ពលរដ្ឋម្នាក់បានស្លាប់បាត់បង់ជីវិតនិង៣នាក់ផ្សេងទៀតបានដួលសន្លប់ នៅពេលចូលរួមតវ៉ាដីធ្លីជាមួយប្រជាពលរដ្ឋផ្សេងនៅមុខសាលាខេត្តកោះកុងអស់ជាងច្រើនម៉ោង តែពុំមានដំណោះស្រាយ។
ប្រជាពលរដ្ឋប្រមាណ៤០០នាក់មកពីសហគមន៍ចំនួន៣ រួមមានសហគមន៍៨០ សហគមន៍១២៩ និងសហគមន៍៨៤៣ មកពីស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ដែលអះអាងថា មានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្កអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត តាំងពីថ្ងៃទី១៥ ដល់ថ្ងៃ១៦ ខែមិនានេះ ដើម្បីជំរុញទៅរដ្ឋបាលខេត្តនេះដោះស្រាយវិវាទដីធ្លីជូនពួកគេ។
លោក ឈឹម សាផាន ដែលអះអាងថា ជាតំណាងសហគមន៍៨៤៣ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកតវ៉ាដីធ្លីម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីដួលសន្លប់ និងបញ្ជូនទៅមន្ទីរបង្អែកខេត្ដកោះកុង ខណៈពលរដ្ឋ៣នាក់ទៀតដួលសន្លប់ ក្រោយពីឈរតវ៉ាជាង៩ម៉ោងនៅមុខសាលាខេត្ដ ក្រោមកម្ដៅថ្ងៃក្តៅយ៉ាងខ្លាំង និងដេករងចាំជួបអភិបាលខេត្ត លោកស្រី មិថុនា ភូថង ឱ្យជួយដោះស្រាយដីធ្លី។
តំណាងពលរដ្ឋរូបនេះឱ្យដឹងថា ពលរដ្ឋដែលស្លាប់នោះមានឈ្មោះ បូ ឆិក ភេទប្រុសអាយុជាង៥០ឆ្នាំ និងពិការជើងម្ខាង។ លោកថា លោក បូ ឆិ ជាពលរដ្ឋមានជីវភាពទីទាល់ក្រ មានទីលំនៅនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
លោកបន្ថែមថា៖ «គាត់ស្លាប់ដោយសារឈរយូរពេក ខាងរដ្ឋបាលខេត្ដគេមិនព្រមចេញជួបតំណាងពលរដ្ឋ។ គេទុកឱ្យពលរដ្ឋឈរទាំងកណ្ដាលថ្ងៃត្រង់ក្ដៅចែស អ្នកខ្លះខ្យល់គរ អ្នកខ្លះហេវហត់»។
លោក ឆិ ថា អាយុ២៥ឆ្នាំ ដែលត្រូវជាកូនជនរងគ្រោះលើកឡើងថា លោកពិតមានការសោកស្ដាយដែលត្រូវបាត់បង់ឪពុកជាទីស្រលាញ់។ លោកថា ដើមចមបណ្ដាលឱ្យឪពុកលោកស្លាប់ដោយសារតែឡើងតវ៉ានៅមុខសាលាខេត្ដកោះកុង ដើម្បីស្វែងរកដំណោះស្រាយដីធ្លីពីអាជ្ញាធរខេត្ត។
លោកបន្ថែមថា៖ «បញ្ហាជម្លោះដីធ្លីជាហេតុឱ្យឪពុកខ្ញុំស្លាប់។ ខ្ញុំសង្ឃឹមថា រដ្ឋនឹងដោះស្រាយបញ្ហានេះឱ្យបានបញ្ចប់ឆាប់ៗ កុំឱ្យពលរដ្ឋផ្សេងរងគ្រោះដូចជាឪពុកខ្ញុំ»។
អ្នកសី្រ ហេង ឃឿន អាយុ៤៣ឆ្នាំ ដែលបានដួលសន្លប់អំឡុងពេលឈរតវ៉ាដីធ្លីប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា អ្នកស្រីដួលសន្លប់ដោយសារឈរនៅកណ្ដាលថ្ងៃក្ដៅយូរពេក ខណៈរដ្ឋបាលខេត្តកោះកុងមិនបានចេញមកជួប និងដោះស្រាយដីធ្លីជូនពួកគាត់ ដោយទុកឱ្យពួកគាត់បន្តឈរតាំងពីពេលព្រឹករហូតល្ងាច។
អ្នកស្រីបន្ដថា៖ «ឈរច្រើនម៉ោងណាស់! ថ្ងៃមែនទែន ក្ដៅសឹងតែចង់ឆេះ។ ខ្ញុំសន្លប់យូរដែរ កូនខ្ញុំយំទាំងអស់ ខ្ញុំមិនដឹងខ្ញុំសន្លប់ប៉ុន្មានម៉ោង ព្រោះអត់ដឹងខ្លួនផង»។
មន្ដ្រីសម្របសម្រួលនៃសមាគមសហព័ន្ធសហគមន៍កសិករកម្ពុជា លោក ញិល សុភាព ដែលឃ្លាំមើលបញ្ហានេះផ្ទាល់ លើកឡើងថា ករណីនេះកើតឡើងមកពីការធ្វេសប្រហែសរបស់អាជ្ញាធរ ដែលទុកឱ្យពលរដ្ឋបន្ដឈរនៅមុខសាលាខេត្ដទាំងកណ្ដាលថ្ងៃក្ដៅរហូតដួលសន្លប់និងស្លាប់ ដោយមិនព្រមចេញមកអន្ដរាគមន៍ដំណោះស្រាយជាមួយប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «ការធ្វេសប្រហែសក្នុងការពន្យារពេលរបស់រដ្ឋបាលខេត្ដកោះកុងហ្នឹង គឺមិនបានអនុញ្ញាត្ដឱ្យតំណាងពលរដ្ឋដែលជាអ្នករងគ្រោះបញ្ហាដីធ្លីចូលជួបសម្របសម្រួលចរចាទេ គឺទុកឱ្យពលរដ្ឋឈរនៅកណ្ដាលថ្ងៃត្រង់ ជាហេតុបណ្ដាលឱ្យពលរដ្ឋខ្លះខ្យល់គរ និងអ្នកខ្លះទៀតខ្យលចាប់ រហូតដល់បាត់បង់ជីវិត»។
ពលរដ្ឋអ្នកសារព័ត៌មានបានទាក់ទងប្រធានរដ្ឋបាលខេត្ដកោះកុង លោក លឹម សាវ៉ាន់ ប៉ុន្ដែលោកថា កំពុងជាប់រវល់ប្រជុំមិនអាចនិយាយបាន។
ដោយឡែកប្រធានមន្ទីរសុខាភិបាលខេត្ដកោះកុងលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង មិនបានលើកទូរសព្ទនោះទេ បើទោះបីជាពលរដ្ឋអ្នកសារព័ត៌មានបានព្យាយាមទាក់ទងច្រើនដងក៏ដោយ។
បើតាមលោក ឈឹម សាផាន ដែលជាតំណាងពលរដ្ឋ ប្រជាពលរដ្ឋ ៨៤៣គ្រួសារ និងមានដីសរុប ១ ៧២៧,៦ហិកតា ស្ថិតក្នុងស្រុកបូទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង ក៏ត្រូវបានក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេនថេសិន» របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាឈូសឆាយរំលោភយកអស់តាំងពីឆ្នាំ២០០៦។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបដិសេធដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋចំនួន ២៤៣គ្រួសារ នៅសហគមន៍ព្រលាន, ពលរដ្ឋ ៨៤៣គ្រួសារ នៅសហគមន៍៨៤៣ និងពលរដ្ឋ ១២៩គ្រួសារ នៅសហគមន៍១២៩ និងសហគមន៍ផ្សេងទៀត ដែលពលរដ្ឋអះអាងថា កំពុងមានជម្លោះជាមួយក្រុមហ៊ុន Koh Kong Sugar និង Koh Kong Plantation Industry របស់លោកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងស្រុកស្រែអំបិល បូទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ក្រោមហេតុផលថា អាជ្ញាធរបានដោះស្រាយផលប៉ះពាល់ឱ្យពលរដ្ឋទាំងនោះរួចអស់ហើយកាលពីឆ្នាំ២០១៨។
ប៉ុន្តែបដិសេធរបស់ក្រសួងនេះ ត្រូវបានក្រុមពលរដ្ឋច្រានចោល ដោយថា ពួកគាត់មិនទាន់ទទួលបានការដោះស្រាយនៅឡើយទេ និងបាននាំគ្នាបន្តតវ៉ារហូតមកដល់បច្ចុប្បន្ននេះ៕
———————
ដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន