របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
តំណាងសហគមន៍ដីធ្លីអំពៅព្រៃ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអះអាងថា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បានយកដីសហគមន៍ជាង ៨០ ហិតាទៅលក់ឲ្យក្រុមហ៊ុនព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី ប៉ុន្ដែក្រុមហ៊ុននេះមិនបានដោះស្រាយសំណងសមរម្យឲ្យសហគមន៍នោះទេ។
តំណាងសហគមន៍ដីធ្លីអំពៅព្រៃ លោក ភោគ ផាន់នី អាយុ៥២ឆ្នាំ រស់នៅភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា ដីសហគមន៍រួម គឺមាន៨៣ហិតា ដែលជាដីសហគមន៍អំពៅព្រៃ ដែលមានប្រជាពលរដ្ឋ៣៩៦គ្រួសារបានកាន់កាប់ ចាប់តាំងពីយូរមកហើយ។ ប៉ុន្ដែក្រោយមក ដីទាំងអស់នោះក៏ត្រូវបានអាជ្ញាធរមូលដ្ឋានគប់គិតគ្នាយកដីទាំងអស់ទៅលក់ឲ្យក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដោយមិនឱ្យប្រជាសហគមន៍ដឹងនោះទេ។
លោកបន្ដថា ក្រោយមកក៏មានគម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មីមកអភិវឌ្ឍន៍នៅចំដីសហគមន៍ដែលក្រុមហ៊ុនបានកាន់កាប់ លក់ទៅឱ្យក្រុមហ៊ុនព្រលានយន្តហោះថ្មី ប៉ុន្ដែលោកមិនបានបញ្ជាក់ថា ការលក់ទៅឲ្យក្រុមហ៊ុនព្រលានយន្តហោះថ្មីនេះ ក្នុងតម្លៃប៉ុន្មាននោះទេ ក៏ប៉ុន្ដែនៅក្នុងគោលការណ៍ក្រុមហ៊ុនព្រលានយន្តហោះថ្មីឱ្យតម្លៃកន្លងមក គឺ៨ដុល្លារក្នុង១ម៉ែត្រការ៉េ។
លោកបន្ថែមថា៖ «ពួកខ្ញុំមិនចង់បានតម្លៃខ្ពស់ពីការដោះស្រាយនិងក្រុមហ៊ុន ហេង អភិវឌ្ឍន៍ហ្នឹងទេ គឺពួកខ្ញុំទាមទារតែតម្លៃ៣ទៅ៤ដុល្លារក្នុង១ម៉ែត្រការ៉េ តែបែរជាតំណាងក្រុមហ៊ុនថា គេដោះស្រាយតែដី ២០ហិតាទេ ហើយតម្លៃត្រឹមតែ៣៥០០ដុល្លារ ក្នុង១ហិតា នៅសល់ផ្សេងទៀត គឺគេមិនទទួលខុសត្រូវ ឬក៏ដោះស្រាយឡើយ»។
លោកបន្ដថា កន្លងមកលោកក៏បានដឹកនាំប្រជាសហគមន៍ជិត៤០០គ្រួសារ ទៅដាក់ញត្តិ នៅតាមក្រសួងមួយចំនួនដើម្បីសុំអន្តរាគមន៍ផងដែរ។ ក្នុងនោះ រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រដ្ឋសភា និងក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីឲ្យជួយអន្ដរាគមន៍ ប៉ុន្ដែមកទល់ពេលនេះ គឺមិនមានកិច្ចអន្ដរាគមន៍ណាមួយនោះឡើយ។
លោក ផាន់នី បានអះអាងថា៖ «ខ្ញុំសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ មេត្តាគិតគូរដោះស្រាយបញ្ហាដីធ្លីនេះជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ជូនពួកខ្ញុំផង ពីព្រោះអាជ្ញាធរជាម៉ែជាឪរបស់ពួកខ្ញុំ ពួកខ្ញុំសុំត្រឹមតែតម្លៃសមរម្យទេ មិនចង់បានឲ្យវាលើសឬក៏ច្រើនអីទេ»។
ប្រជាសហគមន៍ម្នាក់ទៀតអ្នកស្រី មាន លាភ អាយុ៥៧ឆ្នាំ រស់នៅភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង បានរៀបរាប់ថា មូលហេតុដែលអ្នកស្រីនៅតែបន្ដតវ៉ា ពីព្រោះវាអយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលរស់នៅឃុំអំពៅព្រៃ ដែលតែងតែអាស្រ័យផល និងធ្វើស្រែចំការតាំងពីឆ្នាំ១៩៨៤ រហូតមកដល់ឆ្នាំ២០០៧។ ក្រោយមកក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានចុះទិញ ក៏ពួកអ្នកស្រីខ្លះ បានលក់ទៅឲ្យក្រុមហ៊ុនហ្នឹងដែរ គឺក្នុង១ហិតាតម្លៃ១លានរៀល។ ប៉ុន្ដែក្រុមហ៊ុនមិនបានឲ្យលុយគ្រប់នោះទេ គឺឲ្យត្រឹមតែលុយកក់ក្នុងម្នាក់៥ម៉ឺនទៅ១០ម៉ឺនរៀលប៉ុណ្ណោះ។
ប្រជាសហគមន៍រូបនេះបន្ដថា៖ «ខ្ញុំជាប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត សុំឲ្យសម្ដេចរកដំណោះស្រាយជូនប្រជាពលរដ្ឋផង ពីព្រោះប្រជាពលរដ្ឋឥឡូវកំពុងតែអត់និងខ្វះខាតជាទីបំផុត កូនចៅសុំសំណូមពរ»។
មេឃុំអំពៅព្រៃ លោក ណុប ណាន់ មិនអាចទាក់ទងសុំការពន្យល់បានទេ ដោយលេខទូរសព្ទដែលលោកធ្លាប់ប្រើ តែហៅមិនចូល។
ពាក់ព័ន្ធរឿងនេះដែរពលរដ្ឋអ្នកសារព័ត៌មានCCIM បានទាក់ទងលោក យ៉ែម រចនា តំណាងក្រុមហ៊ុន ហេង អភិវឌ្ឃន៍ ដើម្បីសុំការបំភ្លឺ ក៏ប៉ុន្តែមិនអត្ថាធិប្បាយឡើយ ហើយក៏ចុចបិទទូរសព្ទភ្លាមៗតែម្ដង។
ពាក់ព័ន្ធនិងរឿងនេះដែរ លោក វណ្ណ សូផាត មន្ដ្រីសម្របសម្រួលធុរៈកិច្ចនៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានសង្កេតថា ដើម្បីទទួលបានផលចំណេញច្រើន ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន បានឃុបឃិតជាមួយឈ្មួញកណ្តាល ដើម្បីទទួលបានផលចំណេញច្រើនរហូតដល់៩០%ក៏មាន។ លោកថា ការណ៍នេះ បានធ្វើឲ្យមានការពិបាកក្នុងការដោះស្រាយឲ្យប្រជាពលរដ្ឋ ទៅតាមតម្លៃទីផ្សារ ឬមួយតម្លៃសមរម្យ។
លោកបន្ដថា៖ «ដើម្បីចំណេញច្រើន គឺមានតែការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ ដោយមិនបានគិតពីផលលំបាករបស់អ្នករងគ្រោះដីធ្លីនោះទេ មានករណីខ្លះមានប្រើកម្លាំងដើម្បីបណ្ដេញចេញពីលំនៅដ្ឋានក៏មានដែរនិងមានការប្រើល្បិចកលអីផ្សេងៗតាមរយៈប្រព័ន្ធតុលាការ ការគំរាមកំហែងតាមអីចឹងទៅ បើអាចយកទទេបានគេយកទទេបាត់ហើយ»។
លោកបន្ថែមថា៖ «ការដោះស្រាយតាមជំហររបស់អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នមានសមត្ថកិច្ច ជាពិសេស គឺស្ថាប័នដោះស្រាយដីធ្លី គឺមានយន្ដការដោះស្រាយទំនាស់ដីធ្លី ហើយនិងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនិងរាជរដ្ឋាភិបាលដែលជាជំហររឹងមាំ ប្រជាពលរដ្ឋរងគ្រោះ ក្នុងដំណើរការដោះស្រាយទៅតាមបទដ្ឋានអន្ដរជាតិ និងទំនាស់ដីធ្លីនឹងផ្ដល់សំណងសមរម្យជូនប្រជាពលរដ្ឋ»។
គួររំលឹកដែរថា កាលពីខែមីនា ឆ្នាំ២០២១ ប្រជាសហគមន៍ដីធ្លីអំពៅព្រៃ បាននាំគ្នាទៅដាក់ញ្ញត្តិនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីសុំកិច្ចអន្ដរាគមន៍ពីស្ថាប័នជាតិខាងលើ ក៏ប៉ុន្ដែរហូតមកដល់ពេលនេះ គឺនៅមិនទាន់មានដំណោះស្រាយណាមួយ ចំពោះបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនេះទេ៕
………………………………..
អត្ថបទដោយអ្នកស្រី ឡុញ វណ្ណា ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាល