អង្គការសង្គមស៊ីវិលរិះគន់ការឃាត់ខ្លួន លោក ស្ងួន ញឿន សកម្មជនដីធ្លីឡពាងនិងជាពលរដ្ឋអ្នកសារព័ត៌មាននៅមុខតុលាការខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែមករា ថាជារឿងមិនគួរកើតមាន ដោយគ្រាន់តែលោកបានថតរូបសកម្មភាពរបស់ប្រជាពលរដ្ឋឡើងមកឃ្លាំមើលសវនាការរបស់ពួកគេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា រិះគន់ថា ការចាប់ខ្លួនពលរដ្ឋនៅមុខតុលាការ និងជាកន្លែងសាធារណៈ គឺជារឿងមិនត្រឹមត្រូវនោះទេ។ លោកថា បើសិនជាមានការបិទស្លាកសញ្ញា «ហាមថត» គឺថតមិនបានទេ។ ប៉ុន្ដែបើមិនមានទេ គឺពលរដ្ឋ ឬ អ្នកសារព័ត៌មានសិទ្ធិក្នុងការថតផ្តិតយករូបភាពទាំងនោះ។ លោកថា ការចាប់ខ្លួនបែបនេះវាជាការរឹតត្បិតនិងរំលោភសិទ្ធិផ្នែកសារព័ត៌មាន ហើយអាជ្ញាធរខ្លួនឯងត្រូវដឹងថា កន្លែងណាថតបាន ឬកន្លែងណាថតមិនបាន។
លោកបានសង្កត់ធ្ងន់ថា៖«វាជារូបភាពគំរាមកំហែងមួយដែលមិនគួរកើតមានដែរ។ ហើយការចាប់ខ្លួននេះ ខ្ញុំយល់ថា ជារឿងបំពានច្បាប់ដែលមានចែងពីសិទ្ធិ និងស្មារតីរបស់ពលរដ្ឋឬក៏អ្នកកាសែតមិនឱ្យយកព័ត៌មានបាន»។
កាលពីថ្ងៃទី១៨ ខែមករា សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនលោក ស្ងួន ញឿន ប្រមាណជារយៈពេល២ម៉ោង នៅមុខតុលាការខេត្តកំពង់ឆ្នាំងតាមបញ្ជារបស់ព្រះរាជអាជ្ញា បន្ទាប់ពីលោកបានយកទូរសព្ទដៃថតសកម្មភាពរបស់ប្រជាពលរដ្ឋសហគមន៍ដីធ្លីឡពាងដែលឡើងមកគាំទ្រតំណាងរបស់ពួកគេ៣នាក់ ដែលត្រូវចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានដកហូតទូរសព្ទដៃរបស់លោក៣គ្រឿង និងបានបញ្ជូនខ្លួនលោកទៅកាន់ស្នងការនគរបាលខេត្តប្រមាណជា២ម៉ោង។ ក្រោយមក អាជ្ញាធរបានសម្រេចដោះលែងលោកមកវិញ ក្រោយឱ្យលោកលុបរូបថត និងវីដេអូ ទាំងអស់ចេញពីក្នុងទូរសព្ទដៃ និងធ្វើកិច្ចសន្យារួចមក។ លោក ស្ងួន ញឿន ត្រូវបានគេស្គាល់ថា ជាសកម្មជនដីធ្លីនៅសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី (KDC) របស់អ្នកស្រី ជា ខេង ភរិយារបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម អស់រយៈពេលជិត២០ឆ្នាំមកហើយ។ លោកក៏ត្រូវបានគេស្គាល់ថា ជាពលរដ្ឋអ្នកសារព័ត៌មានប្រចាំសហគមន៍របស់លោកផងដែរ។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកសង្កេតឃើញថា សព្វថ្ងៃនេះការអនុវត្ដច្បាប់ពីតុលាការទៅតុលាការមួយ គឺហាក់មានភាពខុសគ្នាច្រើនដែរ។ លោកថាតុលាការខ្លះ អាចថតបាន តុលាការខ្លះមិនអាចថតបាន ដូច្នេះវាមិនបង្ហាញអំពីការអនុវត្ដច្បាប់តាមស្ដង់ដារមួយឱ្យជាក់លាក់ ដើម្បីធានាបានថា ការអនុវត្ដរបស់តុលាការមានភាពស្នើគ្នា។ លោកថា បញ្ហាទាំងអស់នេះ ក្រសួងយុត្ដិធម៌គួរមានវិធានការមួយ ក្នុងការទប់ស្កាត់ទៅលើប្រព័ន្ធតុលាការទាំងអស់ បើមិនអ៊ីចឹងទេ បញ្ហានៅតែជាបញ្ហា ហើយអ្នករងគ្រោះ គឺអ្នកទន់ខ្សោយតែម្ដង។
ប្រធានសមាគមរូបនេះបន្ដអះអាងថា៖«ក្រសួងយុត្ដិធម៌គួរតែមានវិធានការឱ្យបានជាក់លាក់ ឱ្យបានច្បាស់លាស់ ថាតើកន្លែងណា ដែលត្រូវហាមឃាត់ កន្លែងណាមិនហាមឃាត់ គួរតែមានគោលការណ៍រឿងអស់ហ្នឹងផង កុំចេះតែបណ្ដោយតាមតែអំពើចិត្ដតុលាការដូច្នេះ»។
ចំណែកឯនាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMនៅរសៀលថ្ងៃសុក្រនេះថា ការចាប់ខ្លួននេះ វាជារឿងបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ មិនថា អ្នកកាសែត ឬពលរដ្ឋទេ គឺមានសិទ្ធិថតបាន លើកលែងតែថា កន្លែងហ្នឹងជាកន្លែងសន្ដិសុខជាតិទេ ដែលមិនអាចថតបាន។ លោកថា បើនៅខាងមុខតុលាការ មិនមានបញ្ហាអ្វីដែលត្រូវហាមឃាត់នោះទេ។
លោក សំអាតយល់ឃើញថា៖«ការចាប់ខ្លួននេះមិនត្រឹមត្រូវទេ វាបិទសិទ្ធិសេរីភាពពលរដ្ឋហើយអានេះ។ តុលាការគួរតែពិនិត្យមើលឱ្យបានច្បាស់ មុននឹងឃាត់ខ្លួន ពលរដ្ឋណាម្នាក់ កុំទាំងដែលពួកគាត់គ្មានកំហុសចឹង វាធ្វើឱ្យតុលាការរងការរិះគន់កាន់តែខ្លាំងពីប្រជាពលរដ្ឋទៅវិញទេ»។
លោក ស្ងួន ញឿន ដែលរងការឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែមករា បានរំលឹកពីហេតុការណ៍នោះថា រូបលោកត្រូវបាននគរបាលយុត្ដិធម៌ចាប់ខ្លួនអស់រយៈពេលជិត២ម៉ោង ដោយចាប់រុញចូលឡាន និងមិនឱ្យលោកនិយាយអ្វីទាំងអស់។ លោកថា ការចាប់ខ្លួនរូបលោក គឺក្រោយពីលោកបានថតសកម្មភាពរបស់ពលរដ្ឋមកគាំទ្រការចូលបំភ្លឺសវនាការរបស់តំណាងខ្លួន បែរជាអាជ្ញាធរមកចាប់ខ្លួនលោកទៅវិញ ដោយយកលេសថា មិនឱ្យថតរូបនៅមុខតុលាការ។ លោកបន្ដថា ក្រោយពីចាប់យកទូរសព្ទនៅមុខតុលាការអស់៣គ្រឿង មានតម្លៃជាង១០០០ដុល្លារ ខាងនគរបាលយុត្ដិធម៌បានឱ្យរូបលោក លុបវីឌីអូ និងរូបភាព និងធ្វើកិច្ចសន្យា។
លោកបានគូសបញ្ជាក់ថា៖«គេចាប់ខ្ញុំរុញចូលឡានយកតែម្ដង និងបានដកយកទូរសព្ទពីខ្ញុំនៅមុខតុលាការ គ្រាន់តែខ្ញុំថតពលរដ្ឋដែលមកគាំទ្រសោះ ខាងប៉ូលីសគេមកដកយកនឹងឱ្យខ្ញុំលុបរូប វីឌីអូ និងធ្វើកិច្ចសន្យា គេនឹងប្រគល់មកវិញ តែឥឡូវគេមិនទាន់ឱ្យវិញទេបង»។
លោកបានចាត់ទុកករណីចាប់ខ្លួនលោកនេះថាជាការបិទសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន។ លោកថា គ្រប់កន្លែងដែលលោកបានថត គឺត្រូវបានអាជ្ញាធរតែងតែគំរាមកំហែងរូបលោក និងជារឿងអយុត្ដិធម៌ណាស់។
លោកបន្ដថា៖«ការចាប់ខ្លួនខ្ញុំនេះ វាជារឿងអយុត្ដិធម៌ណាស់សម្រាប់រូបខ្ញុំ គ្រាន់តែថតទីសាធារណៈសោះ គេចាប់ខ្លួនដែរ។ ខ្ញុំគិតថា តុលាការមានអ្វីលាក់បាំងបានជាមិនឱ្យខ្ញុំថត»។
មេធាវីការពារក្ដីឱ្យលោក ស្ងួន ញឿន គឺលោក ជូង ជូងី បានលើកឡើងថា ករណីនគរបាលយុត្ដិធម៌បានចាប់ខ្លួនកូនក្ដី និងដកហូតយកទូរសព្ទពលរដ្ឋនៅមុខតុលាការ គឺជាការអនុវត្តន៍ផ្ទុយនឹងច្បាប់ ពីព្រោះវាជាទីសាធារណៈពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការថតរូប និងសកម្មភាពផ្សេងៗ។
លោកបន្ដថា៖«នៅមុខតុលាការជាទីសាធារណៈពលរដ្ឋមានសិទ្ធិថតបានទាំងអស់ ច្បាប់អត់មានហាមឃាត់ទេ។ បើមានអ្នកហាមយើងសួរថា ហេតុអីបានហាមឃាត់? ហាមឃាត់ខ្លាចគេថតជាប់អ្វីមិនល្អ មិនត្រឹមត្រូវឬសកម្មភាពរបស់តុលាការយ៉ាងម៉េច? មហាជនមានសិទ្ធិថតបានទាំងអស់។ ខ្ញុំឃើញពលរដ្ឋគាត់អុចធូបសុំឱ្យតុលាការផ្ដល់យុត្ដិធម៌ឱ្យពួកគាត់ ខ្ញុំថាបើស្វែងរកយុត្ដិធម៌ គឺអត់ខុសទេ។ គេដោះលែងគាត់វិញហើយ ក្រោយពីខ្ញុំអន្ដរាគមន៍»។
ជុំវិញរឿងនេះ អ្នកនាំពាក្យសាលាដំបូងខេត្ដកំពង់ឆ្នាំងលោក ហាក់ គឹមហុង បានបដិសេធថា មិនមានករណីចាប់ខ្លួនកើតឡើងនោះទេ។ លោកថា គ្រាន់តែឃាត់ខ្លួន និងពន្យល់ពីបញ្ហាមួយចំនួនប៉ុណ្ណោះ។ លោកថា មូលហេតុដែលខាងនគរបាលបានឃាត់ខ្លួន និងដកហូតទូរសព្ទ ដោយសារលោក ស្ងួន ញឿន បានផ្សាយផ្ទាល់នៅមុខតុលាការ មិនមានការអនុញ្ញាត្ដ និងសុំសិទ្ធិ ទើបព្រះរាជអាជ្ញាបញ្ជារឱ្យដកហូតជាបណ្ដោះអាសន្ន ប៉ុន្ដែបានប្រគល់ជូនពួកគាត់វិញរួចអស់ហើយ។
អ្នកនាំពាក្យរូបនេះបន្ដថា៖«ខ្ញុំសុំបដិសេធរឿងថា ចាប់ខ្លួនគាត់ គឺមិនមានទេ បាទ! គ្រាន់តែពន្យល់ប្រាប់គាត់ថា កន្លែងណាគួរថត កន្លែងណាមិនគួរថតតែប៉ុណ្ណឹងទេ។ គេ[នគរបាលយុត្ដិធម៌] ដកព្រោះគាត់ឡាយ (Live) [ផ្សាយផ្ទាល់] មិនមានការអនុញ្ញាត្ដ។ ប៉ុន្ដែបានប្រគល់ឱ្យពួកវិញអស់ហើយបង»។
រីឯអ្នកនាំពាក្យក្រសួងយុត្ដិធម៌ លោក ជិន ម៉ាលីន បានពន្យល់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅល្ងាចថ្ងៃសុក្រនេះថា ជាទូទៅទីសាធារណៈ គឺអាចថតបានគ្រប់កន្លែង លើកលែងតែការថតនោះ វាធ្វើឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះឬកិត្ដិយស ជីវិតឯកជនរបស់អ្នកដទៃ ឬក៏ប៉ះពាល់ដំណើរការស្ថាប័នរដ្ឋស៊ើបអង្កេតស្វែងរកយុត្ដិធម៌ បានគេអាចហាមឃាត់បាន។
លោកបន្ដថា៖«ដូចខ្ញុំលើកមិញចឹង កាលណាយើងថត យើងផ្សាយប៉ះពាល់ដល់ជីវិតឯកជនគេ ឬសិទ្ធិសេរីភាពរបស់គេដែលការពារដោយច្បាប់ ប៉ះពាល់ដល់ដំណើរការរបស់រដ្ឋ អាហ្នឹង គឺមិនអាចបានទេ ថតគឺអាចប្រឈមផ្លូវច្បាប់ហើយ»។
នៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២៣នេះ សកម្មជនតវ៉ាដីធ្លីឡពាង៣រូប បានចូលទៅបំភ្លឺតាមដីកាកោះហៅរបស់សាលាដំបូងខេត្ដកំពង់ឆ្នាំង លើសំណុំរឿងចាស់ពីបទ “ធ្វើឱ្យខូចខាតដោយចេតនា” របស់សកម្មជនដីធ្លីនៅសហគមន៍ឡពាង៣នាក់ គឺអ្នកស្រី អុំ សុភី, អ្នកស្រី ទួន សេង និងក្នុងនោះ រួមមាន លោក ស្ងួន ញឿន ផងដែរ។ ក្រោយពេលសវនាការ ពួកគេបានអះអាងថា តុលាការហាក់មានចេតនាក្នុងការមិនព្រមបិទបញ្ចប់សំណុំរឿងរបស់ពួកគេនោះទេ។
បើតាមប្រធានសហគមន៍ដីធ្លីឡពាង អ្នកស្រី អ៊ុំ សុភី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMក្រោយពីចេញពីសវនាការថា ការចូលបំភ្លឺរបស់ពួកអ្នកស្រីក្នុងសាលាដំបូងខេត្ដកំពង់ឆ្នាំង គឺខាងតុលាការហាក់មានចេតនាក្នុងការដាក់បន្ទុក និងមិនចង់បិទបញ្ចប់សំណុំរឿងរបស់ពួកអ្នកស្រីនោះទេ។ អ្នកស្រីបន្ដថា បើទោះបីការសួរដេញដោលរបស់តុលាការលើករណីពួកអ្នកស្រីរកមិនឃើញកំហុសក្តី។
អ្នកស្រីបាននិយាយថា៖«ខ្ញុំចង់ឱ្យតុលាការមេត្ដាបិទបញ្ចប់សំណុំរឿងរបស់ពួកខ្ញុំ ពីព្រោះមិនមានអ្វីត្រូវបន្ដទេ។ គេនឹងប្រកាសសាលក្រមនៅថ្ងៃខាងមុខ ប៉ុន្ដែបើតុលាការនៅតែបន្ដទេ វាជារឿងអយុត្ដិធម៌ណាស់សម្រាប់ពួកខ្ញុំ»។
តុលាការខេត្តកំពង់ឆ្នាំងបានចាប់ខ្លួនសកម្មជនដីធ្លីឡពាង៣នាក់ដាក់ពន្ធនាគារ គឺអ្នកស្រី អ៊ុំ សុភី លោក ស្ងួន ញឿន និងលោកស្រី ទួន សេង នៅពេលដែលពួកគេបានចុះទៅថតរូប នៅលើដីទំនាស់ភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ខណៈដែលអាជ្ញាធរបានយកដីពួកគាត់ទៅចែកឱ្យប្រជាពលរដ្ឋ ដែលបណ្ដាលឱ្យមានជម្លោះរហូតមកដល់សព្វថ្ងៃនេះ។
ប៉ុន្តែក្រោយមក លោក ស្ងួន ញឿន និងអ្នកស្រី អ៊ុំ សុភី ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នវិញ ខណៈអ្នកស្រី ទួន សេង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល ៦ខែ ពោលគឺចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ប៉ុន្តែកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ តុលាការកំពូលបានសម្រេចដោះលែងសកម្មជនដីធ្លីឡពាងខេត្តកំពង់ឆ្នាំង គឺអ្នកស្រី ទួន សេង ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នវិញ ក្រោយពីឃុំខ្លួនអស់រយៈពេលជិតកន្លះឆ្នាំ៕
………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន