បើទោះបីមានការគំរាមកំហែងពីក្រុមទាហានរហូតមានអ្នកខ្លះរងពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកំពង់ស្ពឺ ក៏ប្រជាសហគមន៍(ឧត្ដមស្រែខ្ពស់)នៅតែបន្ដការពារព្រៃឈើរបស់ពួកគាត់ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ។
ពលរដ្ឋរស់នៅភូមិ ពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកស្រី ឃន ខន អាយុ៥៧ឆ្នាំ បានផ្ដល់បទសម្ភាសន៍តាមទូរសព្ទថា ពួកគាត់នៅតែបន្តការពារព្រៃឈើសហគមន៍ ទោះប្រឈមបញ្ហាគំរាមកំហែងដល់អាយុជីវិតក៏ដោយ ព្រោះវាជាតំបន់ព្រៃឈើធម្មជាតិសម្រាប់ពលរដ្ឋអាស្រ័យផល និងជាជម្រកសម្រាប់សត្វព្រៃ។
អ្នកស្រីបន្តទៀតថា៖«បើទោះបីខ្ញុំបាក់ដៃមែន ឱ្យតែជាសះស្បើយពេលណា ខ្ញុំទៅការពារបន្ដទៀត បើស្លាប់ក៌ស្លាប់ចុះ។ ខ្ញុំជាប់ពាក្យបណ្ដឹងនៅតុលាការមែន តែខ្ញុំមិនខ្លាចទេ»។
ពលរដ្ឋសហគមន៍(ឧត្ដមស្រែខ្ពស់) លោក ឃន សារិទ្ធិ អាយុ៤៧ឆ្នាំប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា ក្រុមសហគមន៍តែងតែចុះល្បាតការពារថែរក្សាព្រៃឈើសហគមន៍មកយូរមកហើយដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានអាស្រ័យផល។
លោកបន្ដថា៖«រាល់ថ្ងៃខ្ញុំដើរល្បាតជាមួយប្រជាសហគមន៍ផ្សេងទៀត ខ្លាចមានខាងក្រុមទាហានលួចកាប់បំផ្លាញបន្ដទៀត»។
ពលរដ្ឋម្នាក់ទៀត លោក ឈន ធា អាយុ៥៣ឆ្នាំ ជាអ្នកតែងតែចុះល្បាតការពារព្រៃឈើប្រាប់ថា មូលហេតុ រូបគាត់ខិតខំការពារ ដោយលោកមើលឃើញថា វាជាតំបន់អេកូទេសចរណ៍សម្រាប់អ្នកដែលចូលចិត្តព្រៃឈើហើយម្យ៉ាងទៀតជាកន្លែងសម្រាប់ឃ្វាលគោក្របី។
លោកបន្ដថា៖«កន្លែងអស់ហ្នឹងហើយដែលធ្វើឱ្យខ្ញុំមានទឹកចិត្តក្នុងការថែរក្សាព្រៃឈើ បើទោះបីវាសល់តិចតួចក៌ដោយ»។
នាយករងរដ្ឋបាលខេត្ដកំពង់ស្ពឺទទួលបន្ទុកផ្នែកព្រៃឈើ លោក ងួន ឡូញ ប្រាប់ពលរដ្ឋCCIMតាមទូរសព្ទយ៉ាងខ្លីថា លោកស្វាគមន៍ពលរដ្ឋដែលស្រឡាញ់ចូលរួមការពារព្រៃឈើ។
លោកបន្តថា៖ «បើប្រជាពលរដ្ឋគាត់ចេះថែរក្សាព្រៃវាល្អហើយ ព្រោះកន្លងមកខ្ញុំធ្ចើកិច្ចការព្រៃឈើចង់ឲ្យប្រជាជនគាត់ចេះថែរក្សាហ្នឹងហើយ»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សប្រចាំខេត្តកំពង់ស្ពឺ លោក ខុន ខូយ មានប្រសាសន៍ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMតាមទូរសព្ទថា ប្រជាសហគមន៍ដែលបានការពារព្រៃឈើកន្លងមកគឺពួកគាត់រស់ពឹងផ្អែកទាំងស្រុងលើព្រៃឈើទាំងអស់ហ្នឹង ហើយជាតំបន់ព្រៃឈើដែលមានព្រៃឈើច្រើន តែគួរឱ្យស្ដាយដែលអាជ្ញាធរបែរជាចោទពួកគាត់ថាជាអ្នកដែលបង្ករឱ្យមានបញ្ហាទៅវិញ។
លោកបន្ដថា៖«សុំឲ្យសាលាដំបូងខេត្តកំពង់ស្ពឺមេត្តាគិតគូរដោះស្រាយឲ្យពួកគាត់បានបញ្ចប់បញ្ហាដែលកើតចេញពីការការពារព្រៃឈើរបសពួកគាត់ផង»។
កាលពីរសៀលថ្ងៃទី៥ ខែមីនាកន្លងទៅនេះ កងកម្លាំងទាហាន(ង៧០) បាននាំគ្នាចូលកាប់ឈើនៅក្នុងសហគមន៍ នាំឱ្យប៉ះទង្គិចជាមួយពលរដ្ឋប្រមាណជា៥០ទៅ៦០នាក់ រងរបួសចំនួន៤នាក់ ក្នុងនោះមានស្រ្តី១ និងបុរស៣នាក់។ សហគមន៍ព្រៃឈើឧត្ដមស្រែខ្ពស់ ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពលរដ្ឋការពារជាង២០ឆ្នាំមកហើយ។
__________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុខមាន