របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
សកម្មជនតវ៉ាដីធ្លីបឹងតាមោកចំនួន៣នាក់ចោទថា អាជ្ញាធរបានប្រើអំពើហិង្សាលើពួកគាត់ឱ្យមានរបួសស្នាម និងចាត់ទុកសកម្មភាពរបស់អាជ្ញាធរថា ជារឿងឃោរឃៅនិងខុសច្បាប់ ខណៈសង្គមស៊ីវិលជម្រុញឱ្យមានការគោរពសិទ្ធិមនុស្សដែលមានចែងក្នុងច្បាប់ជាតិនិងច្បាប់អន្ដរជាតិ។
តំណាងសហគមន៍បឹងតាមោកម្នាក់អ្នកស្រី ប្រាក់ សុភា អាយុ៤២ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អ្នកស្រីបានវះកាត់កាលពីប៉ុន្មានខែមុន ប៉ុន្ដែដែលអ្នកស្រីបានប្រាប់និងបង្ហាញត្រង់កន្លែងវះកាត់ បែរជាអាជ្ញាធរនៅតែប្រើអំពើហិង្សាលើអ្នកស្រី ខណៈអ្នកស្រីអភិបាលខណ្ឌទើបចូលកាន់តំណែងថ្មី បានសន្យាចំពោះមុខពលរដ្ឋថា នឹងយកបេះដូងមកដោះស្រាយបញ្ហាវិវាទនេះ ប៉ុន្ដែជាក់ស្ដែង កាលពីថ្ងៃទី១ ខែតុលា បែរជាប្រើកងកម្លាំងរាប់រយនាក់មកប្រើហិង្សាទៅលើប្រជាពលរដ្ឋវិញ។
អ្នកស្រីបន្ដថា មូលហេតុឈានដល់អាជ្ញាធរប្រើហិង្សាលើពួកអ្នកស្រី ដោយសារតែពួកអ្នកស្រី បាននាំគ្នាជួសជុលទ្វារផ្ទះ ដើម្បីការពារទ្រព្យសម្បត្តិខ្លាចចោរលួច និងចូលផ្ទះ ប៉ុន្ដែបែរជាអាជ្ញាធរប្រើកម្លាំងមកទប់ស្កាត់ដោយហាមពួកអ្នកស្រីមិនឱ្យធ្វើទៅវិញ។ អ្នកស្រីថា បើទោះបីជាយ៉ាងណាក្ដីអាជ្ញាធរមិនគួរប្រើប្រាស់ហិង្សាលើពលរដ្ឋនោះទេ។
អ្នកស្រីបន្ដថា៖ «ខ្ញុំប្រាប់អាជ្ញាធរថា ខ្ញុំទើបវះកាត់ហើយ ប៉ុន្ដែបែរជាមិនស្ដាប់ទេ គាត់បានធាក់កន្លែងវះខ្ញុំ៣ជើង ខ្ញុំឈឺចាប់ណាស់។ ក្នុងនាមជាតំណាងសហគមន៍បឹងតាមោក ខ្ញុំនឹងប្ដឹងលោកអភិបាលខណ្ឌតែម្ដង ខ្ញុំអត់ប្ដឹងកូនចៅទេ ប្ដឹងមេហ្មងដែលប្រើកូនចៅមកធ្វើបាបពួកខ្ញុំ ហើយនេះជាការស្វាគមន៍របស់អភិបាលខណ្ឌថ្មីចំពោះសហគមន៍សំរោងត្បូងនៅថ្ងៃទី១ តុលា ឆ្នាំ២០២២»។
តំណាងសហគមន៍រូបនេះបានចាត់ទុកថា វាជារឿងអយុត្តិធម៌ណាស់ម្រាប់ពួកអ្នកស្រីដែលជាពលរដ្ឋគ្មានកម្លាំងក្នុងការទប់ទល់មិនគួរណាអាជ្ញាធរអាងខ្លួនមានអំណាចមកប្រើអំពើហិង្សាបែបនេះឡើយ ហើយអ្នកស្រីបានហៅសកម្មភាពរបស់អាជ្ញាធរនេះថា ជាទង្វើរបស់សត្វ មិនមែនជាទង្វើរបស់មនុស្សនោះទេ។
ពលរដ្ឋដែលរងរបួសត្រង់ក្បាលក្រោយរងអំពើហិង្សារបស់អាជ្ញាធរម្នាក់ទៀត អ្នកស្រី សឿន ស្រីសុទ្ធ អាយុ៣២ឆ្នាំរស់នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានអះអាងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ទាំងក្ដុកក្ដួលថា សកម្មភាពរបស់អាជ្ញាធរដែលបានប្រើអំពើហិង្សាលើពួកអ្នកស្រី វាជាទង្វើឃោរឃៅយង់ខ្នងមួយ ដែលអ្នកស្រីមិនអាចទទួលយកបាននោះទេ។ អ្នកស្រីថា ពេលអាជ្ញាធរចុះទៅធ្វើសកម្មភាព គឺមិនបាននិយាយនិងពួកអ្នកស្រីឱ្យស្រួលបួលទេ បែរជាព្យាយាមប្រើប្រាស់កម្លាំងជាច្រើននិងបានបង្កអំពើហិង្សាលើពួកអ្នកស្រីមុន។
អ្នកស្រីបន្ដថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១ ខែតុលាកន្លងទៅ ដោយសារតែពួកអ្នកស្រីជួសជុលទ្វារផ្ទះ ហើយមុននឹងជួសជុល ពួកអ្នកស្រីក៏បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្ដែបែរជាអាជ្ញាធរមកហាមឃាត់ដោយមានការបញ្ជាពីលោកអភិបាលខណ្ឌថ្មី គឺលោក ធីម សំអាត ដែលទើបឡើងថ្មី។
អ្នកស្រីបន្ដថា៖ «សម្រាប់ខ្ញុំ មើលទៅវាឃោឃៅ ឃោឃៅយង់ឃ្នង និយាយរួមទៅព្រោះអីអាជ្ញាធរគាត់អត់និយាយជាមួយពួកខ្ញុំស្រួលទេ ប្រើកម្លាំងគាត់មកឡើងគរគោក ហើយមកដល់មកប្រតាយប្រតប់ពួកខ្ញុំមុន ទាំងមិនបាននិយាយអីឡើយ»។
យ៉ាងណាមិញ អ្នកស្រីបន្ដថា មូលហេតុឈានដល់អាជ្ញាធរប្រើហិង្សាដោយសារតែមកហាមឃាត់ពួកអ្នកស្រីមិនឱ្យធ្វើទ្វារផ្ទះ ហើយការធ្វើទ្វារផ្ទះនេះទៀតសោត គឺពួកអ្នកស្រីធ្វើដើម្បីការពារទ្រព្យសម្បត្ដិកុំឱ្យវាល្ហរល្ហែវពេកនិងខ្លាចចោរលួច តែបែរជាអាជ្ញាធរមកឃាត់និងបានប្រើអំពើហិង្សា ទាំងដែលពួកអ្នកស្រីបានជូនដំណឹងទៅសាលាខណ្ឌរួចហើយក៏ដោយ។
ពលរដ្ឋរងរបួសពីការប្រើហិង្សារបស់អាជ្ញាធរូបនេះបន្ដថា៖ «ខ្ញុំហើមជើង ត្រូវក្បាលរយះបន្ដិចនិងរយះស្នាមក្រចកគាត់ខ្វាចខ្ញុំ។ ខ្ញុំបានត្រៀមកម្លាំងការពារទប់ទល់និងពួកគាត់យូរហើយ ប៉ុន្ដែពួកខ្ញុំមិនដែលទៅប្រើអំពើហិង្សាជាមួយពួកគាត់មុនទេ ទាំងដែលពួកខ្ញុំបានសំណូមពរគាត់ហើយ គាត់នៅតែស្រាយទ្វារពួកខ្ញុំរំលំ បើពួកខ្ញុំមិនទប់ស្កាត់ផ្ទះសហគមន៍ពួកខ្ញុំទេ គាត់រំលំមួយបាន គាត់នឹងបន្ដដើររំលំបន្ដទៀតហើយ»។
យ៉ាងណាមិញ អ្នកស្រីជម្រុញឱ្យស្ថាប័នជាតិនិងស្ថាប័នអន្ដរជាតិមេត្តាជួយឃ្លាំមើលនិងតាមដានបញ្ហារបស់ពួកអ្នកស្រីផង។
ពលរដ្ឋបឹងតាមោក អ្នកស្រី ផន សុខុម អាយុ៥១ឆ្នាំ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា អាជ្ញាធរបានច្រានអ្នកស្រីឱ្យដួលធ្វើឱ្យអ្នកស្រីឈឺត្រង់ចង្កេះ តែយ៉ាងណាអ្នកស្រីយល់ថា ក្នុងនាមជាអាជ្ញាធរមិនគួរប្រើប្រាស់អំពើហិង្សាបែបនេះនោះទេ អាជ្ញាធរគួរតែចុះប្រាប់ឬក៏ប្រើប្រាស់វិធីផ្សេងទៀតជាជាងការប្រើហិង្សា។
អ្នកស្រីបន្ដថា៖ «ចង្កេះខ្ញុំកំពុងឈឺផង គាត់ច្រានមួយទំហឹងតែម្ដង ឥឡូវខ្ញុំបានចាក់ថ្នាំហើយ តែយ៉ាងណាអាជ្ញាធរមិនគួរប្រើអំពើហិង្សាចឹងទេ វាអាក្រក់មើលណាស់»។
អ្នកស្រីបន្ដថា ដើមចមដែលនាំឱ្យមានហិង្សានេះ គឺអាជ្ញាធរតែងតែព្យាយាមបណ្ដេញពួកអ្នកស្រីចេញ ដោយយកដីរបស់ពួកអ្នកស្រីទាំង២៥០គ្រួសារទៅឱ្យក្រុមហ៊ុនឯកជនវិនិយោគ ជាពិសេសអ្នកស្រីថា ពួកអ្នកស្រីបានរស់នៅលើដីហ្នឹងតាំងីឆ្នាំ១៩៩០ជាងមកម្ល៉េះ ហើយការប្រើអំពើហិង្សារបស់អាជ្ញាធរមកលើពួកអ្នកស្រី គ្រាន់តែជាលេសក្នុងការបណ្ដេញចេញប៉ុណ្ណោះ។
អនុក្រឹត្យលេខ ២៣០ អនក្រ.បក ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ មានគោលបំណងកាត់ផ្ទៃដីទំហំ ១.០០០.១៦៨ ម៉ែត្រក្រឡា (មួយលាន មួយរយហុកសិបប្រាំបីម៉ែត្រក្រឡា) ស្ថិតនៅសង្កាត់គោករកា សង្កាត់ពញាពន់ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលត្រូវបានកំណត់ក្នុងអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣២៣៩៧ ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋដើម្បីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ការកាត់នេះបានធ្វើឱ្យប្រជាពលរដ្ឋបឹងតាមោកចំនួន២៥០គ្រួសារបានរងផលប៉ះពាល់រហូតដល់ពួកគាត់បាននាំគ្នាតវ៉ានិងបន្ដដាក់ញត្ដិស្នើសុំទៅលោកនាយករដ្ឋមន្ដ្រីហ៊ុនសែនឱ្យជួយអន្ដរាគមន៍ ដោយពួកគាត់មិនចង់ចាកចេញពីកន្លែងចាស់នោះទេ បើទោះបីជាអាជ្ញាធរបានផ្ដល់ទីតាំងថ្មីឱ្យពួកគាតក៏ដោយ។
ពាក់ព័ន្ធនិងបញ្ហាចម្រូងចម្រាស់នេះ ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានទាក់ទៅអភិបាលខណ្ឌព្រែកព្នៅថ្មី លោក ធីម សំអាត ដើម្បីសុំការបំភ្លឺដោយលោកថា លោកកំពុងប្រជុំ មិនអាចឆ្លើយបានទេ។ ចំណែកអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្ដី ទូរសព្ទចូលប៉ុន្ដែមិនលើក។ តែយ៉ាងណាលោកក៏ធ្លាប់បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMយើងដែរថា អាជ្ញាធរបានរៀបចំទីតាំងថ្មីដែលមានទំហំទទឹង៤ម៉ែត្រនិងបណ្ដោយ១៨ម៉ែត្រ ប៉ុន្ដែពលរដ្ឋមិនព្រមទទួលដោយអះអាងថា ទីតាំងថ្មីមិនដូចទីតាំងចាស់។
នាយកចាត់ការទូទៅនៃអង្គការលីកាដូលោក អំ សំអាត បានចាត់ទុកថា ការប្រើអំពើហិង្សារបស់អាជ្ញាធរជារឿងខុសច្បាប់ លោកថា វាសឹងតែជាវប្បធម៌ទៅហើយ ដែលអាជ្ញាធរតែងតែប្រើប្រាស់អំពើហិង្សាលើសកម្មជនឬក៏សហគមន៍ក្នុងការគំរាមកំហែង ជាពិសេសអាជ្ញាធរផ្ទាល់ជាអ្នកអនុវត្តន៍ច្បាប់មិនគួរបំពានច្បាប់ឬក៏ប្រើប្រាស់ក្នុងរូបភាពណាមួយនោះទេ។ លោកបានជម្រុញឱ្យអាជ្ញាធរគួរតែប្រើយន្ដការសមស្របមួយ ជាជាងការប្រើប្រាស់ហិង្សាបែបនេះ បើមិនអ៊ីចឹងទេវាជាការជម្រុញទឹកចិត្តមួយដើម្បីឱ្យអាជ្ញាធរមូលដ្ឋានបន្ដប្រើប្រាស់សកម្មភាពអ៊ីចឹងបន្ដទៀត។
លោក សំអាតបន្ដថា៖ «ខ្ញុំគិតថា វាល្មមដល់ពេលដែលត្រូវបំបាត់ចោលនូវអំពើហិង្សាទាំងអស់ហ្នឹងហើយ ពីព្រោះប្រទេសយើងជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យហើយ ដូចជារឿងនៅបឹងតាមោក បើសិនជាគាត់ធ្វើទ្វារដើម្បីការពារសុវត្ថិភាព ការពារទ្រព្យសម្បត្ដិរបស់គាត់ អាហ្នឹងអាជ្ញាធរគួរតែពិនិត្យមើលហើយនិងជជែកគ្នា មិនមែនការប្រើប្រាស់អំពើហិង្សាជំនួសនោះទេ»។
បើតាមប្រធានគម្រោងសិទ្ធិរស់នៅក្នុងទីក្រុងនៃអង្គការធាងត្នោត លោក ស៊ាង មួយឡៃ បានលើកឡើងថា អភិបាលខណ្ឌទើបឡើងថ្មីមិនគួរណាមានវិធានការណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។ លោកថា លោកធ្លាប់បានលើកឡើងមកហើយអំពីការកាន់កាប់នៅតំបន់បឹងតាមោកនេះ គឺពួកគាត់មិនបានរស់នៅលើដីរដ្ឋទេ ពីព្រោះពួកគាត់បានកាន់កាប់តាំងពីយូរមកហើយ ហើយក្នុងផែនទីដែលសមាគមធាងត្នោតបានចេញក៏បានបង្ហាញថា ពួកគាត់ គឺមិនបានរស់នៅខុសច្បាប់ដូចការលើកឡើងរបស់អាជ្ញាធរនោះទេ។
លោកបន្ដថា៖ «អ្វីដែលពួកខ្ញុំបានចុះស្វែងយល់ពីទីតាំងហ្នឹង ទោះបីជារដ្ឋចង់ពង្រីកផ្លូវ៥០ម៉ែត្រមកហ្នឹងក៏ប្រជាពលរដ្ឋអាចខិតទៅក្រោយបាន ប្រសិនបើមើលទៅលើព្រំប្រទល់បឹងវិញ ក៏ប្រជាពលរដ្ឋមិនបានរស់នៅលើព្រំប្រទល់បឹងដែរ អ៊ីចឹងដែលចោទប្រកាន់ថា ពលរដ្ឋខុសច្បាប់ ខ្ញុំមើលឃើញថា វាអត់មានមូលដ្ឋានអីក្នុងការចោទប្រកាន់ហ្នឹង»។
លោកក៏បានជម្រុញបន្ថែមថា ក្នុងនាមជាអាជ្ញាធរគួរតែជួបនិងប្រជាពលរដ្ឋហើយពិភាក្សាគ្នាឱ្យបានច្បាស់ក្នុងករណីនេះ ហើយជៀសវាងការប្រើកម្លាំងហិង្សាណាមួយ ដែលនាំឱ្យមានភាពឈឺចាប់ទៅដល់ពលរដ្ឋក្នុងសហគមន៍បឹងតាមោក ដើម្បីស្វែងរកដោះស្រាយរួមគ្នាមួយទើបល្អប្រសើរ។
លោក មួយឡៃបន្ដថា៖ «សព្វថ្ងៃប្រជាពលរដ្ឋគាត់រងគ្រោះទាំងដីដែលគាត់ធ្លាប់ប្រើប្រាស់អាស្រ័យផលដូចជានេសាទក្នុងសហគមន៍ហ្នឹងផង ហើយប៉ះពាលដល់ដីលំនៅដ្ឋានដែលគាត់ធ្លាប់រស់នៅនិងបានកាន់កាប់តាំងពីយូរបន្ថែមទៀត អានេះខ្ញុំគិតថា វាជារឿងមួយដែលពិបាកទទួលយកបាន បើសិនជាខ្ញុំជាពលរដ្ឋរស់នៅតំបន់នោះ»។
កន្លងមកសកម្មជនតវ៉ាដីធ្លីបឹងតាមោក៧រូប ត្រូវបានសាលាដំបូងក្រុងភ្នំពេញចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺជាបន្តបន្ទាប់ ក្រោយការចោទប្រកាន់ពីបទ រារាំង និងញុះញង់បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ខណៈពួកគាត់បានចាត់ទុកថា ការចេញដីកាបែបនេះវាជាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់។
ចំណែកឯសមាគមធាងត្នោតក៏ធ្លាប់បានចេញរបាយការណ៍រនិងបានបង្ហាញថា ដីបឹងតាមោកឬបឹងទំនប់កប់ស្រូវប្រមាណជាង៦០% ត្រូវបានរដ្ឋាភិបាលកាត់ទៅឲ្យវិស័យឯកជន និងស្ថាប័នរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដែលធ្វើឲ្យទំហំផ្ទៃបឹងនៅសល់តែជាង១០០០ហិកតាប៉ុណ្ណោះ ខណៈទំហំផ្ទៃបឹងទាំងមូលមានជាង៣២០០ហិកតា។ មានន័យថា រដ្ឋាភិបាលបានកាត់ដីបឹងតាមោកជាង ២០០០ហិកតា ស្របពេលដែលប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ស្មើនិង១០៨ខ្នងផ្ទះ ត្រូវបានបណ្ដេញចេញទៅកាន់ទីតាំងថ្មី។ តាមរបាយការណ៍ដដែលបានអះអាងថា ដីបឹងតាមោកឬបឹងទំនប់កប់ស្រូវនេះ រដ្ឋាភិបាលធ្លាប់បានកាត់ទៅឲ្យវិស័យឯកជនចំនួន៤៣ដងរួចមកហើយនិងបានបញ្ជាក់ថាពលរដ្ឋបឹងតាមោកមិនបានរស់នៅលើចំណីដីរដ្ឋនោះទេ។
តាមគម្រោង អាជ្ញាធរគ្រោងនឹងបណ្តេញប្រជាសហគមន៍បឹងតាមោកទៅកាន់ទីតាំងថ្មី គឺស្ថិតនៅក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមួយគ្រួសារទទួលបានដីទំហំទទឹង ៤.២ម៉ែត្រ និងបណ្ដោយ១៨ម៉ែត្រ។ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនយល់ព្រម ដោយសារដីនៅទីតាំងចាស់មានទំហំធំ បើធៀបនឹងទីតាំងថ្មី៕
—————————-
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុខមាន