អ្នកភូមិ អះអាងថា ពួកគេប្រហែល១៥០០នាក់មកពីខេត្តចំនួន២ បានឡើងមករាជធានីភ្នំពេញនៅថ្ងៃពុធ ដើម្បីរកកិច្ចអន្តរាគមន៍ពីស្ថានប័នពាក់ព័ន្ធមួយចំនួនឱ្យជួយដោះស្រាយវិវាទដីធ្លីដែលបានអូសបន្លាយជាង១០ឆ្នាំ។
អ្នកស្រី យី គន្ធា ដែលអះអាងថា ជាតំណាងពលរដ្ឋមកពីខេត្ដកោះកុង ប្រាប់អ្នកសារព័ត៌មានពលរដ្ឋថា ពលរដ្ឋកោះកុងជាង៥០០នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) របស់លោក ឧកញ៉ា ហេង ហ៊ុយ និងក្រុមហ៊ុនកោះកុងស៊ូហ្គើ និងកោះកុងផ្លេនថេសិនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ បានឡើងមកដាក់ញត្តិជាថ្មីទៀតនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដីនៅថ្ងៃទី២៩ ខែមីនានេះ។
តំណាងពលរដ្ឋរូបនេះ បានឱ្យដឹងថា អ្នកភូមិបានចេញពីខេត្តកោះកុងមកភ្នំពេញតាំងពីម៉ោង២យប់ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តនេះ ឃាត់ឡានពលរដ្ឋប្រហែល១០ម៉ោង ទើបអនុញាតឱ្យចេញមកភ្នំពេញ។ អ្នកស្រីថា ការឃាត់រថយន្តដឹកពលរដ្ឋនោះ ក្រោមហេតុផលសួររកឯកសារពាក់ព័ន្ធរបស់ឡាន និងអ្នកបើកបរ។
អ្នកស្រី យី គន្ធា ចាត់ទុកករណីអាជ្ញាធរឃាត់ឡានដឹកពលរដ្ឋនេះថា ជាការគំរាមកំហែង និងបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ ខណៈពួកគាត់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនតាំងពីឆ្នាំ២០០៦ មិនត្រូវបានដោះស្រាយបញ្ចប់នោះឡើយ។
អ្នកស្រីបន្ដថា៖ «គោលបំណងពួកខ្ញុំ គឺឡើងមកដាក់ញត្ដិ និងតាមដានញត្ដិដែលដាក់កន្លងមក ដើម្បីស្វែងរកដំណោះស្រាយ។ ខ្ញុំគិតថា ពួកគាត់ [អាជ្ញាធរ] គំរាមកំហែងប្រជាពលរដ្ឋហើយរារាំងប្រជាពលរដ្ឋមិនឱ្យមកដល់ភ្នំពេញតែម្ដង។ វាជាការបិទសិទ្ធិសេរីភាពពលរដ្ឋសុទ្ធសាធ។ ខ្ញុំសុំឱ្យរដ្ឋាភិបាលគួរណាតែផ្ដល់ដី ឬមួយក៏ដោះស្រាយវិវាទដីធ្លីក្នុងខេត្ដកោះកុងបញ្ចប់ឱ្យអស់ក្នុង២០២៣»។
អ្នកស្រី ឃន ខន អាយុ៦៦ឆ្នាំ ដែលអះអាងថា ជាតំណាងពលរដ្ឋមកពីខេត្ដកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពលរដ្ឋជាង១០០០នាក់នៅខេត្តនេះបានឡើងមកដាក់ញត្តិនៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UN) ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដីដើម្បីជំរុញទៅស្ថាប័នទាំងនេះជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់។
តំណាងពលរដ្ឋរូបនេះ អះអាងថា ពលរដ្ឋជាង១ ០០០គ្រួសារ នៅឃុំត្រពាំងជោរ ឃុំអមលាំង និងឃុំរស្មីសាមគ្គី នៃស្រុកឱរ៉ាល់ ត្រូវបានក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ រំលោភយកដីធ្លីអស់តាំងពីឆ្នាំ២០១១ ដោយរហូតមកដល់ពេលនេះ មិនទាន់ទទួលបានការដោះស្រាយសំណងណាមួយនៅឡើយទេ។
អ្នកស្រី ឃន ខន ឱ្យដឹងថា ករណីពួកគាត់ឡើងមកតវ៉ាដីធ្លីនៅថ្ងៃពុធនោះ ក៏ត្រូវបានរារាំងដោយសមត្ថកិច្ចខេត្តកំពង់ស្ពឺនៅតាមផ្លូវប្រហែល៨ម៉ោងផងដែរ ដើម្បីរកឯកសារឡាន និងអ្នកបើកបរ។ អ្នកស្រីថា ពលរដ្ឋមួយចំនួនត្រូវបានចុះដើរដោយថ្មើរជើងទៅរាជធានីភ្នំពេញ ខណៈសមត្ថកិច្ចឃាត់រថយន្តច្រើនម៉ោងពេក។
អ្នកស្រីបន្ថែមថា៖ «គេរារាំងគ្រប់ច្រកទាំងអស់ ប៉ុន្ដែឃាត់យ៉ាងណា ក៏ខ្ញុំបុកទម្លុះដោយនាំគ្នាដើរថ្មើរជើងដែរ។ ពិបាកក្មួយអើយ គេមិនចង់ដោះស្រាយឱ្យយើងតែម្ដង ព្រោះយើងទៅខេត្ដច្រើនដងហើយ តែដូចគ្មានឃើញដំណោះស្រាយអីផង បានជាពួកខ្ញុំចេះតែប្រមូលគ្នាឡើងមកដាក់ញត្ដិនៅភ្នំពេញចឹងទៅ។ ខ្ញុំស្នើឱ្យអាជ្ញាធរជួយដោះស្រាយរឿងដីធ្លីពួកខ្ញុំឱ្យឆាប់ចប់ផង វេទនាខ្លាំងណាស់រាល់ថ្ងៃនេះក្មួយអើយ»។
លោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា បញ្ហារារាំងពលរដ្ឋមិនឱ្យឡើងដាក់ញត្ដិនេះដើម្បីរក្សាសន្តិសុខសណ្តាបធ្នាប់សាធារណៈ។ លោកថា ការឡើងមកនេះ គឺមានពលរដ្ឋច្រើនលើសលុប ដែលបង្កភាពអសន្ដិសុខ និងខូចសណ្ដាប់ធ្នាប់សាធារណៈ។
អភិបាលខេត្តរូបនេះបន្តថា ករណីពលរដ្ឋឡើងដាក់ញត្តិនៅភ្នំពេញនេះ គឺមានអ្នកក្រុមញុះញង់នៅពីក្រោយ ដែលធ្វើឱ្យបញ្ហានេះមិនអាចស្រាយចប់។
លោកបន្ថែមថា៖ «ខ្ញុំចង់និយាយថា មានអ្នកដែលស៊ីគម្រោង បើគាត់ដកខ្លួនចេញឆ្ងាយពីអាគម្រោងដែលគាត់ស៊ីហ្នឹង យើងងាយស្រួលនឹងធ្វើ។ អាណាចង់ឃើញបងប្អូនគាត់លំបាកស្អី។ កើតរឿងស្រក់ទឹកភ្នែកធ្វើអី។ អាហ្នឹងមែនជាឆន្ទៈថ្នាក់ដឹកនាំទេ។ វាទាក់ទងរឿងសណ្ដាប់ធ្នាប់ សន្ដិសុខសាធារណៈ។ យើងដឹងហើយថា បើគាត់ទៅប្រមូលផ្ដុំ ហើយមានគ្រោះថ្នាក់អី គេបន្ទោសតែអាជ្ញាធរ។ បងឯងមិនមើល។ បងឯងមិនឃាត់។ បងឯងមិនដោះស្រាយនៅកន្លែងអាហ្នឹងវាចឹង»។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងលោក សុខ សុទ្ធី សុំឆ្លើយតប់ពាក់ព័ន្ធរឿងនេះទេ ក្រោមហេតុផលជាប់រវល់ប្រជុំ។ ចំណែកស្នងការរងខេត្តកោះកុងលោក ស៊ុន យៀម ថ្លែងថា លោកពុំបានដឹងរឿងសមត្ថកិច្ចខេត្តកោះកុងឃាត់រថយន្តដឹកពលរដ្ឋមានជម្លោះដីធ្លីនោះទេ។
អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស នៃសមាគមសហព័ន្ធសហគមន៍កសិករកម្ពុជាលោក ញិល សុភាព ដែលឃ្លាំមើលរឿងនេះមានប្រសាសន៍ថា ករណីអាជ្ញាធរ រារាំងពលរដ្ឋឡើងមករកកិច្ចអន្តរាគមន៍ក្រសួងពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាដីធ្លីនេះ គឺជាការបិទសិទ្ធិសេរីភាពពលរដ្ឋ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
លោក ញិល សុភាព ចាត់ទុកករណីនេះថា ជាគំរាមកំហែងបំបាក់ស្មារតីប្រជាពលរដ្ឋ និងជាការមិនទទួលខុសក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ខណៈបញ្ហាវិវាទដីធ្លីនេះបានអូសបន្លាយរាប់ឆ្នាំមកហើយ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានទទូចដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីនេះជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីកុំពលរដ្ឋបន្តរងទុក្ខលំបាក ហើយប្រឈមជំពាក់បំណុលធនាគារ ការចំណាកស្រុក និងកត្ដាជីវភាពផ្សេងៗ ដោយសារតែគ្មានដីសម្រាប់អាស្រ័យផល និងរស់នៅ។
លោកបន្ដថា៖ «ការដាក់កម្លាំងបិទច្រកចេញចូលពីភូមិ ឬក៏ការដាក់កម្លាំងតាមផ្លូវជាតិជាច្រើនដំណាក់ ក្នុងន័យហាមឃាត់មិនឱ្យពលរដ្ឋមកដាក់ញត្ដិនៅទីក្រុងភ្នំពេញនេះ វាជាសញ្ញាមួយឱ្យឃើញថា អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធធ្វើការរារាំងពលរដ្ឋហ្នឹង គឺមានចេតនាការរឹតត្បិតសិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំ ការបញ្ចេញមតិ ដែលអាជ្ញាធរចង់បិទបាំងនូវការពិតកើតឡើងមូលដ្ឋានរបស់ខ្លួន។ រដ្ឋាភិបាលគួរតែពន្លឿនដំណោះស្រាយជូនពលរដ្ឋឱ្យបានលឿនទើបពួកគាត់អាចគេចផុតពីបញ្ហាប្រឈមផ្សេងៗបាន»។
នាយកចាត់ការទូទៅ នៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា សកម្មភាពរបស់អាជ្ញាធររារាំងពលរដ្ឋមិនឱ្យឡើងដាក់ញត្ដិ ដើម្បីស្វែងរកដំណោះស្រាយដីធ្លី គឺជាទង្វើខុសច្បាប់ និងមានចេតនាក្នុងការគំរាមកំហែងដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិ និងជាការរំលោភសទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក អំ សំអាត លើកឡើងថា មិនមែននៅសុខៗ ពលរដ្ឋចង់ឡើងដាក់ញត្ដិនោះទេ គឺដោយសារតែបញ្ហារបស់ពួកគេមិនត្រូវបានដោះស្រាយបញ្ចប់។ លោកថា ការប្រើប្រាស់វិធីសាស្រ្ដគំរាមកំហែង បិទសិទ្ធិសេរីភាពបញ្ចេញមតិ និងសកម្មភាពរឹតត្បិតផ្សេងៗជំនួសឱ្យដំណោះស្រាយនោះ គឺមិនអាចដោះស្រាយចប់ និងបញ្ឈប់ឱ្យពលរដ្ឋឡើងតវ៉ាបានឡើយ។
លោកបន្ថែមថា៖ «ខ្ញុំយល់ថាមិនមែនជារឿងត្រឹមត្រូវទេ ហើយពួកគាត់មិនមានជំនឿទុកចិត្ដលើអាជ្ញាធរមូលដ្ឋាន។ហើយរឿងនេះវារាប់ឆ្នាំហើយដែលដោះមិនចេញ អាជ្ញាធរមូលដ្ឋានមិនប្រើប្រាស់វិធីសាស្រ្ដរារាំង គំរាមកំហែង ឬក៏ទប់ស្កាត់គាត់ចឹងទេ។អាជ្ញាធរគួររកដំណោះស្រាយណាមួយដើម្បីបញ្ចប់វិវាទហ្នឹង បានវាអាចទៅរួច។វាជាការរឹតត្បិតសេរីភាពដើរហើរ សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការស្វែងរកដំណោះស្រាយដែលធានាដោយរដ្ឋធម្មនុញ្ញយើងទៅវិញទេ»។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់ពីមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក គង់ ចំរើន អ្នកនាំពាក្យក្រសួងរៀបំចំដែនដីនគរូបនីយកម្ម និងសំណងលោក សេង ឡូត និងមន្ត្រីស្ថាប័នផ្សេងទៀតបានទេ ពាក់ព័ន្ធរឿងពលរដ្ឋឡើងមកតវ៉ាដីធ្លីនៅភ្នំពេញនេះ។
ប៉ុន្តែបើតាមតំណាងពលរដ្ឋ គឺមន្ត្រីនៅតាមស្ថាប័នដែលពួកគេដាក់ញត្តិនោះ បានទទួលយកញត្តិពីក្រុមពលរដ្ឋពលរដ្ឋ ប៉ុន្តែមិនបានសន្យាអ្វីនោះទេ។
កាលពីថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួនជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣គ្រួសារ) បានរងផលប៉ះពាល់ដោយសារវិវាទដីធ្លី ដែលមានទំហំជាង៥០ ០០០ហិកតា (៥២ ៦០១,៨៧ហិកតា)។
អាដហុក ឱ្យដឹងទៀតថា មានពលរដ្ឋរងគ្រោះដីធ្លី ១៥៧នាក់ កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ ខណៈជនរងគ្រោះ ១៧នាក់ទៀត កំពុងឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕
………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃៀង សុខមាន