អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ព្រមានចាត់វិធានការចំពោះពលរដ្ឋមួយចំនួនដែលនាំគ្នាអង្គុយហូបចុក និងផឹកស៊ីគ្មានរបៀបរៀបរយនៅជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ការព្រមាននេះ គឺធ្វើឡើងបន្ទាប់ពីមានការបង្ហោះរូបភាពលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីការផឹកស៊ីរបស់ប្រជាពលរដ្ឋមួយចំនួន ដែលទៅរងចាំទទួលសាច់ញាតិពីក្រៅប្រទេស ឬទៅជូនដំណើរបងប្អូនទៅក្រៅប្រទេស ប៉ុន្ដែពួកគេបែរជានាំគ្នាហូបចុក និងពិសារគ្រឿងស្រវឹងនៅបរិវេណព្រលានយន្ដហោះអន្ដរជាតិទៅវិញ។
ពលរដ្ឋអ្នកសារព័ត៌មានបានទាក់ទងទៅអគ្គនាយករងបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា ដោយលោកបានថ្លែងថា រឿងនេះជាសមត្ថកិច្ចរបស់អ្នកគ្រប់គ្រងអាកាសយាន្ដដ្ឋាន ហើយខាងលោកមិនបានគ្រប់គ្រងបញ្ហាសណ្ដាប់ធ្នាប់នេះនោះទេ។
លោកបន្ថែមថា៖«ខាងបងគ្រប់គ្រងបញ្ហាសុវត្ថិភាពនិងបច្ចេកទេស មិនមែនថាបងនិយាយយករួចខ្លួនទេ តែមុខការបានបែងចែកគ្នាអស់ហើយ។ បញ្ហាសណ្ដាប់ធ្នាប់ក្នុងបរិវេណព្រលាន វាជាកាតព្វកិច្ចរបស់អ្នកគ្រប់គ្រងនិងប្រតិបត្តិករ កិច្ចការងារប្រចាំថ្ងៃ និងជាកិច្ចការរបស់អាជ្ញាធរដែនដីដែលគាត់ត្រូវសហការគ្នា បើសិនមានករណីកើតឡើង»។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា បើមានករណីបែបមែន អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការណ៍ភ្លាមៗ ដើម្បីធ្វើការណែនាំអប់រំពួកគាត់ និងណែនាំដល់អ្នកផ្សេងទៀតកុំឱ្យយកគម្រូតាម ដែលវាធ្វើឱ្យប៉ះពាល់មុខមាត់របស់កម្ពុជា និងសណ្ដាប់ធ្នាប់សង្គម។
លោកបន្ថែមថា៖«ក្នុងនាមរូបខ្ញុំផ្ទាល់មិនគាំទ្រចំពោះទង្វើបែបហ្នឹងជាដាច់ខាត ជាពិសេសអាជ្ញាធរត្រូវតែអនុវត្ត និងអប់រំទៅតាមច្បាប់របស់យើង»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យ៉ង់ គឹមអេង រិះគន់ថា នេះជាទង្វើដ៏អាម៉ាស់មួយសម្រាប់ប្រទេសជាតិ ដោយលោកថា បញ្ហានេះបានកើតឡើងតាំងពីមុនផ្ទុះជំងឺកូវីដ-១៩ ហើយវាបានកើតឡើងដដែលទៀត។
លោក យង់ គឹមអេង បន្ដថា ការផឹកស៊ី និងហូបចុកគ្មានសណ្ដាប់ធ្នាប់បែបនេះ វាអាចបង្កភាពអាម៉ាស់ចំពោះភ្ញៀវទេសចរផ្សេងទៀត ដែលបានឃើញទិដ្ឋភាពបែបនេះ ហើយមួយវិញទៀត វាអាចបង្កជាការឈ្លោះប្រកែកគ្នា និងហិង្សាដាក់គ្នាធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
លោកបន្ដថា៖«អាជ្ញាធរព្រលានយន្ដហោះពោធិ៍ចិនតុង គួរតែពិនិត្យមើលផង ពីព្រោះបញ្ហានេះកើតឡើងយូរហើយ បើសិនជាយើងនៅតែបណ្ដែតបណ្ដោយទៀតឱ្យមានរូបភាពផឹកស៊ីបែបនេះ វាហាក់បង្ហាញថា ស្រុកខ្មែរកន្លែងណាក៏ផឹកបានដែរ»៕
————————–
ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល