របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី១៥នាក់ ដែលកំពុងជាប់បណ្ដឹងនៅសាលាដំបូងខេត្តមណ្ឌលគិរី បានស្នើសុំឱ្យតុលាការខេត្តទម្លាក់បទចោទលើពួកគាត់ ដោយពួកគាត់អះអាងថា មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់របស់ដើមបណ្ដឹងឡើយ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង អ្នកស្រី ផ្លឹក ភីរុំ អាយុ៤១ឆ្នាំ រស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ដោយសារតែជាប់បណ្ដឹងនៅតុលាការ និងការដើរការពារព្រៃឈើ បានធ្វើឱ្យអ្នកស្រីគ្មានពេលវេលារកស៊ី។
អ្នកស្រីបន្ដថា អ្នកស្រីសុំឱ្យតុលាការខេត្ត ទម្លាក់បទចោទ និងផ្ដល់សិទ្ធិសេរីភាពឱ្យអ្នកស្រីវិញ។
អ្នកស្រីបន្ថែមថា៖«ខ្ញុំសុំឱ្យតុលាការទម្លាក់បទចោទ ដើម្បីឱ្យខ្ញុំមានសេរីភាពវិញ ដោយសារតែជាប់ពាក្យបណ្ដឹងហ្នឹងហើយ ធ្វើឱ្យខ្ញុំគ្មានពេលរកស៊ីចិញ្ចឹមកូនសោះ»។
ប្រជាសហគមន៍ម្នាក់ទៀតដែលកំពុងជាប់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តមណ្ឌលគិរី អ្នកស្រី ខ្លើង ទុំ អាយុ៣៧ឆ្នាំ រស់នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យដែរ បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពួកអ្នកស្រីត្រូវបានបុគ្គលឈ្មោះ កាក់ រតនា នាយិកាក្រុមហ៊ុន វីឡា ឌីវេឡុបមេន ដែលជាប្រពន្ធលោកអភិបាលរងខេត្តមណ្ឌលគិរី គឺលោក យឹម លុច បានប្ដឹងពួកអ្នកស្រីទៅសាលាដំបូងខេត្តដោយចោទពីបរិហាកេរ្ដិ៍ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។
អ្នកស្រីបន្ដថា ការចោទរបស់បុគ្គលឈ្មោះ កាក់ រតនា មកលើពួកអ្នកស្រីជារឿងមិនត្រឹមត្រូវ ហើយពួកអ្នកស្រីមិនបានប្រព្រឹត្តដូចការចោទនោះទេ។ អ្នកស្រីថា អ្នកស្រីសុំឱ្យតុលាការខេត្ដមណ្ឌលគិរីទម្លាក់បទចោទនិងផ្ដល់សិទ្ធិសេរីភាពឲ្យពួកអ្នកស្រីវិញ។
អ្នកស្រី ទុំ បន្ដថា៖«ខ្ញុំសុំឱ្យតុលាការទម្លាក់បទចោទមកលើពួកខ្ញុំមក ខ្ញុំមានតែប៉ុណ្ណឹងទេ»។
ចំណែកព្រះរាជអាជ្ញារងសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បានបង្វែរសំណួរឱ្យទៅសួរអ្នកនាំពាក្យសាលាដំបូងវិញ ដោយលោកអះអាងថា មិនបានដឹងពីសំណុំរឿងនេះទេ។
លោកថា៖ «បាទសួស្ដី! ខ្ញុំជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចំពោះពាក់ព័ន្ធនឹងសាលាដំបូងខេត្តមណ្ឌលគិរី សូមបងសួរទៅអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីវិញ»។
យ៉ាងណាមិញCCIM មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី លោក មាស ប្រុស បានទេ ដោយទូរសព្ទចូលប៉ុន្ដែគ្មានអ្នកលើក។
នាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជាអ្នកស្រី យន់ ម៉ាណេ បានចាត់ទុកករណីនេះ គឺជារឿងអយុត្តិធម៌ណាស់សម្រាប់ជនជាតិដើមភាគតិច ដែលខិតខំប្រឹងប្រែងចំណាយកម្លាំង និងពេលវេលាដើម្បីការពារព្រៃសហគមន៍ហើយ បែជាត្រូវរងការចោទប្រកាន់តាមផ្លូវតុលាការវិញនោះ។
អ្នកស្រីបន្ដថា៖«ខ្ញុំគិតថា ការអនុវត្តច្បាប់បែបហ្នឹង គឺមិនត្រឹមត្រូវទេ គឺកំពុងតែបង្ហាញអំពីសកម្មភាពដែលនាំគ្នាអនុវត្តច្បាប់ខុស ហើយនាំឲ្យបង្ករឲ្យបញ្ហាអយុត្តិធម៌សង្គមហើយការទាមទារឱ្យទម្លាក់បទចោទរបស់ពួកគាត់ជារឿងត្រឹមត្រូវ»។
មន្ដ្រីអង្កេតការប្រចាំខេត្តមណ្ឌលគិរី លោក តឿ សង្ហា បានថ្លែងថា មូលហេតុដែលប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងត្រូវបានជាប់ពាក្យបណ្ដឹងនៅតុលាការខេត្តដោយសារការចង់ថែរក្សាការពារដីរបស់ពួកគាត់ ប៉ុន្ដែត្រូវបានតុលាការខេត្តចោទពួកគាត់ទៅវិញ ហើយការទាមទារឱ្យតុលាការខេត្តទម្លាក់បទចោទលើពួកគាត់ជារឿងត្រឹមត្រូវ។ លោកថា តុលាការគួរតែយល់ថា ពួកគាត់គ្រាន់តែចង់ការពារដីដូនតារបស់ពួកគាត់ប៉ុណ្ណោះ ដូច្នេះតុលាការគួរតែទម្លាក់បទចោទពួកគាត់ទៅ។
មន្ដ្រីរូបនេះបន្ដថា៖«ការដែលអ្នកមានអំណាចប្ដឹងពួកគាត់អត់ទម្លាក់បទចោទហ្នឹង ជាការមួយយើងឃើញថាប៉ះពាល់ដល់សិទ្ធិរបស់គាត់ ជាពិសេសការគំរាមកំហែងឬក៏សម្លុត បំបាក់ស្មារតីពួកគាត់កុំឱ្យមានការតវ៉ាលើដីធ្លីរបស់គាត់»។
នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានលើកឡើងថា បច្ចុប្បន្ននេះការប្រើប្រាស់ប្រព័ន្ធតុលាការសម្រាប់ការគំរាមកំហែងបំភិតបំភ័យលើប្រជាពលរដ្ឋវាមិនគួរឱ្យកើតមានបន្ដទៀតឡើយ។ លោកថា ពេលដែលមានបញ្ហាជម្លោះដីធ្លី អាជ្ញាធរគួរតែប្រើប្រាស់យន្ដការដោះស្រាយដោយសន្ដិវិធីជំនួសឱ្យការប្រើប្រព័ន្ធតុលាការ ដើម្បីដោះស្រាយបញ្ហា។
លោកបន្ដថា ក្នុងនាមជាអង្គការសង្គមស៊ីវិល លោកគាំទ្រប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងទាំងអស់ ដែលទាមទារឱ្យតុលាការទម្លាក់បទចោទ ដោយមិនមានធាតុផ្សំច្បាស់លាស់លើពួកគាត់។
លោក សំអាតបន្ដថា៖«អាជ្ញាធរគួរតែប្រើប្រាស់ការដោះស្រាយដោយសន្ដិវិធី ដើម្បីបញ្ចប់បញ្ហា ជាជាងការប្រើប្រព័ន្ធតុលាការមកដោះស្រាយ និងទុកសម្រាប់គំរាមកំហែងលើពលរដ្ឋ ខ្ញុំមិនគាំទ្រទេក្នុងការប្រើវិធីបែបហ្នឹង»។
គួររំលឹកដែរថា ជម្លោះដីធ្លីរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានជាង២០០គ្រួសារ ជាមួយក្រុមហ៊ុន វីឡា ឌីវេឡុបមេន បានកើតឡើងតាំងពីឆ្នាំ២០០៨មក ក្រោយពីក្រុមហ៊ុននេះបានយកគ្រឿងចក្រទៅឈូសឆាយព្រៃឈើដែលប្រជាសហគមន៍ជនជាតិដើមភាគតិចអាស្រ័យផល។ ក្រោយមក ប្រជាសហគមន៍បានដាក់បណ្ដឹងទៅអាជ្ញាធរនិងតុលាការ ដើម្បីសុំឱ្យជួយដោះស្រាយ ប៉ុន្ដែគ្មានការឆ្លើយតបណាមួយនោះទេ។
កាលពីឆ្នាំ២០១៣ សហគមន៍ឡៅកា បានប្ដឹងអភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច ឱ្យទទួលខុសត្រូវលើការឈូសឆាយដីសហគមន៍នេះ ដើម្បីយកដី និងកាប់បំផ្លាញដើមឈើជ័រទឹកអ្នកភូមិ៣៦៧ដើម។ ក៏ប៉ុន្តែសាលាដំបូងខេត្តមណ្ឌលគិរីបានតម្កល់សំណុំរឿងនេះ មិនចាត់ការឡើយ ដោយសារតែលោក យឹម លុច អះអាងថា លោកមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន វីលីឌ្យ ឌីវឺឡុបមេន នោះទេ។ ផ្ទុយទៅវិញ ភរិយាលោក គឺអ្នកស្រី កាន់ រតនា គឺជានាយិកាក្រុមហ៊ុននេះ។ ក្រោយមក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លងទៅ តុលាការបានចេញដីកាកោះហៅតំណាងសហគមន៍ជនជាតិដើមភាគតិចពូនងឱ្យចូលខ្លួនឆ្លើយបំភ្លឺវិញម្ដង ដោយដើមបណ្ដឹង អ្នកស្រី កាន់ រតនា ដែលជាភរិយារបស់អភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច បានប្ដឹងពីបទ «បរិហាកេរ្ដិ៍ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ ក្រោយមក ក្រុមហ៊ុនដដែលបានយកគ្រឿងចក្រទៅឈូសឆាយសាជាថ្មីម្ដងទៀត ប៉ុន្ដែត្រូវបានប្រជាសហគមន៍នាំគ្នាទៅទប់ស្កាត់ ហើយក៏ត្រូវបានតុលាការខេត្តមណ្ដលគិរីចេញដីកាកោះហៅប្រជាពលរដ្ឋជាលើកទី២ ឱ្យចូលបំភ្លឺកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ៕
……………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន