គណបក្សភ្លើងទៀនអះអាងថា គណបក្សនេះកំពុងទទួលរងការយាយីនិងធ្វើទុក្ខផ្នែកនយោបាយបន្ថែមទៀត បន្ទាប់ពីសកម្មជននិងបេក្ខភាពមេឃុំទើបជាប់ឆ្នោតថ្មីរបស់គណបក្សនេះត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់។
ប្រតិកម្មរបស់គណបក្សភ្លើងទៀនធ្វើឡើងភ្លាមៗ បន្ទាប់ពីបេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀននៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ញឹម សារ៉ុម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ «ប្លន់» ដែលប្រព្រឹត្តនៅភូមិត្រពាំងជ័រ ឃុំចំណារលើរ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីឆ្នាំ២០០២។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការចាប់ខ្លួនបេក្ខភាពមេឃុំទើបជាប់ឆ្នោតមកពីគណបក្សភ្លើងទៀនរូបនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទាំងស្រុងពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទល្មើសដែលមានរយៈពេល២០ឆ្នាំមកហើយនោះ។
លោកបន្ដថា៖«មកអនុវត្តដីកាចេញតាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយលោក ញឹម សារ៉ុម ធ្លាប់ជាប់ជាក្រុមប្រឹក្សាតាំងពី២០១២ជាគណបក្ស សម រង្ស៊ី មកដល់គណបក្ស សង្រ្គោះជាតិក៏ជាប់ ហើយគាត់អត់មានរត់ទៅណាទេ ហេតុអ្វីមិនអនុវត្ត? ទើបតែគាត់ជាប់ជាមេឃុំបានមកអនុវត្ត អានេះវាជារឿងមួយកាឡៃច្បាស់ក្រឡែតថាវារឿងនយោបាយដែលមិនអាចប្រកែកបានទេ។ អនុវត្តច្បាប់តាំងពី២០១២គាត់មានរត់ទៅណា គាត់មានអស័យដ្ឋាន មានផ្ទះសំបែងនៅហ្នឹងតើ មិចមិនអនុវត្តទៅ»។
លោក ថាច់ សេដ្ឋា មើលឃើញថា ស្ថានភាពនយោបាយមានភាពកាន់តែអាក្រក់ទៅៗតាំងពីមុននិងក្រោយការបោះឆ្នោត។ លោកអះអាងថា សកម្មជននិងបេក្ខភាពមេឃុំមួយចំនួនរបស់គណបក្សនេះបានបន្ដរងការគំរាមកំហែង និងការចាប់ខ្លួនដាក់ពន្ធនាគារ និងខ្លះទៀតត្រូវបានព្យួរ ឬដកចេញពីក្របខណ្ឌការងារទៀតផង។
លោកបានឲ្យដឹងបន្ដទៀតថា៖«ខ្ញុំសុំអំពាវនាវឲ្យខាងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដោះលែងគាត់ជាបន្ទាន់ឲ្យមានសេរីភាពឡើងវិញ ដើម្បីឲ្យគាត់មកបំពេញការងារក្នុងឋានៈជាមេឃុំរបស់គណបក្សភ្លើងទៀនដែលទើបតែជាប់ថ្មីនេះ ហើយជាពិសេសសុំឲ្យបញ្ឈប់ការគំរាមកំហែង ការចាប់ចងអីទាំងអស់ហ្នឹងទៅ ហើយសុំឲ្យដោះលែងសកម្មជនផ្សេងទៀតផង»។
អធិការស្រុកស្ទោង លោក យ៉ង សំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការចាប់ខ្លួនលោកញឹម សារ៉ុម គឺពាក់ព័ន្ធករណីប្លន់ ប៉ុន្ដែ លោកបានបង្វែរសំណួរទៅមន្ដ្រីតុលាការខេត្តកំពង់ធំជាអ្នកឆ្លើយលម្អិត។
លោកបន្ដថា៖«ខ្ញុំឆ្លើយបានតែប៉ុណ្ណឹងទេ ចង់ដឹងអីទៅសួរតុលាការទៅ»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការងឿងឆ្ងល់ចំពោះការអនុវត្តដីការបស់តុលាការទាក់ទងនឹងការចោទប្រកាន់ប្រព្រឹត្តបទល្មើលកាលពី២០ឆ្នាំមុនឯណោះ។ លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តទៅតាមច្បាប់ឱ្យបានត្រឹមត្រូវ និងកុំឱ្យមានភាពលម្អៀងផ្នែកនយោបាយឡើយ។
លោកបន្ដថា៖«ខ្ញុំនៅតែមើលឃើញថាវាជារឿងមួយដែលនៅពីក្រោយខ្នងដែលហេតុផលនយោបាយក្នុងការចាប់ខ្លួនហ្នឹង ចង់មិនចង់នាំឲ្យមានការរិះគន់ថាការចាប់ខ្លួនហ្នឹងវាជាការបំបាក់ស្មារតីទៅលើគណបក្សភ្លើងទៀនដែលបានជាប់ជាមេឃុំចំណារលើនិងបំភិតបំភ័យសម្រាប់សកម្មជនដ៏ទៃទៀត»។
លោក ញឹម សារ៉ុម ជាបេក្ខភាពមេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ដែលទើបបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងដីកាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ បានបញ្ជាឱ្យចាប់ខ្លួនលោក ញឹម សារ៉ុម ដោយចោទពីបទ «ប្លន់» កាលពីឆ្នាំ២០០២ ដោយតុលាការខេត្តនេះសំអាងថា លោក ញឹម សារ៉ុម ហៅ ឌុប វ៉ាន់ មិនបានចូលឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ៕
—————————
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន CCIM ខេត្តកណ្ដាល