#របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
សង្គមស៊ីវិលនិងសកម្មជននបរិស្ថានមួយចំនួនបានលើកឡើងថាការដែលក្រុមហ៊ុនឯកជនអាចស្នើកងកម្លាំងរបស់រដ្ឋដើម្បីមកការពារផលប្រយោជន៍ខ្លួន វាជារឿងខុសនិងច្បាប់ ហើយកងកម្លាំងរដ្ឋមានតួនាទីត្រឹមតែបម្រើផលប្រយោជន៍រដ្ឋតែប៉ុណ្ណោះ ខណៈដែលអគ្គនាយកក្រុមហ៊ុនឯកជនមួយបានស្នើកងកម្លាំងពីអភិបាលខេត្តតាកែវ។
នៅក្នុងលិខិតមួយរបស់លោក ឈន់ ភារូ អគ្គនាយកក្រុមហ៊ុន ឆាយណា ប៉ោយប៉ែត ស៊ែធីឡាយ ស៊ីធី ឯ.ក បានស្នើទៅអភិបាលខេត្តតាកែវគឺ លោក អ៊ូច ភា ដើម្បីសុំកងកម្លាំងរបស់ខេត្តតាកែវសម្រាប់ការពារនិងរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងការចាប់ផ្ដើមអនុវត្ដគម្រោងឈូសឆាយ និងអភិវឌ្ឍន៍ផ្ទៃដី៥២៦.៦ហិកតា ស្ថិតនៅឃុំក្រាំងធ្នង់ និងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលបានដាក់ទៅលោកអភោបាលខេត្ដតាកែវនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២ ហើយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២២ដោយលោកអភិបាលខេត្ត អ៊ូច ភា។
បើតាមនាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កងកម្លាំងរដ្ឋមានតួនាទីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ពីព្រោះពួកគាត់ស៊ីប្រាក់ខែពីប្រជាពលរដ្ឋនិងកាត់ពន្ធផ្សេងៗទៀត។ លោកថាវាអាចបានដែរ ដូចជាក្រុមហ៊ុនមានវិវាទដីធ្លីនិងប្រជាពលរដ្ឋ អ៊ីចឹងកងកម្លាំងរដ្ឋអាចទៅរក្សាសណ្ដាប់ធ្លាប់ឬក៏រក្សាសុវត្ថិភាពបាន ប៉ុន្ដែបើមិនមានវិវាទរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋទេ គឺវាមិនត្រឹមត្រូវនោះទេ។
លោក សំអាតបន្ដ៖«ខ្ញុំយល់ថាការដែលឱ្យកងកម្លាំងរបស់រដ្ឋទៅការពារផលប្រយោជន៍ឯកជន ដូចជាមិនសមស្រប និងមិនត្រឹមត្រូវទេ លើកលែងតែបញ្ហាវាមានអំពើហិង្សាអីទេ ទើបកងកម្លាំងគាត់ទៅដើម្បីរក្សាសុវត្ថិភាព សន្ដិសុខជូនប្រជាពលរដ្ឋ អាហ្នឹងបានជាការត្រឹមត្រូវ»។
ចំណែកឯប្រធានផ្នែកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បានចាត់ទុកថា ការដែលក្រុមហ៊ុនឯកជនទៅស្នើសុំកងកម្លាំងរដ្ឋមកការពារផលប្រយោជន៍ផ្ទាល់ខ្លួនគឺមិនគួរធ្វើឡើងនោះទេ ពីព្រោះកងកម្លាំងរដ្ឋត្រូវយកពេលវេលារបស់ខ្លួនទៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាជាងយកមកបម្រើផលប្រយោជន៍បុគ្គលឯកជនដូច្នេះវិញ ហើយលោកមិនគាំទ្រដាច់ខាតចំពោះសកម្មភាពបែបនេះរបស់ក្រុមហ៊ុន។
លោកបន្ដថា៖«ខ្ញុំមិនគាំទ្រឱ្យមានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធជាតិគ្រប់ប្រភេទក្នុងការបម្រើផលប្រយោជន៍ឯកជនទេ ហើយក្រុមហ៊ុនគួរទៅរកក្រុមហ៊ុនសន្ដិសុខឯកជនដូចគ្នាមកការពារបានវាត្រឹមត្រូវ»។
កញ្ញា សូ មេត្ដា អាយុ៣៣ឆ្នាំ ជាយុវនារីម្នាក់ដែរស្រលាញ់ធនធានធម្មជាតិនិងបរិស្ថាន បានចាត់ទុកថា ការដែលអាជ្ញាធរអាចផ្ដល់កងកម្លាំងរបស់រដ្ឋទៅការពារក្រុមហ៊ុនឯកជនបាន គឺអាជ្ញាធរខ្លួនឯងលែងដឹងអំណាចនិងតួនាទីរបស់ខ្លួនហើយដោយសារតែលុយ លែងគិតខុសត្រូវ ក្នុងនាមជាអាជ្ញាធរគឺត្រូវដឹងពីតួនាទីខ្លួន តែបែរជាទៅការពារអ្នកមានអំណាច អ្នកមានលុយ ហើយទង្វើរបស់អាជ្ញាធរនេះគឺវាបានបំពានទៅលើច្បាប់ បំពានលើទ្រព្យសម្បត្តិជាតិ និងបំផ្លាញធនធានធម្មជាតិ និងសត្វព្រៃដ៏កម្រ។ កញ្ញា មេត្តាបន្ដថា ក្រុមហ៊ុនដែលទៅអភិវឌ្ឍន៍គួរតែគិតឡើងវិញ និងត្រូវគិតស្រលាញ់ជាតិ ស្រឡាញ់ធនធានរបស់ជាតិ កុំងប់ងល់នឹងលុយអំណាច ដល់ថ្នាក់វង្វេងលែងដឹងអ្វី វាមិនត្រឹមត្រូវទេ។
សកម្មជនបរិស្ថានរូបនេះបន្ដថា៖«ប្រជាពលរដ្ឋខ្មែរទាំងយុវជនខ្មែរទាំងអស់ មិនគាំទ្រការអភិវឌ្ឍ ការកាប់បំផ្លាញព្រៃឈើបែបហ្នឹងទេ អ៊ីចឹងសុំបញ្ឈប់ជាបន្ទាន់ កុំប្រព្រឹត្តទង្វើបែបហ្នឹងទៀត ហើយខាងក្រសួងពាក់ព័ន្ធថ្នាក់លើថ្នាក់ធំហ្នឹង ជាពិសេសនាយករដ្ឋមន្ដ្រីគួរតែក្រលែកងាកមើលនិងអន្ដរាគមន៍ភ្លាមៗ កុំបណ្ដែតបណ្ដោយឱ្យជនមានអំណាច មានលុយ មានខ្នងហ្នឹង កាប់បំផ្លាញតាមចិត្តតទៅទៀត»។
យុវជនស្រលាញ់បរិស្ថានម្នាក់ទៀត លោក គីម ជីវលីន អាយុ២៣ឆ្នាំ បានប្រាប់CCIMថា ការដែលក្រុមហ៊ុនអាចស្នើសុំកងកម្លាំងរដ្ឋមកការពារបាន វាមិនមែនជារឿងប្រក្រតីនោះទេ ហើយវាមិនបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់អាជ្ញាធរដែលបានប្រើតួនាទីរបស់ខុស និងជាការមិនត្រឹមត្រូវផងដែរ។
លោកបន្ថែមថា៖«ខ្ញុំមើលឃើញថាវាមានភាពមិនប្រក្រតីច្រើន ចំពោះការប្រើតួនាទីរបស់កងកម្លាំងហ្នឹង»។
យ៉ាងណាក៏ដោយប្រធានរដ្ឋបាលខេត្តតាកែវ លោក មាស អ៊ុយ បានថ្លែងប្រាប់ ពលរដ្ឋអ្នកសារព័ត៌មាន CCIM ល្ងាចមិញថា មិនមានការស្នើសុំកងកម្លាំងខេត្តទៅការពារតំបន់ភ្នំតាម៉ៅនោះទេ មានតែស្នើទៅការពារនៅតំបន់ជិតព្រលានយន្ដហោះបានមាន។
លោកបន្ដថា៖«អត់មានស្នើសុំកងកម្លាំងទៅការពារនៅតំបន់ភ្នំតាម៉ៅទេ មានតែស្នើទៅការពារតំបន់ព្រលានយន្ដហោះ»។
តំណាងពលរដ្ឋម្នាក់ក្នុងឃុំក្រាំងធ្នង់ស្រុកបាទី លោក ធូ សាមុត បានអះអាងថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុបបានមកអភិវឌ្ឍន៍និងបានពង្រីកផ្លូវចូលទៅដីរបស់ក្រុមហ៊ុន ដោយធ្វើឲ្យរបងផ្ទះប្រជាពលរដ្ឋចំនួនភូមិមាន២៣៥គ្រួសារត្រូវបានរងការឈូសឆាយ ប៉ុន្ដែមិនទទួលបានសំណងសមរម្យពីការឈូសឆាយអស់ហ្នឹងនោះទេ។
លោក សាមុត បន្ដថា៖«ពួកខ្ញុំគ្មានបានសំណងទេបង ឈូសរបងពួកខ្ញុំខ្ទេចខ្ទីអស់ហើយ មិនដឹងថា គេគិតមិចទេ បើតាំងពីមុនបោះឆ្នោត ឥឡូវស្ងាត់ឈឹង គ្មានដំណឹងអីសោះ»។
នៅថ្ងៃទី៤ខែសីហា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្ដីប្រកាសមួយដែលបានអះអាងថា ដោយសារដីនៅតំបន់ភ្នំតាម៉ៅមិនអាចដាំដើមឈើឱ្យលូតលាស់បានល្អ ទើបត្រូវមានកែលម្អឱ្យមានប្រព័ន្ធផ្លូវ អាគារ សួនច្បារ និងអាងស្ដុកទឹក។
ក្នុងលិខិតដដែលបានបន្ដថា ឧទ្យានសួនសត្វភ្នំតាម៉ៅគឺមានសុវត្ថិភាព១០០%មិនមានការផ្លាស់ប្ដូរទៅណានោះទេ ហើយសត្វទាំងនោះត្រូវបានរស់នៅក្នុងបរិវេនភ្នំតាម៉ៅដដែល ដែលមានទំហំដី៤០០ហិតាព័ទ្ធជុំវិញ និងត្រូវបានរក្សាការពារ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានទទួលដីសម្បទានពីរដ្ឋដើម្បីធ្វើការអភិវឌ្ឍហើយក្រុមហ៊ុននេះបានចុះមកធ្វើសកម្មភាពពង្រីកផ្លូវតាំងពីមុនការបោះឆ្នោតឃុំសង្កាត់មកម្ល៉េះ ហើយការពង្រីកផ្លូវនេះដែរបានធ្វើឱ្យប៉ះពាល់ដល់របងផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ភូមិគឺថ្នល់ទក្សិណក្នុងភូមិទន្លេបាទីដែលមានចំនួន២៣៥គ្រួសារនិងដីស្រែរបស់ពួកគាត់មួយចំនួនផងដែរ ដោយមិនទាន់បានទទួលសំណងណាមួយឡើយ។
បើយោងតាមលិខិតរបស់ទីស្ដីការគណៈមន្ដ្រីបានចេញសេចក្ដីសម្រេចមួយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យមានការដោះដូរដី៣០០ហិកតា របស់ស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅនិងដី៥០០ហិកតាទៀតរបស់រដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល ហើយអនុញាឱ្យមានការផ្ទេរសិទ្ធិឱ្យក្រុមហ៊ុននិងដៃគូរសហការ មុនធ្វើការអភិវឌ្ឍ។
ក្នុងនោះដែរ ក៏មានដីមួយចំនួនត្រូវបានកាត់ទៅឱ្យក្រុមហ៊ុនលោក ឧញ្ញ៉ា ឡេង ណាវ៉ាត់ត្រា ដើម្បីធ្វើការអភិវឌ្ឍ ប៉ុន្ដែទំហំប៉ុណ្ណានោះមិនមានការបញ្ជាក់ច្បាស់លាស់នោះទេ ដោយសារតែនៅក្នុងអនុក្រឹត្យមិនបានបញ្ជាក់ឱ្យបានច្បាស់ហើយការកាត់ដីនេះផងក៏មានអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលទៅលេងសួនសត្វភ្នំតាម៉ៅ មានការព្រួយបារម្ភជាខ្លាំងចំពោះការកាត់ដីរដ្ឋមួយចំនួនទៅឱ្យក្រុមហ៊ុនឯកជនវិនិយោគដែលធ្វើឱ្យពួកគាត់យល់ថា ការកាត់ដីនេះរដ្ឋហាក់មិនបានគិតពីជម្រកសត្វដែលកំពុងរស់នៅក្នុងព្រៃឈើទាំងនោះ៕
_________________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុខមាន