ក្រុមយុវជននិងព្រះសង្ឃដែលស្រឡាញ់ការងារបរិស្ថានអះអាងថា ពួកគេកំពុងធ្វើរបាយការណ៍និងប្រមែប្រមូលភស្ដុតាងទាក់ទងការកាប់បំផ្លាញព្រៃឈើនៅតំបន់អារ៉ែងទៅអភិបាលខេត្តកោះកុង ដើម្បីជំរុញឱ្យមានការអន្ដរាគមន៍ទាន់ពេលវេលា។
កាលពីចុងខែមិថុនា ឆ្នាំ២០២២ ក្រុមយុវជននិងព្រះសង្ឃប្រមាណជិត៣០អង្គនាក់បានធ្វើធម្មយាត្រាផ្សព្វផ្សាយអំពីសារសំខាន់នៃព្រៃឈើនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដោយក្នុងដំណើរធម្មយាត្រានេះ ពួកគេអះអាងថា បានរកឃើញបទល្មើសកាប់បំផ្លាញ់ព្រៃឈើមានការកើនឡើងនៅតាមមាត់ស្ទឹងអារ៉ែង។
សមាជិកនៃក្រុមយុវជនខ្មែរថាវរ: លោក ស្វាយ សំណាង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM បន្ថែមថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់អារ៉ែងនៅតែបន្តកើតមានធំឡើងៗ ដោយថា ក្រុមយុវជនបានប្រទះឃើញដើមឈើដែលព្រះសង្ឃនិងយុវជនខិតខំបំបួសកាលពីប៉ុន្មានខែមុន ត្រូវបានជនខិលខូចលួចកាប់បំផ្លាញអស់ជាច្រើនដើម ក្រោមការឃ្លាំមើលនិងដែនសមត្ថកិច្ចរបស់អាជ្ញាធរ។
លោកបន្ថែមថា៖ «យើងមានការសោកស្ដាយខ្លាំងមែនទែនចំពោះអាជ្ញាធរមន្ត្រីពាក់ព័ន្ធដែលមានតួនាទីកាតព្វកិច្ចក្នុងតំបន់អារ៉ែងនេះ គឺបើកដៃឪ្យឈ្មួញមកកាប់យ៉ាងគំហុកដឹងជញ្ជូនចេញទៅខាងក្រៅ។ ការបាត់បង់ព្រៃឈើនៅក្នុងតំបន់អារ៉ែងនេះវាទាក់ទងការធ្វើការបែបពុករលួយ និងបើកដៃឪ្យឈ្មួញចូលមកកាប់បំផ្លាញ់ដើម្បីបានលាភសក្ការៈមួយចំនួនពីឈ្មួញ»។
យុវជនរូបនេះអះអាងថា ក្រុមយុនជននិងព្រះសង្ឃនឹងប្រមូលភស្តុតាងទាំងអស់អំពីបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់អារ៉ែងដើម្បីដាក់ជូនទៅអភិបាលខេត្តកោះកុង និងរដ្ឋាភិបាលដើម្បីរកវិធីទប់ស្កាត់ការកាប់បំផ្លាញ់ព្រៃឈើបន្តទៀត។
លោកបន្តថា៖ «យើងមានទិន្នន័យខ្លះហើយប្រមូលបានច្រើនតែយើងមិនទាន់មានឱកាសណាមួយដើម្បីដាក់ទៅកាន់អ្នកស្រី មិថុនា ភូថង»។
តំណាងយុវជនខ្មែរថាវរ: លោក ហ៊ុន វណ្ណ: ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដែរថា គោលបំណងនៃការធ្វើធម្មយាត្រានេះ ដើម្បីផ្សព្វផ្សាយសារសំខាន់នៃព្រៃឈើទៅដល់យុវជននិងពលរដ្ឋខ្មែរទាំងអស់ឪ្យចេះស្រលាញ់ធនធានធម្មជាតិ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អារ៉ែង។
មួយវិញទៀត លោកថា ពលរដ្ឋមួយចំនួននៅតំបន់អារ៉េងនេះបានចាញ់កលល្បិចរបស់អ្នកមានលុយនិងមានអំណាច ដែលបានប្រើប្រាស់ពួកគេជាឧបករណ៍ទៅកាប់បំផ្លាញធនធានធម្មជាតិ ដោយប្ដូរមកវិញនូវទឹកប្រាក់បន្តិចបន្តួច និងមានហានិភ័យជាប់ពន្ធនាគារទៀតផង។
លោកបន្ដថា៖ «ពីមុនធ្លាប់មានព្រះសង្ឃរួមទាំងយុវជនយើងបានចុះមកធ្វើវិធីបំបួសដើមឈើហើយយើងទទួលបានព័ត៌មានថា ដើមឈើដែលយើងបំបួស ត្រូវបានគេកាប់បំផ្លាញ់អស់ជាច្រើនដើម។ ពេលមកដល់ យើងឃើញមានពិតមែន»។
ព្រះសង្ឃមួយអង្គនិមន្តមកពីខេត្តបាត់ដំបង ព្រះសង្ឃ ប៉ម សុខែវណ្ណ: មានសង្ឃដីកាថា ព្រះអង្គពិតជាមានការសោកស្ដាយចំពោះការបាត់បង់ដើមឈើធំៗនៅតាមដងស្ទឹងអារ៉ែង និងការកាប់បំផ្លាញធនធានធម្មជាតិនៅតំបន់នេះ។
ព្រះអង្គមានសង្ឃដីកាបន្ថែមថា៖ «អ្វីដែលសោកស្តាយជនមួយចំនួនគាត់មិនបានគិតពីរផលប្រយោជន៍រួមប៉ុន្តែគាត់គិតពីរភាពអាត្មានិយមច្រើនគិតតែផលប្រយោជន៍ខ្លួនឯងច្រើន។ មិនត្រឹមតែឈ្មួញទេសូម្បីតែអាជ្ញាធរឬក៏មន្រ្ដីពាក់ព័ន្ធមួយចំនួននិងគឺគាត់គិតតែផលប្រយោជន៍អាត្មានិយមច្រើនណាស់។មិនដឹងសព្វថ្ងៃអជ្ញាធរគាត់ធ្វើអ្វីបានគេកាប់ព្រៃឈើគាត់មិនដឹង»។
អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង លើកឡើងថា ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយក្រុមយុវជនត្រូវតែសហការជាមួយអនុរក្សព្រៃឈើជាមួយក្រសួងបរិស្ថាន។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំអរគុណច្រើនគាត់រកឃើញភស្តុតាងហើយខ្ញុំក៏សហការជាមួយគ្នាដើម្បីចូលរួមទាំងអស់គ្នាដើម្បីថែរក្សាព្រៃឈើជាតិយើងបើសិនជាគាត់អាចរកភស្តុតាងបាន»៕
———————————
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួន វុត្ថា