របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ប្រជាសហគមន៍ឡពាងនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រមាណជា១៥០នាក់ បាននាំគ្នាដើរដង្ហែរក្បួន និងខ្លះជិះគោយន្តដើម្បីអំពាវនាវឱ្យតុលាការដោះលែងសកម្មជនដីធ្លីលោក រាជ សីម៉ា និងទម្លាក់បទចោទលើសកម្មជនដីធ្លីផ្សេងទៀត ដែលកំពុងជាប់ពាក្យបណ្ដឹងនៅតុលាការ ខណៈអង្គការសង្គមស៊ីវិលថា តុលាការនៅតែជាឧបករណ៍មួយសម្រាប់អ្នកមានអំណាចនិងអ្នកមានលុយ។
កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២កន្លងទៅ ប្រជាសហគមន៍ឡពាង១៥០នាក់បាននាំគ្នាដើរដង្ហែរជាក្បួនដោយលើកជាបដាថា សុំឱ្យដោះលែងលោក រាជ សីម៉ា និងសូមឱ្យតុលាការបញ្ឈប់ការចោទប្រកាន់មកលើប្រជាពលរដ្ឋដែលកំពុងតវ៉ាដីធ្លី ដែលសកម្មភាពនេះធ្វើឡើងនៅក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោកខួបលើកទី៣៧ ក្រោមប្រធានបទ «បញ្ឈប់ការចោទប្រកាន់មកលើសកម្មជនដីធ្លីធនធានធម្មជាតិ»។
ប្រធានសហគមន៍ឡពាងដែលកំពុងជាប់បណ្ដឹងនៅតុលាការ អ្នកស្រី អុំ សុភី បានមានប្រសាសន៍ថា មូលហេតុដែលឈានដល់ការដង្ហែរក្បួននេះ ពីព្រោះតុលាការនៅកម្ពុជាបានផ្ដល់នូវភាពអយុត្ដិធម៌ឱ្យពួកអ្នកស្រី ដូចជា ការបន្ដឃុំខ្លួនលោក រាជ សីម៉ា ទាំងដើមបណ្ដឹងបានដកពាក្យបណ្ដឹងហើយក៏ដោយ ខណៈពួកអ្នកស្រីមួយចំនួនទៀត ក៏កំពុងជាប់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងភាពអយុត្តិធម៌។ ម្យ៉ាងវិញទៀតអ្នកស្រីថា តុលាការគួរទម្លាក់បទចោទលើសកម្មជនឡពាង ដើម្បីឱ្យពួកអ្នកស្រីមានសិទ្ធិសេរីភាពឡើងវិញ។
អ្នកស្រី សុភី បានថ្លែងថា៖«ពួកខ្ញុំដើរដង្ហែរដើម្បីទាមទារឱ្យតុលាការនិងសាធាណជនដឹងថាពួកខ្ញុំនៅសហគមន៍ឡពាងនៅមិនទាន់ចប់នៅឡើយទេ»។
អ្នកស្រីបន្ដថា ក្នុងក្បួនដើរដង្ហែរនេះមានគ្នាប្រមាណ១៥០នាក់ ដោយដើរលើកបដាផង និងស្រែកជាសំឡេងផង មានទាំងអ្នកជិះម៉ូតូ ជិះគោយន្ដផង ដើម្បីបង្ហាញពីការសម្រេចរបស់តុលាការកម្ពុជាមកលើសកម្មជនតវ៉ាដីធ្លី។ ការណ៍នេះអ្នកស្រីថា មិនមែនតែសហគមន៍ឡពាងនោះទេ គ្រប់សហគមន៍ដែលរងនូវភាពអយុត្ដិធម៌ពីប្រព័ន្ធតុលាការនិងបង្ហាញទៅអន្ដរជាតិថាពួកអ្នកស្រីមិនទាន់បានយុត្តិធម៌ណាមួយពីប្រព័ន្ធតុលាការនៅឡើយទេ។
ចំណែកឯប្រពន្ធលោក រាជ សីម៉ា អ្នកស្រី ណាក់ កេន បាននិយាយថា អ្នកស្រីទទូចសុំឱ្យតុលាការដោះលែងប្ដីអ្នកស្រី ឱ្យមានសេរីភាពវិញ ដោយសារប្ដីអ្នកស្រីមិនបានប្រព្រឹត្ដដូចការចោទរបស់តុលាការនោះទេ។ អ្នកស្រីថា ដើមបណ្ដឹងដែលប្ដឹងប្ដីអ្នកស្រីបានដកពាក្យបណ្ដឹងរួចហើយ ដូច្នេះតុលាការគួរតែដោះលែងប្ដីអ្នកស្រី ដើម្បីឱ្យប្ដីអ្នកស្រីជួយរកស៊ីសងបំណុលគេ ពីព្រោះក្នុងកំឡុងពេលប្ដីអ្នកស្រីជាប់ពន្ធនាគារ គឺអ្នកស្រីគ្មានប្រាក់ចំណូលនោះទេ។
អ្នកស្រីកេនបន្ដថា៖«ខ្ញុំសុំឱ្យតុលាការមេត្ដាដោះលែងប្ដីខ្ញុំវិញមក ពីព្រោះខ្ញុំអស់លទ្ធភាពហើយ ណាមួយត្រូវចិញ្ចឹមកូន ណាមួយត្រូវរកលុយសងបំណុលគេទៀត សុំដោះលែងគាត់មក ដើម្បីជួយរកលុយសងបំណុលគ្នា»។
លោក រាជ សីម៉ា តំណាងសហគមន៍ឡពាង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំង ផ្ដន្ទាទោស កាលពីថ្ងៃទី៦ ខែកក្កដា ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ រៀល ក្រោមការចោទប្រកាន់ពីបទ ប្រើហិង្សាដោយចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០២១។ បច្ចុប្បន្នលោកកំពុងជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំមកហើយ។
បើតាមមេធាវីការពារក្ដីសហគមន៍ឡពាង អ្នកស្រី ស៊ឹម សោភា បានថ្លែងថា ការទាមទាររបស់សហគមន៍ឡពាងដើម្បីឱ្យដោះលែងលោក រាជ សីម៉ា និងទម្លាក់បទចោទផ្សេងៗវាជារឿងត្រឹមត្រូវ ហើយតុលាការគួរតែដោះលែងកូនក្ដីអ្នកស្រីឱ្យមានសេរីភាព រួចចាំបន្ដនីតិវិធីតាមច្បាប់ផ្លូវណាមួយ ជាជាងតុលាការនៅតែបន្ដឃុំខ្លួនដោយមិនមានដោះស្រាយ។
អ្នកស្រីបន្ដ៖«កន្លងមកខ្ញុំបានដាក់ពាក្យស្នើសុំទៅសាលាដំបូងខេត្ដកំពង់ឆ្នាំងនិងសាលាឧទ្ទរណ៍ដើម្បីឱ្យកូនក្ដីខ្ញុំនៅក្រៅឃុំ ប៉ុន្ដែតុលាការមិនព្រមដោះលែង ហើយខ្ញុំបានបន្ដទៅតុលាការកំពូល ប៉ុន្ដែមិនទាន់ដល់ថ្ងៃជំនុំជម្រះ»។
ជុំវិញរឿងខាងលើអ្នកនាំពាក្យសាលាដំបូងខេត្ដកំពង់ឆ្នាំងលោក ហាក់ គឹមហុង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIM នៅដើមសប្តាហ៍នេះថា លោកមិនបានដឹងថា សហគមន៍ឡពាងបានធ្វើក្បួនដង្ហែរដើម្បីស្នើសុំឱ្យមានការទម្លាក់បទចោទឬក៏ដោះលែងសកម្មជនឡពាងនោះទេ។ តែលោកថា ពួកគាត់គួរតែប្រើប្រាស់ផ្លូវច្បាប់ ជាពិសេសបើសិនជាយល់ថា ការសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងវាបានផ្ដល់នូវភាពអយុត្តិធម៌ឱ្យពួកគាត់ ពួកគាត់អាចបន្ដប្ដឹងទៅសាលាឧទ្ធរណ៍ ជាជាងចោទប្រកាន់តុលាការថា មិនបានដោះស្រាយឱ្យពួកគាត់។
អ្នកនាំពាក្យរូបនេះបន្ដថា៖«ខ្ញុំមិនបានដឹងថា ពួកគាត់ធ្វើអីនៅណាទេ ប៉ុន្ដែបើសិនជាពួកគាត់យល់ថា សាលាដំបូងខេត្តបានផ្ដល់នូវភាពអយុត្ដិធម៌ ពួកគាត់អាចប្ដឹងទៅសាលាឧទ្ធរណ៍បាន ជាជាងការចោទប្រកាន់មកប្រព័ន្ធតុលាការ ពីព្រោះផ្លូវច្បាប់គេទុកឱ្យពួកគាត់បន្ដបាន»។
តំណាងសហគមន៍ឡពាងអ្នកស្រី សុភី បានថ្លែងថា កន្លងមកតុលាការតែងតែគេចវេសនិងមិនបានផ្ដល់ភាពយុត្តិធម៌ដល់សហគមន៍អ្នកស្រីនោះទេ ដែលអ្នកស្រីថា ពួកស្រីបានបន្ដទៅសាលាឧទ្ធរណ៍និងបានដាក់ញត្ដិទៅក្រសួងយុត្ដិធម៌រួចហើយ ប៉ុន្ដែគ្មានការឆ្លើយតបណាមួយឡើយ ហើយការកាត់ក្ដី គឺសម្រេចដូចសាលាដំបូងខេត្តកំពង់ឆ្នាំងដដែល។ អ្នកស្រីថា អ្នកស្រីហាក់អស់ជំនឿលើប្រព័ន្ធតុលាការស្រុកខ្មែរ និងចាត់ទុកថា ប្រព័ន្ធតុលាការស្រុកខ្មែរគាំទ្រតែអ្នកមានលុយនិងមានអំណាចដើម្បីដាក់បន្ទុកលើអ្នកតវ៉ាក្រីក្រឬសកម្មជនតវ៉ាដែលលេចធ្លោរគឺត្រូវរងគ្រោះដោយសារប្រព័ន្ធតុលាការហ្នឹងឯង។
យ៉ាងណាមិញអ្នកនាំពាក្យក្រសួងយុត្ដិធម៌លោក ជិន ម៉ាលីន បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា បើសិនជាពលរដ្ឋបានដាក់ញត្ដិមកក្រសួងយុត្តិធម៌ ក្រសួងនឹងទទួលពិនិត្យទៅតាមសមត្ថកិច្ច ប៉ុន្ដែជាគោលការណ៍ច្បាប់លោកថា ក្រសួងមិនអាចទៅជ្រៀតជ្រែកកិច្ចការរបស់តុលាការពាក់ព័ន្ធរឿងចោទឬក៏មិនចោទបានទេ។
លោកបន្ដថា៖«បើគាត់យល់ថា តុលាការចោទមិនមានភស្ដុតាង ចោទមិនត្រឹមត្រូវ គាត់អាចប្ដឹងទៅឧទ្ធរណ៍ទៀត ដើម្បីធ្វើការការពារខ្លួនតាមនីតិវិធីច្បាប់ដែលមានជាធរមាន បាទ»។
រីឯមន្ដ្រីសម្របសម្រួលនៃអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា បានមើលឃើញថា ក្នុងនាមជាសង្គមស៊ីវិលមួយដែលបានឃ្លាំមើលបញ្ហារបស់សហគមន៍ឡពាង លោកមើលឃើញថា អ្នកភូមិឡពាងតែងតែរងនូវភាពអយុត្តិធម៌តាំងពីដើមឡើយមកហើយ។ លោកថា បើទោះបីជាពួកគាត់ព្យាយាមស្នើសុំតុលាការឱ្យទម្លាក់បទចោទក៏តុលាការនៅតែព្យាយាមមិនព្រមដោះលែងឱ្យពួកគាត់មានសេរីភាពឡើងវិញឡើយ ព្រមទាំងចេះតែរកលេសបន្ថែមទៀតដើម្បីដាក់បន្ទុកលើពួកគាត់។
លោក ចាន់គា និយាយថា៖«យើងសង្ឃឹមថា ទាំងតុលាការទាំងក្រសួងយុត្តិធម៌លោកនឹងផ្ដល់ភាពយុត្ដិធម៌ដល់ពួកគាត់ យ៉ាងហោចណាស់ក៏ជាគម្រូមួយឱ្យមហាជនក៏ដូចជាអន្ដរជាតិគេយល់ឃើញអំពីចេតនារបស់ខាងតុលាការក៏ដូចជាក្រសួងយុត្តិធម៌ក្នុងការស្វែងរកភាពយុត្ដិធម៌ឱ្យអ្នកក្រីក្រដែរ»។
លោកថា ប្រសិនបើតុលាការនៅតែព្រងើយកន្ដើយនិងរើសអើងចំពោះអ្នកភូមិឡពាងហ្នឹង ប្រព័ន្ធយុត្ដិធម៌កម្ពុជាហ្នឹងត្រូវបានគេមើលឃើញថា ជាតុលាការមួយដែលមិនអាចជឿទុកចិត្ដបាននិងមិនអាចរកយុត្ដិធម៌ឱ្យអ្នកក្របានទេ។
លោកបន្ដថា៖«ជាសំណូមពររបស់ខ្ញុំសុំឱ្យក្រសួងយុត្ដិធម៌ ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ក៏ដូចជាចៅក្រមដែរ សុំលោកពិនិត្យនិងផ្ដល់យុត្តិធម៌ឱ្យភូមិឡពាងផង»។
ចំណែកឯនាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា តុលាការគួរតែដល់ពេលដែលត្រូវពិចារណាក៏ដូចជាទម្លាក់បទចោទលើសកម្មជនតវ៉ាដីធ្លីឡពាងហើយ។ លោកថា ណាមួយដើមបណ្ដឹងបានដកពាក្យបណ្ដឹងទៀត ដូច្នេះតុលាការគួរតែគិតគូរពីបញ្ហានេះ ដើម្បីឱ្យពួកគាត់មានសេរីភាពឡើងវិញ ជាជាងបន្ដប្រើប្រព័ន្ធតុលាការទុកគំរាមកំហែងពួកគាត់។
លោកបន្ដថា៖«វាដល់ពេលហើយ ដែលតុលាការ គួរតែទម្លាក់ឬក៏ដោះលែងពួកគាត់ឱ្យមានសេរីភាពវិញហើយ បើសិនជាតុលាការនៅតែបន្ដទេ មានន័យថា តុលាការមានចេតនាក្នុងការប្រើប្រាស់ប្រព័ន្ធមួយនេះ ទុកសម្រាប់គំរាមកំហែងពលរដ្ឋណាដែលហ៊ានចេញមុខតវ៉ា ឬក៏ទុកសម្រាប់អ្នកមានអំណាចប្រើប្រាស់ប្រព័ន្ធនេះ។ ហើយក៏វាដល់ពេលត្រូវប្រើយន្ដការដោយសន្ដិវិធីដោះស្រាយ ជាពិសេសការដោះស្រាយដោយយន្ដការឈ្នះៗ ជាជាងដាក់បន្ទុកលើពួកគាត់»។
កាលពីថ្ងៃទី៨ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញក៏បានផ្តន្ទាទោសអ្នកភូមិឡពាង ៤នាក់រួម ទាំងអ្នកស្រី អ៊ុំ សុភី និងលោក រាជ សីម៉ា ដោយកំបាំងមុខដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ធ្វើឱ្យខូចខាតដោយចេតនា និងបទប្រើប្រាស់អំពើហិង្សាលើបុគ្គលជាអ្នកកាន់កាប់អចលនទ្រព្យកាលពីឆ្នាំ២០១២៕
………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន