CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សិទ្ធិមនុស្ស

ការអនុវត្តច្បាប់ និងការងារអ្នកសារព័ត៌មានក្នុងការឃ្លាំមើលភាពមិនប្រក្រតីក្នុងសង្គម

Admin ដោយ Admin
April 25, 2022
ក្នុង សិទ្ធិមនុស្ស
0
ការអនុវត្តច្បាប់ និងការងារអ្នកសារព័ត៌មានក្នុងការឃ្លាំមើលភាពមិនប្រក្រតីក្នុងសង្គម

រូបតំណាង

0
ចែករំលែក
88
ចំនួនមើល

សេរីភាពសារព័ត៌មានគឺជាសសរស្តម្ភទី៤ ក្នុងសង្គមដែលដើរតាមមាគ៌ាប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងតាមដានតួអង្គកាន់អំណាចផ្សេងទៀតឱ្យមានតុល្យភាព និងតម្លាភាពក្នុងសង្គម។

ប៉ុន្ដែ សេរីភាពសារព័ត៌មាននៅកម្ពុជាឯនេះវិញ ត្រូវបានមជ្ឈដ្ឋានមួយជ្រុងលើកឡើងថា អ្នកសារព័ត៌មានខ្លះកំពុងអនុវត្តខុសក្រមសីលធម៌ និងវិជ្ជាជីវៈ ដែលការរិះគន់បែបនេះ ភាគច្រើនកើតចេញពីមន្ដ្រីរដ្ឋាភិបាល អាជ្ញាធរ និងអ្នកអនុវត្តច្បាប់។

ចំណែក ទស្សនៈម្ខាងទៀតយល់ថា បើទោះមានច្បាប់ ឬរ​ដ្ឋធម្មនុញ្ញការពារហើយក្ដី ប៉ុន្ដែ អ្នកអនុវត្តច្បាប់មិនបានគោរពតាមទេ ពោលគឺអ្នកសារព័ត៌មាននៅតែប្រឈមការចាប់ខ្លួន ការគំរាមកំហែង ឬបញ្ហាសុវត្ថិភាពក្រោយការចេញផ្សាយអត្ថបទរបស់ខ្លួន ពិសេសការចោទប្រកាន់ពីបទញុះញង់ជាសាធារណៈ ការបរិហារកេរ្ដិ៍ ឬការជ្រៀតជ្រែកកិច្ចការមន្ដ្រីសាធារណៈជាដើម។

ត្រង់នេះ គេអាចចោទសួរថា តើសមត្ថកិច្ចអាចប្រើពាក្យ «អនុវត្តច្បាប់» និងរារាំងសកម្មភាពរបស់តួអង្គទាំងអស់ឬយ៉ាងណា? ចុះបើអ្នកសារព័ត៌មានទាំងនោះបានអនុវត្តត្រឹមត្រូវ តើសមត្ថកិច្ចបានអនុវត្តខុសច្បាប់ឬទេ? តើគេកំណត់សិទ្ធិ និងកាតព្វកិច្ចតួអង្គទាំងពីរត្រឹមកម្រិតណា?  

ជាក់ស្ដែង ពលរដ្ឋអ្នកសារព័ត៌មាន CCIM មួយរូបអះអាងថា កាលពីថ្ងៃ​ទី១០ ខែ​មេសា​កន្លងទៅ សមត្ថកិច្ច​​ស្រុកលើកដែក ខេត្តកណ្តាល បានគំរាម​ចាប់ខ្លួនគាត់​បញ្ជូនទៅតុលាការ បើសិន​គាត់​មិនលុបរូបភាព និងវីដេអូ ដែលថតបានពី​សកម្មភាព​មន្ត្រី​នគរបាល​ទាំងនោះយក​​លុយ​ពី​ម្ចាស់ឡាន​ឈ្នួល ជាថ្នូរនឹង​ការ​អនុញ្ញាតឱ្យដឹកលើសចំណុះ។

អ្នកសារព័ត៌មានពលរដ្ឋ លោក សួន វុត្ថា បានរៀបរាប់ថា កំឡុងពេល​​ធ្វើដំណើរនោះ លោក​បាន​ឃើញបទ​ល្មើស​ចរាចរណ៍ជាច្រើនករណី​ ដូចជា រថយន្តឈ្នួល​ដាក់​មនុស្សលើសចំនួន​​ ប៉ុន្តែនៅ​ពេល​​មកដល់ចំណុចដែលមន្ត្រីនគរបាល​ចរាចរណ៍ដាក់គោល​ដៅ​ពិនិត្យក្នុង​ស្រុកលើកដែកនោះ​ បែរ​ជា​​សមត្ថកិច្ច​​ទាំងនោះ​ទទួល​យក​លុយ​សំណូក​​ជាហូរហែ​ពីម្ចាស់រថយន្តឈ្នួលដែលល្មើស​ ដោយ​​ពុំឃើញ​មានវិធានការតាមច្បាប់ចរាចរណ៍ឡើយ។

ករណីមួយទៀត គឺការចាប់ខ្លួនអ្នកសារព័ត៌មាន៣នាក់ និងអ្នកបើកបរម្នាក់ ក្រោយពីមានពាក្យបណ្ដឹងរបស់ម្ចាស់ផ្ទះជាអ្នករកស៊ីលក់ម៉ូតូ នៅថ្ងៃទី២១ ខែមេសាកន្លងទៅ ប៉ុន្ដែក៏ត្រូវបានដោះលែងវិញ ក្រោយពីមានកិច្ចអន្ដរាគមន៍ពីសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ អ្នកសារព័ត៌មានចំនួន ៣នាក់ និងអ្នកបើកបរនោះ រួមមានលោក សាយ រស្មី អាយុ៣១ឆ្នាំ លោក ទួន ឈុនលី អាយុ៥២ឆ្នាំ លោក មិន​ ធី  អាយុ៤៣ឆ្នាំ និងអ្នកបើកបរឈ្មោះ ប៊ុន ចន្ថា អាយុ៦៥ឆ្នាំ។

និពន្ធនាយកនៃគេហទំព័រសារព័ត៌មាន «រស្មីស្ទឹងត្រង់»  លោក ឃីម រដ្ឋា បានប្រាប់ថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើមិនដល់ ៥នាទីផង និងមិនបានសួរនាំ ឬការប្រព្រឹត្តខុសពីវិជ្ជាជីវៈនោះទេ ប៉ុន្ដែបែរជាចោទអ្នកសារព័ត៌មានទាំងនេះថា បានជំរិតទារប្រាក់ទៅវិញ បន្ទាប់ពីម្ចាស់ហាងខលហៅអ្នកសារព័ត៌មានទៅជួបនិយាយគ្នារឿងការលក់ម៉ូតូខុសច្បាប់​ឯណោះសោះ។

លោកយល់ថា​ នេះជាការរៀបចំទុកជាមុនរវាងម្ចាស់ហាង និងសមត្ថកិច្ច ដើម្បីចាប់ខ្លួន និងរារាំងដល់ការងារអ្នកសារព័ត៌មាន ដែលឃ្លាំមើលបញ្ហាខុសប្រក្រតីរបស់សមត្ថកិច្ច។

នាយកប្រតិបត្តិស្ដីទីនៃមជ្ឍមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក អ៊ិត សូធឿត ចាត់ទុករឿងនេះថា មិនត្រឹមត្រូវ ដោយលោករិះគន់ថា អាជ្ញាធរមិនបានសួរនាំរកដើមហេតុឱ្យបានច្បាស់លាស់ និងថា នេះជាការរំលោភបំពានសិទ្ធិសេរីភាពធ្ងន់ធ្ងរលើការងាររបស់អ្នកសារព័ត៌មាន។

លោកបន្ដថា៖«ការចាប់ខ្លួនអ្នកសារព័ត៌មានរបស់អាជ្ញាធរ ប្រហែលជាមានអ្វីនៅពីក្រោយខ្នងហើយ បានជាហ៊ានធ្វើអឹចឹង»។

បើតាមនាយកប្រតិបត្តិស្ដីទីអង្គការ CCIM  រូបនេះ លោក សូធឿត ថ្លែងបន្ដថា ក្នុងឆ្នាំ២០២២នេះ ស្ថានភាពសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងឆ្ពោះទៅកាន់លំហកាន់តែរួមតូច និងបង្កការលំបាកដល់អ្នកសារព័ត៌មាន ក្រោមហេតុផលការអនុវត្តច្បាប់ និងការចោទពួកគេថា អនុវត្តខុសវិជ្ជាជីវៈ។​

ប្រធានសមាគមសិទ្ធិសេរីភាពអ្នកសារព័ត៌មានកម្ពុជា លោក ទេព​ វិបុល លើកឡើងថា លោកមិនគាំទ្រចំពោះសកម្មភាពអ្នកសារព័ត៌មានណាដែលរំលោភក្រមសីលធម៌វិជ្ជាជីវៈ ដើរទារលុយ ឬគំរាមកំហែងគេនោះទេ។ ប៉ុន្ដែ លោកក៏គាំទ្រចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលភ័យខ្លាចចំពោះអ្នកសារព័ត៌មានក្រមសីលធម៌ត្រឹមត្រូវ ហើយពួកគេបានរកឃើញការប្រព្រឹត្តខុសឆ្គងរបស់អ្នកអនុវត្ដច្បាប់។

លោកបន្ដថា៖«ឱ្យទៅគាំទ្រយ៉ាងមិចបើខ្លួនយកឈ្មោះអ្នកសារព័ត៌មានបំពានគេហ្នឹង»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ច្រានចោលការលើកឡើងថា សិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាមានការរឹតត្បិតនិងរួមតូចទៅៗ ដោយលោកការពារថា ក្រសួងតែងតែយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មាន និងបានជម្រុញឱ្យអាជ្ញាធរចូលរួមជាមួយអ្នកសារព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋទូទៅ។

លោក​ មាស សុភ័ណ្ឌ ថ្លែងបន្ដថា បើអ្នកសារព័ត៌មានមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ គឺក្រសួងលើកទឹកចិត្តឲ្យបន្ដខិតខំសកម្មភាពរបស់ខ្លួនដើម្បីផ្សព្វផ្សាយអ្វីដែលល្អៗដល់ប្រជាពលរដ្ឋ។

លោកបន្ថែមថា៖«​សុំអ្នកសារព័ត៌មានទាំងអស់អនុវត្តន៍តាមអនុសាសន៍របស់នាយករដ្ឋមន្រ្ដីកម្ពុជាថា កុំបំពានសិទ្ធិអ្នកដ៌ទៃ  កុំបំភ្លៃការពិត»។ 

បើតាមរបាយការណ៍មជ្ឍមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន  មានចំនួន៥១ករណីឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះ៩៣នាក់(មាន៥នាក់ជាស្រ្ដី) ក្នុងនោះអ្នកសារព័ត៌មានចំនួន៣២នាក់ត្រូវបានឃាត់ខ្លួន ហើយ២៤នាក់ប្រឈមពាក្យបណ្ដឹងផ្លូវច្បាប់និង១៨នាក់ទៀត​ អះអាងថា បានទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ៕

———————————

ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល

អត្ថបទមុន

គ្រួសារមួយទាមទារយុត្តិធម៌ជូនកូនប្រុសស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី៧ឆ្នាំមុន

អត្ថបទបន្ទាប់

សង្គមស៊ីវិលខកចិត្តនឹងក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារស៊ើបអង្កេតឃាតកម្មលោក ឈុត វុទ្ធី ឡើងវិញ

អត្ថបទបន្ទាប់
សង្គមស៊ីវិលខកចិត្តនឹងក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារស៊ើបអង្កេតឃាតកម្មលោក ឈុត វុទ្ធី ឡើងវិញ

សង្គមស៊ីវិលខកចិត្តនឹងក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារស៊ើបអង្កេតឃាតកម្មលោក ឈុត វុទ្ធី ឡើងវិញ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង