រាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន ខេត្តកំពង់ស្ពឺ
នាយករងសាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ក្រោយពីនាយករងសាលាបឋមសិក្សារូបនេះ បានគំរាមវាយសិស្ស ដែលមិនទិញនំរបស់ខ្លួន ហើយទៅទិញនំអ្នកផ្សេង។
អ្នកស្រី ចែម បូរី អាយុ៤២ឆ្នាំ រស់នៅភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កូនរបស់អ្នកស្រីដែលរៀននៅក្នុងសាលាបឋមសិក្សាវត្តថ្មីនេះបានប្រាប់អ្នកស្រីថា នាយករងសាលាបឋមសិក្សាវត្តថ្មី លោក ប៊ុច សារី បានគំរាមសិស្សមិនឲ្យទិញនំអ្នកផ្សេងទេ ក្រៅពីទិញនំដែលភរិយារបស់លោកលក់នៅក្នុងសាលារៀន។
បើតាមអ្នកស្រី ចែម បូរី នាយករងសាលាបឋមសិក្សារូបនេះ បានព្រមានកូនសិស្សណាដែលទៅទិញនំអ្នកផ្សេង ថាកុំឱ្យមករៀនជាមួយលោក។ អ្នកស្រីបន្តថា នាយករងសាលាបឋមរូបនេះ បានដើរគំរាមកូនសិស្សតាំងពីសាលាមត្តេយ្យរហូតដល់សិស្សថ្នាក់ទី៦។
អ្នកស្រីបន្តថា៖ «បើគំរាមគំហែងតែថ្នាក់គាត់បង្រៀនក៏មិនថាដែរ ប៉ុន្តែគាត់ដើរគំរាមគ្រប់ថ្នាក់ បើទោះបីមានលោកនាយកពន្យល់ប្រាប់ណែនាំគាត់យ៉ាងណាក៏ដោយ ក៏គាត់នៅតែមិនខ្លាច មិនញញើតអ្នកណាទាំងអស់ បើកូនសិស្សណាចង់ទៅទិញនំខាងក្រៅ គាត់ឲ្យទៅដើរផ្លូវថ្នល់ធំ មានឡាន មានម៉ូតូច្រើន ផ្លូវវាងខាងក្រោយអត់មានឡានអត់មានម៉ូតូ គាត់អត់ឱ្យកូនសិស្សចេញទៅទិញនំទេ»។
អ្នកស្រីបានបន្តថា កន្លងមកករណីនេះ ត្រូវបានលោកនាយកសាលាបឋមសិក្សាវត្តថ្មីលោក ហ៊ុន ហៀក និងអាជ្ញាធរមូលដ្ឋានចូលរួមដោះស្រាយ និងមានពាក្យបណ្តឹងជាបន្តបន្ទាប់ក្តី ក៏នាយករងសាលាបឋមសិក្សាវត្តថ្មីនេះ នៅតែធ្វើទង្វើបែបនេះដដែល។
មេឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកស្រី ស្វាយ ស៊ីម បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM តាមទូរស័ព្ទថា អ្នកស្រីធ្លាប់ចូលរួមដោះស្រាយករណីរបស់នាយករងសាលាបឋមវត្តថ្មីនេះជាច្រើនលើក ច្រើនសាររួចមកហើយ តែលោកនាយករងរូបនេះ នៅតែមានះ មិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាននោះទេ។
អ្នកស្រីថា៖ «ខ្ញុំសូមនិយាយតែត្រង់ៗ មិនបញ្ចេញ ហើយក៏មិនបញ្ចូលដែរ រឿងនេះកន្លងមកដោះស្រាយច្រើនណាស់មកហើយ នៅតែគាត់មិនព្រម ខ្ញុំសូមឲ្យគាត់ ជួយចែករំលែកគ្នា កុំធ្វើទង្វើបែបនេះអី តែគាត់មិនស្ដាប់យើងទេ ថាធ្វើយ៉ាងម៉េចឱ្យគាត់ជួយសម្រួលត្រូវគ្នាជាមួយបងប្អូនប្រជាពលរដ្ឋ កុំឲ្យគាត់ចេះតែខុស ចេះតែធ្វើ។ បើនាយកធំគាត់អត់អីទេគាត់ល្អហើយលោកនាយកគាត់ក៏បានប្រាប់ណែនាំដែរ តែគ្រូនាយករងនេះ មិនព្រមស្ដាប់តាមអ្នកណាទាំងអស់»។
អ្នកស្រីមេឃុំបានបន្តថា ក្នុងនាមអ្នកស្រីជាមេឃុំ អ្នកស្រីបានសម្របសម្រួលឲ្យលោកមានការយោគយល់ជាមួយបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សផង។
អ្នកស្រីបន្តថា «អស់តួនាទីរបស់ខ្ញុំហើយ ព្រោះអីគាត់ជួយអស់ពីលទ្ធភាពហើយ ហើយខ្ញុំធ្វើដើម្បីបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត តែលោកគ្រូគាត់នៅតែមិនព្រម ហើយបញ្ហាទាំងនេះ មន្ទីអប់រំក៏គេបានពន្យល់ណែនាំដែរ តែគាត់អើពើតែនៅខាងមុខគេមកដល់ គាត់ធ្វើមិនដឹង មិនឮដដែល ធម្មតាអញ្ចឹងទៅ»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចទាក់ទងសុំការឆ្លើយបំភ្លឺពីលោក ប៊ុច សារី នាយករងសាលាបឋមសិក្សាវត្តថ្មីនេះបានទេ បើទោះបីជាព្យាយាមទាក់ទងតាមទូរសព្ទជាច្រើនដង និងច្រើនថ្ងៃរួចមក។
ចំណែកនាយកសាលាបឋមសិក្សាវត្តថ្មី លោក ហ៊ុន ហៀក បានអះអាងថា រឿងនេះបានកើតឡើងនៅមុនពេលផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩មក ប៉ុន្តែពេលនេះលោកបានដោះស្រាយរួចអស់ហើយ។ លោកថា តាមគោលការណ៍របស់ក្រសួងអប់រំ គឺហាមមិនឱ្យលក់នំនៅក្នុងសាលារៀននោះទេ ចាប់តាំងពីការផ្ទុះឆ្លងជំងឺកូវីដ-១៩មក រហូតដល់បច្ចុប្បន្ននេះ។
ចំណែកឯការលក់នំរបស់នាយករងសាលារៀនវត្តថ្មីនេះ គឺនៅក្រៅរបងសាលា ហើយជាអ្វីដែលលោកប្រាប់ថា លោកមិនអាចគ្រប់គ្រងការងារក្រៅសាលាបានទេ។
លោកថា៖ «ពាក្យថា គំរាមកំហែងហ្នឹង ខាងខ្ញុំអត់សូវដឹងទេ ប្រសិនបើដឹងដឹងតាមប្រជាពលរដ្ឋ ព្រោះផលជះទៅលើសហគមន៍។ និយាយរួមទៅ ការងាររាជការកាលណាអ្នកឯងធ្វើមិនបានល្អ វាជះឥទ្ធិពលទៅខាងក្រៅហើយ ហ្នឹងលទ្ធផលគេស្រង់ចេញទៅក្រៅបើថាមិនល្អគឺមិនល្អហើយ»។
លោកបន្តថា កន្លងមកលោកមិនបានព្រមានទៅកាន់នាយករងរូបនេះទេ ប៉ុន្តែលោកបានអោយនាយករងរូបនេះ សិក្សាពីច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការលក់នំ ចំណីអាហារ ការគំរាមកំហែង ការជិះជាន់ និងលក្ខន្តិកៈវិជ្ជាជីវៈរបស់គ្រូបង្រៀនផងដែរ។
ទោះជាយ៉ាងនេះក្តី លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM តាមរយៈតេឡេក្រាម ដោយណែនាំឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សានិងគ្រូបង្រៀនគួរបន្តដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់គុណភាពរៀន និងបង្រៀន មុននិងក្នុងបរិបទកូវីដ-១៩ ដោយត្រូវអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវ: និងវិធានការរដ្ឋបាលមានជាធរមានប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកថា ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សាបែបនេះ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល និងតាមផ្លូវច្បាប់។ បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាអាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទូទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។
លោកបន្តថា គុណភាពគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សានិងគុណភាពគ្រូបង្រៀនអាចជះផលវិជ្ជមានលើគុណភាពអប់រំទូទាំងប្រទេសកម្ពុជា។ ជាពិសេស ការដំឡើងឋានៈវិជ្ជាជីវៈដល់បុគ្គលិកអប់រំ ១.នាយកល្អ និង២.គ្រូល្អ ជាដើម។
លោកបានបន្តថា «ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា ទាំង ២៥ ខេត្ត រាជជានី ដែលជាសេនាធិការរបស់ក្រសួងអប់រំយុវជននិងកីឡា»។
សាលារៀនវត្តថ្មី ស្ថិតនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកសាងឡើងនៅឆ្នាំ១៩៨៦។ សាលារៀនវត្តថ្មីនេះ មាន៣អគារនិង៩បន្ទប់ដែលមានសិស្សានុសិស្សសរុប៣៤៨នាក់ មកពីភូមិចំនួន ៥ រួមមាន ភូមិធ្លកយល់, ភូមិតាកោះ, ភូមិសូវង្ស បន្ទាយមាស និងភូមិវត្តថ្មីជាដើម។
កន្លងមកខាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ក៏ធ្លាប់បានចុះមកណែនាំ លោកនាយករង ប៊ុច សារី នេះចំនួនពីរលើករួចមកហើយ គឺលើកទី១.នៅសាលាបឋមសិក្សាវត្តថ្មី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ និងលើកទី២ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីភាគីអាណាព្យាបាលសិស្ស មន្ត្រីអប់រំស្រុក ឃុំ និងអាជ្ញាធរមូលដ្ឋានជាដើម។ ក៏ប៉ុន្តែ នាយករងសាលាបឋមសិក្សាវត្តថ្មីនេះ នៅមិនរាងចាល និងនៅតែធ្វើទង្វើមិនល្អដាក់កូនសិស្ស ហើយនៅតែគំរាមកំហែងដល់កូនសិស្សដដែល៕
…………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺលោក សួស ចាន់ឌឿន