បញ្ហាគ្រួសារនិងសំពាធផ្លូវចិត្ត បានធ្វើឱ្យអតីតពិធីករម្នាក់ធ្លាក់ចូលក្នុងបញ្ហាគ្រឿងញៀនដោយពុំដឹងខ្លួន និងទទួលរងការស្ដីបន្ទោសនិងរើសអើងពីមនុស្សមួយចំនួន។
លោក ហែម បូរិទ្ធ អាយុ៤០ឆ្នាំ ដែលគេស្គាល់ឈ្មោះថា ឌីជេ ឡាយអិន បានមកដល់ចំណុចមួយដោយសម្រេចចិត្តថា មិនមានអ្វីគួរឱ្យស្ដាយជាងបណ្ដែតបណ្ដោយឱ្យជីវិតធ្លាក់ក្នុងវិប្បវិដិសារីដូចនេះនោះទេ និងចាប់ផ្ដើមកសាងផ្លូវជីវិតសារជាថ្មីម្ដងបន្ដិចៗ ដើម្បីអាចរស់នៅល្អដូចគេឯងក្នុងសង្គម។
ការប្រឡូកក្នុងវិស័យសិល្បៈ
ពីដំបូងឡើយក្នុងកំឡុងឆ្នាំ២០០៣ លោក ហែម បូរិទ្ធ បានចាប់ផ្ដើមអាជីពដំបូងជាឌីជេ (DJ) នៅវិទ្យុ១០៧ និងតមកទៀត បានវិវត្ដន៍ខ្លួនជាពិធីករនៅស្ថានីយទូរទស្សន៍ដ៏ល្បីមួយក្នុងរាជធានីភ្នំពេញ។
ក្រោយឈានជើងចូលក្នុងរង្វង់សិល្បៈ ប្រជាប្រិយភាពរបស់លោកបានកើនឡើងតាមរយៈភាពប៉ិនប្រសព្វក្នុងការទំនាក់ទំនង ការនិយាយកំប្លុកកំប្លែង និងការចាក់តន្ដ្រីជូនប្រិយមិត្តរបស់លោក។
ភាពលេចធ្លោក្នុងវិស័យសិល្បៈ បានធ្វើឱ្យបណ្ដាក្រុមហ៊ុនចាប់អារម្មណ៍និងទាក់ទងមករូបលោក ដើម្បីឱ្យជួយផ្សព្វផ្សាយផលិតផលរបស់ពួកគេ ហើយលោកក៏ទទួលបានប្រាក់ចំណូលច្រើនគួរសមនាពេលនោះ។
បទពិសោធន៍ជីវិតធ្លាក់ក្នុងបញ្ហាគ្រឿងញៀន
ភាពជោគជ័យក្នុងការងារសិល្បៈរបស់ឌីជេ ឡាយ អិន បានធ្លាក់ចុះដោយក្នុងឆ្នាំ២០១៦ លោកបានធ្លាក់ខ្លួនជាអ្នកចូលចិត្តដើរលេងច្រើន សេពគប់មនុស្សមិនល្អ និងផុងខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
មិនមែនចង់សប្បាយភ្លេចខ្លួនដែលធ្វើឱ្យពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ ប៉ុន្ដែដោយសារការបែកបាក់គ្រួសារដែលធ្វើឱ្យលោកបាក់ទឹកចិត្ត ស្មុគស្មាញនិងតានតឹងផ្លូវអារម្មណ៍ និងចេះតែរកនេះរកនោះដើម្បីបន្លំទុក្ខកង្វល់ក្នុងបញ្ហាគ្រួសារ។
លោកបន្ដថា៖ «នៅឆ្នាំ២០១៦ នៅពេលដែលខ្ញុំទទួលយកវិបត្តិបែកបាក់គ្រួសារមិនបាន ហើយធ្វើឱ្យខ្ញុំលង់លើយជាមួយនឹងប្អូនៗដែលនាំទៅសប្បាយ ធ្វើយ៉ាងមិចកាត់បន្ថយភាពតានតឹង និងស្ត្រេសក្នុងខ្លួន»។
នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ គឺគ្រាមួយនៅពេលជួបជុំជាមួយអ្នកដើរលេងជាមួយ លោកនិងមិត្តភក្ដិផ្សេងទៀតក៏បានប៉ះទង្គិចដោយពាក្យសម្ដីជាមួយពួកមនុស្សមួយក្រុមទៀត ដែលបានបង្កជាហិង្សា និងការបង្ក្រាបពីសមត្ថកិច្ច។ ពេលនោះហើយ ដែលលោកក៏ត្រូវគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននិងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។
ជីវិតក្នុងពន្ធនាគារ និងកែប្រែជីវិត
ជីវិតក្នុងពន្ធនាគារគឺដូចជាទៅរស់នៅកន្លែងថ្មីមួយអញ្ចឹង។ វាបានបង្រៀនលោកទាំងឱ្យយល់ដឹងពីកំហុសឆ្គង ការសម្រេចចិត្តខុស និងការប្តេជ្ញាលែងត្រឡប់ទៅរកបទពិសោធន៍នេះទៀត។ បើតាមបទលើ្មសដែលប្រព្រឹត្ត លោកត្រូវបានកាត់ឱ្យជាប់ទោសពន្ធនាគាររយៈពេលជាង៤ឆ្នាំ។
ពីមួយថ្ងៃទៅមួយថ្ងៃ លោកចាប់ផ្ដើមសញ្ចឹងគិតពីវិប្បដិសារីនិងជីវិតរបស់ខ្លួនឡើងវិញ។ ក្រៅពីការព្យាយាមលើកទឹកចិត្តខ្លួនឯង លោកក៏ទទួលបានការជួយអប់រំនិងផ្ដល់ដំបូន្មានពីមន្រ្តីពន្ធធនាគារផងដែរ ដែលធ្វើឱ្យលោកទទួលបានកម្លាំងចិត្ត និងលែងគិតពីបញ្ហាបែកបាក់គ្រួសារដូចមុន។
ដោយសារការសម្របសម្រួលខ្លួនបានលឿន និងប្ដេជ្ញាពុំពាក់ព័ន្ធនឹងគ្រឿងញៀន លោកបានក្លាយខ្លួនជាជំនួយការរបស់មន្ត្រីពេទ្យនៅក្នុងពន្ធធនាគារ។ លោកក៏ទទួលបានការសម្រាលទោសមកត្រឹមរយៈខ្លីជាងមុន ពីការអនុវត្តទោសពន្ធនាគាររយៈពេល ៤ឆ្នាំ មកនៅត្រឹម ៦ខែ។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ជាថ្ងៃដែលលោកចេញមកឃើញពន្លឺថ្មីម្ដងទៀត តែថាវាមិនល្អដូចដើមនោះទេ។ ព្រោះថា លោកបានព្យាយាមពឹងពាក់ឱ្យមិត្តភក្តិជួយរកការងារធ្វើ ប៉ុន្តែបែរជាទទួលរងការរើសអើង ផ្ដាច់ទំនាក់ទំនង និងបំបាក់ទឹកចិត្តបន្ថែមទៀត។
ដោយត្រូវចាប់ផ្ដើមពីបាតដៃទទេរ លោកបានទៅស្នាក់នៅផ្ទះប្អូនប្រុសរបស់គាត់ គ្រាន់អាចជួយមើលការខុសត្រូវលើការងារផ្ទះ និងជូនក្មួយតូចៗទៅសាលារៀនជាដើម។ បច្ចុប្បន្ន លោកក៏ទទួលបានការងារថ្មីមួយដោយធ្វើជាបុគ្គលិកផ្នែកលក់នៅបុរី «ដោនថោន» ដែលជាក្រុមហ៊ុនរបស់ឧកញ៉ាមួយរូប។
បើទោះបីជាយ៉ាងហោចណាស់ក៏មានការងារមួយទៅហើយ ឌីជេ ឡាយ អិន មិនដឹងច្បាប់ទេថា ទៅថ្ងៃខាងមុខ លោកនឹងបន្ដការងារក្នុងវិស័យឯកជន ឬមានឪកាសត្រឡប់ទៅធ្វើជាពិធីករក្នុងវិស័យសិល្បៈឡើងវិញនោះទេ ព្រោះវាអាស្រ័យលើមហាជន និងការគាំទ្រមកលើរូបលោក។
ដោយហេតុផលណាក៏ដោយ លោកយល់ថា ការសេពគ្រឿងញៀនមិនមែនជាដំណោះស្រាយនោះទេ ព្រោះវាមានតែបង្កទុក្ខទោស វិប្បដិសារី និងការស្អប់ខ្ពើមពីមនុស្សជុំវិញខ្លួន។
លោកបន្ដថា៖«ហេតុអ្វីក៏ខ្ញុំក្លាយខ្លួនជាមនុស្សអញ្ចឹង។ ខ្ញុំនឹកឃើញអ្នកលើកទឹកចិត្តខ្ញុំភ្លាម ត្រូវធ្វើជាមនុស្សរឹងមាំកុំឱ្យសេធ។ ត្រូវជាមនុស្សមានតម្លៃក្នុងសង្គម យើងសកម្មនៅក្នុងការងារ។ គ្រឿងញៀនមិនមែនជាឪសថព្យាបាលផ្លូវអារម្មណ៍របស់យើងនោះទេ គ្រឿងញៀនមិនមែនជាគ្រឿងជំនួយឱ្យយើងមានកម្លាំងនោះទេ»៕
—————-
អត្ថបទនិទានដោយកញ្ញា ផុន សុទ្ធីរ័ត្ន