ពលរដ្ឋមួយចំនួនយល់ថា ការប្រកាសឱ្យលែងពាក់ម៉ាស់នៅតាមទីសាធារណជារឿងល្អប្រសើរមួយ ប៉ុន្ដែ ពួកគេបារម្ភខ្លាចមានការកើតឡើងជាថ្មីនៃជំងឺកូវីដ-១៩ ខណៈរដ្ឋាភិបាលចង់បង្ហាញដល់ពិភពលោកថា កម្ពុជាលែងមានការឆ្លងជំងឺសកលមួយនេះទៀតហើយ។
យុវតីមួយរូបរស់នៅរាជធានីភ្នំពេញ កញ្ញា សា តីម៉ះ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កញ្ញានៅតែមានការព្រួយបារម្ភឆ្លងជំងឺកូវីដ-១៩ជាថ្មី ដោយសារមនុស្សម្នានៅតែដើរហើរ និងអាចជួបជុំគ្នា ប្រសិនបើពួកគេមិនចេះការពារខ្លួន និងគោរពតាមគោលការណ៍សុខាភិបាលឱ្យបានត្រឹមត្រូវទេនោះ។
កញ្ញាបន្ដថា៖«ខ្ញុំចេញទៅណា ខ្ញុំនៅតែពាក់ម៉ាស់ការពារដដែលហ្នឹង ព្រោះខ្ញុំមិនទុកចិត្តទេ កូវីដ-១៩ ឆ្លងលឿនណាស់»។
ពលរដ្ឋម្នាក់ទៀតរស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អ្នកស្រី ឡាយ ភា ក៏លើកឡើងក្ដីបារម្ភដូចគ្នានេះ បើទោះបីជាពលរដ្ឋបានចាក់វ៉ាក់សាំង និងគោរពតាមវិធានការរក្សាគម្លាត ដោយគាត់ថា ជំងឺនេះមិនអាចមើលឃើញ ឬព្យាករណ៍ទុកមុននោះទេ។
អ្នកស្រីបន្ថែមថា៖«ខ្ញុំទើបមកពីកំពត ហើយមនុស្សភាគច្រើនគេមិនសូវពាក់ម៉ាស់ដូចមុនទេ តែខ្ញុំក៏រក្សាគម្លាតដែរ»។
អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ លោក តុប សុភ័ក មានប្រសាសន៍ថា គោលការណ៍ណែនាំរបស់រដ្ឋាភិបាលឱ្យលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះនៅតាមទីសាធារណៈ និងសម្រាប់កន្លែងបើកចំហរមានខ្យល់ចេញចូល។
ប៉ុន្ដែ នៅកន្លែងមានមនុស្សច្រើន និងកន្លែងគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ លោកថា វាអាស្រ័យលើប្រជាពលរដ្ឋផ្ទាល់ ដែលត្រូវពាក់ម៉ាស់ និងរក្សាគម្លាតជាដើម។
លោកបន្ថែមថា៖«ខ្ញុំយល់ឃើញថា ក្នុងសហគមន៍យើងមានអំណាចនៃការចាក់វ៉ាក់សាំងរួចហើយ អ៊ីចឹងខ្ញុំគិតថាមិនអីទេ តែបើមិនបានចាក់វ៉ាក់សាំងទេ អាហ្នឹងក៏វាប្រឈមខ្លាំងណាស់ដែរ»។
ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្ដិភាព លោក យ៉ុង គឹមអេង មានប្រសាសន៍ថា បើរដ្ឋាភិបាលរកឃើញថា មិនមានករណីឆ្លងទេ គឺពលរដ្ឋអាចពាក់ម៉ាស់ ឬមិនពាក់ទៅតាមការយល់ឃើញរបស់ពួកគេផ្ទាល់។
លោកបន្ថែមថា៖«បើមានលទ្ធភាពគួរតែតាមអង្កេតមើលតាមខេត្តមួយចំនួនក៏ជាការល្អប្រសើរដែរ»។
តាមរយៈសារសម្លេងដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាឱ្យលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងក្របខណ្ឌទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងបើកចំហនានា ក្រៅតែពីទីកន្លែងបិទជិត។
ប៉ុន្ដែ លោកនាយករដ្ឋមន្ដ្រីថា យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលផ្តល់ជម្រើសដល់ប្រជាពលរដ្ឋអាចសម្រេចចិត្តដោយខ្លួនឯង ក្នុងការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់នៅទីកន្លែងសាធារណៈ៕
————————–
ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល