានហេតុការណ៍បាក់ច្រាំងទន្លេមួយកើតឡើងនៅភូមិត្រពាំងឈូក និងភូមិក្បាលជ្រោយឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដោយបណ្តាយឱ្យផ្ទះប្រមាណ៤០ខ្នងរបស់ប្រជាពលរដ្ឋនៅតំបន់នោះបាក់ធ្លាក់ចូលក្នុងទន្លេ។
ក្នុងលិខិតចុះថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្តាល លើកឡើងថា ទឹកទន្លេបានស្រកចុះទើបបណ្តាលឱ្យមានការទាញដី ហើយធ្វើឱ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់នៅលើច្រាំទន្លេ ហើយទំងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំទន្លេជាហេតុធ្វើឱ្យមានការបាក់ស្រុតច្រាំងតែម្តង។
រដ្ឋបាលខេត្តកណ្តាលបញ្ជាក់ថា ហេតុការណ៍បាក់ច្រាំទន្លេនេះ បានធ្វើប៉ះពាល់ផ្ទះពលរដ្ឋចំនួន៤០ខ្នង ឬស្នើ២១គ្រួសារក្នុងនោះផ្ទះដែលរលំចូលទន្លេទាំងស្រុងមានចំនួន២ខ្នង ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរចំនួន២៨ខ្នង និងផ្ទះប៉ះពាល់ស្រាលចំនួន១០ខ្នង។
ពលរដ្ឋរងគ្រោះបាក់ផ្ទះចូលទន្លេ និងជាអាជីវករទិញប្រាក់ប្ដូរប្រាក់អ្នកស្រី គឹម ម៉ាណេត អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឱ្យដឹងថា គ្រួសារអ្នកបានមករស់នៅតំបន់កើតហេតុនេះជាង៣០ឆ្នាំមកហើយ គឺមិនដែលមានបញ្ហាអ្វីនោះទេ ទើបតែនៅថ្ងៃទី២៤ ខែមេសានេះ កើតហេតុការបាក់ច្រាំទន្លេ និងបាក់ផ្ទះចូលទន្លេ។
អ្នកស្រី គឹម ម៉ាណេត រៀបរាប់ថា នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ អ្នកបានលឺសំឡេង នៃការបាក់ផ្ទះចូលទន្លេ ដោយចាប់ផ្តើមបាក់បន្តិចម្តងៗ រហូតធ្លាក់ចូលក្នុងទន្លេ ប៉ុន្តែហេតុការណ៍នេះ ពុំបណ្តាលឱ្យពលរដ្ឋណាម្នាក់រងគ្រោះនោះទេ គ្រាន់តែរងការខូចខាត់ទ្រព្យសម្បត្តិតែប៉ុណ្ណោះ។ អ្នកស្រីថា រូបអ្នកស្រី និងពលរដ្ឋផ្សេងទៀត មិនបានដឹងជាមុនចំពោះហេតុការណ៍នេះឡើយ។
អ្នកស្រីបន្ថែមថា៖«បាយហើយខ្ញុំនៅក្រោយផ្ទះ ខ្ញុំអង្គុយឮសូរ្យព្រុសដូចឡានវាបុកគ្នាអឹចឹង ក៏វាអាលំដើមស្វាយ ក៏អាលំរបងផ្ទះយកតែម្ដង។ខ្ញុំក៏រត់មកប្រាប់ប្ដីខ្ញុំថាផ្ទះបាក់អាលំហើយ យកឡានយកអីចេញភ្លាម តែប្ដីខ្ញុំគាត់មានជំងឺបេះដូង គាត់អត់អាចជួយអីបានទេ។ ខ្ញុំក៏ប្រមូលអាណាស្រាលៗយកចេញតែម្ដង។ បើពេលយប់វិញ បងគ្មានសង្ឃឹមទេអូនអើយ ចេះវាអាលំពេលថ្ងៃ»។
ពលរដ្ឋរងគ្រោះបាក់ផ្ទះចូលទន្លេ និងជាអាជីវករម្នាក់ទៀតអ្នកស្រី ផាន សុភាព អាយុ៥៤ឆ្នាំ នៅភូមិត្រពាំងឈូក បានទទូចដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាបាក់ស្រុតផ្ទះពលរដ្ឋចូលទន្លេឱ្យបានឆាប់ ដើម្បីឱ្យពួកគាត់អាចបើកអាជីវកម្មរកស៊ីឡើងវិញ ខណៈពួកគាត់ភាគច្រើនជាអាជីវកររកស៊ីលក់ដូរ។
អ្នកស្រី ផាន សុភាព លើកឡើងថា បើសិនអាជ្ញាធរមិនពន្លឿនដោះស្រាយទេ វានឹងប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋដែលរងគ្រោះ ដោយសារមិនមានលុយបង់ធនាគារ។ អ្នកស្រី ក៏ជំរុញដល់អាជ្ញាធរឱ្យស៊ើបអង្កេតដោយមានទម្លាភាពជុំវិញមូលហេតុ នៃការបាក់ស្រុតច្រាំងទន្លេនេះឱ្យបានឆាប់ផងដែរ។
អ្នកស្រីបន្ថែមថា៖«ខ្ញុំចង់ឱ្យគាត់មកបុកគ្រឹះឱ្យប្រជាពលរដ្ឋដែលរស់តំបន់នេះទាំងអស់គ្នាដើម្បីឱ្យវាមានទំនុកចិត្ដ។យើងចង់បានកន្លែងរកស៊ីវិញ។ពួកខ្ញុំចាំមើលសិនព្រោះឯកឧត្ដម ប្រាក់ សុខុនគាត់ចាត់មនុស្សឱ្យស៊ើបអង្កេតសិន បានយើងដឹងថាត្រូវធ្វើអីបន្ដទៀតអូន»។
រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ លោក ប្រាក់ សុខុន ដែលពិនិត្យមើលហេតុការណ៍នេះផ្ទាល់បានថ្លែងចំពោះពលរដ្ឋថា លោកនឹងឱ្យមន្រ្ដីជំនាញ និងក្រសួងពាក់ព័ន្ធចុះស៊ើបអង្កេតករណីបាក់ស្រុតផ្ទះពលរដ្ឋចូលទន្លេនេះឱ្យបានឆាប់ ថាតើជាករណីនេះកើតឡើងដោយធម្មជាតិ ឬក៏ដោយសារអ្វីផ្សេង។
រដ្ឋមន្រ្ដីរូបនេះ លើកឡើងថា បើបញ្ហានេះកើតឡើងដោយធម្មជាតិមិនជាបញ្ហាអ្វីនោះទេ ប៉ុន្តែសិនជាបញ្ហានេះ កើតឡើងដោយសារការបូមខ្សាច់ គឺត្រូវឱ្យក្រុមហ៊ុនទាំងនោះទទួលខុសត្រូវឱ្យខានតែបាន។
លោកបន្ថែមថា៖«ខ្ញុំនឹងឱ្យមន្រ្ដីជំនាញ និងក្រសួងពាក់ព័ន្ធចុះស៊ើបលើរឿងហ្នឹង។បើសិនជាវាបាក់ដោយធម្មជាតិគឺមិនអីទេ តែបើមានករណីផ្សេងអាហ្នឹងចាប់ឱ្យទទួលខុសត្រូវតែម្ដង»។
យោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្ដកណ្ដាលថា វិធានការចំពោះមុននេះ គឺរដ្ឋបាលខេត្ដបានចុះណែនាំពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងតម្រូវឱ្យចាកចេញពីផ្ទះដែលមិនមានសុវត្ថិភាព ដើម្បីជៀសវាងប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។
រដ្ឋបាលខេត្តកណ្តាលបានប្រើប្រាស់ កម្លាំងប៉ូលីស២០០នាក់ រាជអាវុធហត្ថ៨១នាក់ កម្លាំងសឹងរង៥០នាក់ និងក្រុមសង្រ្គោះ១២០នាក់ ដើម្បីចាំជួយសង្រ្គោះពលរដ្ឋ។
អភិបាលរងខេត្ដកណ្ដាល លោក គ្រុយ ម៉ាឡែន មិនទាន់អាចបញ្ជាក់ពីមូលហេតុ នៃហេតុការណ៍បាក់ច្រាំទន្លេបណ្តាលឱ្យខូចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនេះបានទេ ខណៈអាជ្ញាធរចុះអន្ដរាគមន៍ និងដោះស្រាយបញ្ហាចំពោះមុខសិន។
លោកបន្ថែមថា៖«យើងអត់ទាន់ដឹងថាវាកើតមកពីអីទេ។តែខាងរដ្ឋបាលយើងនឹងដោះស្រាយអ្វីដែលយើងអាចធ្វើបានសិន រង់ចាំដោះស្រាយពីថ្នាក់ជាតិសិន»។
មេបុស្ដិ៍ព្រែកគយលោក យ៉ែម ម៉ៅ បញ្ជាក់បន្ថែមថា ហេតុការណ៍នេះពុំបណ្តាលឱ្យពលរដ្ឋណាម្នាក់រងគ្រោះនោះទេ។ យ៉ាងណាលោក បានអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នដោយមិនឱ្យស្នាក់អាស្រ័យក្នុងផ្ទះជាដាច់ខាត ត្រូវរកន្លែងសុវត្ថិភាព និងស្ដាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
ប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការធាងត្នោត លោក ស៊ាង មួយឡៃ លើកឡើងថា ការបូមខ្សាច់ជាផ្នែកមួយធ្វើឱ្យមានគ្រោះមហន្តរាដល់ការបាក់ច្រាំងទន្លេបណ្តាលឱ្យប៉ះពាល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅជិតនោះ។
លោកបន្ថែមថា« ចំពោះបញ្ហានៃការបាក់ច្រាំងទន្លេនេះកន្លងមក អាជ្ញាធរយើងតែងតែបន្ទោសទៅលើធម្មជាតិ ខណៈពេលដែលមានការបូមខ្សាច់ធ្វើអាជីវកម្ម និងលុបបឹងជាច្រើននៅក្នុងទន្លេដែលតិច ឬច្រើន។ ខ្ញុំយល់ថាវាបានចូលរួមចំណែកធ្វើឱ្យមានការបាក់ច្រាំង និងប៉ះដល់ការរស់នៅរបស់ប្រជាពលរដ្ឋ»។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ពលរដ្ឋជិត២០គ្រួសារនៅសង្កាត់រកាខ្ពស់ក្រុងតាខ្មៅបានបាក់ផ្ទះចូលព្រែក និងជិត៥០ខ្នងផ្ទះត្រូវរុះរើចេញ ក្រោយពីអាជ្ញាធរបើកទំនប់ទឹកផ្នែកខាងលើ ដើម្បីបញ្ជៀសទឹកជំនន់ពីការដ្ឋានសាងសង់ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ៕
………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ឃាង សុខមាន